មន្ត្រី​គ្រប់គ្រង​ឃ្លាំង​លុយ​ក្រសួង​ការពារជាតិ លោក ម៉ឹង ពន្លក សម្ញែង​ទ្រព្យ​ពេល​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​កូនប្រុស

0
127
ពិធី​ភ្ជាប់ពាក្យ​ដ៏​ធំ​សម្បើម​របស់​កូនប្រុស​មេ​យោធា​ផ្កាយ​បី ដែល​គ្រប់គ្រង​ឃ្លាំង​លុយ​ក្រសួងការពារជាតិ គឺ​លោក ម៉ឹង ពន្លក ដែល​មាន​ភរិយា​កាន់កាប់​ក្រុមហ៊ុន​ស្រាបៀ ហនុមាន (Hanuman Beer) កាលពីថ្ងៃទី១៧ ខែ​សីហា ២០២៦។ រូប៖ គេហទំព័រ​millionstimes
ពិធី​ភ្ជាប់ពាក្យ​ដ៏​ធំ​សម្បើម​របស់​កូនប្រុស​មេ​យោធា​ផ្កាយ​បី ដែល​គ្រប់គ្រង​ឃ្លាំង​លុយ​ក្រសួងការពារជាតិ គឺ​លោក ម៉ឹង ពន្លក ដែល​មាន​ភរិយា​កាន់កាប់​ក្រុមហ៊ុន​ស្រាបៀ ហនុមាន (Hanuman Beer) កាលពីថ្ងៃទី១៧ ខែ​សីហា ២០២៦។ រូប៖ គេហទំព័រ​millionstimes

ការ​ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹក​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​ដ៏​ធំ​សម្បើម​របស់​កូនប្រុស​មេ​យោធា​ផ្កាយ​បី ដែល​គ្រប់គ្រង​ឃ្លាំង​លុយ​ក្រសួងការពារជាតិ គឺ​លោក ម៉ឹង ពន្លក ដែល​មាន​ភរិយា​កាន់កាប់​ក្រុមហ៊ុន​ស្រាបៀ ហនុមាន (Hanuman Beer) ផង​នោះ កំពុង​រង​ការ​រិះគន់​ថា ទំនងជា​ទ្រព្យសម្បត្តិ​ដែល​បាន​មកពី​អំពើពុករលួយ ការរំលោភ​អំណាច និង​អាជីវកម្ម​បែប​បំពុលសង្គម​។ មន្ត្រី​រដ្ឋាភិបាល​ក្រៅប្រទេស​លើកឡើង​ថា មានតែ​ក្រុម​មេដឹកនាំ​ក្នុង​ប្រទេស​ផ្ដាច់ការ​ដូចជា​កម្ពុជា​ប៉ុណ្ណោះ ដែល​ចូលចិត្ត​បង្អួត​សម្ញែង​ទ្រព្យសម្បត្តិ ដើម្បី​បញ្ឈឺចិត្ត​ពលរដ្ឋ និង​មិន​គិតគូរ​ពី​សីលធម៌​សង្គម ខណៈ​ប្រទេសជាតិ​កំពុង​រង​ការឈ្លានពាន កងទ័ព​ខ្វះ​ស្បៀង និង​ប្រជាពលរដ្ឋ​មួយចំនួន​គ្មាន​ទីជម្រក។

ពិធី​ភ្ជាប់ពាក្យ ឬ​មង្គលការ​របស់​កូនចៅ​អ្នកធំ និង​អ្នកមាន​អំណាច​នៅ​កម្ពុជា​សព្វថ្ងៃ​ហាក់​លែង​សូវ​ផ្ដោត​បង្ហាញ​នូវ​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​ទៀតហើយ​។ ផ្ទុយទៅវិញ ក្រុម​គ្រួសារ​អភិជន និង​អ្នក​មាន​អំណាច​ទាំងនេះ​បាន​យក​កម្មវិធី​ភ្ជាប់ពាក្យ ឬ​មង្គលការ​របស់​កូនចៅ​ពួកគេ ដើម្បី​ផ្ដោត​លើ​ការ​បង្ហាញ​អំណាច និង​ប្រកួតប្រជែង​សម្ញែង​ទ្រព្យសម្បត្តិ​មាស​ពេជ្រ​ដាក់គ្នា ទោះបីជា​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ពលរដ្ឋ​កំពុង​វេទនា ប្រទេសជាតិ​រង​ការឈ្លានពាន និង​គ្មាន​ស្បៀងអាហារ​គ្រប់គ្រាន់​សម្រាប់​ទាហាន​ជួរមុខ​ក៏ដោយ។

ជាក់ស្ដែង ក្នុង​ពិធី​ភ្ជាប់​ពាក្យ​ថ្មីៗ​នេះ​របស់​កូនប្រុស​ពៅ​ម្ចាស់​ក្រុមហ៊ុនស្រាបៀ​ហនុមាន លោក ផន មុតច័ន្ទឧត្តម ដែល​គេ​ស្គាល់ឈ្មោះ​ក្រៅ​ថា អ៊ី​រីក (Erich) ជាមួយ​កូនស្រី​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) លោក លាង ហួង គឺ​កញ្ញា អ៊ឹង នីខូល ត្រូវ​បាន​រៀបចំឡើង​យ៉ាង​អធិកអធម និង​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​សារភាព​ប្រណិត​ហួស​ធម្មតា និង​ការ​បង្អួត​សម្ញែង​មាស​ពេជ្រ​កែវកង​របស់​ក្រុម​គ្រួសារ​អភិជន​ចូលរួម​ក្នុង​កម្មវិធី។

ពិធី​ដ៏​ធំ​សម្បើម​នេះ ក៏​មាន​វត្តមាន​សមាជិក និង​សាច់ញាតិ​មួយចំនួន​នៃ​គ្រួសារ​ត្រកូល ហ៊ុន និង​មន្ត្រីជាន់ខ្ពស់​គ្រាក់ៗ​មួយចំនួន​ចូលរួម​ផង​ដែរ​។ ការ​សម្ញែង​បង្អួត​មាស​ពេជ្រ សម្ភារៈ​ប្រណិតៗ​អ្នក​មាន​អំណាច និង​ការរៀបចំ​ពិធី​ភ្ជាប់ពាក្យ​ដ៏​ប្រណិត​របស់​កូន​មេ​យោធា លោក ម៉ឹង ពន្លក ដែល​គ្រប់គ្រង​ឃ្លាំង​លុយ​ក្រសួងការពារជាតិ​នេះ​ធ្វើឡើង ក្នុងពេលដែល​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​កំពុង​ភៀសខ្លួន​ដោយសារ​សង្គ្រាម និង​គ្មាន​ទីជម្រក​សមរម្យ ខណៈ​កងទ័ព​ជួរមុខ​កំពុង​ខ្វះខាត​ស្បៀងអាហារ ទឹក​ស្អាត ថ្នាំសង្កូវ និង​យុទ្ធោបករណ៍។

លោក ម៉ឹង ពន្លក គឺជា​មន្ត្រី​យោធា​ផ្កាយ​ពាក់​ផ្កាយ​បី​កាន់​តួនាទី​ជា​អគ្គនាយក​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួងការពារជាតិ បន្តវេន​ពី​ឪពុក​របស់​លោក គឺ​លោក ម៉ឹង សំផន។ ចំណែក ភរិយា របស់​លោក​គឺ​អ្នកស្រី ខៀវ សស៊ីលៀប ជា​អគ្គនាយិកា​ក្រុមហ៊ុនស្រាបៀ ហនុមាន និង​មាន​ដៃគូ​ជំនួញ​ជាច្រើន​ជាមួយ​អ្នកស្រី ហ៊ុន ម៉ា​ណា កូនស្រី​របស់​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន​។ ពិធីមង្គលការ​របស់​កូន លោក ម៉ឹង ពន្លក គឺ​លោក ផន មុតសុក្រឆពណ្ណ ហៅ រីកឈី ជាមួយ​អ្នកស្រី តាំង ប៉ោហ្គិច កូនស្រី ឧកញ៉ា តាំង គីមថុង កន្លង​ទៅ​ក៏​រៀបចំឡើង​ដ៏​ប្រណិត និង​ផ្ដោត​កា​របង្អួត​សម្ញែង​ទ្រព្យ​របស់​អ្នក​មាន​អំណាច​ផង​ដែរ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​ក្រុម​ជំនាញ​ប្រឆាំង​អំពើពុករលួយ​នៃ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក ទេព មនោ​រម្យ លើកឡើង​ថា ទ្រព្យសម្បត្តិ​មេ​យោធា​ផ្កាយ​ពាក់​ផ្កាយ​បី​លោក ម៉ឹង ពន្លក ដែល​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​កូន​ដ៏​ធំ​សម្បើម​នេះ​ទំនង​មក​បាន​មក​ពី​អំពើពុករលួយ ការរំលោភ​អំពើ និង​របរ​អាជីវកម្ម​កេងប្រវ័ញ្ច​ញើស​ឈាម​ពលរដ្ឋ​។ លោក​បន្ត​ថា អំពើពុករលួយ​នៅ​កម្ពុជា​គឺ​មិនអាច​ដោះស្រាយ​បាន​ឡើយ ដោយសារតែ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន សម្រាប់​បែង​ចែង​ឱ្យ​ក្រុម​បក្ខពួក​កាន់​តំណែង​ក្នុង​ស្ថាប័នរដ្ឋ​សំខាន់ៗ​ត​វង្ស​ត្រកូល​។​

លោក ទេព មនោរម្យ ចាត់ទុក​ការរៀបចំ​ពិធី​ភ្ជាប់ពាក្យ​យ៉ាង​អធិកអធម​របស់​កូនប្រុស​មេ​យោធា និង​ការ​សម្ញែង​ទ្រព្យ​របស់​អ្នកមាន​អំណាច​នៅ​កម្ពុជា​នេះ ឆ្លុះបញ្ចាំង​កង្វះ​ក្រមសីលធម៌ គុណធម៌ និង​ជា​ការ​បញ្ឈឺចិត្ត​សម្រាប់​ពលរដ្ឋ​ភៀស​សឹក និង​កងទ័ព​ជួរមុខ​នៅ​តាម​ព្រំដែន​ដែល​កំពុង​រស់នៅ​វេទនា គ្មាន​ស្បៀងអាហារ​ហូបចុក​គ្រប់គ្រាន់ ដើម្បី​តវ៉ា​ខ្មាំងសត្រូវ​ឈ្លានពាន​ទឹកដី​ខ្មែរ។

លោក ទេព មនោរម្យ៖ «​យើង​មើលឃើញ​ប្រជាពលរដ្ឋ​កំពុងតែ​ធ្លាក់​ចូល​នៅក្នុង​ភាព​ក្រីក្រ វិបត្តិ​សេដ្ឋកិច្ច​អត់​មាន​ការងារ​ធ្វើ ហើយ​សង្គ្រាម​គំរាម​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ទៀត ហើយ​ទ័ព​ជាតិ​គ្មាន​ថវិកា​នៅក្នុង​ការទិញ​សព្វាវុធ​មាន​សព្វាវុធ​ច្បាំង រកតែ​ស្បៀង​មិនបាន​ផង រីឯ​មេទ័ព​ពាក់​ផ្កាយ​បី ការកូន​ចំណាយ​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ​អធិកអធម​យ៉ាងនេះ ច្បាស់​ជា​រង​នូវ​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​មហាជន​ខ្លាំង​ធំធេង​ណាស់​។ ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង គេ​ធ្វើ​ហាក់បីដូចជា​គ្មានអ្វី​មាន​កើតឡើង​ឡើយ​។ រឿង​ដែល​មិនធម្មតា វា​ក្លាយទៅជា រឿង​ធម្មតា​។ រឿង​ហ្នឹង​គឺ​រឿង​មិនធម្មតា​ទេ ដែល​យើង​បង្អួត​ទ្រព្យសម្បត្តិ ហើយ​យើង​ធ្វើការ​កូនចៅ​អធិកអធម នៅពេល​ដែល​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​ជាង ២​ម៉ឺន ៥​ពាន់​នាក់ ដែល​គាត់​បាត់បង់​ជម្រក បាត់បង់​ទឹកដី កងទ័ព​ក្នុង​សមរភូមិ រកតែ​បាយ​ហូប​ស្ទើរតែ​មិនបាន​ផង យើង​ធ្វើ​របៀប​ហ្នឹង​គឺ​ប៉ះពាល់​ដល់​សតិអារម្មណ៍​កងទ័ព​ផង ហើយ​បាត់បង់​នូវ​ក្រមសីលធម៌​ជា​មនុស្ស ជា​អ្នកដឹកនាំ​នៅក្នុង​សង្គម​មួយ​ផង»។

ការរៀបចំ​ពិធី​ភ្ជាប់ពាក្យ ឬ​មង្គលការ​របស់​អ្នក​កូនចៅ​អ្នក​មាន​អំណាច ដើម្បី​បង្អួត​សម្ញែង​ទ្រព្យសម្បត្តិ​ដាក់គ្នា​នេះ​មិនមែន​ជា​រឿង​ថ្មី​ឡើយ​។ កន្លងទៅ មង្គលការ​កូនស្រី​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក អូន ព័ន្ធមុនីរ័ត្ន និង​ឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា ក៏បាន​ចំណាយ​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​រៀបចំ​ពិធី​ដ៏​ប្រណិត ខណៈ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ និង​មាន​ពលរដ្ឋ​វ័ណ្ឌក​ដោយសារ​បញ្ហា​បំណុល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ