ពលរដ្ឋ​រងគ្រោះ​អំពាវនាវ​ដល់​តុលាការ​ឱ្យ​ចាប់​លោក ហ៊ី គឹមហុង ដាក់​ពន្ធនាគារ​និង​សង​សំណង​ពេញ​លេញ

0
59
​ប្រធានក្រុមហ៊ុន​ពិភព​ដី​មាស លោក ហ៊ី គឹមហុង (ស្ដាំ) និងមេបញ្ជាការកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង។ រូប៖ ហ្វេសប៊ុកលោក ហ៊ី គឹមហុង
​ប្រធានក្រុមហ៊ុន​ពិភព​ដី​មាស លោក ហ៊ី គឹមហុង (ស្ដាំ) និងមេបញ្ជាការកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង។ រូប៖ ហ្វេសប៊ុកលោក ហ៊ី គឹមហុង

ពលរដ្ឋ​រងគ្រោះ ទទូច​ឱ្យ​តុលាការ​ផ្ដន្ទាទោស​លោក ហ៊ី គឹមហុង និង​បក្ខពួក ដាក់​ពន្ធនាគារ និង​ទាមទារ​សំណង​ពេញលេញ​។ ការ​ទទូច​ទាមទារ​នេះ ធ្វើឡើង មុន​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​ឆបោក របស់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​អតីត​ឧកញ៉ា ហ៊ី គឹមហុង នៅ​ថ្ងៃទី​១៧ ខែ​សីហា ខាងមុខនេះ។

សំណុំរឿង​ឆបោក​របស់​អតីត​ឧកញ៉ា ហ៊ី គឹមហុង ដែល​កំពុង​ប្រឈម​នឹង​ការ​ប្ដឹង​ផ្ដល់​របស់​ប្រជាពលរដ្ឋ​រាប់​ពាន​គ្រួសារ​នៅ​ទូទាំង​ប្រទេស មាន​រយៈពេល​ជិត ៣ ឆ្នាំ​ហើយ ចាប់តាំងពី​ឆ្នាំ​២០២៣​មក​។ ប្រជាពលរដ្ឋ​រងគ្រោះ តែងតែ​ត្អូញត្អែរ អំពី​ទុក្ខសោក និង​ការ​រង់ចាំ​យុត្តិធម៌​។ មកដល់ពេលនេះ មាន​ពលរដ្ឋ​រងគ្រោះ​ជិត ៤០​នាក់ ដែល​បាន​បាត់​ជីវិត ដោយសារតែ​ការ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ បន្ទាប់ពី​បានដឹង​នូវ​ការ​ចាញ់បោក​លោក ហ៊ី គឹមហុង។

ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស​នៅ​ខេត្តបាត់ដំបង លោក សោម ឆេង អំពាវនាវ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដល់​យុត្តិធម៌​ពេញលេញ ដល់​ពលរដ្ឋ​រង គ្រោះ​ទាំងអស់​។ លោក​ថា យុត្តិធម៌​ពេញលេញ គឺ​ត្រូវ​ចាប់​អតីត​ឧកញ៉ា ហ៊ី គឹមហុង និង បក្ខពួក​ដាក់​ពន្ធនាគា​រ ព្រមទាំង សង​ប្រាក់​ដើម និង​ថ្លៃ​ខូចខាត​ដល់​ជនរងគ្រោះ។

លោក សោម ឆេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ខែកក្កដា ថា ពលរដ្ឋ​រងគ្រោះ​មិនបាន​ដឹង​ទេ ថា​លុយ​ដែល​លោក ហ៊ី គឹមហុង បោក​បាន​ពី​ពលរដ្ឋ​យក ទៅ​ចូល​ហោប៉ៅ​អ្នកណា​ខ្លះ ប៉ុន្តែ ពលរដ្ឋ​រងគ្រោះ ទទូច​ចង់បាន​ដំណោះស្រាយ​ត្រឹមត្រូវ ដើម្បី​សម្រាល​ការ​លំបាក និង​ទុក្ខវេទនា​របស់​ពួកគាត់ ដែល​បែកបាក់ គ្រួសារ និង ការបោះបង់​ការ​សិក្សា​របស់​កូនចៅ ដោយសារ​ជួយ​រក​ប្រាក់​សង បំណុល​វ័ណ្ឌក។

លោក​បន្ថែម​ថា ពលរដ្ឋ​រងគ្រោះ ទាមទារ​ឱ្យ​បញ្ចប់​សំណុំ​រឿង​នេះ ត្រឹម​សាលាដំបូង រាជធានី​ភ្នំពេញ ដោយមាន​ដំណោះស្រាយ​ត្រឹមត្រូវ​ពេញលេញ ពីព្រោះ​លោក​ថា ការអូស​បន្លាយ​ដំណោះស្រាយ​មកដល់ពេលនេះ ជា​រឿង​អយុត្តិធម៌​ទៅ​ហើយ ប៉ុន្តែ បើ​នៅ​រង់ចាំ​បន្ត​រាប់​ឆ្នាំ​ទៀត កាន់តែ​បន្ថែម​អយុត្តិធម៌​ដល់​ពួកគាត់។

លោក សោម ឆេង​៖ «ឱ្យ​តុលា​ការធ្វើអន្តរាគមន៍​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​សងលុយ ដែល​ដើមបណ្ដឹង​ទាំងអស់ បាន​រងគ្រោះ ដោយសារតែ​ក្រុមហ៊ុន​ហ្នឹង​។ បង្វិល​សង​ប្រាក់ ដើម​មក​ឱ្យ​អស់ ហើយ​ក្នុង​ពេល​ឆាប់ៗ​ហ្នឹង ព្រោះ​អី​ការ​រង់​ចាំ​វា​ច្រើន​ឆ្នាំ​ហើយ គ្នា​រង​ទុក្ខ​វេទនា ហើយ​ខ្លះ​ជំពាក់​ធនាគារ គ្នា​អត់​មានអី​ដោះដូរ ហើយ​ហ្នឹង​បង់​ឱ្យ ធនាគារ​ទេ ខ្លះ​អស់​ដី ខ្លះ​អស់​ផ្ទះ អស់​អី បែកបាក់​ក្រុម​គ្រួសារ កូន​កំពុង​ពេញការ សិក្សា​អាយុ​ហ្នឹង ក៏​កំពុង​ពេញ បែរជា​ឈប់​រៀន​សូត្រ ដើម្បី​ជួយ​រក​ប្រាក់​ដោះបំណុល ជូន​ឪពុកម្ដាយ​។ ជា​ការ​សោកសង្រេង​មួយ វា​មិន​ស្លាប់​ក៏​ដូច​ថា ស្លាប់​ដែរ គ្នា​ធ្លាប់តែ​អាហារ ៣ ពេល រក​មួយ​ពេល​សឹង​មិន​ចង់​គ្រប់»។

ការ​ទាមទារ​របស់​ព​ល​រដ្ឋ​រងគ្រោះ​រូប​នេះ ធ្វើឡើង​នៅមុន​សាលាដំបូង​រាជធានី ភ្នំពេញ ប្រកាស​សាលក្រម​សំណុំរឿង​ឆបោក​របស់​អតីត​ឧកញ៉ា ហ៊ី គឹមហុង ដែល គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៧ ខែសីហា ខាងមុខនេះ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ ជុំវិញ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ បានទេ នៅ​ថ្ងៃទី​២០ ខែកក្កដា។

អតីត​ឧកញ៉ា ហ៊ី គីមហុង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ខែ សីហា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ បាន ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​ឧកញ៉ា​រូបនេះ​។ ប៉ុន្តែ​កាលពីដើម​ខែវិច្ឆិកា​ឆ្នាំ​២០២៣ ម្ចាស់ ក្រុមហ៊ុន​ពិភព​ដី​មាស​អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បាន​សាលាឧទ្ធរណ៍ ភ្នំពេញ ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ជាប់​ពន្ធនាគារ​ប្រមាណ ៣​ខែ។

តំណាង​ពលរដ្ឋ​រងគ្រោះ​លោក សេង ហាន់ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ខែកក្កដា​ថា ជា​រឿង​គួរ​ឱ្យ​ឆ្ងល់ ដែល​នៅ​ពេល​នេះ មាន​មនុស្ស ដែល​បង្កើត​ក្រុម ធ្វើ​សកម្មភាព ក្នុង​ឈ្មោះ​ក្រុមហ៊ុន​ពិភព​ដី​មាស ដើរ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​កុំឱ្យ​ប្ដឹង និង ឱ្យ​រង់ចាំ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​ទៅវិញ ខណៈ​សំណុំរឿង​ឆបោក របស់​អតីត​ឧកញ៉ា ហ៊ី គឹមហុង និង​បក្ខពួក នៅក្នុង​ដៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​ហើយ​។ ដូច្នេះ លោក​ថា លោក​ចង់ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី សម្រេច​ឱ្យ​បាន ឆាប់ ដោយ​យុត្តិធម៌​ពេញលក្ខណៈ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដើម្បី​បញ្ចប់​ការ​បន្ត សកម្មភាព​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ​ទៀត។

លោក សេង ហាន់៖ «ខ្ញុំ​សង្ឃឹមថា តុលាការ​នឹង​រក​យុត្តិធម៌ ជូន​ពួក​ខ្ញុំ​ជា​ជនរងគ្រោះ អ៊ីចឹង ហើយ​សង្ឃឹមថា តុលាការ​នឹង​ដាក់​ទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​ទៅលើ​ម្ចាស់​ក្រុម​ហ​ហ៊ុន​ពិភព​ដី​មាស គឺ​លោក ហ៊ី គឹមហុង ធ្ងន់ធ្ងរ​បំផុត ដោយសារ លោក ហ៊ី គឹមហុង នេះ បាន​ប្រព្រឹត្ត​អំពើ​បោកប្រាស់​ប្រជាពលរដ្ឋ​យូរ​ឆ្នាំ​ហើយ ហើយ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ស្លាប់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ បាន​រង​ទុក្ខ​បំណុល​វ័ណ្ឌក​ដល់​សព្វថ្ងៃ»។

ក្រុមហ៊ុន​ពិភព​ដី​មាស​របស់ អតីត​ឧកញ៉ា ហ៊ី គឹមហុង មិនមែន​ជា​ក្រុមហ៊ុន​ឆបោក​តែមួយ​ទេ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ នៅ​ប្រទេស​កម្ពុជា ក្រោម​​ការដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន មាន​ក្រុមហ៊ុន​ឆបោក​ជាច្រើន​ទៀត ដែល​តុលាការ និង​រដ្ឋាភិបាល​ក្រុ​ុំ​គ្រួសារ​ត្រកូល​ហ៊ុន មិនទាន់​ដោះស្រាយ​នៅឡើយ ហើយ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​រងគ្រោះ​យូរ​ឆ្នាំ។

សាធារណជន​មើល​ឃើញ​ថា ក្រុមហ៊ុន​ឆបោក​ទាំងនោះ ដែល​មាន​រឿងអាស្រូវ បក្ខពួក​និយម និង​ពុករលួយ​ជាមួយ​ក្រុម​អ្នកដឹកនាំ​ប្រទេស រួមមាន ក្រុមហ៊ុន​របស់ អតីត​ឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុន អតីត​ឧកញ៉ា ជា សារ៉ន ក្រុមហ៊ុន​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុមហ៊ុន ស៊ី​អាយ​ស៊ី (CIC)​របស់​លោក គុយ វ៉ាត និង​ក្រុមហ៊ុន ហ៊ួយវ័ន ផេ (Huione Pay) របស់​ឧកញ៉ា ហ៊ុន តូ ដែល​ជា បងជីដូនមួយ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ