

ពលរដ្ឋរងគ្រោះ ទទូចឱ្យតុលាការផ្ដន្ទាទោសលោក ហ៊ី គឹមហុង និងបក្ខពួក ដាក់ពន្ធនាគារ និងទាមទារសំណងពេញលេញ។ ការទទូចទាមទារនេះ ធ្វើឡើង មុនពេលសាលាដំបូងរាជធានីភ្នំពេញ គ្រោងប្រកាសសាលក្រមសំណុំរឿងឆបោក របស់ក្រុមហ៊ុនពិភពដីមាសរបស់អតីតឧកញ៉ា ហ៊ី គឹមហុង នៅថ្ងៃទី១៧ ខែសីហា ខាងមុខនេះ។
សំណុំរឿងឆបោករបស់អតីតឧកញ៉ា ហ៊ី គឹមហុង ដែលកំពុងប្រឈមនឹងការប្ដឹងផ្ដល់របស់ប្រជាពលរដ្ឋរាប់ពានគ្រួសារនៅទូទាំងប្រទេស មានរយៈពេលជិត ៣ ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០២៣មក។ ប្រជាពលរដ្ឋរងគ្រោះ តែងតែត្អូញត្អែរ អំពីទុក្ខសោក និងការរង់ចាំយុត្តិធម៌។ មកដល់ពេលនេះ មានពលរដ្ឋរងគ្រោះជិត ៤០នាក់ ដែលបានបាត់ជីវិត ដោយសារតែការបាក់ទឹកចិត្តធ្ងន់ធ្ងរ បន្ទាប់ពីបានដឹងនូវការចាញ់បោកលោក ហ៊ី គឹមហុង។
ពលរដ្ឋចាញ់បោកក្រុមហ៊ុនពិភពដីមាសនៅខេត្តបាត់ដំបង លោក សោម ឆេង អំពាវនាវឱ្យសាលាដំបូងរាជធានីភ្នំពេញ ផ្ដល់យុត្តិធម៌ពេញលេញ ដល់ពលរដ្ឋរង គ្រោះទាំងអស់។ លោកថា យុត្តិធម៌ពេញលេញ គឺត្រូវចាប់អតីតឧកញ៉ា ហ៊ី គឹមហុង និង បក្ខពួកដាក់ពន្ធនាគារ ព្រមទាំង សងប្រាក់ដើម និងថ្លៃខូចខាតដល់ជនរងគ្រោះ។
លោក សោម ឆេង ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២០ ខែកក្កដា ថា ពលរដ្ឋរងគ្រោះមិនបានដឹងទេ ថាលុយដែលលោក ហ៊ី គឹមហុង បោកបានពីពលរដ្ឋយក ទៅចូលហោប៉ៅអ្នកណាខ្លះ ប៉ុន្តែ ពលរដ្ឋរងគ្រោះ ទទូចចង់បានដំណោះស្រាយត្រឹមត្រូវ ដើម្បីសម្រាលការលំបាក និងទុក្ខវេទនារបស់ពួកគាត់ ដែលបែកបាក់ គ្រួសារ និង ការបោះបង់ការសិក្សារបស់កូនចៅ ដោយសារជួយរកប្រាក់សង បំណុលវ័ណ្ឌក។
លោកបន្ថែមថា ពលរដ្ឋរងគ្រោះ ទាមទារឱ្យបញ្ចប់សំណុំរឿងនេះ ត្រឹមសាលាដំបូង រាជធានីភ្នំពេញ ដោយមានដំណោះស្រាយត្រឹមត្រូវពេញលេញ ពីព្រោះលោកថា ការអូសបន្លាយដំណោះស្រាយមកដល់ពេលនេះ ជារឿងអយុត្តិធម៌ទៅហើយ ប៉ុន្តែ បើនៅរង់ចាំបន្តរាប់ឆ្នាំទៀត កាន់តែបន្ថែមអយុត្តិធម៌ដល់ពួកគាត់។
លោក សោម ឆេង៖ «ឱ្យតុលាការធ្វើអន្តរាគមន៍ឱ្យម្ចាស់ក្រុមហ៊ុនសងលុយ ដែលដើមបណ្ដឹងទាំងអស់ បានរងគ្រោះ ដោយសារតែក្រុមហ៊ុនហ្នឹង។ បង្វិលសងប្រាក់ ដើមមកឱ្យអស់ ហើយក្នុងពេលឆាប់ៗហ្នឹង ព្រោះអីការរង់ចាំវាច្រើនឆ្នាំហើយ គ្នារងទុក្ខវេទនា ហើយខ្លះជំពាក់ធនាគារ គ្នាអត់មានអីដោះដូរ ហើយហ្នឹងបង់ឱ្យ ធនាគារទេ ខ្លះអស់ដី ខ្លះអស់ផ្ទះ អស់អី បែកបាក់ក្រុមគ្រួសារ កូនកំពុងពេញការ សិក្សាអាយុហ្នឹង ក៏កំពុងពេញ បែរជាឈប់រៀនសូត្រ ដើម្បីជួយរកប្រាក់ដោះបំណុល ជូនឪពុកម្ដាយ។ ជាការសោកសង្រេងមួយ វាមិនស្លាប់ក៏ដូចថា ស្លាប់ដែរ គ្នាធ្លាប់តែអាហារ ៣ ពេល រកមួយពេលសឹងមិនចង់គ្រប់»។
ការទាមទាររបស់ពលរដ្ឋរងគ្រោះរូបនេះ ធ្វើឡើងនៅមុនសាលាដំបូងរាជធានី ភ្នំពេញ ប្រកាសសាលក្រមសំណុំរឿងឆបោករបស់អតីតឧកញ៉ា ហ៊ី គឹមហុង ដែល គ្រោងធ្វើនៅថ្ងៃទី១៧ ខែសីហា ខាងមុខនេះ។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ជុំវិញរឿងនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី២០ ខែកក្កដា។
អតីតឧកញ៉ា ហ៊ី គីមហុង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែ សីហា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបទចោទឆបោកមានស្ថានទម្ងន់ទោស បន្ទាប់ពីក្រុមប្រជាពលរដ្ឋ បាន ដាក់ពាក្យបណ្ដឹងប្ដឹងឧកញ៉ារូបនេះ។ ប៉ុន្តែកាលពីដើមខែវិច្ឆិកាឆ្នាំ២០២៣ ម្ចាស់ ក្រុមហ៊ុនពិភពដីមាសអតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានសាលាឧទ្ធរណ៍ ភ្នំពេញ ដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីជាប់ពន្ធនាគារប្រមាណ ៣ខែ។
តំណាងពលរដ្ឋរងគ្រោះលោក សេង ហាន់ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២០ ខែកក្កដាថា ជារឿងគួរឱ្យឆ្ងល់ ដែលនៅពេលនេះ មានមនុស្ស ដែលបង្កើតក្រុម ធ្វើសកម្មភាព ក្នុងឈ្មោះក្រុមហ៊ុនពិភពដីមាស ដើរបញ្ចុះបញ្ចូលប្រជាពលរដ្ឋកុំឱ្យប្ដឹង និង ឱ្យរង់ចាំដំណោះស្រាយពីក្រុមហ៊ុនទៅវិញ ខណៈសំណុំរឿងឆបោក របស់អតីតឧកញ៉ា ហ៊ី គឹមហុង និងបក្ខពួក នៅក្នុងដៃសាលាដំបូងរាជធានីភ្នំពេញ ទៅហើយ។ ដូច្នេះ លោកថា លោកចង់ឱ្យតុលាការពន្លឿននីតិវិធី សម្រេចឱ្យបាន ឆាប់ ដោយយុត្តិធម៌ពេញលក្ខណៈដល់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីបញ្ចប់ការបន្ត សកម្មភាពដើរបោកប្រាស់ប្រជាពលរដ្ឋទៀត។
លោក សេង ហាន់៖ «ខ្ញុំសង្ឃឹមថា តុលាការនឹងរកយុត្តិធម៌ ជូនពួកខ្ញុំជាជនរងគ្រោះ អ៊ីចឹង ហើយសង្ឃឹមថា តុលាការនឹងដាក់ទោសយ៉ាងធ្ងន់ធ្ងរបំផុតទៅលើម្ចាស់ក្រុមហហ៊ុនពិភពដីមាស គឺលោក ហ៊ី គឹមហុង ធ្ងន់ធ្ងរបំផុត ដោយសារ លោក ហ៊ី គឹមហុង នេះ បានប្រព្រឹត្តអំពើបោកប្រាស់ប្រជាពលរដ្ឋយូរឆ្នាំហើយ ហើយបានធ្វើឱ្យប្រជាពលរដ្ឋបានស្លាប់ ធ្វើឱ្យប្រជាពលរដ្ឋ បានរងទុក្ខបំណុលវ័ណ្ឌកដល់សព្វថ្ងៃ»។
ក្រុមហ៊ុនពិភពដីមាសរបស់ អតីតឧកញ៉ា ហ៊ី គឹមហុង មិនមែនជាក្រុមហ៊ុនឆបោកតែមួយទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ក្រុមគ្រួសារត្រកូលហ៊ុន មានក្រុមហ៊ុនឆបោកជាច្រើនទៀត ដែលតុលាការ និងរដ្ឋាភិបាលក្រុុំគ្រួសារត្រកូលហ៊ុន មិនទាន់ដោះស្រាយនៅឡើយ ហើយទុកឱ្យប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសាររងគ្រោះយូរឆ្នាំ។
សាធារណជនមើលឃើញថា ក្រុមហ៊ុនឆបោកទាំងនោះ ដែលមានរឿងអាស្រូវ បក្ខពួកនិយម និងពុករលួយជាមួយក្រុមអ្នកដឹកនាំប្រទេស រួមមាន ក្រុមហ៊ុនរបស់ អតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុន អតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុមហ៊ុន ស៊ីអាយស៊ី (CIC)របស់លោក គុយ វ៉ាត និងក្រុមហ៊ុន ហ៊ួយវ័ន ផេ (Huione Pay) របស់ឧកញ៉ា ហ៊ុន តូ ដែលជា បងជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាដើម៕








