

តំណាងគណបក្សនយោបាយក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានលើកឡើងពីក្តីបារម្ភអំពីការរួមតូចនៃលំហប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពជួបជុំ ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ខណៈភាគីរដ្ឋាភិបាលអះអាងថា កម្ពុជាគោរពសិទ្ធិមនុស្ស ប៉ុន្តែការអនុវត្តសិទ្ធិទាំងអស់ត្រូវស្ថិតក្រោមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
សមាជិកព្រឹទ្ធសភា និងជាអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ថ្លែងប្រាប់ទូរទស្សន៍អាស៊ីសេរីថា តំណាងគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន បានជម្រាបជូន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) អំពីក្តីបារម្ភចំពោះការអនុវត្តនីតិរដ្ឋ និងការធ្លាក់ចុះនៃលំហប្រជាធិបតេយ្យ ចាប់តាំងពីការរំលាយអតីតគណបក្សសង្គ្រោះជាតិ។
លោកបន្ថែមថា គណបក្សក្រៅរដ្ឋាភិបាលក៏បានបង្ហាញក្តីបារម្ភអំពីការអនុវត្តសិទ្ធិនយោបាយ មុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨ ដោយអះអាងថា សកម្មភាពរបស់គណបក្សប្រឆាំងនៅតែប្រឈមនឹងការគាបសង្កត់ ការបំភិតបំភ័យ និងការតាមដានពីអាជ្ញាធរ។
ក្រៅពីនេះ លោកថា គណបក្សក៏បានលើកឡើងពីការលំបាករបស់អង្គការសង្គមស៊ីវិលក្នុងការអនុវត្តសកម្មភាព និងការថយចុះនៃសេរីភាពសារព័ត៌មាន ដោយអះអាងថា ស្ថាប័នព័ត៌មានឯករាជ្យដែលអាចផ្តល់ព័ត៌មានដោយសុក្រឹត និងអាចទុកចិត្តបាន មានចំនួនកាន់តែតិច។
លោក គង់ មុនីកា៖ «នេះជាក្តីកង្វល់ដែលយើងបានលើកឡើងជូនទៅលោក ប្រេសិតពិសេស អ្នករាយការណ៍ពិសេស ហើយជាការឆ្លើយតប លោកគ្រាន់តែបញ្ជាក់ថា លោកទទួលយកនូវអ្វីដែលជាការផ្តល់ជូនរបស់គណបក្សយើងខ្ញុំទៅដល់លោក។ ហើយនៅតែក្នុង បេសកកម្មរបស់លោក គឺលោកកំពុងតែជាការចាប់ផ្តើមដំបូង ដូច្នេះ លោកមានតួនាទីក្នុងការដើរជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីប្រមូលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការរាយការណ៍ទៅជូន អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនេះ»។
ជាមួយគ្នានេះ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ក៏បានជួបលោក Andrews ដែរ។ លោកបានប្រាប់អ្នករាយការណ៍ពិសេសរូបនេះថា លោកចង់ឃើញពលរដ្ឋកម្ពុជាមានអំណាចជាម្ចាស់ប្រទេស ធំជាងបក្ស និងធំជាងរដ្ឋ។ លោកថា ពលរដ្ឋខ្មែរជាច្រើន លែងហ៊ាននិយាយពីអ្វីដែលពួកគេគិត និងខ្លះទៀតធ្វើដូចមិនឃើញភាពអយុត្តិធម៌នៅចំពោះមុខខ្លួនឯង។
ដោយឡែកកាលពីថ្ងៃទី២២ ខែកក្កដា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានជួបជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិដែរ។ លោក ហ៊ុន សែន បានអះអាងថា សិទ្ធិរស់រានមានជីវិត សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការធានាសិទ្ធិ និងសេរីភាពផ្សេងៗ រួមទាំងសេរីភាពបញ្ចេញមតិ។
បើតាមអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ លោក ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបើកចំហចំពោះការបញ្ចេញមតិ និងការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែការអនុវត្តសិទ្ធិទាំងអស់ត្រូវស្ថិតក្រោមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារ សិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី បានឱ្យដឹងថា អង្គការសង្គមស៊ីវិលប្រមាណ១០ បានជួបលោក Andrews កាលពីថ្ងៃទី២០ ខែកក្កដា នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR )។ លោកថា អង្គការសង្គមស៊ីវិលបានផ្តោតលើបញ្ហាសេរីភាពបញ្ចេញមតិ និងសេរីភាពជួបជុំ ដោយអះអាងថា បញ្ហាទាំងនេះមិនទាន់មានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបានលើកឡើងថា ការបញ្ចេញមតិក្នុងន័យស្ថាបនាក៏នៅតែអាចប្រឈមនឹងការចោទប្រកាន់ក្រោមបទញុះញង់តាមក្រមព្រហ្មទណ្ឌ ដែលធ្វើឱ្យមនុស្សជាច្រើនជ្រើសរើសការរឹតត្បិតខ្លួនឯង ដើម្បីជៀសវាងហានិភ័យផ្លូវច្បាប់។
លោក យិន ម៉េងលី៖ «អ្វីដែលជា ចំណុចសំខាន់ គឺយើងបានលើកនូវបញ្ហាសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការជួបជុំ ដោយសារតែយើងឃើញថាសេរីភាពទាំងពីរនេះ នៅតែជាបញ្ហាដដែលៗ ពីមួយឆ្នាំទៅមួយឆ្នាំមិនឃើញមានភាពប្រសើរទេ»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ដើម្បីប្រមូលព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្ស រួមទាំងសេរីភាពបញ្ចេញមតិ សេរីភាពសមាគម ការជួញដូរមនុស្ស និងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ មុននឹងបង្ហាញការរកឃើញបឋមរបស់លោកនៅចុងបញ្ចប់នៃបេសកកម្ម៕









