

សិស្សជាង ១២ម៉ឺននាក់ ឬប្រមាណ៨៥ភាគរយនៃចំនួនសិស្សប្រឡងសរុប បានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅក្នុងឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១ កញ្ញា ឱ្យដឹងថា សិស្សដែលប្រឡងជាប់និទ្ទេសអា (A) មានសរុបចំនួន ២.០២២ នាក់។ ចំនួននេះគឺធ្លាក់ចុះជិត ១ពាន់នាក់បើប្រៀបធៀបនឹងចំនួនសិស្សជាប់និទ្ទេស A កាលពីឆ្នាំ ២០២៥ ដែលមានចំនួន ៣.០០៣ នាក់។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែសីហា ដោយមានបេក្ខជនចូលរួមប្រឡងសរុបជាង ១៥ ម៉ឺននាក់នៅទូទាំងប្រទេស។ លទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅទូទាំងរាជធានី-ខេត្ត នៅថ្ងៃទី២ កញ្ញា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈសារនៅលើបណ្តាញសង្គមនៅថ្ងៃទី១ កញ្ញា បានសម្តែងការសាទរដល់សិស្សដែលទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡងឆ្នាំនេះ និងបានស្នើឱ្យសិស្សដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ កុំបាក់ទឹកចិត្ត ហើយត្រូវប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរ ក្នុងការប្រឡងនៅឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគត។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះបានប្រព្រឹត្តទៅដោយមិនមានការអាក់ខានតាមការគ្រោងទុក ប៉ុន្តែបេក្ខជនប្រឡងមួយចំនួនបានជួបប្រទះបញ្ហាដូចជាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាសុខភាព និងសម្ពាធផ្លូវចិត្ត រួមមានវិលមុខ ខ្យល់គ ខ្សោយកម្លាំង និងអាការៈភ័យបារម្ភខ្លាំងជាដើម។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមតែងទទូចឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់អប់រំឱ្យស៊ីជម្រៅតាំងពីថ្នាក់មូលដ្ឋាន ដើម្បីជំរុញឱ្យសិស្សមានសមត្ថភាពពិតប្រាកដនៅពេលឈានចូលដល់ថ្នាក់មហាវិទ្យាល័យ គឺមិនមែនយកចិត្តទុកដាក់ត្រឹមតែពេលរៀបចំការប្រឡងសញ្ញាបត្របាក់ឌុបក្នុងមួយឆ្នាំម្តងនោះទេ៕









