

គណបក្សនយោបាយចំនួន៥ ដាក់លិខិតទៅប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ឲ្យពិចារណា និងរុញសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងឃុំសង្កាត់ថ្មីទៅរដ្ឋសភាវិញ។ គណបក្សនយោបាយទាំងនោះយល់ឃើញថា វិសោធនកម្មច្បាប់ថ្មីនោះ ប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចមូលដ្ឋាន។ ការលើកឡើងនេះ គឺក្រោយពេលរដ្ឋសភាកម្ពុជា បានអនុម័តច្បាប់វិសោធនកម្មថ្មីចំនួន ៤ មាត្រាស្ដីពីការគ្រប់គ្រងឃុំសង្កាត់កាលពីថ្ងៃទី ២០ សីហា។
គណបក្សនយោបាយចំនួន៥ នៅថ្ងៃទី២៣ សីហា សម្តែងការមិនគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ គណបក្សទាំង៥នោះរួមមាន គណបក្ស ភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យជឿនលឿន គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ គណបក្សទាំងនោះ លើកឡើងនៅក្នុងលិខិតចំហស្នើសុំកិច្ចអន្តរាគមន៍ទៅប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថា សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ គឺផ្ទុយពីស្មារតីនៃរដ្ឋធម្មនុញ្ញ និងឆន្ទៈប្រជាធិបតេយ្យសេរីពហុបក្ស បាត់បង់តុល្យភាពអំណាច និងយន្តការត្រួតពិនិត្យផ្ទៃក្នុង ហើយប៉ះពាល់ដល់វប្បធម៌សហការ និងសាមគ្គីភាពជាតិ។
លិខិតចំហនេះ ធ្វើឡើង បន្ទាប់ពីរដ្ឋសភាជាតិកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ លើមាត្រាចំនួន ៤ គឺ មាត្រា ៣៣ មាត្រា ៣៤ មាត្រា ៣៥ និង មាត្រា ៣៨ ដែលបក្សកាន់អំណាចអះអាងថា គឺស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តពង្រឹងប្រសិទ្ធភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
ទោះជាយ៉ាងណា គណបក្សទាំង៥នេះ យល់ថា វត្តមានចម្រុះសមាសភាពមេឃុំនិងជំទប់មកពីគណបក្សផ្សេងគ្នា គឺជាយន្តការត្រួតពិនិត្យនិងទប់ទល់អំណាចដ៏សំខាន់ ដែលធានានូវតម្លាភាព គណនេយ្យភាព និងកាត់បន្ថយភាពមិនប្រក្រតីក្នុងការគ្រប់គ្រងថវិកា និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោក ខកចិត្តចំពោះការធ្វើវិសោធនកម្មច្បាប់នេះ ហើយថា ច្បាប់ថ្មីនេះ អាចបង្កឲ្យមានការក្តោបក្តាប់អំណាចផ្ដាច់មុខតែឯងសម្រាប់គណបក្សឈ្នះឆ្នោត ចំពោះមុខតំណែងដឹកនាំសំខាន់ៗនៅមូលដ្ឋាន ឃុំសង្កាត់ទាំងអស់។ លោកបន្តថា វិសោធនកម្មច្បាប់នេះ នឹងបង្កឲ្យមានការរើសអើងនយោបាយ និងខ្វះតម្លាភាពផងដែរ។
លោក លី សុធារ៉ាយុត្តិ៖ «ការធ្វើវិសោធនកម្ម ៤ មាត្រានៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ដោយរដ្ឋសភាជាតិថ្មីៗនេះ ពីព្រោះថាការធ្វើវិសោធនកម្មនៃច្បាប់នេះ គឺវាប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធអភិបាលកិច្ចនៅមូលដ្ឋាន។ យើងស្នើសុំឲ្យមានការពិគ្រោះយោបល់ជាមួយនឹងបណ្ដាគណបក្សនយោបាយ ក៏ដូចជាអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលមុននឹងសម្រេចធ្វើវិសោធនកម្មលើមាត្រាណាមួយ ឬក៏ច្បាប់ណាមួយ ដោយសភាជាតិ ដោយស្ថាប័នជាតិ»។
រីឯអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា បារម្ភថា ប្រសិនបើច្បាប់នេះចេញជាធរមាន វាអាចបង្កឲ្យមានអំពើពុករលួយ បក្ខពួកនិយមកាន់តែធ្ងន់ធ្ងរនៅមូលដ្ឋាន និងធ្វើឲ្យពលរដ្ឋរងគ្រោះច្រើនជាងមុន។ លោកបន្តថា វិសោធនកម្មច្បាប់នេះ នឹងធ្វើឲ្យពលរដ្ឋជាច្រើន បាត់បង់អត្ថប្រយោជន៍ជាច្រើនលើសេវាសាធារណៈមូលដ្ឋាន។ លោកថា ការប្រមូលផ្តុំអំណាចទៅលើគណបក្សតែមួយដែលឈ្នះឆ្នោត នោះគណបក្សនោះមិនអាចអនុវត្តការងារដោយមានតម្លាភាព ហើយពលរដ្ឋនឹងបាត់បង់ម្ចាស់សំឡេងឆ្នោតដែលពួកគេគាំទ្រ។
លោក ប៉ោ មករា៖ «ការដែលធ្វើលិខិតជាចំហនេះ មិនមែនសម្រាប់គណបក្សជឿនលឿនតែមួយទេ ឬក៏មិនមែនសម្រាប់តែគណបក្សទាំង ៥ ហ្នឹងទេណា។ អ៊ីចឹងឧទាហរណ៍ថា បើសិនជាបញ្ហាហ្នឹង គណបក្សប្រជាជន ដូចជាគណបក្សផ្សេងៗទៀត គាត់ចាញ់ឆ្នោត គាត់ទៅជាសំឡេងប្រឆាំង តើអ្វីជាផលលំបាកសម្រាប់គណបក្សទាំងអស់ហ្នឹង? មួយមួយទៀត តើអ្វីជាផលប្រយោជន៍សម្រាប់ប្រជាជននៅតាមអឺមូលដ្ឋានរបស់គាត់ហ្នឹង? អាហ្នឹង អាហ្នឹងជាបញ្ហាដែលមើលឃើញថ្ងៃនេះ សម្រាប់ថ្ងៃអនាគតទៅមុខទៀត គឺមិនមែនដើម្បីតែក្រុមបក្ស ៥ បក្សហ្នឹងទេ! កិច្ចការទាំងអស់ហ្នឹង វាត្រូវការចូលរួមពីប្រជាពលរដ្ឋ ដើម្បីធានាគណនេយ្យភាព ធានាតម្លាភាព ធានាឲ្យមានភាពសកម្មរបស់ប្រជាពលរដ្ឋចូលរួមក្នុងកិច្ចការនយោបាយ ក៏ដូចជាបញ្ចេញមតិទៅលើផលប្រយោជន៍ផ្ទាល់។ បើមិនអ៊ីចឹងទេ វានឹងប៉ះពាល់បន្ថែមទៀតណា វានឹងប៉ះពាល់ពាក់ព័ន្ធនឹងអំពើពុករលួយជាប្រព័ន្ធនៅតាមមូលដ្ឋានហ្នឹង»។
បន្ទាប់ពីសភា បានអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ធ្វើឲ្យមានប្រតិកម្មជាច្រើនទាំងប្រជាពលរដ្ឋ គណបក្សនយោបាយ និងសង្គមស៊ីវិល ដោយបារម្ភដូចៗគ្នាថា ច្បាប់ដែលបានធ្វើវិសោធនកម្មថ្មីនេះ មានបំណងប្រមូលផ្តុំតំណែងសំខាន់ៗទៅគណបក្សតែមួយ ធ្វើឱ្យបាត់បង់យន្តការត្រួតពិនិត្យ និងតុល្យភាពអំណាចក្នុងរដ្ឋបាលថ្នាក់ក្រោម និងហាក់ប្រែក្លាយការគ្រប់គ្រងថ្នាក់ក្រោមជាតិជាការពង្រីកអំណាចផ្ដាច់មុខជំនួសឱ្យការបម្រើផលប្រយោជន៍រួមរបស់ពលរដ្ឋគ្រប់និន្នាការ។
មាត្រា៣៣ នៃសេចក្តីព្រាងវិសោធនកម្មច្បាប់ថ្មីនេះ ចែងថា បញ្ជីបេក្ខជនណាមួយដែលបានសំឡេងឆ្នោត២ភាគ៣ នៃសំឡេងឆ្នោតសរុប នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវជ្រើសរើសសមាជិកក្រុមប្រឹក្សាពីក្នុងបញ្ជីបេក្ខជននោះ ឱ្យទទួលតំណែងជាមេឃុំចៅសង្កាត់ ជំទប់ទី១ឬចៅសង្កាត់រងទី១ និងជំទប់ទី២ឬចៅសង្កាត់រងទី២ តាមលំដាប់លេខរៀងបន្តបន្ទាប់។
មាត្រានេះ ផ្ទុយពីមាត្រា ៣៣ និង៣៤ចាស់ ដែលមាត្រា ៣៣ចាស់ ចែងថា ជំទប់ទី ១ ចៅសង្កាត់រងទី ១ ត្រូវជ្រើសរើសចេញពីបេក្ខជនដែលមានឈ្មោះលេខរៀងលើគេនៃបញ្ជីបេក្ខជនដែលទទួលបានសំឡេងឆ្នោតលំដាប់ទី ២។ ជំទប់ទី ២ ចៅសង្កាត់រងទី ២ ត្រូវជ្រើសរើសចេញពីបេក្ខជនដែលមានឈ្មោះលេខរៀងលើគេនៃបញ្ជីបេក្ខជនដែលទទួលបានសំឡេងឆ្នោតលំដាប់ទី ៣។
ចំណែក មាត្រា៣៤ ចាស់ ចែងថា បញ្ជីបេក្ខជនតែមួយដែលមានលក្ខណៈសម្បត្តិទទួលបានអាសនៈទាំងអស់ហើយឈ្នះឆ្នោតទាំងអស់ក្នុងក្រុមប្រឹក្សា នោះត្រូវឱ្យទទួលតំណែងជាមេឃុំ ឬចៅសង្កាត់ ជំទប់ទី ១ ឬចៅសង្កាត់រងទី ១ និងជំទប់ទី ២ ឬចៅសង្កាត់រងទី២។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ថ្លែងថា ការស្នើសុំរបស់គណបក្សនយោបាយ និងសង្គមស៊ីវិលទាំងនោះគឺជាការប្រើប្រាស់សិទ្ធិរបស់ពួកគាត់ក្នុងលទ្ធិប្រជាធិបតេយ្យ។ លោកថា ការស្នើសុំរបស់គណបក្សទាំងនោះ មិនមែនស្ថាប័នព្រឹទ្ធសភាត្រូវអនុវត្តតាមក្នុងការផ្អាកការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឃុំសង្កាត់ទាំង៤ចំណុចនោះៗទេ។ លោកទទូចឲ្យគណបក្សនយោបាយទាំងនោះគួរតែគោរពចំពោះមតិ និងគណបក្សនយោបាយផ្សេងទៀតផងដែរ ដែលគេគាំទ្រការសម្រេចនេះ។
លោក ជា ធីរិទ្ធ៖ «កុំគិតថាប្រជាធិបតេយ្យ ទាល់តែគេធ្វើតាមខ្លួន តាមសំណើរបស់ខ្លួន បានថា ឱ! ប្រជាធិបតេយ្យ! យើងខ្លួនឯងក៏គួរតែគោរពចំពោះមតិផ្សេងទៀត ឬក៏មតិភាគច្រើនទៀតឯណោះ ថា តើយើងបានគោរពចំពោះគេអត់? ឬក៏យើងថាទាល់តែស្នើទៅ ឲ្យបញ្ឈប់ ឲ្យធ្វើតាមខ្លួនទៅ អាហ្នឹងប្រជាធិបតេយ្យហើយ? ប៉ុន្តែយើងមិនគោរពចំពោះឆន្ទៈគេលើសលប់ផ្សេងទៀត ដែលគេ… តើគេផ្សេងទៀត គេមិនឈរលើស្មារតីប្រយោជន៍ជាតិទេ? តើមានតែក្រុម ឬក៏មានតែគណបក្សប៉ុន្មាន ដែលអនុវត្តបែបហ្នឹងបានស្រឡាញ់ប្រទេសជាតិ? អញ្ចឹងខ្ញុំគិតថា បើយើងជាអ្នកប្រជាធិបតេយ្យ យើងថា មាត់យើងថា យើងស្រឡាញ់ប្រជាធិបតេយ្យ គួរតែ កុំចេះតែចង់ឲ្យគេធ្វើតាមខ្លួនទៅ ទើបប្រជាធិបតេយ្យនោះ»។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី មានប្រសាសន៍ថា ក្នុងប្រព័ន្ធប្រជាធិបតេយ្យ ការឈ្នះសំឡេងភាគច្រើនមិនគួរយកអំណាចគ្រប់យ៉ាងទៅកាន់តែម្នាក់ឯងទេ គឺត្រូវ បែងចែកតួនាទី ការត្រួតពិនិត្យគ្នា និងការធានាថា សំឡេងរបស់អ្នកបោះឆ្នោតឲ្យគ្រប់គណបក្សនយោបាយទាំងអស់នោះត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួន។ លោកថា បញ្ហាធំបំផុតនៃការកែប្រែច្បាប់នេះ គឺការធ្វើឱ្យប្រព័ន្ធត្រួតពិនិត្យនៅថ្នាក់មូលដ្ឋានចុះខ្សោយ ដោយសារមិនមានការចូលរួមសួរដេញដោលពីគណបក្សដទៃ ការតាមដានថវិកា ការត្រួតពិនិត្យគម្រោង និងការរិះគន់ការសម្រេចចិត្ត អាចកាន់តែលំបាក។
លោក សេង វណ្ណលី បន្តថា គណបក្សប្រឆាំងអាចលំបាកកសាងមូលដ្ឋាននយោបាយប្រសិនច្បាប់នេះចេញជាធរមាន ហើយវានឹងប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មើភាពគ្នាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។
លោក សេង វណ្ណលី៖ «ច្បាប់បែបនេះ មិនគួរធ្វើអឺដោយរហ័សរហួន ឬក៏ឲ្យតែភាគីមានសំឡេងភាគច្រើន សម្រេចតែម្នាក់ឯងនោះទេ។ បើរដ្ឋាភិបាលប្រាកដជាយល់ថា ការកែច្បាប់នេះ មានគោលដៅល្អ វាគួរតែហ៊ានបើកការពិភាក្សាសាធារណៈ និងឆ្លើយសំណួររបស់អ្នកជំទាស់ដោយហេតុផល។ ការពិគ្រោះយោបល់មុនអនុម័ត មិនមែនជាការធ្វើឲ្យរដ្ឋាភិបាលចុះខ្សោយទេ ប៉ុន្តែវាជាវិធីធ្វើឲ្យច្បាប់មានភាពស្របច្បាប់ខ្លាំង និងមានទំនុកចិត្តពីសង្គមកាន់តែខ្លាំង។ ខ្ញុំយល់ថា លោក ហ៊ុន សែន គួរតែប្រើតួនាទីរបស់ព្រឹទ្ធសភាឲ្យមានន័យ មិនមែនគ្រាន់តែអនុម័តបន្តតាមរដ្ឋសភានោះទេ។ នៅពេលដែលមានគណបក្សជាច្រើនស្នើសុំឲ្យផ្អាក និងពិចារណាឡើងវិញ ព្រឹទ្ធសភាគួរតែស្តាប់ហេតុផលទាំងសងខាង។ បើការបើកសវនាការ ឬក៏ពិគ្រោះជាសាធារណៈ មិនសូវមានសារសំខាន់ ខ្ញុំគិតថា វាផ្ទុយពីប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ»។
ដោយឡែក គណបក្សកម្លាំងជាតិ កាលពីថ្ងៃទី២១ ខែសីហា ក៏បានចេញសេចក្តីថ្លែងការណ៍មួយមិនគាំទ្រលើសេចក្តីព្រាងវិសោធនកម្មច្បាប់នេះដែរ ហើយថា ច្បាប់ថ្មីនេះ គឺប៉ះពាល់ដល់ដំណើរការវិមជ្ឈការ ហើយគណបក្សប្រឆាំងតូចៗ ដែលកំពុងប្រឈមមុខនឹងសម្ពាធជុំទិស ការកាត់បន្ថយតំណែងជំទប់ និងការកែប្រែរូបមន្តបែងចែកនេះ នឹងធ្វើឱ្យសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋរាប់សែននាក់ដែលបានបោះឆ្នោតជូនគណបក្សភាគតិច ត្រូវបាត់បង់តំណាង និងគ្មានឥទ្ធិពលក្នុងការចូលរួមអភិវឌ្ឍន៍ និងការសម្រេចចិត្តនានាក្នុងឃុំ/សង្កាត់របស់ខ្លួន។។
ក្រោយប្រតិកម្មនេះ ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២២ ខែសីហា បានចេញសេចក្តីប្រកាស បំភ្លឺតបនឹងគណបក្សកម្លាំងជាតិ។ ក្រសួងមហាផ្ទៃថា ការធ្វើវិសោធនកម្មនេះ មិនបានកែប្រែប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈ ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានចែងកំណត់នៅក្នុងច្បាប់ស្ដីពីការបោះឆ្នោតឡើយ។ គណបក្សនយោបាយនីមួយៗនៅតែទទួលបានអាសនៈស្របតាមចំនួនសំឡេងឆ្នោតដែលខ្លួនទទួលបាន។ ក្រសួងមហាផ្ទៃបង្ហាញថា ការកែសម្រួលរូបមន្តកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ឱ្យសមស្របនឹងលទ្ធផលបោះឆ្នោត និងជាពិសេសស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយធ្វើឡើងដោយផ្អែកលើគោលការណ៍នីតិរដ្ឋ ការគោរពរដ្ឋធម្មនុញ្ញ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សជាដើម។ ក្រសួងបញ្ជាក់ថា ជារួមការធ្វើវិសោធនកម្មនេះមានគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន លើកកម្ពស់គុណភាពសេវាសាធារណៈ និងធានាឱ្យរដ្ឋបាលឃុំ សង្កាត់ អាចឆ្លើយតបបានកាន់តែរហ័ស និងមានប្រសិទ្ធភាពចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ បទបញ្ញត្តិថ្មីនឹងអនុវត្តចាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦តទៅ និងមិនប៉ះពាល់ដល់សមាសភាព ឬមុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ដែលស្ថិតក្នុងអាណត្តិបច្ចុប្បន្នឡើយ។
ទោះជាមានការបកស្រាយបែបនេះក្តី គណបក្សប្រឆាំង នៅតែស្នើសុំឲ្យប្រធានព្រឹទ្ធសភា ដែលមានលោក ហ៊ុន សែន ជាប្រមុខដឹកនាំ ផ្អាកដំណើរការច្បាប់វិសោធនកម្មថ្មីនោះ និងរុញទៅសភាជាតិកម្ពុជាវិញ ដោយរក្សាទុកនូវស្មារតីដើមច្បាប់ចាស់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ឆ្នាំ២០០១ ដើម្បីជាប្រយោជន៍ នៃលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងសាមគ្គីភាពជាតិនៅថ្នាក់មូលដ្ឋាន។ គណបក្សទាំងនោះអំពាវនាវឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត សហគមន៍ជាតិ និងអន្តរជាតិ បន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការប្រែប្រួលនៃប្រព័ន្ធច្បាប់ និងស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា និងដំណើរការនៃច្បាប់នេះដោយយកចិត្តទុកដាក់ ដើម្បីការពារសិទ្ធិ និងសំឡេងរបស់ខ្លួនផងដែរ៕









