ជនភៀសខ្លួន​ប្រឈម​ការលំបាក បន្ទាប់ពី​អាជ្ញាធរ​ថៃ​រឹតប​ន្តឹង​ជនបរទេស​ខុសច្បាប់ ក្រោយ​ជម្លោះព្រំដែន​

0
51

ជនភៀសខ្លួន​ខ្មែរ​ជាច្រើន​ជួប​ការ​លំបាក និង​ប្រឈម​ហានិភ័យ​ខ្ពស់ បន្ទាប់ពី​អាជ្ញាធរ​ថៃ​បង្កើន​ការ​រឹត​បន្តិង​ជនបរទេស​រស់នៅ និង​ធ្វើការ​ខុសច្បាប់​ក្នុង​ប្រទេស​ថៃ ក្រោយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ មន្ត្រី​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​អាជ្ញាធរ​ថៃ​គួរ​មានការ​យោគយល់ និង​អត់​ឱន​ឲ្យ​ជនភៀសខ្លួន​ខ្មែរ ដែល​មាន​ការ​ទទួលស្គាល់​ពី​អង្គការ​សហប្រជាជាតិ។

ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ភៀសខ្លួន នៅ​ប្រទេស​ថៃ កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់​អំពី​សុវត្ថិភាព និង​ជីវភាព​រស់នៅ បន្ទាប់ពី​អាជ្ញាធរ​ថៃ​ចាប់ផ្តើម​រឹត​បន្តឹង​ជនអន្តោប្រវេសន៍​រស់នៅ និង​ធ្វើការ​ខុសច្បាប់ នៅក្នុង​ប្រទេស​ថៃ​។ ជនភៀសខ្លួន​មួយចំនួន ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន និង​គំរាមកំហែង ដោយ​ថា នឹង​បញ្ជូន​ពួកគាត់​ទៅ​ប្រទេស​កម្ពុជា​វិញ​ជាដើម ហើយ​ពួកគាត់ ក៏​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ ដូចជា​ខ្វះ​ថវិកា​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​បង់ថ្លៃ​បន្ទប់ រួម​ទាំង​ចំណីអាហារ​ជាដើម ដោយសារ​ពុំ​មាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ។

ស្ត្រី​វ័យ ៤២​ឆ្នាំ ជា​ជន​ភៀស​នយោបាយ លោកស្រី ចេង សុំ ថ្លែងប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​លោកស្រី និង​កូនស្រី​ម្នាក់ទៀត នៅមុខ​ផ្សារ​ខ្លងតើយ (Khlong Toei Market) ក្រុង​បាងកក ខណៈ​ពេល​លោកស្រី​និង​កូន ឈរ​ចាំ​ឡាន ដើម្បី​ត្រឡប់មកផ្ទះ​វិញ បន្ទាប់ពី​ទិញ​ម្ហូប​រួចរាល់ កាលពី​ថ្ងៃទី ១៧ ខែកក្កដា កន្លង​ទៅ​នេះ​។ លោកស្រី​បន្ត​ថា អាជ្ញាធរ​ថៃ​បាន​ទាមទារ​ត្រួតពិនិត្យ​ឯកសារ​ឆ្លងដែន (Passport) ប៉ុន្តែ​លោកស្រី​ពុំ​មាន រួច​លោកស្រី​បាន​បង្ហាញ​កាត​សម្គាល់​ជា​ជនភៀសខ្លួន​ខ្មែរ ដែល​មាន​ការ​ទទួលស្គាល់​ពី​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​ប៉ូលិស​មិន​ព្រម និង​បាន​បង្ខំ​ឲ្យ​លោកស្រី និង​កូន ឡើង​ឡាន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ជាមួយ​គាត់។

លោកស្រី ចេង សុំ ថា អាជ្ញាធរ​ថៃ​បាន​គម្រាម​វាយខ្នោះ ហើយ​ថា នឹង​ចាប់​លោកស្រី​ដាក់​ពន្ធនាគារ ហើយ​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ។

ប៉ុន្តែ លោកស្រី អះអាង​ថា លោកស្រី​បាន​បង់ប្រាក់​ចំនួន ២​ម៉ឺន​បាត​ក្នុង​ម្នាក់ ឬ​ស្មើនឹង​ជាង ៦​រយ​ដុល្លារ​សហរដ្ឋអាមេរិក និង​ការ​អន្តរាគមន៍​ពី​អង្គការសហប្រជាជាតិ និង​អង្គការ​មួយ​ចំនួន​ទៀត ទើប​អាជ្ញាធរ​ថៃ​ព្រម​ដោះលែង​លោកស្រី​និង​កូន ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ លោកស្រី​មានប្រសាសន៍ថា ក្រោយ​ការ​ចាប់ខ្លួន​នេះ លោកស្រី​មិន​ហ៊ាន​ចេញ​ទៅ​ណា​ឡើយ ដោយ​ភ័យខ្លាច​ការ​ចាប់ខ្លួន​ជាថ្មី។

លោកស្រី ចេង សុំ៖ «របប​លោក ហ៊ុន សែន ហ៊ុន ម៉ាណែត ហ្នឹង​វា​មិន​អត់ឱន​ឲ្យ​ពួក​យើង​ជា​អ្នកប្រឆាំង​គាត់​ទេ គិតតែ​ថា អាច​គេ​យក​ទៅ​ដាក់គុក ឬក៏​ធ្វើជា​ទោស​យើង​អ្វីមួយ​ដែល​ធ្ងន់ធ្ងរ​អីចឹង​ទៅណា​។ មីង​អត់​ហ៊ាន​ចុះទៅ​ក្រោម​ទេ​​ក្មួយ នៅ​នឹង​ផ្ទះ​ក៏​គ្មាន​ស្អី​ហូប​ដែរ មីង​អត់​ហ៊ាន​ចុះទៅ​ក្រោម​ទេ​។ មីង​នៅ​មាន​ការភ័យខ្លាច»។

ចំណែក​កូនស្រី​លោកស្រី ចេង សុំ គឺ​កញ្ញា ផាត ណារី វ័យ​២១​ឆ្នាំ ឲ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​បាន​គម្រាម ដោយ​ផ្ដន្ទាទោស​កញ្ញា និង​ម្តាយ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ ពី​បទ​រស់នៅ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ និង​មិន​ស្តាប់​បង្គាប់​អាជ្ញាធរ។

ក្រៅពី​ការ​ចាប់ខ្លួន កញ្ញា​អះអាង​ថា ពលរដ្ឋ​ថៃ​មួយចំនួន​បាន​រើសអើង និង​សើចចំអក​នៅក្នុង​សាលា​ផង​ដែរ​។ កញ្ញា​ថា យុវជន​ជា​ជនជាតិ​ថៃ​ទាំងនោះ ចោទ​កញ្ញា​ថា ជា​ជនជាតិ​ខ្មែរ​ដែល​បាន​វាយប្រហារ​មក​លើ​ប្រទេស​ថៃ​មុន ក្នុង​ពេល​ជម្លោះ​រវាង​ព្រំដែន​កម្ពុជា​និង​ថៃ។

យុវតី ផាត ណារី អះអាង​ថា កញ្ញា​ឈឺចាប់​ជា​ខ្លាំង​ចំពោះ​ពាក្យ​សម្តី​ទាំងនោះ ប៉ុន្តែ​កញ្ញា​ពុំ​ហ៊ាន​តតាំង​ទៅវិញ​ឡើយ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​។ កញ្ញា​ចោទ​ថា ដោយសារតែ​របប​ដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដែល​បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី អសមត្ថភាព​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​ការដឹកនាំ​ទើប​ធ្វើ​ឲ្យ​ប្រទេសជិតខាង​ឈ្លានពាន និង​បាន​គ្រប់គ្រង​ទឹកដី​កម្ពុជា​ជាច្រើន​ទីតាំង។

យុវតី ផាត ណារី៖ «មិន​ថា​យើង​រស់នៅៗ​ក្នុងស្រុក​ខ្មែរ យើង​ក៏​គ្មាន​សិទ្ធិ​នៅក្នុង​ការ​អឺ​និយាយ គ្មាន​សិទ្ធិ​នៅក្នុង​ការ​អឺ​ឡើង​ប្រឈមមុខ​បាន ដល់​ពេល​យើង​មកដល់​ក្នុង​ប្រទេស​គេ​ហើយ យើង​នៅ​មាន​អឺ​ជួប​រឿងហេតុ​បែប​អញ្ចឹង​ទៀត​។ ខ្ញុំ​ចង់​សុំ​អឺ​សំណូមពរ​ទៅកាន់​បងប្អូន ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ងើបឈរ​ឡើង ហើយនឹង​ងាក​មក​តាមដាន​រឿង​ប្រទេសជាតិ​យើង រឿង​ព្រំដែន​ជាតិ​យើង​ថា រាល់ថ្ងៃ​ហ្នឹង​គណបក្ស​ហ៊ុន សែន ហ្នឹង​បាន​ធ្វើ​អី​ខ្លះ ហើយ​ប្រទេសជាតិ​របស់​យើង​ហ្នឹង​បាន​បាត់បង់​អ្វីខ្លះ?»។

ចាប់តាំងពី​កម្ពុជា​មាន​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ​មក អាជ្ញាធរ​ថៃ​ចាប់ផ្តើម​រឹត​បន្តឹង​ដោយ​ការ​ចុះ​ឆែកឆេរ​តាម​អគារ​ស្នាក់នៅ តាម​ផ្សារ កន្លែង​លក់ដូរ ទីកន្លែង​សាធារណៈ ចំណត​ឡាន​ជាដើម ដើម្បី​ស្វែងរក​ពលករ ឬ​ជនអន្តោប្រវេសន៍​ដែល​រស់នៅ និង​ធ្វើការ​ខុសច្បាប់​ក្នុង​ប្រទេស​ថៃ ដើម្បី​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ និង​បន្ត​នីតិវិធី​ដោយ​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ។

អតីត​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​ភ្លើងទៀន និង​ជា​បេក្ខជន​ជាប់ឆ្នោត​ជា​ជំទប់​ទី​២ ឃុំ​ព្រះធាតុ ខេត្ត​ត្បូងឃ្មុំ អ្នកស្រី សុខ ស្រីនួន លើកឡើង​ថា អ្នកស្រី​ជួប​ការ​លំបាក​ជា​ខ្លាំង​នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដោយសារ​អ្នកស្រី ពុំ​មាន​ការងារ​ធ្វើ និង​មាន​កូនតូច​នៅក្នុង​បន្ទុក​ម្នាក់​ផង​ដែរ ហើយ​ប្តី​អ្នកស្រី​បាន​ត្រឹម​លួចលាក់​រក​ការងារ​ធ្វើ​បណ្ដោះអាសន្ន​ទាំង​ប្រថុយប្រថាន ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​។​

អ្នកស្រី សុខ ស្រីនួន ឲ្យ​ដឹង​ថា ពលរដ្ឋ​ថៃ​បាន​រើសអើង​អ្នកស្រី និង​គ្រួសារ ក្រោយ​មាន​ជម្លោះព្រំដែន និង​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​ថៃ ដើម្បី​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​អ្នកស្រី​ផង​ដែរ កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២៥។ អ្នកស្រី​ថា អាជ្ញាធរ​បាន​ចុះ​ឆែកឆេរ​អគារ​ជួល​របស់​អ្នកស្រី ប៉ុន្តែ​ម្ចាស់​អគារ​បាន​ចាក់​សោ​ពី​ក្រៅ​មិន​ឲ្យ​លោកស្រី​ចេញ​ក្រៅ​ឡើយ ដើម្បី​ការពារ​ពី​ការ​ចាប់ខ្លួន​។ អ្នកស្រី​រៀបរាប់​ទៀត​ថា អ្នកស្រី​បាន​បី​កូនតូច​ដែល​មាន​អាយុ​២​ឆ្នាំ​កន្លះ សំងំ​លាក់ខ្លួន​នៅក្នុង​បន្ទប់ទឹក​ទាំង​ភាព​ភ័យខ្លាច មិន​ហ៊ាន​បញ្ចេញ​សម្លេង​ឡើយ​។ ក្រោយ​ស្ថាន​ការ​បាន​ស្ងប់ស្ងាត់​បន្តិច អ្នកស្រី​បាន​បីកូន ចេញពី​អគារ​ដែល​ខ្លួន​បាន​រស់នៅ ទៅ​ស្នាក់នៅ​ជាមួយ​មិត្តភក្ដិ​ដែល​ជា​ជនភៀសខ្លួន​ខ្មែរ​ដូចគ្នា​មួយ​រយៈ ដើម្បី​គេច​ចេញ​ពី​ការ​ចុះ​ត្រួតពិនិត្យ និង​ឆែកឆេរ​របស់​អាជ្ញាធរ​ថៃ​។ អ្នកស្រី​រៀបរាប់​ថា អ្នកស្រី​ឈឺចាប់ ដែល​រងគ្រោះ​ពី​របប​ផ្ដាច់ការ​ត្រកូល​ហ៊ុន ហើយ​ត្រូវ​រងគ្រោះ និង​រស់នៅ​ទាំង​លាក់​បំពួន​ម្តង​ទៀត​នៅ​ទឹក​ដី​ប្រទេស​ថៃ។

អ្នកស្រី សុខ ស្រីនួន៖ «​មិន​ត្រឹមតែ​ខកចិត្ត​ទេ ថែមទាំង​ក្នុង​ខ្លួន​ហ្នឹង​មាន​កំហឹង​ទៀត ហី​ខំប្រឹង​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម​អី​ជាដើម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាត់​យល់ដឹង​ពី​បញ្ហា​ព្រំដែន​ក៏ដូចជា​យល់ដឹង​ពី​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​របស់​ពួកគាត់​ក្នុង​ការពារ​ទឹកដី​ដែល​បាត់បង់​ទៅ កុំ​ឲ្យ​នៅ​ស្ងាត់ស្ងៀម​អញ្ចឹង រហូត​ទាល់តែ​ទឹកដី​ដែល​បាត់បង់​មក​ថៃ​ហ្នឹង​ក្លាយជា​របស់​គេ​ប្រាកដ​។ ទោះ​បី​ថា ខ្ញុំ​មានការ​លំបាក​ដែល​ធ្វើជា​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ​នេះ យើង​ពិបាក​ក្នុង​ការ​ហូបចុក ពិបាក​ក្នុង​សិទ្ធិ​សេរីភាព​ដើរហើរ​ក៏​ពិតមែន​ក៏ប៉ុន្តែ​ខ្ញុំ​នៅតែ​តស៊ូ​ទៅ​មុខ​ទៀត ដើម្បី​ជួយ​ស្រោចស្រង់​ប្រទេស​កម្ពុជា​យើង​ឲ្យ​បាន​ឆ្លង​ផុត​ពី​របប​ផ្ដាច់ការ»។

អ្នកស្រី សុខ ស្រីនួន បាន​ភៀសខ្លួន​មក​ប្រទេស​ថៃ​តាំងពី​ឆ្នាំ​២០២៣ បន្ទាប់ពី​រង​ពាក្យ​បណ្តឹង​ពី​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ពី​បទ​បរិហាកេរ្តិ៍ និង​ញុះញង់​បង្ក​អសន្តិសុខ​សង្គម និង​មួយ​ករណី​ទៀត​គឺ​ក្នុង​ពេល​អ្នកស្រី​បាន​មកដល់​ប្រទេស​ថៃ​ជាមួយ​គ្រួសារ គឺ​បទ​«​រួមគំនិត​ក្បត់​» ដែល​អ្នកស្រី​យល់ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នកស្រី និង​ជា​រឿង​នយោបាយ។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌីថេ ហូយ៉ា លើកឡើង​ថា អាជ្ញាធរ​ថៃ​មិន​គួរ​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ និង​ទទួលស្គាល់​ដោយ​អង្គការ​សហ​ប្រជា​តិ​ថា​ជា​ជនរងគ្រោះ​ពី​ប្រទេស​កំណើត​ឡើយ ហើយ​គួរ​មាន​មនុស្សធម៌​ចំពោះ​ពួកគាត់​ដោយ​មិន​គួរ​ធ្វើទុក្ខបុកម្នេញ​តាម​រូបភាព​ផ្សេងៗ​។ លោក​យល់​ថា នៅក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ រដ្ឋាភិបាល​គួរ​បង្រួបបង្រួម​ជាតិ ដោយ​ការ​បើក​លំហ​សេរីភាព​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​។ លោក​ថា ការ​បន្ត​ចាប់ខ្លួន គំរាមកំហែង អ្នក​ដែល​មាន​មតិផ្ទុយ​រហូត​មួយចំនួន​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស ដើម្បី​សុវត្ថិភាព គឺជា​ការបំផ្លាញ​ជាតិ និង​បំផ្លាញ​ខ្លួនឯង​លើ​ឆាក​អន្តរជាតិ។

លោក ឌីថេ ហូយ៉ា៖ «ប្រទេស​ថៃ មុននឹង​ចាប់ មុន​នឹង​ធ្វើ​អីហ្នឹង​ក៏​ត្រូវ​តែ​គិត​គួរ គោរព​អំពី​គោល​ការ​សិទ្ធិមនុស្ស ជាពិសេស​អ្នក​ដែល​គាត់​រងគ្រោះ​ពី​សង្គម​មួយ​ស្វែងរក​នូវ​សិទ្ធិ​សេរីភាព​ក៏ដូចជា​សុវត្ថិភាព​ហើយ គួរតែ​មាន​ការ​អនុគ្រោះ ហើយ​គោរព​ទៅតាម​លក្ខខណ្ឌ​ដែល​យូអិន (UNHCR) បាន​គាំពារ​និង​ការពារ​អឺ​សុវត្ថិភាព​របស់​ពួកគាត់​។ ក្នុង​កាលៈទេសៈ​នេះ ខ្មែរ​យើង​គួរតែ​ទម្លាក់​ចោល​នូវ​ការ​យក​ឈ្នះ​យក​ចាញ់ គិតគូរ​អំពី​ការ​កសាង​ជាតិ​។ ការដែល​ធ្វើ​ឲ្យ​អ្នកដទៃ​ឈឺចាប់​នេះ​វា​មិនមែន​គេ​ឈឺចាប់​ហើយ​វា​ចប់​តែ​ប៉ុន​ហ្នឹង​ទេ អ៊ីចឹង​ដើម្បី​ចង់បាន​នូវ​សង្គម​សុខសាន្ត គ្រួសារ​សុខសាន្ត ខ្លួនឯង​សុខសាន្ត​ទាល់​ផ្តល់​ក្តី​សុខ​ឲ្យ​គេ​ដែរ​។ ហើយ​បញ្ឈប់​ទៅ​ការ​ធ្វើទុក្ខបុកម្នេញ​អីហ្នឹង​កែប្រែ​ហើយ​កសាង​ជាតិ​យើង​សារ​ឡើងវិញ»។

ទោះបីជា​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​លំបាក និង​ប្រថុយប្រថាន​បែបនេះ​ក្តី ក៏​ពួកគាត់​នៅតែ​រក្សា​ជំហរ​របស់​ខ្លួន​យ៉ាង​រឹងមាំ​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ ព្រមទាំង​រួម​សាមគ្គី​គ្នា​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​ទឹកដី​ដែល​ថៃ​បាន​គ្រប់គ្រង​ជាច្រើន​តំបន់​មកវិញ និង​ទាមទារ​ឲ្យ​ថៃ​សង​សំណង់​ទៅ​ឲ្យ​កម្ពុជា​វិញ ក្រោយ​កម្ពុជា​រង​ការ​ខូចខាត និង​ប៉ះពាល់​ដោយសារ​សង្គ្រាម​នេះ។ ពួកគាត់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​តាមដាន​បញ្ហា​សង្គមជាតិ ត្រូវ​ហ៊ាន​បញ្ចេញមតិ​ពី​បញ្ហា​ព្រំដែន បញ្ហា​សង្គម ដើម្បី​ការពារ​ប្រទេសជាតិ ពី​ការឈ្លានពាន​របស់​ប្រទេសជិតខាង និង​ក្រោកឈរ​ទាមទារ​សិទ្ធិ​សេរីភាព​ដែល​កំពុង​រឹតត្បិត​ក្នុង​របប​លោក ហ៊ុន មាណែត ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ