អភិបាល​ខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​ក្រោម​ឱវាទ​រង​ការ​រិះគន់​រឿង​ជួសជុល​ផ្លូវ​ហើយ​ថត​រូប​បង្ហោះ

0
83
ទិដ្ឋភាពមន្ត្រីរដ្ឋបាលខេត្ត​ពោធិ៍សាត់ ដឹកនាំដោយអភិបាលខេត្ត​លោក ខូយ រីដា ចាក់ស៊ីម៉ង់ត៍ លុបចង្ហុកផ្លូវ នៅក្នុងខេត្ត​ កាលពីថ្ងៃទី៣១​ ខែ​កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុក ខូយ រីដា
ទិដ្ឋភាពមន្ត្រីរដ្ឋបាលខេត្ត​ពោធិ៍សាត់ ដឹកនាំដោយអភិបាលខេត្ត​លោក ខូយ រីដា ចាក់ស៊ីម៉ង់ត៍ លុបចង្ហុកផ្លូវ នៅក្នុងខេត្ត​ កាលពីថ្ងៃទី៣១​ ខែ​កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុក ខូយ រីដា

ពលរដ្ឋ​ជាច្រើន រិះគន់​អភិបាលខេត្ត​ពោធិ៍សាត់ និង​អាជ្ញាធរ​ខេត្ត​នេះ​ចំពោះ​ការ​ជួសជុល​ផ្លូវ​សំបុក​មាន់​ដែល​រង​ការខូចខាត​ក្នុង​រដូវភ្លៀង​ធ្លាក់​ថា ធ្វើ​ឲ្យ​តែ​រួចពីដៃ និង​ជា​ការ​ជួបជុំ​ដើម្បី​ថតរូប​បង្អួត​ថ្នាក់ដឹកនាំ​។ ពលរដ្ឋ​ហួសចិត្ត ក្នុងនាម​ឋានៈ​ជា​អភិបាលខេត្ត ប៉ុន្តែ​ចុះ​ដឹកនាំ​កូនចៅ​ធ្វើ​សកម្មភាព​ជួសជុល​ផ្លូវ​បន្តិចបន្តួច ដែល​ការងារ​នេះ មិន​គួរ​ចាំបាច់​រហូត​ទាល់តែ​មន្ត្រី ឬ​អភិបាលខេត្ត​ចុះ​នោះ​ទេ ត្រឹមតែ​ជួល​ឱ្យ​កម្មករ​ធម្មតា​ក៏​អាច​ធ្វើ​បាន​ដោយ​រលូន​បើ​មន្ត្រី​ចេះ​ចាត់ចែង។

ពលរដ្ឋ​ជាច្រើន រិះគន់ អភិបាលខេត្ត​ពោធិ៍សាត់ អាជ្ញាធរ និង​មន្ត្រី​មូលដ្ឋាន ពី​ការ​ជួសជុល​ផ្លូវ​ជង្ហុក​សំបុក​មាន់​មួយចំនួន​ដែល​រង​ការខូចខាត​ក្រោយ​ភ្លៀង​ធ្លាក់ ថា ជា​ការ​សម្ដែង គ្មាន​ស្តង់ដារ​ត្រឹមត្រូវ និង​បោក​យក​សន្លឹកឆ្នោត ពី​ពលរដ្ឋ​ប៉ុណ្ណោះ​។ ពួកគាត់​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​ស្នើសុំ​កញ្ចប់​ថវិកា​ជាតិ​មក​ធ្វើ​ផ្លូវ​បេតុង​ដែល​រឹងមាំ​តាម​ស្តង់​មួយ​ជាជាង​ការ​ជួសជុល​ប្រើ​អំបោះ ប៉ែល និង​ស៊ីម៉ង់​ចាក់​លុបបំបាត់​បែបនេះ។

ការរិះគន់​នេះ គឺ​ក្រោយ​ពេល​ដែល​អភិបាលខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា បាន​ដឹកនាំ​មន្ត្រី​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ចុះទៅ​ជួសជុល​ផ្លូវ ទីប្រជុំជន ដោយ​ចាក់​បេតុង​បំពេញ​ជង្ហុក​សំបុក​មាន់ ក្នុង​គោលបំណង​ស្តារ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី​៣១ កក្កដា​។ ផ្លូវ​ដែល​ត្រូវ​ជួល​ជុល មាន​២​ខ្សែ ប្រវែង​ជាង​១០​គីឡូម៉ែត្រ លើ​កំណាត់​ផ្លូវ​កៅស៊ូ ត្រង់​ចំណុច​ផ្សា​របត់​រំដួល ឆ្ពោះទៅ​បឹង​ព្រះ​ពន្លាជ័យ ស្ថិត​ក្នុង​ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ និង​មួយ​ខ្សែ​ទៀត ភ្ជាប់​ពី​ឃុំ​បឹង​ខ្នារ​ឆ្ពោះទៅ​ឃុំ​មេទឹក ស្រុក​បាកាន នៅក្នុង​ខេត្ត​ពោធិ៍សាត់។

ពលរដ្ឋ​រស់នៅ​ភ្នំពេញ​ម្នាក់​លោក វិបុល លើកឡើង​ថា ការ​ជួសជុល​ផ្លូវ​របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់​បែបនេះ គឺ​មិន​ត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស ខាត​ពេលវេលា និង​ចំណាយ​ថវិកា​ឥតប្រយោជន៍​។ លោក​បន្ត​ថា ការប្រើប្រាស់​ស៊ីម៉ង់ត៍ ទៅ​ចាក់​ផ្ទាល់​បែបនេះ និង​នៅ​លើ​គ្រលុក​ដែល​ដក​ទឹក គឺ​វា​នឹង​មិន​ជាប់​បាន​យូរ​នោះ​ឡើយ ហើយ​វា​នឹង​ប្រេះ​ឡើងវិញ។

លោក វិបុល៖ «របៀប​នៃ​ការ​លាយ​បេតុង​របស់​គាត់​ហ្នឹង គឺ​គាត់​គ្រាន់តែ​ជញ្ជាត់​ដួស​ទឹក អា​ទឹក​ជ្រាំ​ហ្នឹង​ចេញ​ហើយ​គាត់​ចាក់​បេតុង​ចូល​ហ្មង អញ្ចឹង​វា​អត់​ត្រូវ​ស្តង់ដារ​ទេ​។ ទាក់ទង​មួយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​វា​ក៏​ដូច ទាក់ទង​ជាមួយ​ហ្នឹង បញ្ហា​ជំនាញ តាំងពី​ប្រឡាយ​ទឹក​ប្រព័ន្ធ​លូ អី​ផ្សេងៗ​ទាំងអស់​គួរតែ​ថ្នាក់​រដ្ឋបាល អភិបាលខេត្ត​ហ្នឹង គួរតែ​ឆ្លង​ទៅ​មន្ទីរ​ដែល​ជា​ប់​ពាក់ព័ន្ធ​ទៅ​នឹង​បច្ចេកទេស ជៀសវាង​វា​ខុសឆ្គង ជៀសវាង​ធ្វើ​ឲ្យ​រួចពីដៃ ជៀសវាង​ចំណាយ​លុយ​ចំណាយ​ពេល​វេលា​ឥតប្រយោជន៍»។

ចំណែក​គណនី​ហ្វេសប៊ុកមួយ​ឈ្មោះ កូន​ខ្មែរ នៅ​កូរ៉េ បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​រយៈពេល ជិត​២​នាទី ដោយ​រិះគន់ និង​និយាយ​ចំអក​ថា ប្រទេស​មហាអំណាច​លើ​ពិភពលោក​ដូចជា​សហរដ្ឋអាមេរិក​ក៏​តាម​មិនទាន់​ស្តង់ដារ​ធ្វើ​ផ្លូវ​របស់​កម្ពុជា​នោះ​ទេ​។ លោក​ចោទ​សួរ​ថា រដ្ឋាភិបាល​នៅ​បន្ត​ធ្វើ​ផ្លូវ​បណ្ដោះអាសន្ន​ដល់ពេល​ណា ហើយ​ហេតុអ្វី​មិន​ធ្វើ​ផ្លូវ​ចាក់​បេតុង​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​តែម្តង​? លោក​ថា រដ្ឋាភិបាល​គួរ​ត្រួតពិនិត្យ​ចំពោះ​ប្រភេទ​ឡាន​ថា ប្រភេទ​ឡាន​បែប​ណា គួរ​អនុញ្ញាត​ឲ្យ​បើក​លើ​ផ្លូវ​ទាំងនោះ ដើម្បី​ការពារ​ការខូចខាត​ជាថ្មី​។ លោក​បន្ថែម​ថា ការ​បាច​ស៊ីម៉ង់​លើ​គ្រលុក​តូចៗ​ទាំងនោះ ហើយ​ស្រោច​ទឹក​ពីលើ​បែបនេះ មិនអាច​ជាប់​បាន​យូរ​ឡើយ។

«​ខ្ញុំ​ឃើញ​បច្ចេកទេស​ធ្វើ​ផ្លូវ​នេះ​ ខ្ញុំ​ដេក​គិត​​បងប្អូន សូម្បីតែ​ប្រទេស​មហាអំណាច​លើ​ពិភព​លោក​ហាស៎​ក៏​តាម​មិនទាន់​ដែរ​របៀប​ធ្វើ​ផ្លូវ​បែបនេះ​។ ខ្ញុំ​អត់​ចង់​រិះគន់​ទេ​បងប្អូន​។ ខ្ញុំ​អត់​ចង់​និយាយ​ទេ ប៉ុន្តែ​មើលទៅ​វា​ទើសភ្នែក​ពេក មើលទៅ​វា​ដូចជា ហើយ​ខ្ញុំ​ឃើញ​គេ​បង្ហោះ​គេ​ថា ផ្លូវ​បណ្ដោះអាសន្ន ហើយ​បណ្ដោះអាសន្ន​ដល់​ពេល​ណា​ទៀត​សម័យ​នេះ​ហើយ​ហ្នឹង​? នៅ​ធ្វើ​ផ្លូវ​បណ្ដោះអាសន្ន​ដល់ពេល​ណា​ទៀត ហើយ​ចុះ​ម៉េច​មិន​ចាក់​កៅស៊ូ​បាទ មិន​ចាក់​អី​ដូច​គេ​ទៅ​? ឲ្យ​ផ្លូវ​ហ្នឹង​វា​មានគុណ​ភាព​ដូច​គេ​ទៅ ឲ្យ​វា​ប្រើ​បាន​យូរ​ណាស់​បាទ​។ យើង​ត្រូវ​មាន​ច្បាប់ទម្លាប់​ដូច​ស្រុក​គេ​ណាស់ អាហ្នឹង​ទើប​ផ្លូវ​វា​ប្រើ​បាន​យូរ​បាទ តែបើ​អនាធិបតេយ្យ​អញ្ចឹង​បងប្អូន​អើយ​បាទ​សួរ​ថា ផ្លូវ​ហ្នឹង​វា​ជាប់​បាន​យូរ​ទេ​បាទ​។ ហើយ​ទាំង​ដែល​អា​គុណភាព​ផ្លូវ​ហ្នឹង​ធ្វើ​គឺ​វា​អត់​ល្អ​វា​អត់​ពេញលក្ខណៈ​ទៀត​បាទ ជិះ​អត់​បាន​យូរ​ប្រើ​អត់​បាន​យូរ​ទេ​ណាស់​បងប្អូន​បាទ» ។

ចំណែក​អភិបាលរង​ខេត្តពោធិ៍សាត់​លោក កេង ចាន់ធឿន បាន​បង្ហោះ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​០១ សីហា ថា យុទ្ធនាការ របស់​មន្ត្រី និង​អាជ្ញាធរ​ខេត្តពោធិ៍សាត់ ចាក់​បេតុង​បំពេញ​ជង្ហុក និង​បំបាត់​សំបុក​មាន់​នេះ គឺជា​ការ​ជួសជុល​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។ លោក​បន្ត​ថា ការ​ជួសជុល​នេះ គឺ​ដើម្បី​ដោះស្រាយ​ការ​លំបាក​ជាបន្ទាន់​ជូន​ប្រជាពលរដ្ឋ និង​ជា​សារ​ដាស់តឿន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ឱ្យ​ចេះ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការថែទាំ​ផ្លូវថ្នល់​ដែល​មាន​ស្រាប់ ជាជាង​ការ​រង់ចាំ​រហូតដល់​ខូចខាត​ទ្រុឌទ្រោម​ខ្លាំង។

ទិដ្ឋភាពមន្ត្រីរដ្ឋបាលខេត្ត​ពោធិ៍សាត់ ដឹកនាំដោយអភិបាលខេត្ត​លោក ខូយ រីដា (រូបកាន់ក្ដារវី អាវពណ៌ទឹកប៊ិក) ចាក់ស៊ីម៉ង់ត៍ លុបចង្ហុកផ្លូវ នៅក្នុងខេត្ត​ កាលពីថ្ងៃទី៣១​ ខែ​កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុក ខូយ រីដា

ទោះជា​យ៉ាងណា ពលរដ្ឋ​ជាច្រើន​បាន​បញ្ចេញយោបល់​នៅ​លើ​សារ​របស់​លោក កេង ចាន់ធឿន ដោយ​លេងសើច​ផង និង​ហួសចិត្ត​ផង។

គណនី​មួយ​ឈ្មោះ Sotheany Meas បាន​សរសេរ​ថា ស្រុក​គេ​ធ្វើ​ផ្លូវ សុទ្ធតែ​គ្រឿងចក្រ​ធំៗ ចំណែក​កម្ពុជា ប្រើ​តែ​អំបោស ប៉េត្រូ ទុយោ​បាញ់​ទឹក ក៏​ជោគជ័យ​ដែរ។

គណនី​មួយ​ឈ្មោះ ឥន្ត្រី ខ្មៅ បាន​សរសេរ​បែប​ឌឺដង​ថា កម្ពុជា​កុំ​ដើរ​លឿន​ពេក ខ្លាច​ប្រទេសជិតខាង​ដើរ​មិនទាន់ ព្រោះ​ប្រទេស​យើង ជា​ប្រទេស​ខ្លា​សេដ្ឋកិច្ច។

គណនី​មួយទៀត​ឈ្មោះ Bong Sen បាន​បញ្ចេញមតិ​ថា សុទ្ធតែ​ជា​អ្នករៀន​បាន​ខ្ពង់ខ្ពស់ តែ​ការងារ​ដូច​បាយ​ឡុក​បាយ​ឡ។

ចំណែក​គណនី​មួយទៀត​ឈ្មោះ ឈុំ ឡន​លី ថា ការ​បញ្ចេញ​ស្នាដៃ​ដ៏​ធំធេង របស់​មន្ត្រី​ខ្មែរ​ដ៏​មាន​បច្ចេកទេស និង​ឆ្លាត​វាងវៃ​បែបនេះ គឺ​គ្មាន​ប្រទេស​ណា​ដែល​អាច​ធ្វើ​បាន​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី មាន​ប្រសាសន៍ថា ព្រឹត្តិការណ៍​ទាំងនេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អាជ្ញាធរ និង​ក្រុមហ៊ុន​ម៉ៅការ តែងតែ​ប្រើប្រាស់​ល្បិចកល​បច្ចេកទេស ដើម្បី​កាត់បន្ថយ​ចំណាយ​ដើម តែ​ទារប្រាក់​គម្រោង​ពេញលេញ ដែល​នេះ​គឺជា​ទម្រង់​នៃ​អំពើពុករលួយ​។ លោក​បន្ត​ថា អំពើពុករលួយ​នៅក្នុង​គម្រោង​អភិវឌ្ឍន៍ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ បាន​ចាក់ឫស​យ៉ាង​ជ្រៅ​តាមរយៈ​រូបភាព​ជាច្រើន​ដូចជា ការ​ដេញថ្លៃ​គម្រោង​ជួសជុល​ផ្លូវ​ជាច្រើន​តែងតែ​ប្រព្រឹត្តិ​ទៅ​ដោយ​ខ្វះ​តម្លាភាព មានការ​បែងចែក​ផលប្រយោជន៍​ក្រោម​តុ និង​ការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​ត្រួតពិនិត្យ និង​ក្រុមហ៊ុន​ម៉ៅការ​។ នៅពេល​ដែល​ថវិកា​គម្រោង​ត្រូវ​បាន​កាត់បន្ថយ​តាមផ្លូវ​ងងឹត ថវិកា​ដែល​នៅសល់​សម្រាប់​អនុវត្ត​ការងារ​ជាក់ស្តែង​មាន​កម្រិត​ទាប នាំ​ឱ្យ​អ្នកម៉ៅការ​ត្រូវតែ​ប្រើប្រាស់​វិធីសាស្ត្រ​កៀបស៊ី ដោយ​ចាក់​បេតុង​ស្តើង ចាក់​ស៊ីម៉ង់ត៍​ពីលើ​ភក់ ឬ​ប្រើប្រាស់​សម្ភារៈ​ថោកៗ​ដែល​មិន​គ្រប់​ស្តង់ដារ។

អ្នកជំនាញ​រូប​នេះ បន្ត​ទៀត​ថា ប្រជាពលរដ្ឋ មិនបាន​រិះគន់​លើ​ចេតនា​នៃ​ការ​ចុះ​ធ្វើការ​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​រិះគន់​លើ​គុណភាព និង​ភាព​ត្រឹមត្រូវ​នៃ​ការ​ធ្វើ​។ លោក​ថា ការ​យក​លេស​ថា អ្នកធ្វើ​តែងតែ​ខុស ដើម្បី​មក​លុបលាង​ការ​ធ្វើ​ខុស​បច្ចេកទេស គឺជា​ការប្រមាថ​ដល់​ថវិកា​ជាតិ​ដែល​បាន​មក​ពី​កម្លាំង​ញើស​ឈាម​របស់​ប្រជាជន​។ ប្រសិនបើ​អាជ្ញាធរ​នៅតែ​បន្ត​ប្រើប្រាស់​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ដោយ​បំពាន​បច្ចេកទេស​បែបនេះ វា​នឹង​បង្កើត​ជា​ទម្លាប់​អាក្រក់​នៅក្នុង​រដ្ឋបាល​សាធារណៈ ដែល​មន្ត្រី​ថ្នាក់ក្រោម​នឹង​ធ្វើ​តាម​ដោយ​មិន​ខ្វល់​ពី​គុណភាព និង​ភាព​ជាប់​គង់វង្ស​ជាដើម។

លោក សេង វណ្ណលី៖ «មន្ត្រី ឬក៏​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​មួយចំនួន តែងតែ​លើកឡើង​នូវ​ពាក្យ​ដោះសា​បែប​ការពារ​នោះ​ថា អឺ​អ្នកធ្វើ​តែងតែ​ខុស អ្នក​មិន​ធ្វើ​ទើប​មិន​ខុស ឬក៏​ធ្វើ​បាន​ប៉ុណ្ណឹង​ហើយ​នៅតែ​រិះគន់​ទៀត ការ​លើកឡើង​បែបនេះ គឺជា​ទស្សនៈ​គ្រោះថ្នាក់​បំផុត​ដែល​ឆ្លុះ​បញ្ចាំង ពី​ការ​ខ្វះ​ការទទួលខុសត្រូវ​និង​ការ​ព្យាយាម បង្វែរ​ដាន ដើម្បី​បិទបាំង​កំហុសឆ្គង​ផ្នែក​បច្ចេកទេស​របស់ ខ្លួន​ពី​ផ្នែក​បច្ចេកទេស ប៉ុន្តែ​វា​ជា​កំហុស​ដែល​ត្រូវតែ​ទទួលខុសត្រូវ និង​ត្រូវតែ​កែតម្រូវ​ជាបន្ទាន់​។ បន្ថែម​ពី នេះ ការ​ធ្វើសកម្មភាព​បែប​សម្ដែង​របស់​ថ្នាក់ដឹកនាំ​ខេត្ត អឺ​ដូចជា​ខេត្តពោធិ៍សាត់​ថ្មីៗ​នេះ​ក៏​ដូច ឬក៏​ដូច​មន្ត្រី​ពាក់ព័ន្ធ​នានា ដោយ​ចុះ​ទៅកាន់​ទីតាំង​ផ្ទាល់​ដើម្បី​ដឹកនាំ​ការ​ចាក់​ស៊ីម៉ង់ត៍​លើ​ភក់​នៅ​ឃុំ​បឹង​ខ្នារ ក៏​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ចំពោះ​រដ្ឋបាល​សាធារណៈ»។

កន្លងមក ប្រជាពលរដ្ឋ និង​អ្នកឃ្លាំមើល ក៏​ធ្លាប់​រិះគន់​និង​ខកចិត្ត ពី​បញ្ហា​សាងសង់​ផ្លូវ​បេតុង ស្ពាន លូ​បង្ហូរទឹក​ចេញ ដែល​គ្មាន​ស្តង់ដារ​ត្រឹមត្រូវ គ្មាន​បច្ចេកទេស ថា សាងសង់​ផ្លូវ​ហើយ គាស់​ដាក់​លូ តាម​ក្រោយ រួចហើយ​ធ្វើ​ផ្លូវ​ឡើងវិញ ហើយ​កាយ​ផ្លូវ​ធ្វើ​លូ​ជាថ្មី ដែល​ជា​រូបភាព​រៀបចំ​គម្រោង​គ្មាន​ការ​សម្របសម្រួល និង​មាន​ចរិត​ជា​ការ​បង្កើត​គម្រោង ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ថវិកាជាតិ​ចូល​ហោប៉ៅ​ខ្លួន​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ