ការវិវត្តនយោបាយថ្មីៗ នៅកម្ពុជា បានបង្កឲ្យមានសំណួរ និងការជជែកដេញដោលយ៉ាងក្តៅគគុកក្នុងចំណោមសាធារណជន។ ការបង្ហាញសញ្ញាខិតជិតគ្នារវាងអតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា និងលោក ហ៊ុន សែន ព្រមទាំងការតែងតាំងកូនស្រីរបស់លោក កឹម សុខា ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ និងបង្កឲ្យមានក្តីបារម្ភអំពីអនាគតនយោបាយកម្ពុជា។
អ្នកខ្លះ បានបង្ហាញការខកចិត្ត និងយល់ថា លោក ហ៊ុន សែន បានទទួលជោគជ័យក្នុងការបំបែកសំឡេងប្រឆាំង។ អ្នកខ្លះទៀតយល់ថា ស្ថានភាពនាពេលនេះ ប្រៀបដូចជាទឹកកាន់តែថ្លាឆ្វង់ ដែលធ្វើឲ្យគេអាចមើលឃើញបាត និងដឹងកាន់តែច្បាស់ថា អ្នកណាជាអ្នកណា ហើយអ្នកណាឈរនៅខាងណា។
សម្រាប់គណបក្សប្រឆាំង ដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេស តើការវិវត្តនយោបាយនេះ ប៉ះពាល់ដល់ស្មារតីអ្នកគាំទ្រ និងជំហរតស៊ូនយោបាយរបស់ពួកគេយ៉ាងណា? តើបក្សប្រឆាំងត្រូវមានយុទ្ធសាស្ត្របែបណា ដើម្បីរក្សាជំនឿទុកចិត្តពីប្រជាពលរដ្ឋ?
សូមលោក អ្នក នាង តាមដានវេទិកាអ្នកស្តាប់ទូទស្សន៍អាស៊ីសេរី ទាំងស្រុងដូចតទៅ។






