

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេសជាង ១៦,០០០ នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦។ អ្នកឃ្លាំមើលសង្គម ថា តួលេខរបស់ក្រសួងមហាផ្ទៃមិនឆ្លុះបញ្ចាំងទំហំជាក់ស្តែង ដូចការវាយតម្លៃរបស់ស្ថាប័នជំនាញអន្តរជាតិមួយចំនួននោះទេ។
រដ្ឋាភិបាលកម្ពុជាបានអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) អស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយបង្កើនការឆ្មក់ចូលបង្ក្រាបទីតាំងសង្ស័យ ការចាប់ខ្លួនជនសង្ស័យ និងការបណ្តេញជនបរទេសដែលស្នាក់នៅខុសច្បាប់ចេញពីប្រទេសកម្ពុជា។ ប៉ុន្តែ ទោះបីមានសកម្មភាពបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ក្រុមអ្នកវិភាគមើលឃើញថា ការវាស់វែងជោគជ័យនៃយុទ្ធនាការនេះ មិនអាចផ្អែកតែលើចំនួនអ្នកដែលត្រូវបានចាប់ខ្លួន ឬបណ្តេញចេញប៉ុណ្ណោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានអះអាងថា របាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងរឿងឧក្រិដ្ឋកម្មឆបោកអនឡាញ មិនឆ្លុះបញ្ចាំងអំពីការពិត ដូចការរកឃើញរបស់ស្ថាប័នជំនាញអន្តរជាតិនោះទេ។ មិនឆ្លុះបញ្ចាំងគឺដោយសារតែ អ្នកដែលត្រូវគេឃុំខ្លួនឱ្យធ្វើជាទាសករឆបោក នៅប្រទេសកម្ពុជា មានរហូតទៅដល់ជាង១៥ ម៉ឺននាក់។
លោក គឹម សុខ បន្ថែមថា មេបណ្តាញធំៗ ដែលជាឧក្រិដ្ឋកម្មឆបោកនៅប្រទេសកម្ពុជា មិនមែនមានតែជនបរទេសទេ គឺមានទាំងពួកឧកញ៉ានៅជុំវិញក្រុមគ្រួសារត្រកូលហ៊ុន និងសាច់ញាតិក្រុមគ្រួសារហ៊ុន។ ហើយអ្នកទាំងនោះ មិនត្រូវបានក្រសួងមហាផ្ទៃ ចាត់វិធានការស៊ើបអង្កេត ឬចាប់ខ្លួននោះទេ។
លោក គឹម សុខ៖ «យុទ្ធនាការរបស់ក្រសួងមហាផ្ទៃ ៦ ខែនេះ បរាជ័យទាំងស្រុង ដែល មិនអាចធ្វើឱ្យស្ថាប័នអន្តរជាតិ អង្គការសហប្រជាជាតិ ហើយនិង បណ្តាបស្ចិមប្រទេសជាមិត្ត ជឿជាក់បាន អំពី ការយកចិត្តទុកដាក់ ចាត់វិធានការ កម្ចាត់ឧក្រិដ្ឋកម្មឆបោកអនឡាញនៅប្រទេសកម្ពុជាឡើយ»។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា រូបនេះបន្ថែមថា ជនបរទេសជាង ១៦,០០០ នាក់ ដែលក្រសួងមហាផ្ទៃរកឃើញនោះ គ្រាន់តែជាអ្នកដែលត្រូវគេបោកប្រាស់ យកមកធ្វើជាទាសករឆបោកនៅប្រទេសកម្ពុជាប៉ុណ្ណោះ។ ចំណែកឯមេបណ្តាញធំៗដែលបង្កើតប្រព័ន្ធឆបោក អន្តរជាតិ គឺមានខ្មែរ និងបរទេស តែប្រមាណ ៤១០ នាក់ប៉ុណ្ណោះ នៅក្នុងរបាយការណ៍របស់សហគមន៍អន្តរជាតិ។
ការអះអាងរបស់អ្នកនាំពាក្យរូបនេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ បានអះអាងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានបណ្តេញជនបរទេសជាង ១៦,០០០ នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតអំពីសញ្ជាតិ ឬអត្តសញ្ញាណរបស់ពួកគេឡើយ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ វាសនា បានថ្លែងក្នុងកិច្ចសម្ភាសស្ដីពីលទ្ធផលការងារឆមាសទី១ ថា យុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ដែលរដ្ឋាភិបាលអនុវត្តតាំងពីដើមឆ្នាំ២០២៦ បាននាំឱ្យមានការកើនឡើងនៃការចាប់ខ្លួន និងការបណ្តេញជនបរទេសចេញពីកម្ពុជា។ លោក ថា ជនបរទេសដែលស្ម័គ្រចិត្តចាកចេញដោយខ្លួនឯង ត្រូវបានអនុញ្ញាតឱ្យចេញ ប៉ុន្តែអ្នកដែលនៅតែបន្តស្នាក់នៅដោយខុសច្បាប់ នឹងត្រូវអនុវត្តតាមច្បាប់ និងហាមឃាត់មិនឱ្យចូលកម្ពុជាវិញ។
លោក សុខ វាសនា៖ «ការបោសសម្អាត Online Scam នៅក្នុងប្រទេសកម្ពុជារបស់យើង យើងមានយុទ្ធនាការយ៉ាងខ្លាំងបំផុត ចាប់ពីដើមឆ្នាំ ២០២៦ រហូតមកដល់ពេលនេះនៅតែមិនទាន់ចប់ទេ។ អ៊ីចឹង ការបោសសម្អាតនេះ យើងមើលឃើញមានការកើនឡើងច្រើន។ ទីមួយគាត់អាចនឹង បើសិនជាយើង មានធ្វើការបង្ក្រាបនៅទីតាំងណាមួយ ភាគច្រើនគាត់រត់ចេញ។ ប៉ុន្តែរត់ចេញនោះ មិនមែនថា រត់ចេញទៅណាទេ គឺចេញពីទីតាំង ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងនៅឡើយទេ»។
ទាក់ទងទៅនឹងបទល្មើសឆបោកអនឡាញនេះ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចេញផ្សាយរបាយការណ៍របស់ខ្លួន កាលពីខែមិថុនា ដោយអះអាងថា ការបង្ក្រាបបទល្មើសឆបោកអនឡាញនៅកម្ពុជាបានបរាជ័យ និងខ្វះតម្លាភាពនៃនីតិវិធីចុះបង្ក្រាប ដោយសារទីតាំងដែលអាជ្ញាធរកម្ពុជាចុះបង្ក្រាបមានចំនួនតិចតួច បើធៀបនឹងទីតាំងធ្វើប្រតិបត្តិការជាក់ស្តែង និងថា អាជ្ញាធរក៏មិនបានខ្វល់ខ្វាយពីកិច្ចការពារជនរងគ្រោះ និងការជួញដូរមនុស្សឡើយ។
Amnesty International បន្ថែមថា អាជ្ញាធរកម្ពុជាមិនបានបង្ហាញព័ត៌មានលម្អិតអ្វីឡើយទាក់ទងទៅនឹងការស៊ើបអង្កេតទីតាំងបទល្មើស ខណៈមនុស្សរាប់ពាន់នាក់ដែលរត់គេចខ្លួនពីការបង្ក្រាបកំពុងប្រឈមនឹងបញ្ហាសុខភាព គ្មានប្រាក់កាក់ គ្មានកន្លែងស្នាក់នៅត្រឹមត្រូវ និងខ្លះបានបាត់លិខិតឆ្លងដែន។
គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ចុងខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបង្ក្រាបបានបទល្មើសឆបោកអនឡាញចំនួនជាង៤០០ករណី ដកហូតអាជ្ញាប័ណ្ណកាស៊ីណូចំនួន២៥ទីតាំង និងបញ្ជូនជនសង្ស័យជាង១៤០០នាក់ ក្នុងសំណុំរឿង១៤៣ករណី ទៅកាន់តុលាការ៕









