កងកម្លាំងយោធារបស់ប្រទេសថៃ បានឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ យ៉ាងតិចណាស់ចំនួន ៦២៧ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀត នៅតាមបណ្ដោយព្រំដែន ចាប់តាំងពីកម្ពុជា និងថៃ មានបទឈប់បាញ់កាលពីចុងឆ្នាំ ២០២៥ មក។ នេះបើយោងតាមរូបថតពីផ្កាយរណប ដែលត្រូវបានផ្សព្វផ្សាយដោយអង្គការសិទ្ធិមនុស្សលីកាដូ។ ប្រភពដដែលបង្ហាញថា យោធាថៃនៅតែបន្តធ្វើសកម្មភាពដាក់បន្លាលួស ទូរកុងតឺន័រព័ទ្ធយកដី និងឈូសឆាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើននៅក្នុងទឹកដីកម្ពុជាជាច្រើនទីតាំង ហើយពួកគេកំពុងឈរជើងយ៉ាងរឹងមាំនៅលើទឹកដីកម្ពុជាដែលពួកគេចូលឈ្លានពានកាន់កាប់រហូតដល់សព្វថ្ងៃ។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






