

អតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា លោក ថូ សំណាង បានសារភាពប្រាប់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ថា លោក និងបក្ខពួក ២នាក់ទៀតបានលួចឯកសារទិដ្ឋាការសរុបជាង ១ម៉ឺន ២ពាន់សន្លឹក យកទៅលក់ឱ្យក្រុមឆបោកតាមអនឡាញ និងទទួលបានលុយប្រមាណ ៣លានដុល្លារអាមេរិក។ អ្នកឃ្លាំមើលលើកឡើងថា សំណុំរឿងអាស្រូវពុករលួយទ្រង់ទ្រាយធំនេះ មិនគួរបញ្ចប់ត្រឹមការសារភាពរបស់មន្ត្រី ៣រូបនោះទេ។ ពួកគាត់ទាមទារឱ្យស្ថាប័នមានសមត្ថកិច្ចបន្តស៊ើបអង្កេតឱ្យដល់មេខ្លោង អ្នកសមគំនិតផ្សេងទៀត និងអ្នកដែលបណ្ដែតបណ្ដោយឱ្យមានការលួចឯកសារទិដ្ឋាការរាប់ពាន់សន្លឹកយកទៅលក់ឱ្យក្រុមឆបោកតាមអនឡាញ។
សំណុំរឿងអំពើពុករលួយទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន គឺពាក់ព័ន្ធនឹងអតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស លោក ថូ សំណាង និងមន្ត្រីក្រោមឱវាទ ២នាក់ទៀត ដែលត្រូវបានចោទថា បានលួចយកទិដ្ឋាការប្រភេទ C និង CEX យ៉ាងហោចណាស់ ១ម៉ឺន ២ពាន់សន្លឹក ដើម្បីលក់ឱ្យក្រុមឧក្រិដ្ឋជនដែលប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឱ្យដឹងពីរបាយការណ៍ស៊ើបអង្កេតចុងក្រោយកាលពីថ្ងៃទី២៩ ខែសីហាថា អតីតអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេសគឺ លោក ថូ សំណាង រួមទាំងបក្ខពួក ២នាក់ទៀតគឺអនុប្រធានការិយាល័យគាំទ្រពលរដ្ឋខ្មែរឈ្មោះ ណុប រដ្ឋា និងម្នាក់ទៀតឈ្មោះ យស់ រ៉ាណេ ជាមន្ត្រីកិច្ចសន្យាក្នុងក្រសួងការបរទេស បានទទួលលុយប្រមាណ ៣លានដុល្លារអាមេរិកពីការលួចលក់ទិដ្ឋាការឱ្យក្រុមឆបោកតាមអនឡាញ។ លោក ថូ សំណាង បានសារភាពថា លោកតែឯងបានទទួលលុយប្រមាណ ៤៥ម៉ឺនដុល្លារពីការលក់ឯកសារទិដ្ឋាការខុសច្បាប់កាលពីឆ្នាំ២០២៥ និងបានដុតបំផ្លាញភស្តុតាងឯកសារទិដ្ឋាការ ចំនួន ៤ពាន់សន្លឹកដែលនៅសេសសល់ដល់មុននឹងត្រូវបានកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន។
ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយអះអាងថា បានទប់ស្កាត់លំហូរសាច់ប្រាក់ លោក ថូ សំណាង ជិត ១លានដុល្លារ (៩៨ម៉ឺនដុល្លារ) និងទឹកប្រាក់យ៉ាងហោចណាស់ ២៥ម៉ឺនដុល្លារទៀតពីក្រុមបក្ខពួកផ្សេងទៀត ក្រោយពួកគេបានលាងសម្អាតលុយដែលរកបានពីការលក់ទិដ្ឋាការឱ្យក្រុមឆបោកតាមអនឡាញ។ លោក ថូ សំណាង មានគណនីធនាគារចំនួន ៣៧៥ នៅធនាគារចំនួន ៧ ខុសៗគ្នាសម្រាប់ដាក់លុយដែលរកបានពីការលក់ទិដ្ឋាការឱ្យក្រុមឆបោកតាមអនឡាញសម្រាប់ស៊ីការប្រាក់មួយឆ្នាំ ៥ភាគរយ។ ACU បញ្ជាក់ថា លោក ថូ សំណាង និងបក្ខពួកគាត់ ២នាក់អាចលក់ទិដ្ឋាការប្រភេទ C និង CEX ទៅឱ្យបណ្ដាញក្រុមឆបោកតាមអនឡាញចន្លោះពី ៣រយដុល្លារ ទៅ ៦ពាន់ដុល្លារក្នុងមួយសន្លឹក។
ទិដ្ឋាការប្រភេទ C និង CEX ដែលចេញឱ្យប្រើប្រាស់ដោយក្រសួងការបរទេសកម្ពុជា គឺសន្លឹកឯកសារសម្រាប់ផ្ដល់ ជូនជនបរទេសដែលមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងសម្រាប់មន្ត្រីអង្គការក្រៅរដ្ឋាភិបាល (NGO) ពោលមិនមែនផ្ដល់សម្រាប់បម្រើដល់ជនអន្តោប្រវេសន៍ ឬជនបរទេសដែលធ្វើការនៅតាមកាស៊ីណូឡើយ។
ACU បញ្ជាក់ទៀតថា ក្រោយបញ្ចប់មុខតំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស កាលពីខែមេសា ឆ្នាំ២០២៦ លោក ថូ សំណាង និងបក្ខពួក ២នាក់ នៅតែលួចទិដ្ឋាការប្រភេទ C និង CEX ដើម្បីបន្តលក់ឱ្យក្រុមបណ្ដាញឆបោកតាមអនឡាញនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសលោក ថូ សំណាង និងបក្ខពួក ២នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនសំណុំរឿងទៅតុលាការកាលពីសប្ដាហ៍មុន និងត្រូវបានអយ្យការចោទប្រកាន់ចំនួន ៣បទល្មើសរួមមាន បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អះអាងថា កំពុងរៀបចំឯកសារភស្តុតាងពាក់ព័ន្ធ ដើម្បីស្នើសុំអយ្យការចោទប្រកាន់លើលោក ថូ សំណាង និងបក្ខពួកចំនួន ៣ បទល្មើសបន្ថែមទៀត។
ជុំវិញរឿងនេះ អ្នកជំនាញភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី លើកឡើងថា សំណុំរឿងរបស់លោក ថូ សំណាង ឆ្លុះបញ្ចាំងពីការអនុវត្តខ្វះចន្លោះប្រហោងធ្ងន់ធ្ងរក្នុងប្រព័ន្ធគ្រប់គ្រងទិដ្ឋាការ និងការត្រួតពិនិត្យមន្ត្រីនៅក្នុងស្ថាប័នរដ្ឋ។ លោកថា បញ្ហានេះមិនត្រឹមតែធ្វើឱ្យកម្ពុជារងភាពអាម៉ាស់នៅលើឆាកអន្តរជាតិប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់សន្តិសុខជាតិក្នុងការគ្រប់គ្រងអន្តោប្រវេសន៍ និងកេរ្តិ៍ឈ្មោះកម្ពុជាបន្ថែមទៀត។
លោក សេង វណ្ណលី ពន្យល់ថា ការលួចចែកចាយ និងលក់ទិដ្ឋាការរាប់ម៉ឺនសន្លឹករហូតដល់ទំហំទឹកប្រាក់ ៣លានដុល្លារ ជាធម្មតាត្រូវពាក់ព័ន្ធនឹងខ្សែសង្វាក់បញ្ជាជាច្រើន និងទំនងមានការរៀបចំជាប្រព័ន្ធដូចជា អ្នកមានសិទ្ធិចូលដំណើរការឯកសារ អ្នកសម្របសម្រួល និងអ្នកបង្កើតទំនាក់ទំនងតភ្ជាប់ទៅបណ្ដាញក្រុមឧក្រិដ្ឋជន។ លោកស្នើ ACU ស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធបន្ថែម និងតាមដានលំហូរប្រាក់ កំណត់ត្រាចេញចូលឯកសារទិដ្ឋាការ និងអ្នកទទួលផលទាំងអស់ ដើម្បីបញ្ជាក់ថា អ្នកសមគំនិត ឬមេខ្លោងធំជាងនេះនៅពីក្រោយ ឬយ៉ាងណា។
លោក សេង វណ្ណលី៖ «អ្វីដែលសំខាន់ជាងការចាប់ខ្លួនមនុស្ស ៣នាក់ រួមទាំងលោក ថូ សំណាង ផង គឺត្រូវបញ្ជាក់ថា ប្រព័ន្ធអនុញ្ញាតឱ្យរឿងនេះកើតឡើងដោយរបៀបណា? ហើយតើមានមន្ត្រីថ្នាក់លើឃុបឃិតនៅក្នុងស្ថាប័ននេះដែរឬទេ? បើការស៊ើបអង្កេតឈប់ត្រឹមតែអ្នកដែលបានសារភាព ប៉ុន្តែមិនស្វែងរកអ្នកទទួលទិញ អ្នកប្រើប្រាស់ទិដ្ឋាការ និងបណ្ដាញដែលទទួលបានផលប្រយោជន៍ចុងក្រោយ នោះវានឹងមិនអាចបញ្ចប់ឫសគល់បញ្ហានេះបានទេ។ បើសិនជាលោក ហ៊ុន ម៉ាណែត ឬក៏តាមរយៈអាជ្ញាធរ ACU ធ្វើការស៊ើបអង្កេតត្រឹមតែបុគ្គលតូចតាច ដោយមើលរំលងទៅលើបុគ្គលដែលពាក់ព័ន្ធទទួលបានផលប្រយោជន៍នៅពីក្រោយ ខ្ញុំគិតថា វា សបញ្ជាក់ឱ្យឃើញអំពីការគ្មានឆន្ទៈនយោបាយនៅក្នុងការបង្ក្រាបមន្ត្រីពុករលួយថ្នាក់ខ្ពស់ ហើយក៏ដូចជាបណ្ដាញឆបោកដែលធ្វើឱ្យកម្ពុជារងកេរ្តិ៍ឈ្មោះអសោចក្នុងតំបន់ក៏ដូចជាអន្តរជាតិ»។
ទន្ទឹមនឹងរឿងអាស្រូវពុករលួយរបស់លោក ថូ សំណាង បែកធ្លាយ លោក សេង វណ្ណលី ក៏បានដាក់ជាសំណួរចោទសួរអំពីឆន្ទៈនយោបាយ និងភាពក្លាហានរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការស៊ើបអង្កេតលើអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក សុខ ចិន្តាសោភា ដែលបានផ្ដល់ទិដ្ឋាការ និងលិខិតឆ្លងដែនការទូតដល់លោក បែន ស្មីត (Ben Smith) ដែលត្រូវបានបណ្ដាប្រទេសជាច្រើនតាមចាប់ខ្លួន និងបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់។
លោក បែន ស្មីត ត្រូវបានរាយការណ៍ថា មានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយលោក យឹម លក្ខណ៍ ដែលត្រូវជាកូនប្រុសរបស់លោក យឹម ឆៃលី អតីតសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា និងបច្ចុប្បន្នជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ផ្ទាល់ព្រះមហាក្សត្រ។ លោក បែន ស្មីត និងលោក យឹម លក្ខណ៍ ក៏ស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិកពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញនៅកម្ពុជា។ ទោះយ៉ាងណា បុគ្គលទាំងនេះត្រូវបានកាងការពារដោយរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន តាមរយៈការផ្ដល់តួនាទីជាទីប្រឹក្សាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន៕









