

ខណៈការអនុវត្តច្បាប់ពុំមានប្រសិទ្ធភាពអ្នកឃ្លាំមើលបារម្ភថា បញ្ហាការរីករាលដាលគ្រឿងញៀននៅកម្ពុជា នឹងធ្វើឲ្យយុវជននិងកុមាររងគ្រោះកាន់តែច្រើន ខណៈការបង្ក្រាបរបស់អាជ្ញាធរពុំមានប្រសិទ្ធភាព និងមិនចំគោលដៅ។ អ្នកឃ្លាំមើល ទទួចឲ្យរដ្ឋាភិបាល វែកមុខរកមេក្លោងធំដែលនាំចូល និងបណ្ដាញរបស់ក្រុមឧក្រឹដ្ឋទាំងនោះជាជាងការបង្ក្រាបលើអ្នកប្រើប្រាស់ ដែលភាគច្រើនសុទ្ធសឹងជាយុវជនក្មេងៗ។
អ្នកឃ្លាំមើលបារម្ភថា បញ្ហាគ្រឿងញៀនដែលរីករាលដាលកាន់តែខ្លាំងលើយុវជន និងជាពិសេសលើកុមារ អាចបង្កភាពវឹកវរដល់សង្គមជាតិ បាត់បង់ធនធានមនុស្សដែលអាចជួយដល់សង្គម និងការកើនឡើងនៃអំពើហិង្សា កាប់ចាក់ ក្នុងសង្គម និងគ្រួសារ ដោយសារការប្រើប្រាស់គ្រឿងញៀន។ ពួកគាត់បារម្ភទៀតថា ការប្រើប្រាស់គ្រឿងញៀន ឬសារធាតុញៀន នៅតាមដងផ្លូវសាធារណៈ ក្លាយជារឿងធម្មតានាពេលអនាគត ដោយសារការអនុវត្តច្បាប់ទន់ខ្សោយ និងអំពើពុករលួយជាដើម។
ការបារម្ភនេះ គឺក្រោយពេលមានការបែកធ្លាយវីដេអូជាច្រើនលើបណ្ដាញសង្គម ពីយុវជនក្មេងៗការប្រើប្រាស់គ្រឿងញៀន ឬសារធាតុញៀន ដែលអាចធ្វើឲ្យយុវជនបាត់បង់ស្មារតីលែងជាម្ចាស់ការលើខ្លួនឯងជាដើម។
វីដេអូមួយដែលត្រូវបានគេចែកចាយព្រោងព្រាតលើបណ្ដាញសង្គម បង្ហាញពីកុមារា ម្នាក់វ័យចន្លោះ១២ទៅ១៤ឆ្នាំ ត្រូវបានគេសង្ស័យថា បានប្រើប្រាស់សារធាតុញៀនប្រភេទCVD ហើយដើរតាមផ្លូវទាំងខ្លួនញាប់ញ័រ និងវង្វេងស្មារតី។
ករណីស្រដៀងគ្នា ក៏មានការបង្ហោះចែកចាយក្នុងបណ្ដាញសង្គមពីយុវតីជាច្រើន បានប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់មួយ និងបានបង្ហោះជាសាធារណៈដោយមិនខ្លាចរអានិងសមត្ថកិច្ចឡើយ។ ករណីនេះ កើតឡើងក្នុងខេត្តព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបរួចរាល់កាលពីថ្ងៃទី៩ ខែសីហា។
ជុំវិញរឿងនេះ ប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសជប៉ុនអ្នកស្រី មូរី បូរ៉ា ថ្លែងថា អ្នកស្រីសោកស្តាយ និងអាណិតដល់យុវជនក្មេងៗដែលជាសសរទ្រូងនៃជាតិ ត្រូវបានពង្វក់ដោយសារគ្រឿងញៀនទៅវិញ។
អ្នកស្រីទទូចឲ្យលោក ហ៊ុន ម៉ាណែត ផ្លាស់ប្តូរមន្ត្រីដែលអសមត្ថភាពក្នុងការបង្ក្រាបបញ្ហាគ្រឿងញៀនចេញ ហើយចាត់មន្ត្រីដែលមានសមត្ថភាពជាងនេះមកធ្វើការវិញ ដើម្បីសង្គ្រោះយុវជនរងគ្រោះទាំងនោះ។
អ្នកស្រី មូរី បូរ៉ា៖ «យើងឃើញស្រាប់ហើយនៅលើបណ្តាញសង្គម ទាំងប្រុសទាំងស្រីក្មេងៗ ជក់ផងអីផង អត់បានរៀនសូត្របានធ្វើការអីទេ ពិបាកៗភ្នែកមើលមែនទែន! ហ្នឹងវាក៏ជាការបង្ក… អសន្តិសុខ ហើយវាក៏បំផ្លាញនូវប្រទេសជាតិយើង មិនបាច់ទៅធ្វើអីទេ បំផ្លាញតែមនុស្សឱ្យតែវក់វីទៅនឹងគ្រឿងញៀនហ្នឹងទៅ! បញ្ហាគ្រួសារ បញ្ហាជីវភាព វាក៏ត្រូវបាត់បង់… បាត់បង់ទាំងអស់ គ្មានភាពអៀនខ្មាស… ប្រើភាសា ទង្វើ អសីលធម៌ ចេញមកអាសអាភាសពេញសង្គមយើងហ្នឹង! បើមិនមានវិធានការក្នុងការគ្រប់គ្រងលើការប្រើប្រាស់គ្រឿងញៀនទេ គ្រឿងញៀនហ្នឹងវានឹងធ្វើឱ្យបំផ្លាញនូវធនធានយុវជន»។
ចំណែក អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា វិញ លោកឲ្យអាស៊ីសេរីដឹងថា កង្វះប្រព័ន្ធផ្សព្វផ្សាយ អប់រំ និងការអនុវត្តច្បាប់មិនបានតឹងរ៉ឹង ធ្វើឲ្យយុវជនងាយរងគ្រោះ ហើយយុវជនទាំងនោះក៏ជាជនរងគ្រោះរបស់មេក្លោងធំនៃបណ្ដាញជួញដូរគ្រឿងញៀនធំៗ និងអំពើពុករលួយរបស់មន្ត្រី ឬឈ្មួញធំៗទាំងនោះ។ លោកថា ផលប៉ះពាល់មិនមែនត្រឹមតែមួយថ្ងៃនោះទេ ប៉ុន្តែយុវជនដែលសេពគ្រឿងញៀនទាំងនោះអាចបោះបង់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលចោលផងដែរ។
លោក ប៉ោ មករា៖ «យើងដឹងហើយថា បញ្ហាគ្រឿងញៀន បញ្ហាគ្រឿងស្រវឹងទាំងអស់នេះ នេះជាអ្វីដែលប៉ះពាល់យូរអង្វែងសម្រាប់ប្រទេសជាតិ សម្រាប់ប្រជាជនកម្ពុជាផ្ទាល់ហ្មងណា។ អ្វីដែលរដ្ឋាភិបាលគួរតែមានវិធានការហ្នឹង គឺសំខាន់ហ្នឹងគឺផ្ដោតទៅលើការដែលលុបបំបាត់ការជួញដូរគ្រឿងញៀនហ្នឹង ឱ្យជាទ្រង់ទ្រាយធំណា។ មើលទៅលើតើអ្នកណាជាអ្នកជួញដូរ អ្នកណាដែលពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀនហ្នឹង ជាជាងចាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ហ្នឹងយកមកអប់រំ យកមកកែប្រែ ហើយលែងទៅវិញហ្នឹង ហើយក្រោយមួយឆ្នាំពីរឆ្នាំមក គាត់ប្រព្រឹត្តនូវការជួញដូរ ឬក៏ប្រព្រឹត្តនូវប្រើគ្រឿងញៀនជាបន្តបន្ទាប់ទៀត»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បីសួរនាំបន្ថែមបានទេ នៅថ្ងៃទី១៨ ខែសីហា នេះ ដោយទូរស័ព្ទចុចមិនចូល។
ទាក់ទងរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី មានប្រសាសន៍ថា ទោះបីមានយុទ្ធនាការ មានការចាប់ខ្លួន និងមានការរឹបអូសគ្រឿងញៀនជាបន្តបន្ទាប់ក៏ដោយ ការប្រើប្រាស់ និងការជួញដូរនៅតែអាចមើលឃើញនៅតាមសហគមន៍ និងតាមបណ្តាញសង្គម។ បញ្ហានេះបង្ហាញថា ការអនុវត្តកន្លងមកហាក់ផ្តោតច្រើនតែលើការបង្ក្រាបអ្នកប្រើប្រាស់ និងអ្នកចែកចាយតូចៗ ខណៈបណ្ដាញធំៗ អ្នកផ្គត់ផ្គង់ និងអ្នកដែលនៅពីក្រោយអាជីវកម្មនេះមិនបានបង្ហាញឱ្យសាធារណជនឃើញឡើយ។
លោក សេង វណ្ណលី៖ «ការប្រឆាំងគ្រឿងញៀន អឺមិនអាចរង់ចាំរហូតដល់ក្មេងញៀនហើយទើបចាប់ខ្លួន ឬក៏បញ្ជូនទៅមណ្ឌលកែប្រែនោះទេ។ រដ្ឋត្រូវមានប្រព័ន្ធអប់រំ និងតាមដានហានិភ័យនៅក្នុងសាលារៀន សហគមន៍គ្រឿងញៀន ដោយមានប្រឹក្សាផ្លូវចិត្ត និងសេវាព្យាបាលក្មេងអាចចូលប្រើប្រាស់បាន។ បើរដ្ឋប្រើតែវិធានការបង្ក្រាបដោយកម្លាំង ហើយខ្វះការការពារ ការអប់រំ ក៏ដូចជាការស្តារនីតិសម្បទា នោះបញ្ហានឹងត្រឡប់មកវិញជាបន្តបន្ទាប់។ ការវាស់ប្រសិទ្ធភាពមិនគួរមើលតែចំនួនអ្នកចាប់ទេ តែត្រូវមើលថា តើក្មេងចូលដល់គ្រឿងញៀនបានតិចជាងមុនដែរឬទេ បណ្តាញធំៗត្រូវបានបំបែកដែរឬទេ និងសហគមន៍មានសុវត្ថិភាពកម្រិតណា?»
កាលពីថ្ងៃទី២១ ខែកក្កដា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បាន ចូលរួមដុតបំផ្លាញគ្រឿងញៀនជាង ៥តោន ដែលសមត្ថកិច្ចរឹបអូសបានកន្លងមក។ ការដុតបំផ្លាញនេះ ប្រារព្ធធ្វើជានិមិត្តរូប ក្នុងពេលលោក ស សុខា ចូលរួមក្នុង ពិធីអបអរ«ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀនខុសច្បាប់» នៅស្រុកពញាឮ ខេត្តកណ្ដាល។
ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសបានចំនួន៧០៦៥ករណី និងឃាត់ខ្លួនបានចំនួនជិត ១ម៉ឺន ៩ពាន់នាក់(១៨៦៧៩នាក់) ក្នុងនោះមានស្រីចំនួនជិត១ពាន់៣រយនាក់ (១២៩៣នាក់)៕









