

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងនាមជាមេដឹកនាំ ត្រូវបើកចិត្តទទួលយកមតិរិះគន់របស់អ្នកដទៃ និងកុំមានអំនួត ហួសហេតុពេក ដែលធ្វើឱ្យប៉ះពាល់គុណធម៌របស់មនុស្ស។ ប៉ុន្តែទន្ទឹមគ្នានោះ លោកនិយាយឌឺដង ទៅកាន់អ្នកវិភាគមួយចំនួននៅក្រៅប្រទេស ដែលតែងតែរិះគន់រដ្ឋាភិបាល រឿងបង្កើតកំហុសយុទ្ធសាស្ត្រ ធ្វើឱ្យថៃឈ្លានពាន ទឹកដីខ្មែរអស់ជាច្រើនទីតាំង ដែលលោកចាត់ទុកអ្នករិះគន់ទាំងនោះ ថា ជាមនុស្សមាន«អំនួត»ហួសហេតុ។
លោក ហ៊ុន ម៉ាណែត និងឪពុករបស់លោក ដែលលើករឿងបណ្ឌិត និងអ្នកចែកទូកមកបង្ហោះលើបណ្ដាញសង្គម ក្នុងបំណងបន្ទាបបន្ថោកតម្លៃបញ្ញវន្ត និងវាយប្រហារលើអ្នករិះគន់នោះ នៅថ្ងៃនេះ លោក បែរជាស្នើសុំឲ្យឈប់ជជែករឿងនេះតទៅទៀត ដោយអះអាងថា ត្រូវរៀនបើកចិត្ត ចេះទទួលយកមតិរិះគន់របស់អ្នកដទៃ និងថា មិនបានបិទសិទ្ធិសេរីភាពបញ្ចេញមតិនោះទេ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិត នៅខេត្តសៀមរាប នៅថ្ងៃទី២១ ខែកក្កដា លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំដល់និស្សិតឱ្យរៀនធ្វើជាមនុស្សមានមហិច្ឆតាខ្ពស់ ពោលគឺត្រូវរៀនធ្វើខ្លួនឱ្យប្រសើរឡើង តាមរយៈការពង្រឹងសមត្ថភាពឱ្យបានខ្លាំង ដើម្បីជួយគ្រួសារ និងសង្គមជាតិ។ ទន្ទឹមគ្នានោះ លោកជំរុញឱ្យ និស្សិត និងពលរដ្ឋកុំធ្វើជាមនុស្សរឹងរូស ចេះបើកគំនិតរៀនសូត្រ ពីមនុស្សជុំវិញខ្លួន ហើយប្រសិនបើជាមេដឹកនាំ ត្រូវចេះ បើកចិត្ត ស្ដាប់មតិអ្នកដទៃ។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ លោក ក៏មិនភ្លេចនោះទេ ក្នុងការវាយប្រហារទៅកាន់អ្នករិះគន់ និងអ្នកវិភាគមួយចំនួន នៅក្រៅប្រទេស ដែលលោកចោទថា ជាមនុស្ស មានអំនួត និងចេះគ្រប់រឿង។
លោក ហ៊ុន ម៉ាណែត៖ «បើកចិត្តទទួលគំនិតអ្នកដទៃ កុំគិតថាខ្លួនចេះគ្រប់រឿង ឬនិយាយត្រូវគ្រប់ពេល ត្រូវមានភាពរឹងមាំ ប៉ុន្តែកុំរឹងរូស បើកគំនិតរៀនសូត្រ បើយើងជាមេគេដឹកនាំប្រជុំ កុំនិយាយថា ម្នាក់ឯង ដាក់ចោទជាបញ្ហារួមគ្នា ដាក់ឲ្យគេលើកមកហើយ យើងសម្រេចចិត្តចុង ក្រោយរកអ្វីដែលជាដំណោះស្រាយ។ ព្រោះកន្លែងខ្លះហៅគេទៅប្រជុំតែ ទៅដល់មេចាប់ផ្ដើម ឡើងនិយាយ គ្មានពីណាហ៊ានតបើយើងទៅសួរគេយោបល់ថា ឥឡូវដោះស្រាយ យ៉ាងម៉េច មានជម្រើសណាល្អ សុំបញ្ចេញមតិចាំ យើងបូកសរុបចុងក្រោយ»។
បើទោះជាលោក ហ៊ុន ម៉ាណែត បានប្រៀនប្រដៅដល់និស្សិត និងបណ្ឌិត ដទៃកុំឱ្យធ្វើជាមនុស្សមានអំនួត និងប្រមាថមើលងាយអ្នកដទៃ ហើយត្រូវចេះបើកចិត្តស្ដាប់មតិពីមនុស្សជុំវិញខ្លួនក្ដី លោក ហ៊ុន ម៉ាណែត ត្រូវបានគេរិះគន់ថា ជាមេដឹកនាំដែលផ្ដល់គំរូអាក្រក់រឿងបិទសិទ្ធិសេរីភាពបញ្ចេញមតិ មកលើក្រុមបញ្ញវន្ត អ្នកនយោបាយ និងពលរដ្ឋ តាមរយៈការគំរាមកំហែង និងប្រើប្រាស់អំណាចតុលាការ ដើម្បីចោទប្រកាន់ និងចាប់អ្នកបញ្ចេញមតិ ដាក់ពន្ធនាគារ ខណៈដែល មកទល់ពេលនេះ មានពលរដ្ឋ ជាង១០០នាក់ ហើយ ត្រូវបានចាប់ដាក់ពន្ធនាគារ ក្រោយពីពួកគាត់ ប្រើប្រាស់សិទ្ធិសេរីភាព បញ្ចេញមតិ ឱ្យរដ្ឋាភិបាលត្រកូលហ៊ុន កែប្រែ កំហុសមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ ដល់ផលប្រយោជន៍ពលរដ្ឋ និងសង្គមជាតិ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ការថ្លែងសាររបស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃនេះ ហាក់គ្មានភាពច្បាស់លាស់ នោះទេ ដោយដំបូងលោករិះគន់បណ្ឌិត និងក្រុមបញ្ញវន្ត កុំឱ្យនិយាយអ្វីផ្ដេសផ្ដាស ដោយគ្មានទិន្នន័យ និងការស្រាវជ្រាវឱ្យបានត្រឹមត្រូវ។ ក្រោយមកទៀត លោក ហ៊ុន ម៉ាណែត បែរជានិយាយលើកទឹកចិត្តឱ្យពលរដ្ឋ និងបណ្ឌិតមានសេរីភាពបញ្ចេញមតិ និងណែនាំឱ្យមន្ត្រី និងអ្នកពាក់ព័ន្ធ ត្រូវចេះទទួលខុសត្រូវ និងបើចិត្តទទួលមតិពីអ្នកដទៃ ក៏ប៉ុន្តែ ទិដ្ឋភាពជាក់ស្ដែង លោក ហ៊ុន ម៉ាណែត មិនបានអនុវត្ត តាមពាក្យសម្ដីរបស់ខ្លួននោះទេ គឺតែងតែចាប់ពលរដ្ឋ និងអ្នករិះគន់ដាក់ពន្ធនាគារ នៅពេលអ្នកទាំងនោះផ្ដល់បានមតិឱ្យ រដ្ឋាភិបាលចេះទទួលខុសត្រូវ ចំពោះកំហុសដែលបានកើតឡើង។
លោកបញ្ជាក់ថា ការថ្លែងរបស់ លោក ហ៊ុន ម៉ាណែត រឿងបើកសេរីភាពបញ្ចេញមតិក្ដី និងការណែនាំឱ្យមនុស្សចេះមានទំនួលខុសត្រូវលើកិច្ចការងាររបស់ខ្លួន គឺគ្រាន់តែនយោបាយប្រជាភិថុតិ និង ភូតកុហកមហាជន ព្រោះ លោកនេះហើយ ដែលជាមនុស្សដែលផ្ទុយទៅនឹងទ្រឹស្ដីដែលបាននិយាយ។ លោកបន្តថា លោក ហ៊ុន ម៉ាណែត គឺជាមេដឹកនាំ ដ៏គ្រោះថ្នាក់សម្រាប់ជាតិ ប្រសិនបើ លោកនៅតែដឹកនាំដោយប្រើប្រាស់វោហារសាស្ត្រ កុហកបោកប្រាស់ ប្រជាពលរដ្ឋ និងបន្តបំបិទសិទ្ធិសេរីភាពពលរដ្ឋមិនឱ្យនិយាយការពិត ពីទិដ្ឋភាពសង្គមជាក់ស្ដែង។
លោក ម៉ែន ណាត៖ «រដ្ឋាភិបាលកម្ពុជានៅពេល នៅពេលហ្នឹង បិទសិទ្ធិពួកបណ្ឌិត ពួកបញ្ញវន្តលែងឲ្យនិយាយហើយ។ អញ្ចឹងជា រដ្ឋាភិបាលមួយដែលនាំគ្រោះដល់ជាតិហើយ។ ទោះបី លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ខំបកស្រាយការពារខ្លួនយ៉ាងម៉េច ក៏នៅតែជាមហន្តរាយសម្រាប់ជាតិដែរ ព្រោះរដ្ឋាភិបាលហ្នឹង បិទសិទ្ធិគេគ្រប់គ្នារួចអស់ហើយហ្នឹង។ មិនឲ្យនរណាម្នាក់ចេញមតិយោបល់ពីបញ្ហាស្រុកទេស ពីបញ្ហាជាតិតទៅទៀតហើយហ្នឹង។ ធ្វើម៉េចបានប្រទេសជាតិនឹងរីកចម្រើនទៅកើត»។
កន្លងមកនេះ ស្ថាប័នអន្តរជាតិធំៗ រួមមានអង្គការសហប្រជាជាតិ (UN) និងអង្គការសិទ្ធិមនុស្សអន្តរជាតិ បានវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិនៅកម្ពុជា មិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់នោះទេ ហើយថែមទាំងបន្តរួមតូចទៅៗ តាមរយៈការរឹតបន្តឹងផ្នែកច្បាប់ និងការចាត់វិធានការ តុលាការប្រឆាំងមកលើអ្នកមានមតិផ្ទុយ។ អ្នកឃ្លាំមើលថា ថ្វីត្បិតថា លោក ហ៊ុន ម៉ាណែត តែងតែនិយាយលើកទឹកចិត្តឱ្យពលរដ្ឋមានសិទ្ធិសេរីភាពបញ្ចេញមតិក្ដី ក៏ការនិយាយរបស់លោក គ្រាន់តែជាការភូតកុហក និងបន្លែបន្លំស្ថានការណ៍ប៉ុណ្ណោះ៕







