

កម្លាំងអាជ្ញាធរបានឡោមព័ទ្ធ និងឆ្មក់ចូលបង្ក្រាបផ្ទះវីឡាទោលប្រណិតមួយកន្លែងទៀតក្នុងរាជធានីភ្នំពេញ ដោយរកឃើញជនបរទេសយ៉ាងហោចណាស់ ២៥នាក់ សង្ស័យថា បានសម្ងំប្រតិបត្តិការឆបោកតាមអនឡាញ។ ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់បង្ហាញអត្តសញ្ញាណម្ចាស់វីឡាទោល ឬចាត់វិធានការនាំខ្លួនម្ចាស់ទីតាំងយកមកទទួលខុសត្រូវតាមផ្លូវច្បាប់នៅឡើយទេ។ អ្នកឃ្លាំមើល ចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញឆន្ទៈនយោបាយពិតប្រាកដប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ដោយធានាថា មេខ្លោងធំៗ និងអ្នកដែលពាក់ព័ន្ធដែលទីតាំងឱ្យឧក្រិដ្ឋជនត្រូវបាននាំយកមកផ្ដន្ទាទោស។
វីឡាទោលស្កឹមស្កៃលំដាប់អភិជនមួយកន្លែងទៀតស្ថិតនៅបណ្ដោយផ្លូវលេខ៥៦៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញត្រូវបានកម្លាំងអាជ្ញាធររកឃើញថា ជាទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញ។
កម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់បានឆ្មក់ចូលបង្ក្រាបទីតាំងវីឡានេះកាលពីយប់ថ្ងៃទី២២ ខែកក្កដា និងបានឃាត់ខ្លួនជនបរទេសយ៉ាងហោច ២៥នាក់។ សមត្ថកិច្ចបញ្ជាក់ថា ក្នុងចំណោមជនបរទេសទាំងនោះភាគច្រើនគឺជាជនជាតិចិន និងភូមា ហើយពួកគេចូលមកកម្ពុជាដោយក្លែងបន្លំលិខិតឆ្លងដែន និងអ្នកខ្លះទៀតគ្មានលិខិតឆ្លងដែនឡើយ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានរកឃើញ និងរឹបអូសវត្ថុតាំងទូរស័ព្ទដៃ កុំព្យូទ័រជាច្រើនគ្រឿង និងសម្ភារៈអេឡិចត្រូនិកមួយចំនួនទៀត ដែលសង្ស័យប្រើប្រាស់សម្រាប់ក្នុងប្រតិបត្តិការឆបោកតាមអនឡាញ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញនៅមិនទាន់បង្ហាញអត្តសញ្ញាណម្ចាស់វីឡាជួលឱ្យបណ្ដាញឧក្រិដ្ឋជនឆបោក ឬចាត់វិធានការនាំខ្លួនម្ចាស់ទីតាំងមកទទួលខុសត្រូវតាមផ្លូវច្បាប់នៅឡើយ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី២៣ ខែកក្កដា។
ទាក់ទងនឹងក្រុមអ្នកមានលុយមានអំណាចជួល ឬផ្ដល់ភូមិគ្រឹះរបស់ខ្លួនឱ្យបណ្ដាញឧក្រិដ្ឋជនបង្ខាំងជនបរទេសប្រតិបត្តិការឆបោកតាមអនឡាញនេះ កាលពីដើមខែមិថុនា កន្លងទៅ កម្លាំងសមត្ថកិច្ចក៏បានចូលបង្ក្រាបវីឡាដ៏ស្កឹមស្កៃរបស់នាយសេនាធិការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែនគឺឧត្ដមសេនីយ៍ អូន សុខសិលា នៅខេត្តបាត់ដំបង ក្រោយបែកការរឿងជួលឱ្យក្រុមចោរឧក្រិដ្ឋជនសម្រាប់ប្រតិបត្តិការឆបោកអនឡាញ។ ឧត្ដមសេនីយ៍ អូន សុខសិលា គឺជាកូនប្រុសរបស់លោក ឯក សំអូន ដែលជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ហើយក៏ជាមេយោធាដ៏មានឥទ្ធិពលមួយរូបនៅក្នុងជួរកងទ័ពគោកកម្ពុជា និងមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុងគ្រួសាររដ្ឋាភិបាលត្រកូល ហ៊ុន។ ទំនងដោយសារតែមានខ្នងក្រាស់នេះ សមត្ថកិច្ចហាក់ព្យាយាមរក្សាភាពស្ងៀមស្ងាត់ និងបិទបញ្ចប់សំណុំរឿង ដោយមិនបានឃាត់ខ្លួនលោក អូន សុខសិលា ដើម្បីសួរចម្លើយ ឬចាត់វិធានការផ្លូវច្បាប់ឡើយ រហូតមកដល់ពេលនេះ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតលើមេខ្លោង និងចាត់វិធានការម៉ឺងម៉ាត់លើអ្នកដែលពាក់ព័ន្ធ ឬអ្នកផ្ដល់ទីតាំងឱ្យបណ្ដាញឧក្រិដ្ឋកម្មប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញ។ លោកបន្ថែមថា ការដឹកនាំបែបគ្រួសារបក្ខពួកនិយម និងអំពើពុករលួយបានអនុញ្ញាតឱ្យមេខ្លោងធំៗ និងអ្នកពាក់ព័ន្ធសំខាន់ៗរួចផុតពីសំណាញ់ច្បាប់ ចំណែកក្រុមឧក្រិដ្ឋជនចោរឆបោកវិញកំពុងពង្រីកបណ្ដាញកាន់តែច្រើន។
លោក ស៊ឹង សែនករុណា៖ «ការចាត់វិធានការត្រូវធ្វើឱ្យមានភាពច្បាស់លាស់វាលុះត្រាតែធ្វើឡើងដោយជាប្រព័ន្ធ មានភាពច្បាស់លាស់ គ្មានជាប់ពាក់ព័ន្ធអំពើពុករលួយ បក្ខពួកនិយមអីទាំងអស់នេះ អាហ្នឹងបានចាត់វិធានការបានដល់គោលដៅ តែបើសិនជានៅតែមានជាប់ផលប្រយោជន៍ អំពើពុករលួយ បក្ខពួកនិយមអីទាំងអស់នេះ ខ្ញុំមិនរំពឹងថា ការចាត់វិធានការទៅលើករណីឆបោកអនឡាញនេះអាចធ្វើទៅបានទេ អ៊ីចឹងនៅតែបន្តបែបហ្នឹងឯង»។
ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ក្រុមឧក្រិដ្ឋជនឆបោកអនឡាញនៅតែបន្តប្រើប្រាស់ទឹកដីកម្ពុជាធ្វើមូលដ្ឋានឆបោកអនឡាញ។ លោកបន្តថា ក្រុមបណ្ដាញឧក្រិដ្ឋជនតែងស្វែងរកទីតាំងអំណោយផល ដើម្បីបន្តសកម្មភាពឧក្រិដ្ឋរបស់ពួកគេ និងស្នើឱ្យសមត្ថកិច្ចបង្កើនការចុះបង្ក្រាប និងនាំយកអ្នកដែលពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់។
លោក អំ សំអាត៖ «អ្វីដែលសំខាន់រាជរដ្ឋាភិបាល និងអាជ្ញាធរបានដាក់វិធានការជាបន្តបន្ទាប់រួចទៅហើយ សម្រាប់ម្ចាស់ទីតាំង មុននឹងជួលទៅឱ្យជនបរទេស ត្រូវតែមានការត្រួតពិនិត្យ ហើយអនុវត្តតាមនីតិវិធី និងវិធានការរបស់រដ្ឋាភិបាល និងអាជ្ញាធរ។ អ៊ីចឹងទីតាំងណា ផ្ទះណាដែលនៅតែលួចលាក់នៅក្នុងការជួល ដោយមិនអនុវត្តតាមវិធានការ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ដូចគ្នា ពីព្រោះដឹងហើយនៅតែបំពាន អាហ្នឹងវាស្មើនឹងការចូលរួមជាមួយនឹងឧក្រិដ្ឋកម្មការឆបោកតាមប្រព័ន្ធអនឡាញ»។
អ្នកឃ្លាំមើលបញ្ហាឧក្រិដ្ឋកម្មលើកឡើងថា ឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជាហាក់កាន់តែមានរូបភាពអាក្រក់ និងវិវត្តទៅជាទម្រង់កាន់តែស្មុគស្មាញ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបសម្បុកមជ្ឈមណ្ឌលឆបោកធំៗមួយចំនួន។ ទោះជាយ៉ាងណា បណ្ដាញឧក្រិដ្ឋជនបានផ្លាស់ប្ដូរយុទ្ធសាស្ត្រ ដោយបំបែកបុគ្គលិកឱ្យទៅសម្ងំបន្តប្រតិបត្តិការឆបោកតាមវីឡា ផ្ទះល្វែង អគារតូចៗ និងបន្ទប់ជួលជាដើម។ អ្នកឃ្លាំមើល និងមន្ត្រីសិទ្ធិមនុស្សលើកឡើងថា នៅតែពេលបណ្ដាញឧក្រិដ្ឋកម្មបានពង្រីកខ្លួនបែបនេះ ប្រជាសហគមន៍ក៏រស់នៅដោយគ្មានសុវត្ថិភាព និងសន្តិភាពផ្លូវចិត្តដែរ៕









