

ការចំណាយលុយដ៏ច្រើនសន្ធឹករៀបចំពិធីភ្ជាប់ពាក្យដ៏ធំសម្បើមរបស់កូនប្រុសមេយោធាផ្កាយបី ដែលគ្រប់គ្រងឃ្លាំងលុយក្រសួងការពារជាតិ គឺលោក ម៉ឹង ពន្លក ដែលមានភរិយាកាន់កាប់ក្រុមហ៊ុនស្រាបៀ ហនុមាន (Hanuman Beer) ផងនោះ កំពុងរងការរិះគន់ថា ទំនងជាទ្រព្យសម្បត្តិដែលបានមកពីអំពើពុករលួយ ការរំលោភអំណាច និងអាជីវកម្មបែបបំពុលសង្គម។ មន្ត្រីរដ្ឋាភិបាលក្រៅប្រទេសលើកឡើងថា មានតែក្រុមមេដឹកនាំក្នុងប្រទេសផ្ដាច់ការដូចជាកម្ពុជាប៉ុណ្ណោះ ដែលចូលចិត្តបង្អួតសម្ញែងទ្រព្យសម្បត្តិ ដើម្បីបញ្ឈឺចិត្តពលរដ្ឋ និងមិនគិតគូរពីសីលធម៌សង្គម ខណៈប្រទេសជាតិកំពុងរងការឈ្លានពាន កងទ័ពខ្វះស្បៀង និងប្រជាពលរដ្ឋមួយចំនួនគ្មានទីជម្រក។
ពិធីភ្ជាប់ពាក្យ ឬមង្គលការរបស់កូនចៅអ្នកធំ និងអ្នកមានអំណាចនៅកម្ពុជាសព្វថ្ងៃហាក់លែងសូវផ្ដោតបង្ហាញនូវវប្បធម៌ និងប្រពៃណីខ្មែរទៀតហើយ។ ផ្ទុយទៅវិញ ក្រុមគ្រួសារអភិជន និងអ្នកមានអំណាចទាំងនេះបានយកកម្មវិធីភ្ជាប់ពាក្យ ឬមង្គលការរបស់កូនចៅពួកគេ ដើម្បីផ្ដោតលើការបង្ហាញអំណាច និងប្រកួតប្រជែងសម្ញែងទ្រព្យសម្បត្តិមាសពេជ្រដាក់គ្នា ទោះបីជាក្នុងស្ថានភាពសេដ្ឋកិច្ចពលរដ្ឋកំពុងវេទនា ប្រទេសជាតិរងការឈ្លានពាន និងគ្មានស្បៀងអាហារគ្រប់គ្រាន់សម្រាប់ទាហានជួរមុខក៏ដោយ។
ជាក់ស្ដែង ក្នុងពិធីភ្ជាប់ពាក្យថ្មីៗនេះរបស់កូនប្រុសពៅម្ចាស់ក្រុមហ៊ុនស្រាបៀហនុមាន លោក ផន មុតច័ន្ទឧត្តម ដែលគេស្គាល់ឈ្មោះក្រៅថា អ៊ីរីក (Erich) ជាមួយកូនស្រីអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង (Chip Mong) លោក លាង ហួង គឺកញ្ញា អ៊ឹង នីខូល ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម និងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារភាពប្រណិតហួសធម្មតា និងការបង្អួតសម្ញែងមាសពេជ្រកែវកងរបស់ក្រុមគ្រួសារអភិជនចូលរួមក្នុងកម្មវិធី។
ពិធីដ៏ធំសម្បើមនេះ ក៏មានវត្តមានសមាជិក និងសាច់ញាតិមួយចំនួននៃគ្រួសារត្រកូល ហ៊ុន និងមន្ត្រីជាន់ខ្ពស់គ្រាក់ៗមួយចំនួនចូលរួមផងដែរ។ ការសម្ញែងបង្អួតមាសពេជ្រ សម្ភារៈប្រណិតៗអ្នកមានអំណាច និងការរៀបចំពិធីភ្ជាប់ពាក្យដ៏ប្រណិតរបស់កូនមេយោធា លោក ម៉ឹង ពន្លក ដែលគ្រប់គ្រងឃ្លាំងលុយក្រសួងការពារជាតិនេះធ្វើឡើង ក្នុងពេលដែលប្រជាពលរដ្ឋរាប់ម៉ឺននាក់កំពុងភៀសខ្លួនដោយសារសង្គ្រាម និងគ្មានទីជម្រកសមរម្យ ខណៈកងទ័ពជួរមុខកំពុងខ្វះខាតស្បៀងអាហារ ទឹកស្អាត ថ្នាំសង្កូវ និងយុទ្ធោបករណ៍។
លោក ម៉ឹង ពន្លក គឺជាមន្ត្រីយោធាផ្កាយពាក់ផ្កាយបីកាន់តួនាទីជាអគ្គនាយកអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងការពារជាតិ បន្តវេនពីឪពុករបស់លោក គឺលោក ម៉ឹង សំផន។ ចំណែក ភរិយា របស់លោកគឺអ្នកស្រី ខៀវ សស៊ីលៀប ជាអគ្គនាយិកាក្រុមហ៊ុនស្រាបៀ ហនុមាន និងមានដៃគូជំនួញជាច្រើនជាមួយអ្នកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។ ពិធីមង្គលការរបស់កូន លោក ម៉ឹង ពន្លក គឺលោក ផន មុតសុក្រឆពណ្ណ ហៅ រីកឈី ជាមួយអ្នកស្រី តាំង ប៉ោហ្គិច កូនស្រី ឧកញ៉ា តាំង គីមថុង កន្លងទៅក៏រៀបចំឡើងដ៏ប្រណិត និងផ្ដោតការបង្អួតសម្ញែងទ្រព្យរបស់អ្នកមានអំណាចផងដែរ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកក្រុមជំនាញប្រឆាំងអំពើពុករលួយនៃរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក ទេព មនោរម្យ លើកឡើងថា ទ្រព្យសម្បត្តិមេយោធាផ្កាយពាក់ផ្កាយបីលោក ម៉ឹង ពន្លក ដែលរៀបចំពិធីភ្ជាប់ពាក្យកូនដ៏ធំសម្បើមនេះទំនងមកបានមកពីអំពើពុករលួយ ការរំលោភអំពើ និងរបរអាជីវកម្មកេងប្រវ័ញ្ចញើសឈាមពលរដ្ឋ។ លោកបន្តថា អំពើពុករលួយនៅកម្ពុជាគឺមិនអាចដោះស្រាយបានឡើយ ដោយសារតែប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន សម្រាប់បែងចែងឱ្យក្រុមបក្ខពួកកាន់តំណែងក្នុងស្ថាប័នរដ្ឋសំខាន់ៗតវង្សត្រកូល។
លោក ទេព មនោរម្យ ចាត់ទុកការរៀបចំពិធីភ្ជាប់ពាក្យយ៉ាងអធិកអធមរបស់កូនប្រុសមេយោធា និងការសម្ញែងទ្រព្យរបស់អ្នកមានអំណាចនៅកម្ពុជានេះ ឆ្លុះបញ្ចាំងកង្វះក្រមសីលធម៌ គុណធម៌ និងជាការបញ្ឈឺចិត្តសម្រាប់ពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខនៅតាមព្រំដែនដែលកំពុងរស់នៅវេទនា គ្មានស្បៀងអាហារហូបចុកគ្រប់គ្រាន់ ដើម្បីតវ៉ាខ្មាំងសត្រូវឈ្លានពានទឹកដីខ្មែរ។
លោក ទេព មនោរម្យ៖ «យើងមើលឃើញប្រជាពលរដ្ឋកំពុងតែធ្លាក់ចូលនៅក្នុងភាពក្រីក្រ វិបត្តិសេដ្ឋកិច្ចអត់មានការងារធ្វើ ហើយសង្គ្រាមគំរាមធ្វើឱ្យបាត់បង់ទឹកដីទៀត ហើយទ័ពជាតិគ្មានថវិកានៅក្នុងការទិញសព្វាវុធមានសព្វាវុធច្បាំង រកតែស្បៀងមិនបានផង រីឯមេទ័ពពាក់ផ្កាយបី ការកូនចំណាយលុយអស់រាប់ម៉ឺនដុល្លារអធិកអធមយ៉ាងនេះ ច្បាស់ជារងនូវការរិះគន់ពីប្រជាពលរដ្ឋ និងមហាជនខ្លាំងធំធេងណាស់។ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើង គេធ្វើហាក់បីដូចជាគ្មានអ្វីមានកើតឡើងឡើយ។ រឿងដែលមិនធម្មតា វាក្លាយទៅជា រឿងធម្មតា។ រឿងហ្នឹងគឺរឿងមិនធម្មតាទេ ដែលយើងបង្អួតទ្រព្យសម្បត្តិ ហើយយើងធ្វើការកូនចៅអធិកអធម នៅពេលដែលជនភៀសខ្លួននៅក្នុងប្រទេសជាង ២ម៉ឺន ៥ពាន់នាក់ ដែលគាត់បាត់បង់ជម្រក បាត់បង់ទឹកដី កងទ័ពក្នុងសមរភូមិ រកតែបាយហូបស្ទើរតែមិនបានផង យើងធ្វើរបៀបហ្នឹងគឺប៉ះពាល់ដល់សតិអារម្មណ៍កងទ័ពផង ហើយបាត់បង់នូវក្រមសីលធម៌ជាមនុស្ស ជាអ្នកដឹកនាំនៅក្នុងសង្គមមួយផង»។
ការរៀបចំពិធីភ្ជាប់ពាក្យ ឬមង្គលការរបស់អ្នកកូនចៅអ្នកមានអំណាច ដើម្បីបង្អួតសម្ញែងទ្រព្យសម្បត្តិដាក់គ្នានេះមិនមែនជារឿងថ្មីឡើយ។ កន្លងទៅ មង្គលការកូនស្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន និងឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា ក៏បានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីរៀបចំពិធីដ៏ប្រណិត ខណៈកម្ពុជាជាប្រទេសក្រីក្រ និងមានពលរដ្ឋវ័ណ្ឌកដោយសារបញ្ហាបំណុល៕









