មួយឆ្នាំ​ក្រោយ​បិទ​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ទីផ្សារ​កម្ពុជា​បាន​ជំនួស​ដោយ​ចិន និង​វៀតណាម ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ថៃ

0
38
ទិដ្ឋភាពរថយន្តដឹកទំនិញឆ្លងកាត់ច្រកដូង ព្រំដែនកម្ពុជា-ថៃ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ទិដ្ឋភាពរថយន្តដឹកទំនិញឆ្លងកាត់ច្រកដូង ព្រំដែនកម្ពុជា-ថៃ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

របាយការណ៍​របស់​ប្រទេស​ថៃ បាន​បង្ហាញថា រយៈពេល​មួយឆ្នាំ​ចាប់តាំងពី​ការ​បិទច្រក​ព្រំដែន​កម្ពុជា និង​ថៃ​មកនេះ បាន​ប៉ះពាល់​ដល់​ចរន្ត​ពាណិជ្ជកម្ម​ព្រំដែន​របស់​ប្រទេស​ថៃ ដែល​ពឹង​ផ្អែកលើ​ការ​នាំ​ចូលក្នុង​ប្រទេស​កម្ពុជា ខណៈ​ប្រទេស​ចិន និង​វៀតណាម​បាន​ក្លាយជា​អ្នកផ្គត់ផ្គង់​ចម្បង​ក្នុង​ទីផ្សារ​កម្ពុជា ដោយ​ជំនួស​ទំនិញ​ថៃ។ ក្រៅពី​ជួប​វិបត្តិ​ពាណិជ្ជកម្ម ថៃ​ក៏​កំពុង​ជួប​បញ្ហា​ខ្វះខាត​កម្លាំង​ពលកម្ម និង​ការ​ធ្លាក់ចុះ​នៃ​វិស័យ​ទេសចរណ៍ ដែល​បណ្ដា​មកពី​ការ​បិទច្រក​ព្រំដែន​រយៈ​ពេល​វែង និង​បញ្ហា​អសន្តិសុខ​នៅក្នុង​ប្រទេស។

ថ្មីៗ​នេះ គណៈកម្មការ​ច្បាប់​យុត្តិធម៌ និង​សិទ្ធិមនុស្ស​របស់​រដ្ឋសភា​ថៃ បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​តំបន់​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​កម្ពុជា ដើម្បី​ស្រង់​ទិន្នន័យ​អំពី​ផល​ប៉ះពាល់​បន្ទាប់ពី​ប្រទេស​ទាំងពីរ បាន​បិទ​ព្រំដែន​ជាមួយគ្នា​អស់​រយៈពេល​១​ឆ្នាំ ដោយសារ​ជម្លោះព្រំដែន។

ក្នុង​នោះ នាយកដ្ឋាន​ពន្ធ​-​គយ​ថៃ ប្រចាំ​នៅ​ខេត្ត​ស្រះកែវ បាន​បង្ហាញ​របាយការណ៍​ទៅកាន់​គណៈកម្មការ​សភា​ថៃ​ថា ការនាំចេញ​ទំនិញ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តំបន់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ សម្រាប់​ខេត្ត​ស្រះកែវ កាលពី​ឆ្នាំ​២០២៥ មាន​ចំនួន​ជាង ២​ពាន់ ៦​រយ​ដុល្លារ​អាមេរិក ដែល​ថយចុះ​ប្រមាណ​១០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ដោយ​ថៃ​នៅ​ពេល​នោះ បាន​បន្ត​នាំចេញ​ទំនិញ​សំខាន់ៗ​ទៅកាន់​កម្ពុជា រួមមាន​រថយន្ត គ្រឿង​បរិក្ខារ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគ​បរិភោគ​ជាដើម។

ទោះជា​យ៉ាងណា នាយកដ្ឋាន​ពន្ធ​-​គយ​ខេត្ត​ស្រះកែវ បន្ត​ថា ចាប់តាំងពី​ដើមឆ្នាំ​២០២៦ រហូតមកដល់​បច្ចុប្បន្ន​នេះ ស្ថិតិ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា និង​ថៃ បាន​ធ្លាក់ចុះ និង​មានតម្លៃ​ស្ទើរតែ​ស្មើ​សូន្យ ខណៈ​ចិន និង​វៀតណាម បាន​ក្លាយជា​អ្នកផ្គត់ផ្គង់​ទំនិញ​យុទ្ធសាស្ត្រ​សំខាន់ៗ ក្នុង​ទីផ្សារ​កម្ពុជា ជំនួស​ឱ្យ​ថៃ មាន​ដូចជា​ផលិតផល​កសិកម្ម អាហារ​កែច្នៃ សម្ភារៈ​សំណង់ និង​វត្ថុធាតុដើម​វាយ​ន​ភណ្ឌ​ជាដើម​។ ស្ថាប័ន​ពន្ធគយ​របស់​ថៃ បាន​ព្យាករណ៍​ថា ទីផ្សារ​របស់​កម្ពុជា នឹង​ផ្លាស់ប្ដូរ​ទៅ​ប្រទេស​វៀតណាម និង​ចិន​ទាំងស្រុង ដោយសារតែ​ផលិតផល​ថៃ​ត្រូវ​កម្ពុជា​រឹត​បន្តឹង​ការ​នាំ​ចូល ទោះបីជា​ផលិតផល​ថៃ​បាន​ប្រកួត​កួត​ប្រជែង​តម្លៃនៅលើទីផ្សារ និង​ពង្រឹងគុណភាព​ឱ្យ​ល្អ​យ៉ាងណាក៏ដោយ។

ដូចគ្នា​នេះ​ដែរ តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន និង​នាំចេញ​ទំនិញ​របស់​ថៃ បាន​លើកឡើង​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រុមហ៊ុន​ថៃ​ដែល​ដឹកជញ្ជូន​ទំនិញ​ទៅ​កម្ពុជា បាន​ផ្លាស់ប្ដូរ​វិធី​នាំចេញ ដោយ​ប្រើប្រាស់​ច្រកព្រំដែន​ក្នុង​ប្រទេស​ឡាវ ដើម្បី​ចូល​ទៅ​កាន់​ច្រកព្រំដែន​ក្នុង​ខេត្តស្ទឹងត្រែង របស់​កម្ពុជា​។ ពួកគេ​បាន​លើកឡើង​ដូចគ្នា​ថា កត្តា​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការ​កើនឡើង​នៃ​ថ្លៃ​ដឹកជញ្ជូន ៥០​ភាគរយ ខណៈ​ការ​ផ្គត់ផ្គង់​បាន​ធ្លាក់ចុះ​ដូចគ្នា គឺ​សល់​ត្រឹមតែ ២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ។

ក្រៅពី​វិស័យ​ពាណិជ្ជកម្ម ថៃ​ក៏​កំពុង​ជួប​វិបត្តិ​ធ្លាក់ចុះ​ក្នុង​វិស័យ​ទេសចរណ៍​តាម​តំបន់​ព្រំដែន និង​កង្វះ​កម្លាំង​ពលកម្ម​ផង​ដែរ បន្ទាប់ពី​លេងល្បែង​បិទ​ច្រកព្រំដែន​ជាមួយ​កម្ពុជា អស់​រយៈពេល​មួយឆ្នាំ​មកនេះ​។ ក្នុង​នោះ​សមាគម និង​ក្រុមប្រឹក្សា​ផ្នែក​ទេសចរណ៍​របស់​ថៃ បាន​លើកឡើង​ថា អាជីវកម្ម​សណ្ឋាគារ និង​ទេសចរណ៍​នៅក្នុង​តំបន់​ព្រំដែន បាន​ជួប​វិបត្តិ​ប្រាក់ចំណូល​ធ្លាក់ចុះ ដោយសារ​ការបាត់បង់​ភ្ញៀវ​ទេសចរ បណ្ដាល​មក​ពី​ការ​បិទ​ច្រកទ្វារ និង​អសន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន​។​

សម្រាប់​វិស័យ​កម្លាំង​ពលកម្ម​វិញ សមាគម​អ្នក​នាំចូល​ពលករ​របស់​ថៃ បាន​លើកឡើង​ថា ចំនួន​ពលករ​ខ្មែរ ដែល​មក​ធ្វើការ​ក្រោម​ប្រព័ន្ធ​វី​សា MOU បាន​ធ្លាក់ចុះ​យ៉ាង​គំហុក បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​បាន​រឹត​បន្តឹង​ការ​ផ្ដល់​ទិដ្ឋាការ​ដល់​ពលករ​ខ្មែរ ខណៈ​ប័ណ្ណ​ការងារ​របស់​ពួកគេ​នឹង​ត្រូវ​ផុតកំណត់​នៅ​ឆ្នាំ​២០២៦ នេះ​។ សមាគម​អ្នក​នាំចូល​ពលករ​របស់​ថៃ បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​គោលនយោបាយ​នាំចូល​ពលករ​ខ្មែរ ក្នុង​រយៈពេល​១​ឆ្នាំ ទៅ​២​ឆ្នាំ​តទៅទៀត​នោះ វិស័យ​កសិកម្ម និង​អាជីវកម្ម​មួយចំនួន​នៅក្នុង​ប្រទេស​ថៃ អាច​នឹង​បញ្ឈប់​ប្រតិបត្តិការ និង​ដកខ្លួន​ចេញ ដែល​នាំ​ឱ្យ​មានការ​ជាប់​គាំង​សេដ្ឋកិច្ច​រយៈពេល​វែង​នៅ​តំបន់​ព្រំដែន។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​២៩ ខែកក្កដា​។​

ប្រទេស​ថៃ​បាន​ចាប់ផ្ដើម​រឹត​បន្តឹង និង​បិទ​ច្រកព្រំដែន​ជា​តោ​ភាគី​ដំបូង ជាមួយ​កម្ពុជា កាលពី​ខែមិថុនា ឆ្នាំ​២០២៥​។ ជា​ការ​ឆ្លើយតប ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​រដ្ឋាភិបាល​កូនប្រុស​របស់​លោក រឹតបន្តឹង​ការ​ចេញ​ចូល​តាម​ព្រំដែន និង​បិទ​ការ​នាំចូល​ទំនិញ​យុទ្ធសាស្ត្រ​សំខាន់​មួយចំនួន ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា​។ ភាព​តានតឹង​នេះ បាន​បង្ក​ទៅ​ជា​វិបត្តិ​តាម​ព្រំដែន រហូត​បណ្ដាល​ឱ្យ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​ចំនួន​ពីរ​លើក។

ក្រោយមក ក្រសួងមហាផ្ទៃ បានសម្រេច​ផ្អាក​ការ​ចេញ​-​ចូល​របស់​ពលរដ្ឋ​ខ្មែរ និង​ថៃ នៅ​តាម​ច្រកទ្វារ​ព្រំដែន​ទាំងអស់ កាលពី​ថ្ងៃទី​១៣ ខែធ្នូ ដោយ​លើក​ហេតុផល​សុវត្ថិភាព អំឡុង​ពេល​ដែល​យោធា​ថៃ​បន្ត​បើក​ការវាយប្រហារ​គ្រប់​ទម្រង់ និង​មិន​រើស​ទិសដៅ​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី យល់​ឃើញ​ថា ស្ថានភាព​នេះ​ជា​ឱកាស​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​កែប្រែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន ស្រប​ពេល​ដែល​វិធានការ​បិទ​ព្រំដែន​ឯកតោភាគី​របស់​ថៃ បាន​ត្រឡប់​មក​បង្កើត​ជា​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ថៃ​វិញ ដោយ​ផ្ទុយ​ពី​ការ​រំពឹងទុក​។ លោក​បន្ត​ថា ស្ថិត​ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​ត្រូវ​បន្ត​ពង្រឹង​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុងស្រុក តាមរយៈ​ការ​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​វៀតណាម ដែល​កំពុង​បំពេញ​ចន្លោះ​ខ្វះខាត​ទីផ្សារ និង​អភិវឌ្ឍ​សមត្ថភាព​ផលិតកម្ម ផ្នែក​កសិកម្ម និង​ឧស្សាហកម្ម​ក្នុងស្រុក ដើម្បី​ជំនួស​ទំនិញ​នាំចូល​បានជា​ជំហានៗ។

លោក សេង វណ្ណលី៖ «ស្ថានភាព​នេះ​គឺជា​ការសាកល្បង​ដ៏​សំខាន់​មួយ​សម្រាប់​សមត្ថភាព​ដឹកនាំ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​លោក ហ៊ុន ម៉ាណែត។ ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​ទាញ​យក​ផលប្រយោជន៍​ពី​ការ​ផ្លាស់ប្ដូរ​ទម្លាប់​ទីផ្សារ ពង្រឹង​ការផលិត​ក្នុងស្រុក និង​រក្សា​បាន​នូវ​ភាព​បត់បែន​ផ្នែក​សេដ្ឋកិច្ច ការ​ប្រឈម​មុខ​ដាក់គ្នា​នេះ​នឹង​ក្លាយជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​បង្កើន​ឯករាជ្យ​ភាព​សេដ្ឋកិច្ចជាតិ និង​ពង្រឹង​ជំហរ​របស់​កម្ពុជា​នៅ​លើ​ឆាក​តំបន់​ឱ្យ​កាន់តែ​រឹងមាំ»។

លោក សេង វណ្ណលី លើកឡើង​ទៀត​ថា ប្រសិនបើ​ការ​បិទ​ព្រំដែន​នេះ​នៅតែ​បន្ត​អូស​បន្លាយ ភាគី​ថៃ​នឹង​ទទួលរង​ការខាតបង់​ធ្ងន់ធ្ងរ​ជាង​កម្ពុជា ខណៈ​ថៃ​កំពុង​បាត់បង់​ប្រាក់ចំណូល​សរុប​ពី​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​ចំណែក​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ពិបាក​នឹង​ដណ្តើម​យក​មកវិញ​នៅពេល​ខាងមុខ ដោយសារ​អ្នកប្រើប្រាស់ និង​អាជីវករ​កម្ពុជា​បាន​ផ្លាស់ប្ដូរ​ទម្លាប់​ទៅ​ប្រើ​ប្រាស់​ទំនិញ​ពី​ប្រទេស​ផ្សេង​រួចស្រេច​ទៅ​ហើយ​។ លោក​បន្ត​ថា លើស​ពី​នេះ វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​ថៃ​ដែល​ពឹង​ផ្អែកលើ​កម្លាំង​ពលកម្ម​កម្ពុជា​ក៏​ត្រូវ​ប្រឈម​នឹង​ការខាតបង់​ជា​បន្តបន្ទាប់ ខណៈ​ដែល​កម្ពុ​ជា​មាន​ភាព​បត់បែន​ជាង​ក្នុង​ការ​ស្វែងរក​ដៃគូ​សេដ្ឋកិច្ច​ថ្មីៗ​នៅក្នុង​តំបន់។

យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​ថៃ សម្រេច​ជាង ១​ពាន់ ៣​រយ លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ នេះ ដែល​តួលេខ​នេះ​បាន​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​ទាំង​ការនាំចេញ និង​ការ​នាំចូល​រវាង​ប្រទេស​ទាំងពីរ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ របាយការណ៍​បញ្ជាក់​ថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ថៃ បាន​ថយ​ចុះ​មក​នៅ​ជាង ៣៥០​លាន​ដុល្លារ​អាមេរិក ដែល​ធ្លាក់ចុះ​ជាង ២០​ភាគរយ ខណៈ​ការ​នាំចូល​របស់​ថៃ​មកកាន់​កម្ពុជា​វិញ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ជាង​១ ពាន់​លាន​ដុល្លារ​អាមេរិក ពោល​គឺ​រហូតដល់ ៤១​ភាគរយ។

ចំណែក​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធ-​គយ របស់​ថៃ បាន​បង្ហាញថា ការនាំចេញ​ទំនិញ​របស់​ថៃ មក​កម្ពុជា បាន​ធ្លាក់ចុះ​៨០​ភាគរយ ដោយ​គិត​ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២៥ ថៃ​នាំចូល​ទំនិញ​មក​កម្ពុជា មានតម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ ខណៈ​នៅ​ឆ្នាំ​២០២៦​នេះ បាន​ធ្លាក់​ចុះ​មក​នៅ​ជាង ១​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ពេលវេលា​ដូចគ្នា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ