ក្រសួង​ការបរទេស​កម្ពុជា​ច្រាន​ចោល​ព័ត៌មាន​ថា វៀតណាម​​ធ្វើ​ផ្លូវ​ឆ្លង​សមុទ្រ​ទៅ​កោះត្រល់

0
180
ផ្លូវ​សង់​ពី​ដីគោក​នៅ​សង្កាត់​ហាទៀង ទៅកាន់​កំពង់ផែ​ពហុ​បំណង​របស់​ទីក្រុង​ហាទៀង ប្រទេស​វៀតណាម​។ រូប៖ បណ្ដាញសង្គម
ផ្លូវ​សង់​ពី​ដីគោក​នៅ​សង្កាត់​ហាទៀង ទៅកាន់​កំពង់ផែ​ពហុ​បំណង​របស់​ទីក្រុង​ហាទៀង ប្រទេស​វៀតណាម​។ រូប៖ បណ្ដាញសង្គម

អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​រូបភាព​មួយចំនួន​ក្នុង​បណ្ដាញ​សង្គម បង្ហាញ​អំពី​សំណង់​ផ្លូវ​ឆ្លង​សមុទ្រ​របស់​វៀតណាម​។ រូបភាព​នោះ​ហាក់​បង្ហាញថា​ផ្លូវ​ឆ្លង​សមុទ្រ​នោះ ត​ភ្ជាប់​ខេត្ត​ពាម ឬ​ហា​ទៀង (Ha Tien) ខេត្ត​អាន​យ៉ាង (An Giang) នៃ​ប្រទេស​វៀតណាម​ទៅកាន់​កោះត្រល់។

រូបភាព​ទាំងនេះ​បង្ក​ឱ្យ​មាន​ការ​បារម្ភ​ថា វៀតណាម​អាច​កំពុង​ព្យាយាម​បិទ​ច្រកចេញ​ចូល​សមុទ្រ​អន្តរជាតិ​របស់​កម្ពុជា បន្ទាប់ពី​កម្ពុជា​សាងសង់​ព្រែកជីក​ហ្វូណន។

ក៏ប៉ុន្តែ​ថ្ងៃនេះ ក្រសួង​ការបរទេស​កម្ពុជា ចេញ​មក​បដិសេធ​ព័ត៌មាន​នេះ​ទាំងស្រុង។ ក្រសួង​ថា ពុំ​មាន​ការសាងសង់​ផ្លូវ​ឆ្លង​សមុទ្រ​រំលោភ​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៨២ ឡើយ។ អាជ្ញាធរ​វៀតណាម​ក៏បាន​បញ្ជាក់​ដូចគ្នា។

តាម​ការ​ពន្យល់​របស់​ក្រសួង រូបភាព​ដែល​កំពុង​ចែករំលែក គឺជា​ផ្លូវ​សាងសង់​ពី​ដីគោក​នៅ​សង្កាត់​ហាទៀង ទៅកាន់​កំពង់ផែ​ពហុ​បំណង​របស់​ទីក្រុង​ហាទៀង ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម​។ ទោះជា​យ៉ាងណា កម្រិត​ចម្ងាយ​ពិត​ប្រាកដ​មិន​ទាន់​បាន​បញ្ជាក់។

រូបភាព​នេះ​ប៉ុន្មាន​ថ្ងៃ​មក ក៏​ជំរុញ​ការពិភាក្សា​ច្រើន ដោយ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ខ្មែរ​មួយ​ចំនួន សន្និដ្ឋាន​ថា ប្រសិនបើ​វៀតណាម​ពិតជា​សាងសង់​ផ្លូវ​ភ្ជាប់​ទៅ​កោះត្រល់ នោះ​អាច​ជា​ការ​ឆ្លើយតប​នឹង​គម្រោង​ព្រែកជីក​ហ្វូណន​របស់​កម្ពុជា ដែល​នឹង​កាត់បន្ថយ​ការ​ពឹង​ផ្អែកលើ​កំពង់ផែ​វៀតណាម។

បច្ចុប្បន្ន​នេះ ក្រសួង​ការបរទេស​បញ្ជាក់​ថា ព័ត៌មាន​ដែល​ចែករំលែក​ក្នុង​បណ្ដាញ​សង្គម គឺ​មិន​ត្រឹមត្រូវ និង​មិនមែន​ជា​សំណង់​បិទ​ខ្ទប់​ច្រក​សមុទ្រ​របស់​កម្ពុជា​ឡើយ។

រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ប្រវែង ១៨០ គីឡូម៉ែត្រ​ចេញពី​ភ្នំពេញ​ទៅកាន់​ខេត្ត​កែប។ ទន្ទឹម​នឹង​នោះ មជ្ឈដ្ឋាន​មួយចំនួន​រួម​មាន អ្នក​ការពារ​បរិស្ថាន អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ព្រមទាំង​ប្រទេស​វៀតណាម​ផង រិះគន់​គំរោង​ព្រែកជីក​នេះ។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា គំរោង​ព្រែកជីក​នេះ នឹង​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ឬ​ធ្វើ​ឱ្យ​ប្រែប្រួល​បរិមាណ​ទឹកទន្លេ​ហូរ​ចាក់​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម​ទេ។

អ្នកសេដ្ឋកិច្ច​នៅ​កម្ពុជា​មួយ​ចំនួន ក៏​ផ្តល់​ទស្សនៈ​ថា ព្រែកជីក​ហ្វូណន​តេជោ នៅ​ពេល​សាងសង់​រួច អាច​នឹង​ជួយ​កាត់បន្ថយ​ការ​ចំណាយ​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​របស់​នាវា​ចេញ​ពី​ភ្នំពេញ​ទៅកាន់​លំហ​សមុទ្រ​អន្តរជាតិ​ដោយ​មិនបាច់​ត្រូវ​ឆ្លងកាត់ និង​បង់​កំរៃ​សេវា​ទៅ​ឱ្យ​កំពង់ផែ​វៀតណាម​នៅក្នុង​ទីក្រុង​ព្រៃនគរ ហើយ​កត្តា​នេះ​ហើយ ដែល​អាច​ធ្វើ​ឱ្យ​ភាគី​វៀតណាម​មិន​សប្បាយចិត្ត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ