

ក្រុមអង្គការសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់ការគាំទ្ររយៈពេលវែងដល់ពលរដ្ឋភៀសសឹក ដោយអះអាងថា ការជួយមនុស្សធម៌គួរតែជាកាតព្វកិច្ចរបស់រដ្ឋ មិនមែនពឹងផ្អែកលើយុទ្ធនាការរៃអង្គាសម្តងម្កាលនោះទេ។ ការលើកឡើងនេះ ខណៈសហភាពសហព័ន្ធយុវជនកម្ពុជា ឬ ស.ស.យ.ក ដឹកនាំដោយកូនប្រុសពៅរបស់លោក ហ៊ុន សែន គ្រោងរៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ នៅថ្ងៃទី២៩ ខែសីហា ដើម្បីរៃអង្គាសថវិកា និងសម្ភារៈជួយពលរដ្ឋដែលកំពុងរស់នៅក្នុង «ភូមិរង់ចាំ»។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា លោកគាំទ្ររាល់សកម្មភាពដែលជួយដល់ពលរដ្ឋរងគ្រោះ ប៉ុន្តែលោកយល់ថា កិច្ចការនេះគឺជា កាតព្វកិច្ចផ្ទាល់ និងជាតួនាទីស្នូលរបស់រដ្ឋាភិបាល មិនមែនជាការធ្វើឡើងដើម្បីតែរូបភាព ឬស្វែងរកប្រជាប្រិយភាព ដើម្បីបង្ហាញថាខ្លួនបានគិតគូរដោះស្រាយបញ្ហានោះទេ។
លោក ស៊ឹង សែនករុណា បានឲ្យដឹងទៀតថា សកម្មភាពរៃអង្គាសអាចធ្វើបានតាមរូបភាពជាច្រើន មិនចាំបាច់តែការប្រកួតបាល់ទាត់នោះទេ។ អ្វីដែលសំខាន់ គឺការជួយត្រូវធ្វើជាបន្តបន្ទាប់ និងឱ្យចំអ្នកដែលកំពុងត្រូវការពិតប្រាកដ ព្រោះពួកគាត់នៅតែប្រឈមនឹងការលំបាកជាច្រើន។ លោកក៏បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ រួមទាំងកាកបាទក្រហមកម្ពុជា បន្តផ្តល់ការគាំទ្រដល់ជនភៀសសឹក ដើម្បីធានាថា ជំនួយអាចឆ្លើយតបនឹងតម្រូវការរបស់ពួកគេក្នុងរយៈពេលវែង។
លោក ស៊ឹង សែនករុណា៖ «អញ្ចឹង ខ្ញុំគិតថា វាគ្រាន់តែជារូបភាពមួយដែលមិនប្រយោជន៍អី នៅក្នុងរឿងរៃអង្គាសហ្នឹងប៉ុន្មានទេ វាអាចថាជាការធ្វើដោយប្រជាប្រិយភាព អើ ប្រជាភិថុតិ ចង់បានប្រជាប្រិយភាពអញ្ចឹងទៅ ណា! ដើម្បីទទួលថា ខ្លួនគិតគូរ ខ្លួនដោះស្រាយបញ្ហារបស់ជនភៀសសឹកអញ្ចឹងទៅ។ តែការពិត អ្វីៗទាំងអស់ហ្នឹង គឺជាតួនាទីរបស់រដ្ឋាភិបាលខ្លួនឯង ដែលជាអ្នកទទួលខុសត្រូវទៅលើជនភៀសសឹកហ្នឹងទៅវិញទេ»។
ការលើកឡើងរបស់ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ រូបនេះ បន្ទាប់ពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) គ្រោងរៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីរៃអង្គាសថវិកា សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ សម្រាប់ជួយដល់ពលរដ្ឋដែលកំពុងរស់នៅក្នុង «ភូមិរង់ចាំ» ជាទីតាំងស្នាក់នៅបណ្ដោះអាសន្នរបស់អ្នកភៀសសឹកនៅខេត្តបន្ទាយមានជ័យ។
អ្នកចាត់ការទូទៅក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ (All Star) លោក គួច វែងស្រ៊ុន បានប្រាប់អ្នកសារព័ត៌មានថា កម្មវិធីនេះមានគោលបំណងប្រមូលការចូលរួមពីសាធារណជន និងផ្តល់ការគាំទ្រដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ។ លោកបានអំពាវនាវឱ្យសាធារណជនចូលរួមក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌នេះ ដោយលើកឡើងថា វាជាកម្មវិធីមួយក្នុងការបង្ហាញសាមគ្គីភាពរវាងអ្នកនៅជួរក្រោយ និងអ្នកដែលកំពុងរងផលប៉ះពាល់ពីជម្លោះ។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានអះអាងថា សកម្មភាពរៃលុយរបស់ ស.ស.យ.ក. ដែលមានលោក ហ៊ុន ម៉ានី ជាអ្នកដឹកនាំគ្រាន់តែជាការសម្ដែងធ្វើជាយកចិត្តទុកដាក់ នឹងពលរដ្ឋភៀសសឹកនោះទេ។ លោកថា បើ លោក ហ៊ុន ម៉ានី ពិតជាចង់ជួយប្រជាពលរដ្ឋភៀសសឹកមែននោះ គួរណាស់តែបង្ហាញគោលការណ៍ ផ្តល់ជំនួយសង្គមកិច្ចជាក់លាក់ និងជាប្រចាំខែ ដល់ពលរដ្ឋភៀសសឹកនៅក្នុងគម្រោងរដ្ឋាភិបាលបង្ហាញអំពីផែនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារទៅដល់ពលរដ្ឋភៀសសឹក។ ជួយដោះស្រាយបំណុលពលរដ្ឋភៀសសឹក និង ការសន្យាជាក់លាក់អំពីការទាមទារយកទឹកដីពីថៃមកវិញ មកជូនប្រជាពលរដ្ឋភៀសសឹក។
លោក គឹម សុខ៖ «បើមិនដូច្នោះទេ ការចេញមុខរៃអង្គាសរបស់ លោក ហ៊ុន ម៉ានី រកលុយជួយពលរដ្ឋភៀសសឹកនោះ វាគ្រាន់តែជាការសម្ដែងឥតបានការ ហើយវាគ្រាន់តែជារូបភាពមួយ ដែល លោក ហ៊ុន ម៉ានី ទៅគៀបសង្កត់ពួកឧកញ៉ា ពួកមន្ត្រីធំៗនៅក្នុងរដ្ឋាភិបាល ឱ្យចូលលុយនៅក្នុង ស.ស.យ.ក. របស់ លោក ហ៊ុន ម៉ានី»។
ពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅនៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ប្រាប់ទូរទស្សន៍អាស៊ីសេរី ដោយសុំមិនបញ្ចេញឈ្មោះថា ប្រជាពលរដ្ឋ ភៀសសឹក កំពុងរងទុក្ខវេទនា ដោយសារគ្មានការឧបត្ថម្ភដល់ជីវភាពគ្រប់គ្រាន់។ លោកស្រីថា តាំងពីមកដល់ភូមិរង់ចាំនេះ លោកស្រីទទួលបានតែអង្ករ និងប្រាក់បន្តិចបន្តួច នៅពេលដែលលោក ហ៊ុន សែន ចុះទៅជួបប៉ុណ្ណោះ។
ភូមិរង់ចាំ គឺជាឈ្មោះភូមិថ្មីដែលត្រូវបានបង្កើតឡើងនៅលើទីតាំងស្នាក់នៅបណ្ដោះអាសន្នរបស់ពលរដ្ឋភៀសសឹក ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងផ្តល់ជម្រកបណ្ដោះអាសន្នដល់ពលរដ្ឋជាង ៣,៣០០គ្រួសារ ។ តាមការលើកឡើងរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ឈ្មោះនេះតំណាងឱ្យការរង់ចាំថ្ងៃដែលប្រជាពលរដ្ឋអាចវិលត្រឡប់ទៅភូមិកំណើត និងលំនៅឋានរបស់ពួកគេវិញ។
អ្នកឃ្លាំមើលសង្គម បានលើកឡើងថា ការរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌របស់សហភាពសហព័ន្ធយុវជនកម្ពុជា អាចបង្ហាញពីការចូលរួមរបស់សង្គមក្នុងការជួយជនរងគ្រោះ ប៉ុន្តែ ហេតុអ្វីបានជាការផ្តល់ជំនួយមូលដ្ឋានដល់ពលរដ្ឋ ដែលបាត់បង់ផ្ទះសម្បែងដោយសារជម្លោះ ត្រូវពឹងផ្អែកលើយុទ្ធនាការរៃអង្គាសជំនួសឱ្យថវិកា និងប្រព័ន្ធសុខុមាលភាពរបស់រដ្ឋទៅវិញ។
អ្នកឃ្លាំមើលសង្គមបន្ថែមថា ការប្រើប្រាស់ព្រឹត្តិការណ៍កីឡាដើម្បីរៃអង្គាសជំនួយ អាចបង្កើតរូបភាពវិជ្ជមានផ្នែកសាធារណៈ បង្កើតការចាប់អារម្មណ៍ពីសាធារណជនប៉ុណ្ណោះ មិនអាចជំនួសឲ្យការអនុវត្តគោលនយោបាយសង្គម និងការទទួលខុសត្រូវរបស់រដ្ឋចំពោះពលរដ្ឋដែលកំពុងជួបវិបត្តិយូរអង្វែងនោះទេ៕









