គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​បង្ហាញ​ក្តី​បារម្ភ​ពី​សិទ្ធិមនុស្ស​ជូន​អ្នក​រាយការណ៍​ពិសេស UN

0
32
សកម្មភាពអ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ជួបមេដឹកនាំគណបក្សក្រៅរដ្ឋាភិបាល កាលពីថ្ងៃទី២២-២៣ កក្កដា ២០២៦។ រូប៖ បណ្ដាញសង្គម
សកម្មភាពអ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ជួបមេដឹកនាំគណបក្សក្រៅរដ្ឋាភិបាល កាលពីថ្ងៃទី២២-២៣ កក្កដា ២០២៦។ រូប៖ បណ្ដាញសង្គម

តំណាង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល បាន​លើកឡើង​ពី​ក្តី​បារម្ភ​អំពី​ការ​រួម​តូច​នៃ​លំហ​ប្រជាធិបតេយ្យ សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សេរីភាព​ជួបជុំ ក្នុង​ជំនួប​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ខណៈ​ភាគី​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​គោរព​សិទ្ធិមនុស្ស ប៉ុន្តែ​ការអនុវត្ត​សិទ្ធិ​ទាំងអស់​ត្រូវ​ស្ថិត​ក្រោម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​។​

សមាជិក​ព្រឹទ្ធសភា និង​ជា​អគ្គលេខាធិការ​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា ថ្លែងប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា តំណាង​គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ភ្លើងទៀន បាន​ជម្រាប​ជូន អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) អំពី​ក្តី​បារម្ភ​ចំពោះ​ការអនុវត្ត​នីតិរដ្ឋ និង​ការ​ធ្លាក់​ចុះ​នៃ​លំហ​ប្រជាធិបតេយ្យ ចាប់តាំងពី​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះជាតិ។

លោក​បន្ថែម​ថា គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក៏បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ការអនុវត្ត​សិទ្ធិ​នយោបាយ មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០២៧ និង​ការ​បោះឆ្នោតជាតិ​ឆ្នាំ​២០២៨ ដោយ​អះអាង​ថា សកម្មភាព​របស់​គណ​បក្ស​ប្រឆាំង​នៅតែ​ប្រឈម​នឹង​ការគាបសង្កត់ ការ​បំភិតបំភ័យ និង​ការ​តាមដាន​ពី​អាជ្ញាធរ។

ក្រៅ​ពី​នេះ លោក​ថា គណបក្ស​ក៏បាន​លើកឡើង​ពី​ការ​លំបាក​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​អនុវត្ត​សកម្មភាព និង​ការ​ថយចុះ​នៃ​សេរីភាព​សារព័ត៌មាន ដោយ​អះអាង​ថា ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ដែល​អាច​ផ្តល់​ព័ត៌មាន​ដោយ​សុក្រឹត និង​អាច​ទុក​ចិត្ត​បាន មាន​ចំនួន​កាន់តែ​តិច។

លោក គង់ មុនីកា៖ «​នេះ​ជា​ក្តីកង្វល់​ដែល​យើង​បាន​លើកឡើង​ជូន​ទៅ​លោក ប្រេសិត​ពិសេស អ្នករាយការណ៍​ពិសេស ហើយ​ជា​ការ​ឆ្លើយតប លោក​គ្រាន់តែ​បញ្ជាក់​ថា លោក​ទទួលយក​នូវ​អ្វី​ដែល​ជា​ការ​ផ្តល់​ជូន​របស់​គណបក្ស​យើងខ្ញុំ​ទៅដល់​លោក​។ ហើយ​នៅតែ​ក្នុង បេសកកម្ម​របស់​លោក គឺ​លោក​កំពុងតែ​ជា​ការ​ចាប់​ផ្តើម​ដំបូង ដូច្នេះ លោក​មាន​តួនាទី​ក្នុង​ការ​ដើរ​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ប្រមូល​បាន​នូវ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធ្វើការ​រាយការណ៍​ទៅ​ជូន អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នេះ»។

ជាមួយ​គ្នា​នេះ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ក៏បាន​ជួប​លោក Andrews ដែរ​។ លោក​បាន​ប្រាប់​អ្នករាយការណ៍​ពិសេស​រូប​នេះ​ថា លោក​ចង់​ឃើញ​ពលរដ្ឋ​កម្ពុជា​មានអំណាច​ជា​ម្ចាស់​ប្រទេស ធំ​ជាង​បក្ស និង​ធំ​ជាង​រដ្ឋ​។ លោក​ថា ពលរដ្ឋ​ខ្មែរ​ជាច្រើន លែង​ហ៊ាន​និយាយ​ពី​អ្វី​ដែល​ពួកគេ​គិត និង​ខ្លះទៀត​ធ្វើ​ដូច​មិនឃើញ​ភាព​អយុត្តិធម៌​នៅ​ចំពោះមុខ​ខ្លួនឯង។

ដោយឡែក​កាលពី​ថ្ងៃទី​២២ ខែកក្កដា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បាន​ជួប​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ដែរ​។ លោក ហ៊ុន សែន បាន​អះអាង​ថា សិទ្ធិ​រស់រាន​មាន​ជីវិត សន្តិភាព និង​ស្ថិរភាព គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការធានា​សិទ្ធិ និង​សេរីភាព​ផ្សេងៗ រួម​ទាំង​សេរីភាព​បញ្ចេញមតិ។

បើ​តាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ជា ធីរិទ្ធ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បើកចំហ​ចំពោះ​ការ​បញ្ចេញមតិ និង​ការរិះគន់​ក្នុង​ន័យ​ស្ថាបនា ប៉ុន្តែ​ការអនុវត្ត​សិទ្ធិ​ទាំងអស់​ត្រូវ​ស្ថិត​ក្រោម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី បាន​ឱ្យ​ដឹង​ថា អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​១០ បាន​ជួប​លោក Andrews កាលពី​ថ្ងៃទី​២០ ខែកក្កដា នៅ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR )​។ លោក​ថា អង្គការ​សង្គម​ស៊ីវិល​បាន​ផ្តោត​លើ​បញ្ហា​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ជួបជុំ ដោយ​អះអាង​ថា បញ្ហា​ទាំងនេះ​មិន​ទាន់​មាន​ភាព​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ។

លោក​បាន​លើកឡើង​ថា ការ​បញ្ចេញមតិ​ក្នុង​ន័យ​ស្ថាបនា​ក៏​នៅតែ​អាច​ប្រឈម​នឹង​ការ​ចោទប្រកាន់​ក្រោម​បទ​ញុះញង់​តាម​ក្រមព្រហ្មទណ្ឌ ដែល​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​ជ្រើសរើស​ការ​រឹតត្បិត​ខ្លួនឯង ដើម្បី​ជៀសវាង​ហានិភ័យ​ផ្លូវច្បាប់។

លោក យិន ម៉េងលី៖ «អ្វី​ដែល​ជា ចំណុច​សំខាន់ គឺ​យើង​បាន​លើក​នូវ​បញ្ហា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សេរីភាព​ក្នុង​ការ​ជួបជុំ ដោយសារតែ​យើង​ឃើញថា​សេរីភាព​ទាំងពីរ​នេះ នៅតែ​ជា​បញ្ហា​ដដែលៗ ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​មិនឃើញ​មាន​ភាព​ប្រសើរ​ទេ»។

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​៣១ ខែ​កក្កដា ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​ស្ថានភាព​សិទ្ធិមនុស្ស រួម​ទាំង​សេរីភាព​បញ្ចេញមតិ សេរីភាព​សមាគម ការ​ជួញដូរ​មនុស្ស និង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ មុននឹង​បង្ហាញ​ការ​រក​ឃើញ​បឋម​របស់​លោក​នៅ​ចុង​បញ្ចប់​នៃ​បេសកកម្ម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ