FBI ប្ដេជ្ញា​តាម​ចាប់ខ្លួន​មេខ្លោង​ឆបោក​អនឡាញ​នៅ​គ្រប់​ទីកន្លែង​យក​មក​ផ្ដន្ទាទោស​នៅ​អាមេរិក

0
44
​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជាមួយ​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក​លោក កាស ប៉ាទែល (Kash Patel) នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០២៦។
​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជាមួយ​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក​លោក កាស ប៉ាទែល (Kash Patel) នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០២៦។

ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក​ប្រកាស​ថា នឹង​បន្ត​តាម​ប្រមាញ់​មេខ្លោង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក ដើម្បី​នាំ​ខ្លួន​មក​ប្រឈមមុខ​នឹង​ច្បាប់​របស់​សហរដ្ឋអាមេរិក​។ នាយក FBI លោក កាស ប៉ាទែល (Kash Patel) សង្កត់ធ្ងន់​ថា គ្មាន​ទីកន្លែង​ណាមួយ​នៅ​លើ​ពិភពលោក​អាច​ក្លាយជា​ជម្រក​សុវត្ថិភាព​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អន​ឡាញ​បាន​ឡើយ។ ការប្រកាស​នេះ​ធ្វើឡើង បន្ទាប់ពី​លោក​បាន​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍​កាលពី​ចុងខែ​កក្កដា ដើម្បី​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ប្រទេស​មួយចំនួន រួម​ទាំង​ថ្នាក់ដឹកនាំ​កម្ពុជា ស្ដីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ និង​ជំរុញ​ការ​បង្ក្រាប ព្រមទាំង​ចាប់ខ្លួន​មេខ្លោង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​តាម​អនឡាញ។

នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក លោក កាស ប៉ាទែល ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អន​ឡាញ​មាន​ទីជម្រក​សុវត្ថិភាព​នៅ​កន្លែង​ណាមួយ​ឡើយ​។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​អាមេរិក​នឹង​បន្ត​សហការ​ជាមួយ​រដ្ឋាភិបាល​បរទេស ដើម្បី​ចាប់ខ្លួន និង​បញ្ជូន​ជនសង្ស័យ​ពី​ក្រៅប្រទេស​មក​ប្រឈមមុខ​នឹង​ប្រព័ន្ធ​យុត្តិធម៌​របស់​សហរដ្ឋអាមេរិក​។ លោក​ថ្លែង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​៥ ខែ​សីហា។

លោក កាស ប៉ាទែល៖ «​ដូច្នេះ អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​ទៅកាន់​ជន​ទាំងអស់​ដែល​កំពុង​រត់គេច​ខ្លួន​នៅ​ពេល​នេះ គឺថា អ្នក​នឹង​មិនអាច​រត់​គេច​បាន​យូរ​ទៀត​ទេ។ យើង​នឹង​តាម​ប្រមាញ់​អ្នក​គ្រប់​ជ្រុងជ្រោយ​នៃ​ពិភពលោក ហើយ​នាំ​ត្រឡប់​មក​ទីនេះ ដើម្បី​ប្រឈមមុខ​នឹង​ប្រព័ន្ធ​យុត្តិធម៌​របស់​សហរដ្ឋ​អាមេរិក»។

លោក កាស ប៉ាទែល ឱ្យ​ដឹង​ទៀត​ថា ក្នុង​ខែ​កក្កដា កន្លង​ទៅ​ទីភ្នាក់ងារ FBI បាន​អនុវត្ត​ការផ្ទេរ​ជនសង្ស័យ​ជិត ៣០​ករណី​ពី​ប្រទេស​ចំនួន ១៥ មកកាន់​សហរដ្ឋអាមេរិក ដែល​ជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ស្ថាប័ន FBI​។ លោក​បញ្ជាក់​ថា លទ្ធផល​នេះ​កើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ទំនាក់ទំនង​រវាង​រដ្ឋ​បាល​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ជាមួយ​រដ្ឋាភិបាល​បរទេស​។ លោក​បន្ថែម​ថា អាជ្ញាធរ​អាមេរិក​នឹង​បន្ត​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​បាន​មកពី​បណ្ដាញ​ឆបោក ដើម្បី​ប្រគល់​ប្រាក់​ឱ្យទៅ​ជនរងគ្រោះ ជាពិសេស​មនុស្ស​វ័យ​ចំណាស់​ដែល​រងគ្រោះ​ពី​ការ​ឆបោក​តាម​អនឡាញ​វិញ។

នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) លោក កាស ប៉ាទែល បញ្ជាក់​ថា ការ​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ គឺជា​បេសកកម្ម​រួម​របស់​ស្ថាប័ន​អនុវត្ត​ច្បាប់​ជាច្រើន រួមមាន FBI ក្រសួងយុត្តិធម៌​អាមេរិក និង​សេត​វិមាន ដោយ​ផ្ដោត​អាទិភាព​លើ​ការ​ការពារ​កុមារ និង​ពលរដ្ឋ​អាមេរិក​វ័យ​ចំណាស់​ដែល​រងគ្រោះ​ពី​ការ​ឆបោក​។ លោក​បន្ថែម​ថា FBI និង​ដៃគូ​អនុវត្ត​ច្បាប់​នឹង​បន្ត​តាម​ប្រមាញ់​ជនល្មើស​ដោយ​មិន​បន្ធូរដៃ​ឡើយ និង​អំពាវនាវ​ឱ្យ​សាធារណជន​ផ្ដល់​ព័ត៌មាន ប្រសិនបើ​ដឹង​អំពី​ទីតាំង ឬ​សកម្មភាព​របស់​បណ្ដាញ​ឆបោក​តាម​អនឡាញ​ទាំងនោះ។

ការ​បញ្ជាក់​ជំហរ​ប្ដេជ្ញាចិត្ត​របស់​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) នេះ​បន្ទាប់ពី​លោក​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​បណ្ដា​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ប្រទេស​មួយចំនួន រួម​ទាំង​ក្រុម​មេដឹកនាំ​កម្ពុជា ស្ដីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ និង​ជំរុញ​ការ​បង្ក្រាប​បណ្ដាញ​ឆបោក​តាម​អនឡាញ។

ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​កម្ពុជា លោក កាស ប៉ាទែល បាន​ជជែក​ទល់មុខ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពន្លឿន​ការស៊ើបអង្កេត និង​ចាប់ខ្លួន​មេខ្លោង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឆបោក​តាម​អន​ឡាញ​។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា កម្ពុជា​នឹង​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ផ្លាស់ប្ដូរ​ព័ត៌មាន​ជាមួយ​ស្ថាប័ន FBI ដើម្បី​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ទាំងនេះ​។ រីឯ សំណុំរឿង​ពាក់ព័ន្ធ​ការ​ដាក់​ទណ្ឌកម្ម និង​ការចោទប្រកាន់​ដោយ​សហរដ្ឋអាមេរិក​លើ​សមាជិក​ព្រឹទ្ធសភា ២​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក លី យ៉ុងផាត់ និង​លោក កុក អាន លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ប្លូមបឺក (Bloomberg) ថា គឺជា​រឿង​បុគ្គល ហើយ​ពួកគេ​ក៏​កំពុង​ដោះស្រាយ​បញ្ហា​នេះ​តាម​នីតិវិធី​ដោយមាន​មេធាវី​ការពារ​ក្ដី ដើម្បី​លាង​ជម្រះ​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ។

សមាជិក​ព្រឹទ្ធសភា​កម្ពុជា ២​រូប​គឺ​លោក លី យ៉ុងផាត់ និង​លោក កុក អាន ត្រូវ​បាន​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម និង​ចោទ​ប្រកាន់​ថា ជា​មេខ្លោង​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា និង​ឆបោក​យក​លុយ​ពី​ពលរដ្ឋ​អាមេរិក និង​ជនរងគ្រោះ​ជុំវិញ​ពិភពលោក​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើង​ថា មេ​ឈ្មួញ​ឧកញ៉ា និង​មន្ត្រី​ជំនិតៗ​មួយចំនួន​របស់​រដ្ឋា​ភិ​បាល​ត្រកូល ហ៊ុន ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ភ័យ​ស្លន់ស្លោ និង​ប្រឈមមុខ​នឹង​ការ​ចាប់ខ្លួន​ដោយ​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក​។ លោក​បន្ត​ថា FBI មាន​នីតិវិធី និង​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ស្វែងរក​ចាប់ខ្លួន និង​កសាង​សំណុំរឿង​ប្រឆាំង​នឹង​មេខ្លោង​សំខាន់ៗ​នៅ​កម្ពុជា។

លោក គឹម សុខ៖ «អាមេរិកាំង​មាន​ឯកសារ​ភស្តុតាង​ច្បាស់ អំពី​ការ​ពាក់ព័ន្ធ​របស់​ពួក​មន្ត្រី​ដឹកនាំ​រដ្ឋាភិបាល និង​ពួក​អ្នកមាន​ឥទ្ធិពល​នៅ​កម្ពុជា ដែល​ធ្វើជា​មេ​បណ្ដាញ​ឆបោក​អន​ឡាញ​នៅ​ប្រទេស​កម្ពុជា​ហើយ​។ ទោះបី​សហរដ្ឋអាមេរិក មិនបានការ​សហប្រតិបត្តិ​ការ​ពេញដៃពេញជើង​ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក៏ដោយ ប៉ុន្តែ​បេសកកម្ម​របស់​សហរដ្ឋ​អាមេរិក គឺ​ប្ដេជ្ញា​កម្ទេច​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​នៅ​លើ​ពិភពលោក​ឱ្យ​បាន។ ពីព្រោះ​វា​នឹង​ក្លាយទៅជា​ផ្នែក​មួយ នៃ​អំពើ​ភេរវកម្ម​ដ៏​សាហាវ ការ​ឆបោក​អនឡាញ​នៅ​លើ​ពិភពលោក ប្រសិនបើ​ទប់ស្កាត់​មិនបាន​ទាន់ពេល​ទេ»។

នេះ​ជា​លើកទីមួយ​ហើយ​ដែល​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក ប្រកាស​ពី​បេសកកម្ម​ទ្រង់ទ្រាយ​ធំ ដើម្បី​តាម​ប្រមាញ់ និង​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​ទូទាំង​ពិភពលោក​។ ការប្រកាស​នេះ​ក៏​ស្របពេល​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា និង​ប្រទេស​មួយចំនួន​ក្នុង​តំបន់ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​អភិវឌ្ឍ​ទៅជា​អាណាចក្រ​មជ្ឈមណ្ឌល​ឆបោក ការ​ជួញដូរ​មនុស្ស បង្ខាំង​ជនរងគ្រោះ​ធ្វើ​ទារុណកម្ម ដើម្បី​បង្ខំ​ឱ្យ​ចូលរួម​ប្រព្រឹត្ត​អំពើ​ឆបោក​យក​ប្រាក់​ពី​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភពលោក។

ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ហៅ​កាត់​ថា (UNODC) បញ្ជាក់​ថា ការ​ជួញដូរ​គ្រឿងញៀន អំពើ​ឆបោក​អន​ឡាញ អំពើ​ជួញដូរ​មនុស្ស ការ​លាង​លុយកខ្វក់ និង​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា កំពុង​ត្រូវ​បាន​បណ្ដាញ​ឧក្រិដ្ឋកម្ម​នៅ​អាស៊ីអាគ្នេយ៍​ចង់​ភ្ជាប់​រួមបញ្ចូល​គ្នា​ជា​ប្រព័ន្ធ​តែមួយ​។ ចំណែកឯ ការ​ជួញដូរ​មនុស្ស​នៅតែ​ជា​បញ្ហា​ធ្ងន់ធ្ងរ ដោយសារតែ​មនុស្ស​ជាច្រើន​ត្រូវ​បាន​ឧក្រិដ្ឋជន​បោក​បញ្ឆោត​ឱ្យទៅ​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ឆបោក​អន​ឡាញ និង​ត្រូវ​បាន​បង្ខំ​ឱ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ក្រោម​លក្ខខណ្ឌ​បំពាន​សិទ្ធិមនុស្ស​ឃោរឃៅ​។​អង្គការ​អន្តរជាតិ​មួយ​នេះ​រកឃើញថា ក្នុង​ឆ្នាំ​២០២៥ ប្រជាជន​នៅ​អាស៊ី​បូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី (Australia) និង​នូវែលហ្សេឡង់ (New Zealand) បាន​ខាតបង់​ប្រាក់​ជាង ១១៤​ពាន់​លាន​ដុល្លារ ដោយសារ​ការ​ឆបោក​តាម​អនឡាញ​របស់​ក្រុម​ឧក្រិដ្ឋជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ