

ជំនន់ទឹកភ្លៀងដែលរងឥទ្ធិពលពីព្យុះបាវី (Bavi) បានស្រកចុះវិញជាបណ្តើរនៅតាមតំបន់មួយចំនួន ដូចជា តំបន់ទេសចរភ្នំជីផាត ខេត្តកោះកុង តំបន់ទេសចរភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺជាដើម។
រដ្ឋបាលឃុំជីផាត បានប្រកាសបើកដំណើរការសាឡាងចម្លងឡើងវិញជាធម្មតា ក្រោយទឹកស្រកចុះជាធម្មតាវិញនៅថ្ងៃទី ១៤កក្កដា នេះ។
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តមួយចំនួន។ ក្នុងនោះជំនន់ទឹកភ្លៀង នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ សហគមន៍ជីផាត ខេត្តកោះកុង និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានរារាំង និងបង្អាក់ដំណើរ វិលត្រឡប់របស់ភ្ញៀវទេសចរ ជាច្រើននាក់។ ភ្ញៀវទេសចរជាង៦០០នាក់ ដែលបានជាប់គាំង នៅតំបន់ទេសចរទាំងនោះ ត្រូវបានអាជ្ញាធរ និងប្រជាសហគមន៍ ជួយសង្គ្រោះចេញពីតំបន់ភ្នំខ្នងផ្សារ នៅស្រុកកំពង់សិលា និងនៅតំបន់ជីផាត ដែលជួបទឹកជំនន់ទឹកភ្លៀង រួចរាល់អស់នៅថ្ងៃនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
ទោះជាបែបនេះក្តី អាជ្ញាធរ និងក្រសួង ស្ថាប័ន មួយចំនួនមិនបានបង្ហាញពីទិន្នន័យនៃផលប៉ះពាល់ដែលបានកើតឡើង ដោយសារជំនន់ទឹកភ្លៀងនេះនៅឡើយទេ នៅថ្ងៃទី ១៤ខែកក្កដា។
ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងការការពារសុខភាព និងត្រៀមខ្លួនបង្ការ គ្រោះទឹកជំនន់នៅអំឡុងពេលដែលមានភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កើតជាជំនន់ទឹកភ្លៀងរហ័សនៅតាមតំបន់ទំនាប ព្រមទាំងជំរុញឱ្យទឹកស្ទឹង ព្រែក ហក់ឡើងខ្ពស់ បង្កជាគ្រោះទឹកជំនន់ ដែលអាច ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។ ក្រៅពីជំងឺឆ្លង ក្រសួងសុខាភិបាល ក៏បានរំឭកប្រជាពលរដ្ឋរងគ្រោះ ឱ្យប្រយ័ត្នប្រយែងខ្ពស់ ចំពោះសត្វអសិរពិស និងការឆ្លងចរន្តអគ្គិសនីផងដែរ។
ចំណែកក្រសួង និងស្ថាប័នមួយចំនួនដូចជាក្រសួងទេសចរណ៍ ក្រសួងធនធានទឹកនិងឧតុនិយម អាជ្ញាធរមូលដ្ឋានជាដើម បានចេញសេចក្តីជូនដំណឹង និងក្រើនរំលឹកដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរឲ្យបង្កើនការប្រុងប្រយ័ត្ន និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាព និងអាយុជីវិតរបស់ភ្ញៀវទេសចរ ដោយធានាសុវត្ថិភាពជូនភ្ញៀវទេសចរ ស្របពេលដែលអាកាសធាតុមានការប្រែប្រួល។
កម្ពុជាទទួលឥទ្ធិពលពីព្យុះទី៩ បាវី បានធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាជំនន់ទឹកភ្លៀង។ ព្យុះទី៩ ជះឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង ដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង រួមជាមួយខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ។ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងនៅថ្ងៃ១៣កក្កដានេះថា ព្យុះនេះ នឹងបាត់ទៅវិញនៅថ្ងទី១៥ កក្កដា ខាងមុខ ប៉ុន្តែកម្ពុជានឹងបន្តជួបព្យុះជាបន្តបន្ទាប់ទៀតគឺព្យុះទី១១ ឈ្មោះ ហៃសិន នឹងបន្តឥទ្ធិពលរហូតដល់ថ្ងៃទី១៧ កក្កដា។
គិតត្រឹមថ្ងៃទី១០ដល់ថ្ងៃទី១៤ កក្កដា ជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ បានធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជាផ្លូវ ស្ពាន ហើយផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវលិចលង់ និងបានឆក់យកជីវិតអ្នកនេសាទម្នាក់នៅខេត្តកោះកុងផងដែរ៕









