

សហភាពអឺរ៉ុប (EU) សម្រេចចាត់វិធានការលើកដំបូងដោយដាក់ទណ្ឌកម្មលើបុគ្គល ៧នាក់ និងអង្គភាពចំនួន ៣ ឱ្យទទួលខុសត្រូវលើបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា និងមីយ៉ាន់ម៉ា។ ក្នុងចំណោមបុគ្គលរងទណ្ឌកម្មនេះរួមមានប្រធានក្រុមហ៊ុន ព្រីនស៍គ្រុប (Prince Group) និងជាអតីតទីប្រឹក្សាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គឺឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) និងប្រធានក្រុមហ៊ុន ជីនប៉ី (Jin Bei Group) លោក ហ្សូ ហ្សុងប៉ាវ (Zhu Zhongbiao) ដែលសហភាពអឺរ៉ុបរកឃើញថា ជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស បង្ខាំងមនុស្សធ្វើទារុណកម្ម និងបង្ខំឱ្យជនរងគ្រោះប្រព្រឹត្តការឆបោកតាមអនឡាញ។
ក្នុងចំណោមបុគ្គល ៧នាក់ និងអង្គភាពចំនួន ៣ ដែលរងទណ្ឌកម្ម សហភាពអឺរ៉ុប (EU) បានកំណត់ថា អតីតទីប្រឹក្សារបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គឺលោក ចេន ហ្ស៊ី (Chen Zhi) និងប្រធានក្រុមហ៊ុន ជីនប៉ី គ្រុប (Jin Bei Group) លោក ហ្សូ ហ្សុងប៉ាវ (Zhu Zhongbiao) គឺជាមេខ្លោងដ៏សំខាន់ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា និងមីយ៉ាន់ម៉ា។
ក្រុមប្រឹក្សាសហភាពអឺរ៉ុបប្រកាសកាលពីថ្ងៃទី៣០ ខែកក្កដា ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Holding Group) និងប្រធានក្រុមហ៊ុននេះគឺ លោក ចេន ហ្សី (Chen Zhi) ព្រមទាំងក្រុមហ៊ុន ជីនប៉ី (Jin Bei Group) និងប្រធានក្រុមហ៊ុន លោក ហ្សូ ហ្សុងប៉ាវ (Zhu Zhongbiao) ឱ្យទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមទាំងការជួញដូរមនុស្សធ្វើទារុណកម្មឃោរឃៅអមនុស្សធម៌នៅក្នុងប្រតិបត្តិការនៃមជ្ឈមណ្ឌលឆបោកនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រធានក្រុមហ៊ុន ជីនប៉ី (Jin Bei Group) លោក ហ្សូ ហ្សុងប៉ាវ (Zhu Zhongbiao) ក៏ជាអ្នកជំនួញចិនមានរឿងរ៉ាវអាស្រូវពាក់ព័ន្ធអំពើឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការលាងលុយកខ្វក់ ជាដើម និងទទួលបានសញ្ជាតិខ្មែរពីព្រះមហាក្សត្រកាលពីឆ្នាំ២០១៧។
សហភាពអឺរ៉ុប (EU) បញ្ជាក់ថា មេខ្លោងឆបោកទាំងនេះបានបម្លែងក្រុមហ៊ុន និងអគារកាស៊ីណូរបស់ពួកគេនៅកម្ពុជា និងមីយ៉ាន់ម៉ា ទៅជាមជ្ឈមណ្ឌលឆបោកតាមអនឡាញ ដែលត្រូវបានប្រើប្រាស់សម្រាប់អំពើជួញដូរមនុស្ស ការបង្ខាំងមនុស្សធ្វើទារុណកម្មដោយអមនុស្សធម៌ និងបង្ខំឱ្យជនរងគ្រោះប្រព្រឹត្តអំពើឆបោកតាមអនឡាញ រួមទាំងការបោកប្រាស់វិនិយោគលើរូបិយប័ណ្ណគ្រីបតូ។
សេចក្ដីប្រកាសដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបឱ្យដឹងទៀតថា ជនរងគ្រោះមកពីបណ្ដាប្រទេសផ្សេងៗត្រូវបានបណ្ដាញឧក្រិដ្ឋជនបោកបញ្ឆោត ឬជួញដូរចូលទៅក្នុងមជ្ឈមណ្ឌលទាំងនេះ ហើយត្រូវបានឃុំឃាំងប្រឆាំងនឹងឆន្ទៈរបស់ខ្លួន និងបង្ខំឱ្យចូលរួមក្នុងប្រតិបត្តិការឆបោកតាមអនឡាញ ដែលកំណត់គោលដៅលើជនរងគ្រោះនៅទូទាំងពិភពលោក។ សហភាពអឺរ៉ុបក៏ទទួលបានសេចក្ដីរាយការណ៍ពីជនរងគ្រោះជាច្រើន ដោយជនរងគ្រោះបានទទួលរងអំពើរំលោភបំពាន ការធ្វើទារុណកម្ម បង្ខាំងចាប់ជំរិត និងសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ នៅក្នុងមជ្ឈមណ្ឌលឆបោកទាំងនោះ។
វិធានការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបរួមមាន ការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល និងអង្គភាពដែលរងទណ្ឌកម្ម ព្រមទាំងការហាមឃាត់មិនឱ្យពួកគេចូលជាន់ក្នុងទឹកដីសហភាពអឺរ៉ុបឡើយ។
មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់បញ្ចេញប្រតិកម្មណាមួយនៅឡើយទេ ជុំវិញចំណាត់ការដាក់ទណ្ឌកម្មចុងក្រោយរបស់សហភាពអឺរ៉ុបលើបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋាភិបាល។
ទូរទស្សន៍អាស៊ីសេរីក៏មិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ដើម្បីសុំប្រតិកម្មឆ្លើយតបជុំវិញរឿងនេះបាននៅឡើយគិតត្រឹមម៉ោងផ្សាយនេះ។
ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើកនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានចាត់វិធានការជាបន្តបន្ទាប់ប្រឆាំងនឹងបណ្ដាញឆបោកអនឡាញនៅកម្ពុជា។ កាលពីខែមេសា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើឧកញ៉ា កុក អាន និងសមាជិកព្រឹទ្ធសភា លី យ៉ុងផាត់ ព្រមទាំងបណ្ដាញអាជីវកម្មរបស់ពួកគេ ដោយចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកអនឡាញ និងការបង្ខំឱ្យមនុស្សធ្វើការដោយបង្ខំ។
បន្ទាប់មក នៅខែមិថុនា ឆ្នាំ២០២៦ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានពង្រីកទណ្ឌកម្ម ដោយដាក់ឈ្មោះ លោក ចេន ហ្សី (Chen Zhi) មេក្រុមហ៊ុន (Prince Holding Group) រួមជាមួយបុគ្គល ៩នាក់ និងអង្គភាព ២៦ ដែលអាមេរិកចាត់ទុកថា ជាផ្នែកនៃបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន (Prince Group) ដែលពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិត និងការលាងលុយកខ្វក់។
បុគ្គលដែលរងទណ្ឌកម្មទាំងនេះ សុទ្ធតែត្រូវបានគេចាត់ទុកថា មានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា។ លោក ចេន ហ្សី ធ្លាប់កាន់តំណែងជាទីប្រឹក្សារបស់លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ខណៈលោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ទាំងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រីឯ លោក កុក អាន ក៏ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏មានឥទ្ធិពល និងជាសម្ព័ន្ធមិត្តយូរឆ្នាំរបស់គ្រួសារ ត្រកូល «ហ៊ុន»។
ការសម្រេចរបស់សហភាពអឺរ៉ុបនៅពេលនេះបង្ហាញថា មិនមែនមានតែសហរដ្ឋអាមេរិកទៀតទេ ដែលកំពុងដាក់សម្ពាធលើបណ្ដាញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ប៉ុន្តែការដាក់សម្ពាធអន្តរជាតិកំពុងពង្រីកទៅដល់សហភាពអឺរ៉ុបផងដែរ។
ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលលើកឡើងថា ចំណាត់ការដាក់ទណ្ឌកម្មចុងក្រោយរបស់សហភាពអឺរ៉ុប (EU) ឆ្លុះបញ្ចាំងពីការមិនពេញចិត្តចំពោះប្រសិទ្ធភាពនៃយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា ដោយសារតែមេខ្លោងពិតប្រាកដ អាជ្ញាធរមិនបាននាំយកមកទទួលខុសត្រូវតាមផ្លូវច្បាប់នៅឡើយ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា ជឿជាក់ថា សហភាពអឺរ៉ុប រួមទាំងសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តនឹងបន្តដាក់ទណ្ឌកម្មលើមន្ត្រីកំពូលៗ និងឧកញ៉ាមេឈ្មួញគ្រាក់ៗបន្ថែមទៀត ដោយសារតែមេដឹកនាំកម្ពុជានៅតែព្យាយាមកាងការពារអ្នកពាក់ព័ន្ធទាំងនោះ។
លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ទណ្ឌកម្មចុងក្រោយរបស់សហភាពអឺរ៉ុបលើមេខ្លោងឆបោកអនឡាញ ក៏អាចជះឥទ្ធិពលដល់ទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុប ព្រមទាំងប៉ះពាល់ដល់ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបផងដែរ ប្រសិនបើរដ្ឋាភិបាលក្រុងភ្នំពេញមិនចាត់វិធានការផ្លូវច្បាប់លើមេខ្លោងពិតប្រាកដ ដើម្បីស្ដារទំនុកចិត្តពីសហគមន៍អន្តរជាតិ។
លោក ស៊ឹង សែនករុណា៖ «សហភាពអឺរ៉ុប គេមានសមាជិកប្រទេសជាច្រើនដែលជាសម្ព័ន្ធមិត្ត និងនៅក្នុងសហភាពអឺរ៉ុបហ្នឹង។ អ៊ីចឹង ចង់មិនចង់ វាជាការខាតបង់ធំ បើសិនជាកម្ពុជានៅតែមិនទាន់ចាត់វិធានការឱ្យចំគោលដៅ ទៅលើបុគ្គលពាក់ព័ន្ធមួយចំនួនដែលគេបានចេញឈ្មោះអីទាំងអស់ហ្នឹង។ អ៊ីចឹង គប្បីមានការចាត់វិធានការឱ្យបានបន្ទាន់ តាមតែអាចធ្វើទៅបាន ដើម្បីបង្ហាញថា កម្ពុជាមិនបានបណ្ដែតបណ្ដោយឱ្យអ្នកទាំងអស់ហ្នឹង បន្តប្រព្រឹត្តនូវអំពើឧក្រិដ្ឋកម្មជាបន្តទៀតនៅលើទឹកដីរបស់ប្រទេសកម្ពុជាទេ»។
សេចក្ដីប្រកាសដាក់ទណ្ឌកម្មសហភាពអឺរ៉ុប (EU) បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីករាលដាលនៃមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានដំណើរការដោយបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន និងផ្សារភ្ជាប់ជាមួយការជួញដូរមនុស្ស ការងារដោយបង្ខំ ការឃុំឃាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀត។ សហភាពអឺរ៉ុបអំពាវនាវឱ្យមាន ការរុះរើបណ្ដាញឧក្រិដ្ឋកម្មទាំងនេះដោយចាត់ទុកថា គឺជារឿងចាំបាច់ ដើម្បីការពារជនរងគ្រោះទាំងអស់ និងនាំយកអ្នកពាក់ព័ន្ធឱ្យមកទទួលខុសត្រូវតាមផ្លូវច្បាប់៕









