ជនភៀសខ្លួនខ្មែរជាច្រើនជួបការលំបាក និងប្រឈមហានិភ័យខ្ពស់ បន្ទាប់ពីអាជ្ញាធរថៃបង្កើនការរឹតបន្តិងជនបរទេសរស់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសថៃ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ។ មន្ត្រីសង្គមស៊ីវិល អំពាវនាវឲ្យអាជ្ញាធរថៃគួរមានការយោគយល់ និងអត់ឱនឲ្យជនភៀសខ្លួនខ្មែរ ដែលមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។
ពលរដ្ឋខ្មែរដែលកំពុងភៀសខ្លួន នៅប្រទេសថៃ កំពុងប្រឈមហានិភ័យខ្ពស់អំពីសុវត្ថិភាព និងជីវភាពរស់នៅ បន្ទាប់ពីអាជ្ញាធរថៃចាប់ផ្តើមរឹតបន្តឹងជនអន្តោប្រវេសន៍រស់នៅ និងធ្វើការខុសច្បាប់ នៅក្នុងប្រទេសថៃ។ ជនភៀសខ្លួនមួយចំនួន ត្រូវអាជ្ញាធរថៃចាប់ខ្លួន និងគំរាមកំហែង ដោយថា នឹងបញ្ជូនពួកគាត់ទៅប្រទេសកម្ពុជាវិញជាដើម ហើយពួកគាត់ ក៏ជួបការលំបាកក្នុងជីវភាពរស់នៅ ដូចជាខ្វះថវិកាសម្រាប់ផ្គត់ផ្គង់គ្រួសារ និងបង់ថ្លៃបន្ទប់ រួមទាំងចំណីអាហារជាដើម ដោយសារពុំមានការងារធ្វើក្នុងប្រទេសថៃ។
ស្ត្រីវ័យ ៤២ឆ្នាំ ជាជនភៀសនយោបាយ លោកស្រី ចេង សុំ ថ្លែងប្រាប់ទូរទស្សន៍អាស៊ីសេរី ថា អាជ្ញាធរថៃបានចាប់ខ្លួនលោកស្រី និងកូនស្រីម្នាក់ទៀត នៅមុខផ្សារខ្លងតើយ (Khlong Toei Market) ក្រុងបាងកក ខណៈពេលលោកស្រីនិងកូន ឈរចាំឡាន ដើម្បីត្រឡប់មកផ្ទះវិញ បន្ទាប់ពីទិញម្ហូបរួចរាល់ កាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងទៅនេះ។ លោកស្រីបន្តថា អាជ្ញាធរថៃបានទាមទារត្រួតពិនិត្យឯកសារឆ្លងដែន (Passport) ប៉ុន្តែលោកស្រីពុំមាន រួចលោកស្រីបានបង្ហាញកាតសម្គាល់ជាជនភៀសខ្លួនខ្មែរ ដែលមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ប៉ុន្តែប៉ូលិសមិនព្រម និងបានបង្ខំឲ្យលោកស្រី និងកូន ឡើងឡានទៅប៉ុស្តិ៍ប៉ូលិសជាមួយគាត់។
លោកស្រី ចេង សុំ ថា អាជ្ញាធរថៃបានគម្រាមវាយខ្នោះ ហើយថា នឹងចាប់លោកស្រីដាក់ពន្ធនាគារ ហើយបញ្ជូនទៅប្រទេសកម្ពុជាវិញ។
ប៉ុន្តែ លោកស្រី អះអាងថា លោកស្រីបានបង់ប្រាក់ចំនួន ២ម៉ឺនបាតក្នុងម្នាក់ ឬស្មើនឹងជាង ៦រយដុល្លារសហរដ្ឋអាមេរិក និងការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ និងអង្គការមួយចំនួនទៀត ទើបអាជ្ញាធរថៃព្រមដោះលែងលោកស្រីនិងកូន ឲ្យមានសេរីភាពឡើងវិញ។ លោកស្រីមានប្រសាសន៍ថា ក្រោយការចាប់ខ្លួននេះ លោកស្រីមិនហ៊ានចេញទៅណាឡើយ ដោយភ័យខ្លាចការចាប់ខ្លួនជាថ្មី។
លោកស្រី ចេង សុំ៖ «របបលោក ហ៊ុន សែន ហ៊ុន ម៉ាណែត ហ្នឹងវាមិនអត់ឱនឲ្យពួកយើងជាអ្នកប្រឆាំងគាត់ទេ គិតតែថា អាចគេយកទៅដាក់គុក ឬក៏ធ្វើជាទោសយើងអ្វីមួយដែលធ្ងន់ធ្ងរអីចឹងទៅណា។ មីងអត់ហ៊ានចុះទៅក្រោមទេក្មួយ នៅនឹងផ្ទះក៏គ្មានស្អីហូបដែរ មីងអត់ហ៊ានចុះទៅក្រោមទេ។ មីងនៅមានការភ័យខ្លាច»។
ចំណែកកូនស្រីលោកស្រី ចេង សុំ គឺកញ្ញា ផាត ណារី វ័យ២១ឆ្នាំ ឲ្យដឹងថា អាជ្ញាធរថៃបានគម្រាម ដោយផ្ដន្ទាទោសកញ្ញា និងម្តាយឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ពីបទរស់នៅខុសច្បាប់នៅក្នុងប្រទេសថៃ និងមិនស្តាប់បង្គាប់អាជ្ញាធរ។
ក្រៅពីការចាប់ខ្លួន កញ្ញាអះអាងថា ពលរដ្ឋថៃមួយចំនួនបានរើសអើង និងសើចចំអកនៅក្នុងសាលាផងដែរ។ កញ្ញាថា យុវជនជាជនជាតិថៃទាំងនោះ ចោទកញ្ញាថា ជាជនជាតិខ្មែរដែលបានវាយប្រហារមកលើប្រទេសថៃមុន ក្នុងពេលជម្លោះរវាងព្រំដែនកម្ពុជានិងថៃ។
យុវតី ផាត ណារី អះអាងថា កញ្ញាឈឺចាប់ជាខ្លាំងចំពោះពាក្យសម្តីទាំងនោះ ប៉ុន្តែកញ្ញាពុំហ៊ានតតាំងទៅវិញឡើយដោយសារបារម្ភពីសុវត្ថិភាពរបស់ខ្លួន។ កញ្ញាចោទថា ដោយសារតែរបបដឹកនាំរបស់ក្រុមគ្រួសារត្រកូល ហ៊ុន ដែលបច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អសមត្ថភាពក្នុងការការពារបូរណភាពទឹកដី និងការដឹកនាំទើបធ្វើឲ្យប្រទេសជិតខាងឈ្លានពាន និងបានគ្រប់គ្រងទឹកដីកម្ពុជាជាច្រើនទីតាំង។
យុវតី ផាត ណារី៖ «មិនថាយើងរស់នៅៗក្នុងស្រុកខ្មែរ យើងក៏គ្មានសិទ្ធិនៅក្នុងការអឺនិយាយ គ្មានសិទ្ធិនៅក្នុងការអឺឡើងប្រឈមមុខបាន ដល់ពេលយើងមកដល់ក្នុងប្រទេសគេហើយ យើងនៅមានអឺជួបរឿងហេតុបែបអញ្ចឹងទៀត។ ខ្ញុំចង់សុំអឺសំណូមពរទៅកាន់បងប្អូន ប្រជាពលរដ្ឋឲ្យចេះងើបឈរឡើង ហើយនឹងងាកមកតាមដានរឿងប្រទេសជាតិយើង រឿងព្រំដែនជាតិយើងថា រាល់ថ្ងៃហ្នឹងគណបក្សហ៊ុន សែន ហ្នឹងបានធ្វើអីខ្លះ ហើយប្រទេសជាតិរបស់យើងហ្នឹងបានបាត់បង់អ្វីខ្លះ?»។
ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃមក អាជ្ញាធរថៃចាប់ផ្តើមរឹតបន្តឹងដោយការចុះឆែកឆេរតាមអគារស្នាក់នៅ តាមផ្សារ កន្លែងលក់ដូរ ទីកន្លែងសាធារណៈ ចំណតឡានជាដើម ដើម្បីស្វែងរកពលករ ឬជនអន្តោប្រវេសន៍ដែលរស់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសថៃ ដើម្បីផ្ដន្ទាទោសដាក់ពន្ធនាគារ និងបន្តនីតិវិធីដោយបញ្ជូនទៅប្រទេសកំណើតវិញ។
អតីតប្រធានចលនាស្ត្រីគណបក្សភ្លើងទៀន និងជាបេក្ខជនជាប់ឆ្នោតជាជំទប់ទី២ ឃុំព្រះធាតុ ខេត្តត្បូងឃ្មុំ អ្នកស្រី សុខ ស្រីនួន លើកឡើងថា អ្នកស្រីជួបការលំបាកជាខ្លាំងនៅក្នុងជីវភាពប្រចាំថ្ងៃ ដោយសារអ្នកស្រី ពុំមានការងារធ្វើ និងមានកូនតូចនៅក្នុងបន្ទុកម្នាក់ផងដែរ ហើយប្តីអ្នកស្រីបានត្រឹមលួចលាក់រកការងារធ្វើបណ្ដោះអាសន្នទាំងប្រថុយប្រថាន ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
អ្នកស្រី សុខ ស្រីនួន ឲ្យដឹងថា ពលរដ្ឋថៃបានរើសអើងអ្នកស្រី និងគ្រួសារ ក្រោយមានជម្លោះព្រំដែន និងបានជូនដំណឹងទៅអាជ្ញាធរថៃ ដើម្បីឲ្យអាជ្ញាធរចាប់ខ្លួនអ្នកស្រីផងដែរ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥។ អ្នកស្រីថា អាជ្ញាធរបានចុះឆែកឆេរអគារជួលរបស់អ្នកស្រី ប៉ុន្តែម្ចាស់អគារបានចាក់សោពីក្រៅមិនឲ្យលោកស្រីចេញក្រៅឡើយ ដើម្បីការពារពីការចាប់ខ្លួន។ អ្នកស្រីរៀបរាប់ទៀតថា អ្នកស្រីបានបីកូនតូចដែលមានអាយុ២ឆ្នាំកន្លះ សំងំលាក់ខ្លួននៅក្នុងបន្ទប់ទឹកទាំងភាពភ័យខ្លាច មិនហ៊ានបញ្ចេញសម្លេងឡើយ។ ក្រោយស្ថានការបានស្ងប់ស្ងាត់បន្តិច អ្នកស្រីបានបីកូន ចេញពីអគារដែលខ្លួនបានរស់នៅ ទៅស្នាក់នៅជាមួយមិត្តភក្ដិដែលជាជនភៀសខ្លួនខ្មែរដូចគ្នាមួយរយៈ ដើម្បីគេចចេញពីការចុះត្រួតពិនិត្យ និងឆែកឆេររបស់អាជ្ញាធរថៃ។ អ្នកស្រីរៀបរាប់ថា អ្នកស្រីឈឺចាប់ ដែលរងគ្រោះពីរបបផ្ដាច់ការត្រកូលហ៊ុន ហើយត្រូវរងគ្រោះ និងរស់នៅទាំងលាក់បំពួនម្តងទៀតនៅទឹកដីប្រទេសថៃ។
អ្នកស្រី សុខ ស្រីនួន៖ «មិនត្រឹមតែខកចិត្តទេ ថែមទាំងក្នុងខ្លួនហ្នឹងមានកំហឹងទៀត ហីខំប្រឹងបញ្ចេញមតិតាមបណ្ដាញសង្គមអីជាដើម ដើម្បីឲ្យប្រជាពលរដ្ឋគាត់យល់ដឹងពីបញ្ហាព្រំដែនក៏ដូចជាយល់ដឹងពីសិទ្ធិក្នុងការបញ្ចេញមតិរបស់ពួកគាត់ក្នុងការពារទឹកដីដែលបាត់បង់ទៅ កុំឲ្យនៅស្ងាត់ស្ងៀមអញ្ចឹង រហូតទាល់តែទឹកដីដែលបាត់បង់មកថៃហ្នឹងក្លាយជារបស់គេប្រាកដ។ ទោះបីថា ខ្ញុំមានការលំបាកដែលធ្វើជាជនភៀសខ្លួននៅប្រទេសថៃនេះ យើងពិបាកក្នុងការហូបចុក ពិបាកក្នុងសិទ្ធិសេរីភាពដើរហើរក៏ពិតមែនក៏ប៉ុន្តែខ្ញុំនៅតែតស៊ូទៅមុខទៀត ដើម្បីជួយស្រោចស្រង់ប្រទេសកម្ពុជាយើងឲ្យបានឆ្លងផុតពីរបបផ្ដាច់ការ»។
អ្នកស្រី សុខ ស្រីនួន បានភៀសខ្លួនមកប្រទេសថៃតាំងពីឆ្នាំ២០២៣ បន្ទាប់ពីរងពាក្យបណ្តឹងពីសាលាដំបូងខេត្តត្បូងឃ្មុំពីបទបរិហាកេរ្តិ៍ និងញុះញង់បង្កអសន្តិសុខសង្គម និងមួយករណីទៀតគឺក្នុងពេលអ្នកស្រីបានមកដល់ប្រទេសថៃជាមួយគ្រួសារ គឺបទ«រួមគំនិតក្បត់» ដែលអ្នកស្រីយល់ថា ជារឿងអយុត្តិធម៌សម្រាប់អ្នកស្រី និងជារឿងនយោបាយ។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌីថេ ហូយ៉ា លើកឡើងថា អាជ្ញាធរថៃមិនគួរចាប់ខ្លួនជនភៀសខ្លួនខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ និងទទួលស្គាល់ដោយអង្គការសហប្រជាតិថាជាជនរងគ្រោះពីប្រទេសកំណើតឡើយ ហើយគួរមានមនុស្សធម៌ចំពោះពួកគាត់ដោយមិនគួរធ្វើទុក្ខបុកម្នេញតាមរូបភាពផ្សេងៗ។ លោកយល់ថា នៅក្នុងកាលៈទេសៈប្រទេសកម្ពុជាកំពុងមានជម្លោះជាមួយប្រទេសថៃ រដ្ឋាភិបាលគួរបង្រួបបង្រួមជាតិ ដោយការបើកលំហសេរីភាពឲ្យប្រជាពលរដ្ឋខ្លួន។ លោកថា ការបន្តចាប់ខ្លួន គំរាមកំហែង អ្នកដែលមានមតិផ្ទុយរហូតមួយចំនួនបានរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីសុវត្ថិភាព គឺជាការបំផ្លាញជាតិ និងបំផ្លាញខ្លួនឯងលើឆាកអន្តរជាតិ។
លោក ឌីថេ ហូយ៉ា៖ «ប្រទេសថៃ មុននឹងចាប់ មុននឹងធ្វើអីហ្នឹងក៏ត្រូវតែគិតគួរ គោរពអំពីគោលការសិទ្ធិមនុស្ស ជាពិសេសអ្នកដែលគាត់រងគ្រោះពីសង្គមមួយស្វែងរកនូវសិទ្ធិសេរីភាពក៏ដូចជាសុវត្ថិភាពហើយ គួរតែមានការអនុគ្រោះ ហើយគោរពទៅតាមលក្ខខណ្ឌដែលយូអិន (UNHCR) បានគាំពារនិងការពារអឺសុវត្ថិភាពរបស់ពួកគាត់។ ក្នុងកាលៈទេសៈនេះ ខ្មែរយើងគួរតែទម្លាក់ចោលនូវការយកឈ្នះយកចាញ់ គិតគូរអំពីការកសាងជាតិ។ ការដែលធ្វើឲ្យអ្នកដទៃឈឺចាប់នេះវាមិនមែនគេឈឺចាប់ហើយវាចប់តែប៉ុនហ្នឹងទេ អ៊ីចឹងដើម្បីចង់បាននូវសង្គមសុខសាន្ត គ្រួសារសុខសាន្ត ខ្លួនឯងសុខសាន្តទាល់ផ្តល់ក្តីសុខឲ្យគេដែរ។ ហើយបញ្ឈប់ទៅការធ្វើទុក្ខបុកម្នេញអីហ្នឹងកែប្រែហើយកសាងជាតិយើងសារឡើងវិញ»។
ទោះបីជាស្ថិតនៅក្នុងស្ថានការណ៍លំបាក និងប្រថុយប្រថានបែបនេះក្តី ក៏ពួកគាត់នៅតែរក្សាជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងការចូលរួមសកម្មភាពសង្គម និងទាមទារឲ្យរដ្ឋាភិបាល ស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សឡើងវិញ ព្រមទាំងរួមសាមគ្គីគ្នាប្តឹងថៃទៅតុលាការអន្តរជាតិ ដើម្បីទាមទារទឹកដីដែលថៃបានគ្រប់គ្រងជាច្រើនតំបន់មកវិញ និងទាមទារឲ្យថៃសងសំណង់ទៅឲ្យកម្ពុជាវិញ ក្រោយកម្ពុជារងការខូចខាត និងប៉ះពាល់ដោយសារសង្គ្រាមនេះ។ ពួកគាត់អំពាវនាវឲ្យពលរដ្ឋចូលរួមតាមដានបញ្ហាសង្គមជាតិ ត្រូវហ៊ានបញ្ចេញមតិពីបញ្ហាព្រំដែន បញ្ហាសង្គម ដើម្បីការពារប្រទេសជាតិ ពីការឈ្លានពានរបស់ប្រទេសជិតខាង និងក្រោកឈរទាមទារសិទ្ធិសេរីភាពដែលកំពុងរឹតត្បិតក្នុងរបបលោក ហ៊ុន មាណែត ផងដែរ៕








