៦​ខែ​ដើមឆ្នាំ​២០២៦ កម្ពុជា​បណ្តេញ​ជនបរទេស​ជាង ១៦,០០០ នាក់​ពាក់ព័ន្ធ Online Scams

សកម្មភាព​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាក់ទង​ក្រុមឆបោក អនឡាញ ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ១​កន្លែង​ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
សកម្មភាព​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាក់ទង​ក្រុមឆបោក អនឡាញ ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ១​កន្លែង​ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្តេញ​ជនបរទេស​ជាង ១៦,០០០ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២៦​។ អ្នកឃ្លាំមើល​សង្គម ថា តួលេខ​របស់​ក្រសួងមហាផ្ទៃ​មិន​ឆ្លុះបញ្ចាំង​ទំហំ​ជាក់ស្តែង ដូច​ការវាយតម្លៃ​របស់​ស្ថាប័ន​ជំនាញ​អន្តរជាតិ​មួយចំនួន​នោះ​ទេ។

រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams) អស់​រយៈពេល​ជាង​មួយឆ្នាំ​មក​ហើយ ដោយ​បង្កើន​ការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​សង្ស័យ ការ​ចាប់ខ្លួន​ជនសង្ស័យ និង​ការ​បណ្តេញ​ជនបរទេស​ដែល​ស្នាក់នៅ​ខុសច្បាប់​ចេញពី​ប្រទេស​កម្ពុជា​។ ប៉ុន្តែ ទោះបី​មាន​សកម្មភាព​បង្ក្រាប​ជា​បន្តបន្ទាប់​ក៏ដោយ ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា ការវាស់វែង​ជោគជ័យ​នៃ​យុទ្ធនាការ​នេះ មិនអាច​ផ្អែក​តែ​លើ​ចំនួន​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន ឬ​បណ្តេញ​ចេញ​ប៉ុណ្ណោះ​ទេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​អះអាង​ថា របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ ក្នុង​រឿង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ មិន​ឆ្លុះបញ្ចាំង​អំពី​ការពិត ដូច​ការ​រកឃើញ​របស់​ស្ថាប័ន​ជំនាញ​អន្តរជាតិ​នោះ​ទេ​។ មិន​ឆ្លុះបញ្ចាំង​គឺ​ដោយសារតែ អ្នក​ដែល​ត្រូវ​គេ​ឃុំខ្លួន​ឱ្យ​ធ្វើ​ជា​ទាសករ​ឆបោក នៅ​ប្រទេស​កម្ពុជា មាន​រហូត​ទៅដល់​ជាង​១៥ ម៉ឺន​នាក់។

លោក គឹម សុខ បន្ថែម​ថា មេ​បណ្តាញ​ធំៗ ដែល​ជា​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​ប្រទេស​កម្ពុជា មិនមែន​មានតែ​ជនបរទេស​ទេ គឺ​មាន​ទាំង​ពួក​ឧកញ៉ា​នៅ​ជុំវិញ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន និង​សាច់ញាតិ​ក្រុម​គ្រួសារ​ហ៊ុន។ ហើយ​អ្នក​ទាំងនោះ មិន​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ស៊ើបអង្កេត ឬ​ចាប់ខ្លួន​នោះ​ទេ។

លោក គឹម សុខ៖ «យុទ្ធនាការ​របស់​ក្រសួងមហាផ្ទៃ ៦ ខែ​នេះ បរាជ័យ​ទាំងស្រុង ដែល មិនអាច​ធ្វើ​ឱ្យ​ស្ថាប័ន​អន្តរជាតិ អង្គការសហប្រជាជាតិ ហើយ​និង បណ្តា​បស្ចិមប្រទេស​ជា​មិត្ត ជឿជាក់​បាន អំពី ការ​យកចិត្តទុកដាក់ ចាត់វិធានការ កម្ចាត់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នៅ​ប្រទេស​កម្ពុជា​ឡើយ»។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា រូប​នេះ​បន្ថែម​ថា ជនបរទេស​ជាង ១៦,០០០ នាក់ ដែល​ក្រសួងមហាផ្ទៃ​រក​ឃើញ​នោះ គ្រាន់តែ​ជា​អ្នក​ដែល​ត្រូវ​គេ​បោកប្រាស់ យក​មក​ធ្វើជា​ទាសករ​ឆបោក​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។ ចំណែកឯ​មេ​បណ្តាញ​ធំៗ​ដែល​បង្កើត​ប្រព័ន្ធ​ឆបោក អន្តរជាតិ គឺ​មាន​ខ្មែរ និង​បរទេស តែ​ប្រមាណ ៤១០ នាក់​ប៉ុណ្ណោះ នៅក្នុង​របាយការណ៍​របស់​សហគមន៍​អន្តរជាតិ។

ការ​អះអាង​របស់​អ្នកនាំពាក្យ​រូប​នេះ គឺ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២៦ អាជ្ញាធរ​កម្ពុជា​បាន​បណ្តេញ​ជនបរទេស​ជាង ១៦,០០០ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams) ប៉ុន្តែ​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​សញ្ជាតិ ឬ​អត្តសញ្ញាណ​របស់​ពួកគេ​ឡើយ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ វាសនា បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ស្ដីពី​លទ្ធផល​ការងារ​ឆមាស​ទី​១ ថា យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​អនឡាញ ដែល​រដ្ឋាភិបាល​អនុវត្ត​តាំងពី​ដើមឆ្នាំ​២០២៦ បាន​នាំ​ឱ្យ​មាន​ការកើន​ឡើង​នៃ​ការ​ចាប់ខ្លួន និង​ការ​បណ្តេញ​ជនបរទេស​ចេញពី​កម្ពុជា​។ លោក ថា ជនបរទេស​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ដោយ​ខ្លួនឯង ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ ប៉ុន្តែ​អ្នក​ដែល​នៅតែ​បន្ត​ស្នាក់នៅ​ដោយ​ខុសច្បាប់ នឹង​ត្រូវ​អនុវត្ត​តាម​ច្បាប់ និង​ហាមឃាត់​មិន​ឱ្យ​ចូល​កម្ពុជា​វិញ។

លោក សុខ វាសនា៖ «ការ​បោសសម្អាត Online Scam នៅក្នុង​ប្រទេស​កម្ពុជា​របស់​យើង យើង​មាន​យុទ្ធនាការ​យ៉ាង​ខ្លាំង​បំផុត ចាប់ពី​ដើមឆ្នាំ ២០២៦ រហូតមកដល់​ពេលនេះ​នៅតែ​មិនទាន់​ចប់​ទេ​។ អ៊ីចឹង ការ​បោសសម្អាត​នេះ យើង​មើលឃើញ​មានការ​កើនឡើង​ច្រើន​។ ទីមួយ​គាត់​អាច​នឹង បើសិនជា​យើង មាន​ធ្វើការ​បង្ក្រាប​នៅ​ទីតាំង​ណាមួយ ភាគច្រើន​គាត់​រត់ចេញ​។ ប៉ុន្តែ​រត់ចេញ​នោះ មិនមែន​ថា រត់ចេញ​ទៅណា​ទេ គឺ​ចេញពី​ទីតាំង ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នៅឡើយ​ទេ»។

ទាក់ទង​ទៅ​នឹង​បទល្មើស​ឆបោក​អនឡាញ​នេះ អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន កាលពី​ខែមិថុនា ដោយ​អះអាង​ថា ការ​បង្ក្រាប​បទល្មើស​ឆបោក​អនឡាញ​នៅ​កម្ពុជា​បាន​បរាជ័យ និង​ខ្វះ​តម្លាភាព​នៃ​នីតិវិធី​ចុះ​បង្ក្រាប ដោយសារ​ទីតាំង​ដែល​អាជ្ញាធរ​កម្ពុជា​ចុះ​បង្ក្រាប​មាន​ចំនួន​តិចតួច បើ​ធៀប​នឹង​ទីតាំង​ធ្វើ​ប្រតិបត្តិ​ការ​ជាក់ស្តែង និង​ថា អាជ្ញាធរ​ក៏​មិនបាន​ខ្វល់ខ្វាយ​ពី​កិច្ចការពារ​ជនរងគ្រោះ និង​ការ​ជួញដូរ​មនុស្ស​ឡើយ។

Amnesty International បន្ថែម​ថា អាជ្ញាធរ​កម្ពុជា​មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​អ្វី​ឡើយ​ទាក់ទង​ទៅ​នឹង​ការស៊ើបអង្កេត​ទីតាំង​បទល្មើស ខណៈ​មនុស្ស​រាប់​ពាន់នាក់​ដែល​រត់គេច​ខ្លួន​ពី​ការ​បង្ក្រាប​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព គ្មាន​ប្រាក់​កាក់ គ្មាន​កន្លែង​ស្នាក់នៅ​ត្រឹមត្រូវ និង​ខ្លះ​បាន​បាត់​លិខិតឆ្លងដែន។

គិត​ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៥ រហូតដល់​ចុងខែ​ឧសភា ឆ្នាំ​២០២៦ សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បាន​បទល្មើស​ឆបោក​អនឡាញ​ចំនួន​ជាង​៤០០​ករណី ដកហូត​អាជ្ញាប័ណ្ណ​កាស៊ីណូ​ចំនួន​២៥​ទីតាំង និង​បញ្ជូន​ជនសង្ស័យ​ជាង​១៤០០​នាក់ ក្នុង​សំណុំរឿង​១៤៣​ករណី ទៅកាន់​តុលាការ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ