

ម្ដាយកម្មកររោងចក្រ លោក អ៊ិន សុខារ៉ាត់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ហៅការសម្រេចរបស់តុលាការគឺជាការសង្កត់សង្កិនសិទ្ធិសេរីភាពរបស់កូនប្រុសហួសហេតុ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីអតីតនិស្សិតនិងជាកម្មកររោងចក្រលោក អ៊ិន សុខារ៉ាត់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសពីបទ «ញុះញង់ឱ្យមានការរើសអើង»និង បទ«ប្រមាថ» ករណីកម្មកររូបនេះចែករំលែងមតិរិះគន់មេដឹកនាំលើបណ្ដាញសង្គម។ សង្គមស៊ីវិលចាត់ទុកការសម្រេចនេះ ថាជារឿងធ្ងន់ធ្ងរ និងបង្ហាញថាអាជ្ញាធរ កម្ពុជា មិនបានគោរពសិទ្ធិមនុស្សអន្តរជាតិ និងស្មារតីរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជានោះឡើយ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែសីហា បានផ្ដន្ទាទោសលោក អ៊ិន សុខារ៉ាត់ ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ ៦លានរៀល ឬ ប្រមាណជាង ១៥០០ដុល្លារ ជុំវិញការបង្ហោះសាររិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាលក្រុម គ្រួសារត្រកូលហ៊ុន នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ លោក អ៊ិន សុខារ៉ាត់ គឺ ជានិស្សិត ទើបបញ្ចប់ការសិក្សា និងជាកម្មកររោងចក្រ នៅក្រុងបាវិត ខេត្តស្វាយរៀង។
ម្ដាយលោក អ៊ិន សុខារ៉ាត់ គឺលោកស្រី ផន សេដ្ឋា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០១ ខែកញ្ញាថា លោកស្រីមានការតក់ស្លុត នៅពេលឮដំណឹងអំពីការជាប់ពន្ធនាគាររបស់កូន ដល់ទៅ ២ឆ្នាំ។ លោកស្រីរៀបរាប់ថា កូនប្រុសលោកស្រី គឺជាធ្វើការរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ដោះស្រាយបំណុលធនាគារ និង រ៉ាប់រងថ្លៃមើលជំងឺ ប្រចាំថ្ងៃរបស់លោកស្រី។ លោកស្រីស្រណោះកូន ដែលជា មនុស្សល្អ ហើយត្រូវជាប់ពន្ធនាគារដោយគ្មានកំហុស។
លោកស្រី ផន សេដ្ឋា៖ «មិនមែនកូនខ្ញុំគេចាប់ទៅហើយ ខ្ញុំចេះតែអួត តម្កើងកូនខ្ញុំ លើកតម្កើងទេ ដើរសួរពីជ្រៃធំមួយផ្លូវហ្នឹង ដើរសួរពីកូនខ្ញុំ តាំងពីតូចក្រូចឆ្មាមក មិនវាយអ្នកណាឱ្យគេចាប់ទៅលិចចាប់ទៅកើត គឺគ្មានទេ រៀននិស្សិត ទើបនឹងចប់តើ»។
ស្ត្រីអាយុ ៥៣ឆ្នាំរូបនេះ លើកឡើងថា លោកស្រីគ្មានលទ្ធភាពទៅជួបមុខកូនទេ ហើយបានស្ដាប់សំឡេងកូន តែម្ដងគត់តាមទូរសព្ទ ចាប់តាំងពីអាជ្ញាធរចាប់ខ្លួន កូនប្រុសដាក់ពន្ធនាគារ។ លោកស្រី ផន សេដ្ឋា បន្ថែមថា ការចាប់កូនប្រុស លោកស្រី ដាក់ពន្ធនាគារ ជារូបភាពគាបសង្កត់សិទ្ធិសេរីភាពជ្រុលហួសហេតុ ដោយគ្រាន់តែកូនប្រុសលោកស្រីចែករំលែកព័ត៌មានពីកងទ័ពខ្វះទឹក។
លោកស្រី ផន សេដ្ឋា៖ «យកទៅវាលើសអាពតទៀត ខ្ញុំថាអ៊ីចឹងចុះ បើមកអារកខ្ញុំ ក៏មកចុះ។ គ្រាន់តែថា ទាហានកម្ពុជា កង្វះទឹកដាក់តែប៉ុណ្ណឹង មកចាប់យកគ្នាដាក់គុកដែរ វាអត់ត្រូវទំនង ខ្ញុំមិនដឹងថា ខ្ញុំប្រជាពលរដ្ឋ ដូចថា ទ័លដៃទ័លជើងហើយគេថា កំបុតដៃកំបុតជើងអស់ ខ្ញុំមិនដឹងទៅធ្វើម៉េចទេ គេចាប់កូនទៅមិនដែលឃើញមុខកូនទេ តាំងពីចាប់ទៅ មិនបាននិយាយអី»។
លោក អ៊ិន សុខារ៉ាត់ រស់នៅតែពីរនាក់ម្ដាយចាស់ គឺលោកស្រី ផន សេដ្ឋា នៅភូមិជ្រៃធំ ឃុំព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីឪពុករបស់លោក ដែលជា អតីតគ្រូបង្រៀនវិទ្យាល័យ បានទទួលមរណភាព ដោយសារគ្រោះថ្នាកចរាចរណ៍ ក្នុងឆ្នាំ២០២៥។
លោក អ៊ិន សុខារ៉ាត់ ត្រូវបាននគរបាលចាប់ខ្លួននៅកន្លែងធ្វើការរបស់លោក ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។ មុនការចាប់ខ្លួន មួយសប្តាហ៍ លោកត្រូវបានអ្នកមិនស្គាល់អត្តសញ្ញាណ ផ្ញើសារគំរាមឱ្យលុបការ ចែករំលែក ព័ត៌មានរបស់លោក។ សមត្ថកិច្ចបានបញ្ជូនលោក អ៊ិន សុខារ៉ាត់ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចាប់ខ្លួន ហើយតុលាការ បានចោទប្រកាន់ លោក ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «ប្រមាថ» តាមមាត្រា ៤៩៦ និង ៥០២ នៃក្រមព្រហ្មទណ្ឌ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០១ ខែកញ្ញា ថា ការកាត់ទោស ឱ្យលោក អ៊ិន សុខារ៉ាត់ ជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ ៦ លានរៀល ដោយសារតែការបញ្ចេញមតិរិះគន់លើបណ្ដាញសង្គម គឺជារឿងធ្ងន់ធ្ងរ ហើយក៏បង្ហាញថា អាជ្ញាធរមិនបានឆ្លើយតប ទៅនឹងបទដ្ឋានអន្តរជាតិស្ដីពី សិទ្ធិមនុស្ស ដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់សច្ចាប័នកន្លងមក ដូចជា កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាដើម។
លោក អំ សំអាត មានប្រសាសន៍ថា ទាំងបទដ្ឋានអន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ធានាការពារនូវសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋទូទៅ ដូច្នេះលោកថា ការរឹតត្បិតលើការបញ្ចេញមតិ ដោយការកាត់ទោសពលរដ្ឋ ឱ្យជាប់ពន្ធនាគារ គឺ កាន់តែធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ និង ភ័យខ្លាច ដែលផ្ទុយពីគោលការណ៍ សិទ្ធិមនុស្សអន្តរជាតិ និងស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា។
លោក អំ សំអាត៖ «នៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ គឺសេរីភាព នៃការបញ្ចេញមតិ និងការរិះគន់ស្ថាបនាហ្នឹងហើយ ដែលធ្វើឱ្យមានការកែលម្អនូវក្នុងសង្គម ឬក៏បង្ហាញអំពីភាពអសកម្មនៃអាជ្ញាធរ ដើម្បីឱ្យមានការកែលម្អ។ ពេលដែលពួកគាត់បញ្ចេញមតិ ហើយត្រូវបានផ្ដន្ទាទោស ហើយកាត់ទោស នឹងធ្វើឱ្យពលរដ្ឋមិនហ៊ាន ក្នុងការបញ្ចេញមតិ វាប៉ះពាល់ដល់ដំណើរការការអភិវឌ្ឍប្រទេសកម្ពុជា ការចូលរួមចំណែកពីប្រជាពលរដ្ឋ ក្នុងការកែលម្អក្នុងសង្គមជាតិ»។
ការកាត់ទោសលោក អ៊ិន សុខារ៉ាត់ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ធ្វើឱ្យរូបលោកក្លាយជាអ្នកទោសមនសិការម្នាក់បន្ថែមទៀត លើចំនួនអ្នកទោសមនសិការ យ៉ាងតិច ១៣១នាក់ ក្នុងពេលបច្ចុប្បន្ន ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់ដាក់ពន្ធនាគារ ដោយសារការប្រើប្រាស់សេរីភាពបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ។
អ្នកឃ្លាំមើលលើកឡើងថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលក្រុមគ្រួសារ ត្រកូល ហ៊ុន សិទ្ធិ សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ ត្រូវបានគំរាមកំហែង ក្រោមប្រព័ន្ធឃ្លាំមើលបែបផ្ដាច់ការរបស់អាជ្ញាធរ តាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ ដែលស្រដៀងនឹងស្ថានភាពសម័យខ្មែរក្រហមដែរ។ ពួកគាត់ថា បើស្ថានភាព សង្កត់សង្កិនលើសេរីភាពប្រជាពលរដ្ឋបែបនេះ នៅតែបន្តទៀត នោះការបោះឆ្នោត នៅប្រទេសកម្ពុជា ឆ្នាំ២០២៧ និងឆ្នាំ២០២៨ នៅពេលខាងមុខនឹងពុំមានន័យទេ៕









