ពលរដ្ឋ​សកម្ម​កិច្ចការងារ​សង្គម កញ្ញា ខែម ស្រីមុំ ស្នើឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ 

0
14
សកម្មជនសង្គមកញ្ញា ខែម ស្រីមុំ (ឆ្វេងទី២) ចូលរួមតវ៉ាដាក់ញត្តិក្នុងនាមពលរដ្ឋប្រឆាំងការឈ្លានពានរបស់ថៃ នៅ​មុខស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ធ្នូ ២០២៦។ រូប៖ ហ្វេសប៊ុកលោក អ៊ុង សេរីវុទ្ធ
សកម្មជនសង្គមកញ្ញា ខែម ស្រីមុំ (ឆ្វេងទី២) ចូលរួមតវ៉ាដាក់ញត្តិក្នុងនាមពលរដ្ឋប្រឆាំងការឈ្លានពានរបស់ថៃ នៅ​មុខស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ធ្នូ ២០២៦។ រូប៖ ហ្វេសប៊ុកលោក អ៊ុង សេរីវុទ្ធ

​ពលរដ្ឋ​សកម្ម​កិច្ចការ​សង្គម កញ្ញា ខែម ស្រីមុំ ស្នើ​ទៅ​ចៅក្រម​សាលាដំបូង​រាជ ធានី​ភ្នំពេញ ឱ្យ​ទម្លាក់​បទ​ប្រកាន់ និង​ដោះលែង​កញ្ញា ឱ្យ​មាន​សេរីភាព​វិញ ដោយ កញ្ញា និង មេធាវី​ការពារ​ក្ដី អះអាងថា ការ​បញ្ចេញ​យោបល់​របស់​កញ្ញា​នៅ​លើ​បណ្ដាញ​សង្គម គឺជា​សេរីភាព​បញ្ចេញមតិ និង ពុំ​មែន​ជា​ការ​ញុះញង់​ទេ។ អ្នកឃ្លាំមើល​ថា ការ​បន្ត​ឃុំខ្លួន កញ្ញា ខែម ស្រីមុំ គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ និង គោលការណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ។

តុលាការ​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​សំណុំរឿង​ពលរដ្ឋ​សកម្ម កញ្ញា ហ៊ីម មុំ ហៅ ខែម ស្រីមុំ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៦​។ តុលាការ​បាន​កំណត់​ពេល​ប្រកាស​សាលក្រម​នេះ បន្ទាប់ពី​សវនាការ កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា។

សកម្មជន​សង្គម​កញ្ញា ខែម ស្រីមុំ ឈ្មោះដើម ហ៊ីម​ មុំ។ រូបបណ្ដាញសង្គម

នៅក្នុង​សវនាការ ទាំង​កញ្ញា ខែម ស្រីមុំ និង​ទាំង​មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា បាន​ស្នើ​ឱ្យ​តុលាការ​លើកលែង​ការចោទប្រកាន់ និង​ដោះលែង​កញ្ញា ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​កញ្ញា​ពុំ​មាន​កំហុស​ទេ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា កញ្ញា ខែម ស្រីមុំ បាន​បំភ្លឺ​ចៅក្រម​ថា ការ ចែករំលែក​ព័ត៌មាន និង ការ​បញ្ចេញ​យោបល់​របស់​កញ្ញា នៅ​លើ​បណ្ដាញ​សង្គម​គ្មាន​ចេតនា​បង្ក​ការ​ញុះញង់​ឱ្យ​មាន​អ​សន្ដិសុខ​សង្គម ឬ​បទល្មើស​ណាមួយ​ឡើយ​។ រីឯ មេធាវី​របស់​កញ្ញា​វិញ បាន​អះអាង​ថា មតិយោបល់​របស់​កញ្ញា ខែម ស្រីមុំ គឺជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ស្របច្បាប់ ដែល​ពុំ​មែន​ជា​បទល្មើស​ទេ។

លោក អំ សំអាត​៖ «​មេធាវី​គាត់​បាន​លើកឡើង​ថា អ្វី​ដែល ហ៊ីម មុំ គាត់​បាន​ខមិន​ហ្នឹង វា​គ្រាន់តែ​ជា​សេរីភាព​នៅក្នុង​បញ្ចេញមតិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ មាត្រា ៤៥ និង​បទដ្ឋាន​អន្តរជាតិ កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​។ អ៊ីចឹង​អ្វី​ដែល​កញ្ញា ហ៊ីម មុំ បាន​ខមិន​ហ្នឹង វា​ជា​គ្រាន់តែ​ជា​សេរីភាព នៅក្នុង​ការ​បញ្ចេញមតិ​តែប៉ុណ្ណោះ»។

កញ្ញា ខែម ស្រីមុំ គឺជា​ពលរដ្ឋ​សកម្ម ដែល​តែងតែ​ចូលរួម​តវ៉ា​រក​ដំណោះស្រាយ វិវាទ​ដីធ្លី សិទ្ធិ​ការងារ បញ្ហា​ធនធានធម្មជាតិ បរិស្ថាន និង​ការ​ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ​ជាដើម។

សមត្ថកិច្ច​រាជធានី​ភ្នំពេញ កាលពី​ខែឧសភា បាន​ចាប់ខ្លួន​កញ្ញា ខែម ស្រីមុំ នៅ បន្ទប់​ជួល​មួយ​កន្លែង ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្រោយពី កញ្ញា​បាន​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន និង អំពើ​អយុត្តិធម៌​សង្គម នៅ​លើ​ហ្វេសប៊ុក​របស់​កញ្ញា​។ សមត្ថកិច្ច​បាន​បញ្ជូន​កញ្ញា ស្រីមុំ ទៅ​ឃុំខ្លួន នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ព្រៃ​ស រាជធានី​ភ្នំពេញ។

កញ្ញា ស្រីមុំ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​» និង​បទ​«​ប្រមាថ​»​តាម​មាត្រា ៤៩៤ ៤៩៥ និង​មាត្រា ៥០២ នៃ ក្រមព្រហ្មទណ្ឌ​។ កញ្ញា​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២ ឆ្នាំ ប្រសិន បើ​តុលាការ​រកឃើញ​ថា កញ្ញា​មានទោស ដូច​ការ​ចោទប្រកាន់។

មន្ត្រី​គោលនយោបាយ និង​តស៊ូ​មតិ​នៃ​អង្គការ​ភាពជា​ដៃគូ ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ ហៅ​កាត់​ថា PED កញ្ញា ហេង គឹមសួរ លើកឡើង​ថា ពលរដ្ឋ​ទូទៅ ចង់​ឃើញ​តុលាការ​កម្ពុជា មាន​ឯករាជ្យ​ពេញលក្ខណៈ ដែល​មិន​ស្ថិត​នៅ​ក្រោម​អំណាច នយោបាយ ហើយ​អាច​ផ្ដល់​យុត្តិធម៌​ត្រឹមត្រូវ ឱ្យ​ពលរដ្ឋ​រងគ្រោះ ដោយ​មិន​ប្រកាន់ និន្នាការ​បក្ខពួក។

សកម្មជនសង្គមកញ្ញា ខែម ស្រីមុំ (ឆ្វេង) ចូលរួមតវ៉ាដាក់ញត្តិក្នុងនាមពលរដ្ឋប្រឆាំងការឈ្លានពានរបស់ថៃ នៅ​មុខស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ធ្នូ ២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

កញ្ញា ហេង គឹមសួរ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២២ ខែកញ្ញា ថា ការ​បន្ត​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ដោយ​អាជ្ញាធរ​បន្ដ​ចាប់ខ្លួន ហើយ​តុលាការ​ចាត់ការ​ដាក់​ពន្ធនាគារ​ដូច​សព្វថ្ងៃ គឺជា​រឿង​អយុត្តិធម៌ ដែល​ត្រូវតែ​បំបាត់ចោល ពីព្រោះ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដែល​គិតគូរ​ពី​សង្គម​ជាតិ ត្រូវ​បាន​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​។ កញ្ញា​ថា ការ​បន្ត​រឹតត្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ គឺជា​ការ រំលោភ​រដ្ឋធម្មនុញ្ញ ដែល​ករណីនេះ មិន​ចំណេញ​អ្វី​ដល់​សង្គមជាតិ​នោះ​ទេ។

កញ្ញា ហេង គឹមសួរ៖ «ការដែល​នៅតែ​បន្ត​ចាប់​អ្នក​ស្អាតស្អំ ឬ​អ្នក​ដែល​គ្រាន់តែ​រិះគន់ ដើម្បី​ស្ថាបនា​ហ្នឹង គឺជា​ការ​បំបិទ​សំឡេង​របស់​ពលរដ្ឋ ដែល​គាត់​បាន មានគំនិត​ចង់​ស្ដារ​ប្រជាធិបតេយ្យ ឬក៏​ចង់ឱ្យ​សង្គម​ខ្លួនឯង​មាន​យុត្តិធម៌​ត្រឹមត្រូវ​ទៅវិញ»។

កាលពី​ខែ​មេសា ព្រះសង្ឃ ព្រះនាម ជា វុទ្ធី ដែល​ជា​អ្នកសារព័ត៌មាន​ពលរដ្ឋ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឱ្យ មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដូចគ្នា​នឹង​កញ្ញា ខែម ស្រីមុំ ដែរ បន្ទាប់ពី​ព្រះអង្គ​បាន​រិះគន់​រឿង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ និង បញ្ហា​ជនភៀសសឹក នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ព្រះអង្គ។

អំឡុង​ពេល​បំពេញបេសកកម្ម​លើកទីមួយ នៅ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ កាលពី​ចុងខែ​កក្កដា លោក ថម អេនឌ្រូ (Tom Andrews) បាន​មានប្រសាសន៍ថា ការអនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ មិនមែន​ជា​កម្មវត្ថុ​នៃ​បទល្មើស ការចោទប្រកាន់ ការ​ឃុំខ្លួន ឬ​ការ​ផ្តន្ទាទោស​នោះ​ទេ​។ លោក ថម អេនឌ្រូ ថែមទាំង​បាន​ទទូច​ឱ្យ​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នកទោស​មនសិការ​ជាង ១០០​នាក់ ដែល​កំពុង ជាប់ពន្ធនាគារ ឱ្យ​មាន​សេរីភាព​ឡើងវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ