

សហរដ្ឋអាមេរិកប្រកាសថា នឹងវិនិយោគលុយជាង ២ពាន់ ៥រយលានដុល្លារជាមួយអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ កសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ លើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ពង្រឹងសន្តិសុខថាមពល និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកជំនាញវាយតម្លៃថា ទីក្រុងវ៉ាស៊ីនតោននៅតែចាត់ទុកអាស៊ានជាស្នូលសំខាន់នៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីពង្រឹងឥទ្ធិពល និងប្រកួតប្រជែងជាមួយគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិននៅក្នុងតំបន់។ ទោះជាយ៉ាងណា ពួកគាត់យល់ថា កញ្ចប់លុយវិនិយោគទាំងនេះនឹងមិនអាចដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនឱ្យមានប្រសិទ្ធភាពបានឡើយ ប្រសិនបើប្រទេសសមាជិកអាស៊ានមួយចំនួននៅតែមានអំពើពុករលួយ និងខ្វះឆន្ទៈនយោបាយក្នុងការបង្ក្រាបមេខ្លោងឧក្រិដ្ឋកម្ម។
សហរដ្ឋអាមេរិកនៅតែចាត់ទុកអាស៊ានជាស្នូលនៃស្ថាបត្យកម្មតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងចង់ឱ្យបណ្ដាប្រទេសសមាជិកបន្តដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី បើកចំហ និងប្រកបដោយស្ថិរភាព។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិកក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ដើម្បីជំរុញការអភិវឌ្ឍ សន្តិសុខ និងវិបុលភាពរួមនៅអាស៊ីអាគ្នេយ៍ ព្រមទាំងពង្រីកឱកាសសេដ្ឋកិច្ច និងការវិនិយោគសម្រាប់ប្រជាជន និងធុរកិច្ចនៃភាគីទាំងពីរ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃទី២២ ខែកក្កដា ថា ដោយសារមើលឃើញពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់តំបន់អាស៊ីអាគ្នេយ៍ចំពោះសន្តិសុខ និងវិបុលភាពរបស់សហរដ្ឋអាមេរិក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងវិនិយោគកញ្ចប់ថវិកាជាង ២ពាន់ ៥រយលានដុល្លារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ កសាងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ពង្រឹងសន្តិសុខថាមពល និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននៅតំបន់អាស៊ីអាគ្នេយ៍។
សេចក្ដីប្រកាសនេះ ធ្វើឡើងស្របពេលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីនកាលពីសប្ដាហ៍មុន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណងបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតួនាទីកណ្ដាលរបស់អាស៊ាន និងការជំរុញយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។
សម្រាប់កម្ពុជា និងបណ្ដាប្រទេសក្នុងភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក (Mekong-U.S. Partnership) ក្រសួងការបរទេសអាមេរិកឱ្យដឹងថា រដ្ឋាភិបាលអាមេរិក កំពុងសហការជាមួយសភា ដើម្បីអនុម័តថវិកាចំនួន ១៧លានដុល្លារសម្រាប់ភាពជាដៃគូរ៉ែតំបន់មេគង្គក្នុងគោលបំណងពង្រឹង និងធានាខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗនៅក្នុងតំបន់មេគង្គ។
ទន្ទឹមនឹងនេះ តាមរយៈភាពជាដៃគូថាមពលជប៉ុន-សហរដ្ឋអាមេរិក-មេគង្គ សហរដ្ឋអាមេរិកក៏គ្រោងផ្ដល់ថវិកា ៥លានដុល្លារ ដើម្បីអភិវឌ្ឍទីផ្សារថាមពលក្នុងតំបន់ លើកកម្ពស់ការអភិវឌ្ឍទីផ្សារឧស្ម័នធម្មជាតិរាវដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបណ្ដាញអគ្គិសនីរបស់អាមេរិក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពល ព្រមទាំងជំរុញពាណិជ្ជកម្មអគ្គិសនីឆ្លងដែនរវាងកម្ពុជា ឡាវ ថៃ និងវៀតណាម។
ក្នុងចំណោមកញ្ចប់ជំនួយទាំងនោះ សហរដ្ឋអាមេរិកនឹងបន្តផ្ដល់ថវិកាជាង ១៣០លានដុល្លារ សម្រាប់ការដោះមីន និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជា ឡាវ និងវៀតណាម។ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ការគាំទ្រនេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយផលប៉ះពាល់ពីសំណល់សង្គ្រាមនៅក្នុងតំបន់។
ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ានទាំងមូល សហរដ្ឋអាមេរិកនឹងផ្ដល់ថវិកា ២លាន ៥សែនដុល្លារ ដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការសម្របសម្រួលដោយពិសេសរវាងបណ្ដាប្រទេសអាស៊ាន និងអាមេរិក ដើម្បីប្រឆាំងនឹងការឆបោកតាមអនឡាញ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការជួញដូរមនុស្ស គ្រឿងញៀន និងការលាងលុយកខ្វក់។
លើសពីនេះ សហរដ្ឋអាមេរិកក៏បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីបញ្ញាសិប្បនិម្មិតសហរដ្ឋអាមេរិក-អាស៊ាន ដើម្បីគាំទ្ររដ្ឋាភិបាលនានានៅអាស៊ីអាគ្នេយ៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់អាមេរិកសម្រាប់វិស័យសាធារណៈ ដោយផ្ដល់ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីពន្លឿនការបម្លែងឌីជីថល (Digital) និងជំរុញកំណើនសេដ្ឋកិច្ចប្រទេសក្នុងតំបន់។
ទាក់ទងនឹងកញ្ចប់ជំនួយ និងការវិនិយោគថ្មីរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាននេះ អ្នកជំនាញលើកឡើងថា គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការរក្សា និងពង្រឹងវត្តមានរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ ទប់ទល់នឹងការប្រកួតប្រជែងឥទ្ធិពលកាន់តែខ្លាំងជាមួយប្រទេសចិន។ អ្នកជំនាញយល់ថា កញ្ចប់វិនិយោគនេះនឹងជួយពង្រីកឱកាសសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍក្នុងតំបន់ ប៉ុន្តែក៏អាចបង្កើនសម្ពាធភូមិសាស្ត្រនយោបាយ និងធ្វើឱ្យបណ្ដាប្រទេសអាស៊ានប្រឈមមុខនឹងការលំបាកក្នុងការរក្សាតុល្យភាពរវាងមហាអំណាចអាមេរិក និងចិនដែរ។
អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៩ ខែកក្កដា ថា កញ្ចប់វិនិយោគ និងជំនួយថ្មីរបស់សហរដ្ឋអាមេរិក នឹងរួមចំណែកលើកកម្ពស់សមត្ថភាពបច្ចេកទេស និងការបណ្ដុះបណ្ដាលភ្នាក់ងារអនុវត្តច្បាប់នៅក្នុងតំបន់ ជាពិសេសលើការចែករំលែកព័ត៌មានសម្ងាត់ ការស៊ើបអង្កេតបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន និងការតាមដានប្រព័ន្ធហិរញ្ញវត្ថុខុសច្បាប់។
លោក សេង វណ្ណលី៖ «ប៉ុន្តែការដោះស្រាយបញ្ហាឆបោកអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន មិនអាចពឹងផ្អែកតែលើលុយជំនួយរបស់អាមេរិកតែមួយមុខបានឡើយ វាទាមទារឱ្យមានឆន្ទៈនយោបាយផ្ទៃក្នុងដ៏មុតស្រួចពីបណ្តាប្រទេសអាស៊ាន កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយចិនដែលជាប្រភព និងជាជនរងគ្រោះធំមួយដែរ ព្រមទាំងការបោសសំអាតអំពើពុករលួយនៅតាមព្រំដែន។ ដូច្នេះ ជំនួយអាមេរិកនឹងក្លាយជាឧបករណ៍ជំរុញ ប៉ុន្តែមិនមែនជាថ្នាំទិព្វព្យាបាលជំងឺនេះទាំងស្រុងនោះទេ»។
សម្រាប់ផលប៉ះពាល់ផ្នែកសន្តិសុខវិញ លោក សេង វណ្ណលី យល់ថា ជំនួយយោធារបស់សហរដ្ឋអាមេរិកនឹងជួយពង្រឹងសមត្ថភាពការពារជាតិ និងការល្បាតដែនសមុទ្ររបស់ប្រទេសសមាជិកអាស៊ានមួយចំនួន។ ប៉ុន្តែលោកថា ចិនអាចមើលឃើញការបង្កើនវត្តមានរបស់អាមេរិកថា ជាការទប់ទល់ឥទ្ធិពលរបស់ចិន ដែលអាចជំរុញឱ្យទីក្រុងប៉េកាំងបង្កើនសកម្មភាពយោធាតាមរយៈសមយុទ្ធកាន់តែខ្លាំងក្លា និងធ្វើឱ្យការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរក្នុងតំបន់កាន់តែតានតឹង។
អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងថា ប្រទេសតូចៗដូចជាកម្ពុជា អាចប្រឈមនឹងការក្លាយជាទីលានប្រកួតប្រជែងរបស់មហាអំណាច ប្រសិនបើអនុញ្ញាតឱ្យភាគីណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបម្រើគោលដៅភូមិសាស្ត្រនយោបាយ។ លោកសង្កត់ធ្ងន់ថា ដើម្បីជៀសវាងការធ្លាក់ចូលអន្ទាក់នៃការប្រកួតប្រជែងរវាងមហាអំណាច កម្ពុជាគួរប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹត និងពហុភាគី ពោលរក្សាតុល្យភាពក្នុងទំនាក់ទំនងជាមួយដៃគូទាំងអស់។ លោកថា កម្ពុជាអាចពង្រឹងទំនាក់ទំនងជាមួយចិនក្នុងនាមជាដៃគូសេដ្ឋកិច្ចសំខាន់ ប៉ុន្តែទន្ទឹមគ្នានោះកម្ពុជាក៏ត្រូវដោះស្រាយបញ្ហានយោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូងផងដែរ៕









