ម្ដាយ​កម្មករ​រោងចក្រ​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​កាត់ទោស​កូនប្រុស​ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ​ជា​ការ​សង្កត់សង្កិន​ហួសហេតុ

0
47
កម្មករ​រោងចក្រ លោក អ៊ិន សុខារ៉ាត់ ដែល​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ។ រូបលីកាដូ
កម្មករ​រោងចក្រ លោក អ៊ិន សុខារ៉ាត់ ដែល​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ។ រូបលីកាដូ

ម្ដាយកម្មករ​រោងចក្រ លោក អ៊ិន សុខារ៉ាត់ ដែល​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ហៅ​ការ​សម្រេច​របស់​តុលាការ​គឺជា​ការ​សង្កត់សង្កិន​សិទ្ធិ​សេរីភាព​របស់​កូនប្រុស​ហួសហេតុ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អតីត​និស្សិត​និង​ជា​កម្មករ​រោងចក្រ​លោក អ៊ិន សុខារ៉ាត់ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ពី​បទ «​ញុះញង់​ឱ្យ​មាន​ការរើសអើង​»​និង បទ​«​ប្រមាថ​» ករណី​កម្មករ​រូប​នេះ​ចែក​រំ​លែង​មតិ​រិះគន់​មេដឹកនាំ​លើ​បណ្ដាញ​សង្គម។ សង្គម​ស៊ីវិល​ចាត់ទុក​ការសម្រេច​នេះ ថា​ជា​រឿង​ធ្ងន់ធ្ងរ និង​បង្ហាញថា​អាជ្ញាធរ កម្ពុជា មិនបាន​គោរព​សិទ្ធិមនុស្ស​អន្តរជាតិ និង​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​នោះ​ឡើយ។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែសីហា បាន​ផ្ដន្ទាទោស​លោក អ៊ិន សុខារ៉ាត់ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៦​លាន​រៀល ឬ ប្រមាណ​ជាង ១៥០០​ដុល្លារ ជុំវិញ​ការ​បង្ហោះ​សារ​រិះគន់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក្រុម គ្រួសារ​ត្រកូល​ហ៊ុន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ លោក អ៊ិន សុខារ៉ាត់ គឺ ជា​និស្សិត ទើប​បញ្ចប់​ការសិក្សា និង​ជា​កម្មករ​រោងចក្រ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង។

ម្ដាយ​លោក អ៊ិន សុខារ៉ាត់ គឺ​លោកស្រី ផន សេដ្ឋា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០១ ខែ​កញ្ញា​ថា លោកស្រី​មានការ​តក់ស្លុត នៅពេល​ឮដំណឹង​អំពី​ការ​ជាប់​ពន្ធនាគារ​របស់​កូន ដល់​ទៅ ២​ឆ្នាំ​។ លោកស្រី​រៀបរាប់​ថា កូនប្រុស​លោកស្រី គឺជា​ធ្វើ​ការ​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដោះស្រាយ​បំណុល​ធនាគារ និង រ៉ាប់រង​ថ្លៃ​មើលជំងឺ ប្រចាំថ្ងៃ​របស់​លោកស្រី។ លោកស្រី​ស្រណោះ​កូន ដែល​ជា មនុស្ស​ល្អ ហើយ​ត្រូវ​ជាប់ពន្ធនាគារ​ដោយ​គ្មាន​កំហុស។

លោកស្រី ផន សេដ្ឋា៖ «មិនមែន​កូន​ខ្ញុំគេ​ចាប់​ទៅ​ហើយ ខ្ញុំ​ចេះតែ​អួត តម្កើង​កូន​ខ្ញុំ លើកតម្កើង​ទេ ដើរ​សួរ​ពី​ជ្រៃ​ធំ​មួយ​ផ្លូវ​ហ្នឹង ដើរ​សួរ​ពី​កូន​ខ្ញុំ តាំងពី​តូច​ក្រូច​ឆ្មា​មក មិន​វាយ​អ្នកណា​ឱ្យ​គេ​ចាប់​ទៅ​លិច​ចាប់​ទៅ​កើត គឺ​គ្មាន​ទេ រៀន​និស្សិត ទើបនឹង​ចប់​តើ»។

ស្ត្រី​អាយុ ៥៣​ឆ្នាំ​រូប​នេះ លើកឡើង​ថា លោកស្រី​គ្មាន​លទ្ធភាព​ទៅ​ជួប​មុខ​កូន​ទេ ហើយ​បាន​ស្ដាប់​សំឡេង​កូន តែម្ដង​គត់​តាម​ទូរ​សព្ទ ចាប់តាំងពី​អាជ្ញាធរ​ចាប់ខ្លួន កូនប្រុស​ដាក់​ពន្ធនាគារ។ លោកស្រី ផន សេដ្ឋា បន្ថែម​ថា ការ​ចាប់​កូនប្រុស លោកស្រី ដាក់​ពន្ធនាគារ ជា​រូបភាព​គាបសង្កត់​សិទ្ធិ​សេរីភាព​ជ្រុល​ហួសហេតុ ដោយ​គ្រាន់តែ​កូនប្រុស​លោកស្រី​ចែករំលែក​ព័ត៌មាន​ពី​កងទ័ព​ខ្វះ​ទឹក។

លោកស្រី ផន សេដ្ឋា៖ «យក​ទៅ​វា​លើស​អាពត​ទៀត ខ្ញុំ​ថា​អ៊ីចឹង​ចុះ បើ​មក​អា​រក​ខ្ញុំ ក៏​មក​ចុះ​។ គ្រាន់តែ​ថា ទាហាន​កម្ពុជា កង្វះ​ទឹក​ដាក់​តែ​ប៉ុណ្ណឹង មក​ចាប់​យកគ្នា​ដាក់គុក​ដែរ វា​អត់​ត្រូវ​ទំនង ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ប្រជាពលរដ្ឋ ដូច​ថា ទ័ល​ដៃ​ទ័ល​ជើង​ហើយ​គេ​ថា កំបុត​ដៃ​កំបុត​ជើង​អស់ ខ្ញុំ​មិនដឹង​ទៅ​ធ្វើ​ម៉េច​ទេ គេ​ចាប់​កូន​ទៅ​មិនដែល​ឃើញ​មុខ​កូន​ទេ តាំងពី​ចាប់​ទៅ មិនបាន​និយាយ​អី»។

លោក អ៊ិន សុខារ៉ាត់ រស់​នៅតែ​ពីរ​នាក់​ម្ដាយ​ចាស់ គឺ​លោកស្រី ផន សេដ្ឋា នៅ​ភូមិជ្រៃធំ ឃុំ​ព្រៃអង្គុញ ក្រុង​បាវិត ខេត្តស្វាយរៀង បន្ទាប់ពី​ឪពុក​របស់​លោក ដែល​ជា អតីត​គ្រូបង្រៀន​វិទ្យាល័យ បាន​ទទួល​មរណភាព ដោយសារ​គ្រោះ​ថ្នាក​ចរាចរណ៍ ក្នុង​ឆ្នាំ​២០២៥។

លោក អ៊ិន សុខារ៉ាត់ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​នៅ​កន្លែងធ្វើការ​របស់​លោក ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៦​។ មុន​ការ​ចាប់ខ្លួន មួយ​សប្តាហ៍ លោក​ត្រូវ​បាន​អ្នក​មិន​ស្គាល់​អត្តសញ្ញាណ ផ្ញើ​សារ​គំរាម​ឱ្យ​លុប​ការ ចែករំលែក ព័ត៌មាន​របស់​លោក។ សមត្ថកិច្ច​បាន​បញ្ជូន​លោក អ៊ិន សុខារ៉ាត់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចាប់ខ្លួន ហើយ​តុលាការ បាន​ចោទប្រកាន់ លោក ពី​បទ «​ញុះញង់​ឱ្យ​មាន​ការរើសអើង​» និង​បទ «​ប្រមាថ​» តាម​មាត្រា ៤៩៦ និង ៥០២ នៃ​ក្រមព្រហ្មទណ្ឌ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០១ ខែកញ្ញា ថា ការ​កាត់ទោស ឱ្យ​លោក អ៊ិន សុខារ៉ាត់ ជាប់ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៦ លាន​រៀល ដោយសារតែ​ការ​បញ្ចេញមតិ​រិះគន់​លើ​បណ្ដាញ​សង្គម គឺជា​រឿង​ធ្ងន់ធ្ងរ ហើយក៏​បង្ហាញថា អាជ្ញាធរ​មិន​បាន​ឆ្លើយតប ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ​ស្ដីពី សិទ្ធិមនុស្ស ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​កន្លង​មក ដូចជា កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជាដើម។

លោក អំ សំអាត មាន​ប្រសាសន៍​ថា ទាំង​បទដ្ឋាន​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ធានា​ការពារ​នូវ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ទូទៅ ដូច្នេះ​លោក​ថា ការ​រឹតត្បិត​លើ​ការ​បញ្ចេញមតិ ដោយ​ការ​កាត់​ទោស​ពលរដ្ឋ ឱ្យ​ជាប់ពន្ធនាគារ គឺ កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ និង ភ័យខ្លាច ដែល​ផ្ទុយ​ពី​គោលការណ៍ សិទ្ធិមនុស្ស​អន្តរជាតិ និង​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្ពុជា។

លោក អំ សំអាត៖ «នៅក្នុង​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ គឺ​សេរីភាព នៃ​ការ​បញ្ចេញមតិ និង​ការរិះគន់​ស្ថាបនា​ហ្នឹងហើយ ដែល​ធ្វើ​ឱ្យ​មាន​ការ​កែ​លម្អ​នូវ​ក្នុង​សង្គម ឬក៏​បង្ហាញ​អំពី​ភាព​អសកម្ម​នៃ​អាជ្ញាធរ ដើម្បី​ឱ្យ​មានការ​កែ​លម្អ​។ ពេល​ដែល​ពួកគាត់​បញ្ចេញមតិ ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស ហើយ​កាត់ទោស នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​ហ៊ាន ក្នុង​ការ​បញ្ចេញមតិ វា​ប៉ះពាល់​ដល់​ដំណើរការ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ការ​ចូលរួម​ចំណែក​ពី​ប្រជាពលរដ្ឋ ក្នុង​ការ​កែ​លម្អ​ក្នុង​សង្គមជាតិ»។

ការ​កាត់ទោស​លោក អ៊ិន សុខារ៉ាត់ ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ ធ្វើ​ឱ្យ​រូបលោក​ក្លាយ​ជា​អ្នកទោស​មនសិការ​ម្នាក់​បន្ថែម​ទៀត លើ​ចំនួន​អ្នកទោស​មនសិការ យ៉ាងតិច ១៣១​នាក់ ក្នុង​ពេល​បច្ចុប្បន្ន ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាប់​ដាក់​ពន្ធនាគារ ដោយសារ​ការប្រើប្រាស់​សេរីភាព​បញ្ចេញមតិ​ស្របតាម​រដ្ឋ​ធម្មនុញ្ញ។

អ្នកឃ្លាំមើល​លើកឡើង​ថា ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ក្រុម​គ្រួសារ ត្រកូល ហ៊ុន សិទ្ធិ សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ខ្មែរ ត្រូវ​បាន​គំរាមកំហែង ក្រោម​ប្រព័ន្ធ​ឃ្លាំមើល​បែប​ផ្ដាច់ការ​របស់​អាជ្ញាធរ តាំងពី​ថ្នាក់​មូលដ្ឋាន ដល់​ថ្នាក់​ជាតិ ដែល​ស្រដៀង​នឹង​ស្ថានភាព​សម័យ​ខ្មែរក្រហម​ដែរ។ ពួកគាត់​ថា បើ​ស្ថានភាព សង្កត់សង្កិន​លើ​សេរីភាព​ប្រជាពលរដ្ឋ​បែបនេះ នៅតែ​បន្ត​ទៀត នោះ​ការ​បោះឆ្នោត នៅ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ នៅពេល​ខាងមុខ​នឹង​ពុំ​មាន​ន័យ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ