អតិថិជន​ហួយ​វ័ន ផេ មួយចំនួន​ធ្លាក់ខ្លួន​សុំទាន និង​បង្ខំចិត្ត​បិទ​អាជីវកម្ម

0
52
ទិដ្ឋភាពជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ (Houione Pay) បន្ត​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ខាងមុខ​ស្ថានទូត​ចិន កាលពីថ្ងៃទី៥ សីហា ២០២៦។ រូប៖ ផ្ដល់ឱ្យ
ទិដ្ឋភាពជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ (Houione Pay) បន្ត​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ខាងមុខ​ស្ថានទូត​ចិន កាលពីថ្ងៃទី៥ សីហា ២០២៦។ រូប៖ ផ្ដល់ឱ្យ

អតិថិជន​ជនជាតិ​ចិន​មួយចំនួន​នៃ​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) របស់ លោក ហ៊ុន តូ បាន​ធ្លាក់ខ្លួន​ជា​អ្នកសុំទាន ខណៈ​អាជីវករ​ខ្លះទៀត​បាន​បង្ខំចិត្ត​បិទទ្វារ​អាជីវកម្ម​របស់​ខ្លួន ដោយសារតែ​គ្មាន​លទ្ធភាព​ជួល​កន្លែង​ធ្វើ​អាជីវកម្ម ឬ​ជួល​ផ្ទះ​។ ទន្ទឹមគ្នា នេះ អតិថិជន​ខ្មែរ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​លោក ហ៊ុន តូ បង្កក​លុយ​បញ្ជាក់​ថា ពួកគាត់​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​យ៉ាង​ខ្លាំង និង​ភ័យខ្លាច​មិន​ហ៊ាន​ចេញ​តវ៉ា​ការពារ​សិទ្ធិ​ទៀត​ឡើយ ដោយសារតែ​អាជ្ញាធរ​គំរាមកំហែង​ចាប់​ដាក់គុក។

ក្រុម​អតិថិជន​រងគ្រោះ​ដោយសារតែ​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ បញ្ជាក់​ថា ជន​ជាតិចិន​មួយចំនួន​ដែល​ជាប់​គាំង​លុយ​ក្នុង​គណនី​ហួយ​វ័ន​កំពុង​ប្រឈម​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ រហូត​អ្នកខ្លះ​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង​។ លើស​ពី​នេះ​ទៀត អតិថិជន​ខ្មែរ​ដែល​ហ៊ាន​ចេញ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ក៏​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​គំរាមកំហែង​ចាប់​ដាក់គុក។

ក្រុម​អតិថិជន​ភាគច្រើន​ជា​ជន​ជាតិចិន​បាន​រិះគន់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ថា ពុករលួយ និង​អសមត្ថភាព និង​បាន​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​ចំពោះ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ដែល​មិនបាន​អើពើ​នឹង​សុខទុក្ខ​របស់​ប្រជាជន​ខ្លួន​នៅ​ក្រៅ​ប្រទេស​។​

ម្ចាស់​ហាង​លក់​ទូរស័ព្ទ និង​កុំព្យូទ័រ​ជនជាតិ​ចិន​ម្នាក់​ដែល​ជាប់​គាំង​លុយ​ក្នុង​គណនី​ហួយ​វ័ន ថ្លែងប្រាប់​ទូរទស្សន៍​អាស៊ីសេរី​សុំ​មិន​បញ្ចេញ​ឈ្មោះថា ថ្មីៗ​នេះ​លោក​បាន​សម្រេចចិត្ត​ទាំង​ឈឺចាប់ ដោយ​បង្ខំចិត្ត​បិទ​ហាង​អាជីវកម្ម​របស់​លោក​ទាំ​ង​ស្រុង​នៅ​រាជធានី​ភ្នំពេញ និង​បាន​បញ្ឈប់​បុគ្គលិក​ខ្មែរ ១០​នាក់ ដោយសារតែ​គ្មាន​លទ្ធភាព​ផ្ដល់​ប្រាក់​ឈ្នួល​ឱ្យ​ពួកគេ និង​បង់ថ្លៃ​ផ្ទះ​ជួល​។ លោក​បាន​ទាមទារ​ដល់​រដ្ឋាភិបាល​ចេញមុខ​ដោះស្រាយ​បញ្ហា​លុយ​ជនរងគ្រោះ​ដែល​បាន​ជាប់​គាំង​នៅ​ក្រុមហ៊ុន ហួយ​វ័ន ផេ ដើម្បី​ឱ្យ​លោក​អាច​មាន​លទ្ធភាព​បន្ត​អាជីវកម្ម​នៅ​កម្ពុជា។

អតិថិជន​រូប​នេះ​បន្ត​ថា មកដល់ពេលនេះ ក្រុម​ជនរងគ្រោះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បន្ត​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ទាម​ទារ​លុយ​របស់​ខ្លួន​ឡើយ ដោយសារតែ​ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​តុលាការ​មិនអាច​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​បាន​ឡើយ​។ អតិថិជន​ដដែល​រិះគន់​ថា ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា​គឺ​លម្អៀង និង​គិតគូរ​តែ​ផលប្រយោជន៍​ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​អ្នក​មាន​អំណាច​ប៉ុណ្ណោះ ប៉ុន្តែ​មិនបាន​គិតគូរ​ដល់​ពល​រដ្ឋ​ជា​ជនរងគ្រោះ​ឡើយ។

ទន្ទឹម​នឹង​ជនរងគ្រោះ​មួយចំនួន​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច រហូត​ត្រូវ​បិទ​អាជីវកម្ម ក៏​មាន​ជនរងគ្រោះ​មួយចំនួន​ធ្លាក់ខ្លួន​ក្លាយជា​អ្នកសុំទាន និង​ធ្លាក់ខ្លួន​ឈឺ ក្រោយ​លុយ​របស់​ខ្លួន​ដែល​ខិតខំ​រកស៊ី​បាន​ដោយ​លំបាក​ត្រូវ​ក្រុមហ៊ុន​របស់​លោក ហ៊ុន តូ បង្កក​យក​ដោយ​គ្មាន​ដំណោះស្រាយ។

ក្នុង​ឃ្លិប​វីដេអូ​មួយ​ដែល​ទូរទស្សន៍​អាស៊ីសេរី​ទទួល​បាន​ស្ត្រី​អាជីវករ​ជនជាតិ​ចិន​ម្នាក់​បាន​ធ្លាក់ខ្លួន​សុំទាន និង​ថ្លែង​អំពាវនាវ​ទាំង​ទឹកភ្នែក​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ក្រោយ​លោកស្រី បាន​បាត់បង់​ប្រាក់​សន្សំ​ទាំងអស់​ក្នុង​ប្រព័ន្ធ​ទូទាត់​កម្មវិធី​ហួយ​វ័ន ផេ (Huione Pay ដែល​លុយ​ទាំងនោះ​បាន​មក​ពី​ការ​តស៊ូ​ធ្វើការ​យ៉ាង​លំបាក។

នៅក្នុង​ឃ្លិប​វីដេអូ​នោះ ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ថា លោកស្រី​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​បើក​អាជីវកម្ម​លក់​អាហារ​ពេលព្រឹក​ខ្នាត​តូច​រួមមាន​នំ​ប៉ាវ ទឹក​សណ្ដែក និង​បបរ ហើយ​ប្រាក់ចំណូល​ដែល​រកបាន​គឺ​បានដាក់​សន្សំ​ក្នុង​កម្មវិធី​ហួយ​វ័ន ផេ​។ លោកស្រី​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ធ្ងន់​ស្រាល​យ៉ាង​លំបាក ដោយ​ត្រូវ​ភ្ញាក់​តាំងពី​ម៉ោង ៣​ព្រឹក និង​ធ្វើការ​រហូតដល់ ១៦​ម៉ោង​ក្នុង​មួយថ្ងៃ​អស់​រយៈពេល ៤ ឆ្នាំ​មក​ហើយ​។ លោកស្រី​ក៏​មាន​កូនៗ​តូច​កំពុង​សិក្សា និង​មាន​ម្ដាយ​ជរា​ត្រូវ​ផ្គត់ផ្គង់​នៅ​ប្រទេស​កំណើត និង​អំពាវនាវ​ដោយ​ទទូច​សុំ​ឱ្យ​ភាគី​ពាក់ព័ន្ធ និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ជួយ​ស្វែងរក​ដំណោះស្រាយ ដល់​លោកស្រី និង​ជនរងគ្រោះ​ផ្សេងទៀត អាច​ដក​ប្រាក់​សន្សំ​ទាំងនោះ​ត្រឡប់​ទៅ​ផ្ទះ​ក្នុង​ប្រទេស​ចិន​វិញ។

ជនរងគ្រោះ​ជន​ជាតិចិន​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​ក៏​មាន​ជំងឺ​បេះដូង និង​បាន​បង្ខំចិត្ត​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​កាលពី​ខែសីហា ដើម្បី​ព្យាបាល​ជំងឺ ខណៈ​លុយ​សន្សំ​របស់​គាត់​មកដល់​ពេលនេះ​ក៏​មិនទាន់​អាច​ទទួល​បាន​វិញ​នៅ​ឡើយ។

ចំណែក ជនរងគ្រោះ​ក្រុមហ៊ុន ហួយ​វ័ន ផេ ម្នាក់ទៀត ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ឱ្យ​ដឹង​ដែរ​ថា ជនរងគ្រោះ​ខ្មែរ​ភាគច្រើន​លែង​ហ៊ាន​ចេញ​តវ៉ា​ទាម​ទារ​លុយ​របស់​ខ្លួន​ទៀត​ឡើយ ដោយសារតែ​ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង​ចាប់​ដាក់​ដាក់គុក​។ ជនរងគ្រោះ​រិះគន់​ថា ស្ថាប័ន​ធនាគារជាតិ​នៃ​កម្ពុជា និង​រដ្ឋាភិបាល​មិនបាន​បំពេញ​តួនាទី​របស់​ខ្លួន​ការពារ និង​បម្រើ​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្តែ​បែរជា​សម្ងំ​ស្ងៀម​មើល​ពល​រដ្ឋ​រង​ទុក្ខវេទនា​ទៅវិញ។

ថ្លែងលាក់ឈ្មោះ៖«​សម្រាប់​ខ្ញុំ​ដែល​ជា​ជនរងគ្រោះ​ម្នាក់ របស់​ហួយ​វ័ន ខ្ញុំ​គឺ​អស់សង្ឃឹម​ខ្លាំង ហើយ​ខ្ញុំ​លែង​ទុកចិត្ត​នៅ​លើ​ប្រព័ន្ធ​ធនាគារ​នៅក្នុង​ស្រុក​ខ្មែរ​ហើយ លែង​ហ៊ាន​ដាក់​លុយ​នៅក្នុង​ធនាគារ​ទៀតហើយ​។ ដោយសារ​អី ពេល​ដែល​ត្រូវ​បាន​គេ​យក​លុយ​ទៅ​បាត់​អ៊ីចឹង បែរជា​ឱ្យ​ពួក​ខ្ញុំ​ដើរទៅ​តាមផ្លូវ​ច្បាប់ ដើម្បី​ធ្វើការ​តវ៉ា​ដោយ​ខ្លួនឯង​។ ពួក​ខ្ញុំ​ដាក់​លុយ​នៅក្នុង​ហួយ​វ័ន​គឺ​ពួក​ខ្ញុំ​ទុកចិត្ត​ថា ហួយ​វ័ន គឺមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ទទួលស្គាល់​ពី​ធនាគារជាតិ​ត្រឹមត្រូវ​។ ពេល​ដែល​បិទ​ហួយ​វ័ន ក៏​អត់​មាន​ប្រកាសប្រាប់​ពួក​ខ្ញុំ​ដែរ អ៊ីចឹង​ពួក​ខ្ញុំ​ជា​ប្រជាជន ដែល​ជា​អ្នកប្រើប្រាស់​ក៏​ពួក​ខ្ញុំ​អត់​ដឹង​ដែរ​។ អ៊ីចឹង​ពី​ខ្ញុំ គឺ​ខ្ញុំ​ខកចិត្ត​ខ្លាំង​មែនទែន​ចំពោះ​ប្រព័ន្ធ​នៃ​ការដឹកនាំ ជាមួយ និង​ការគ្រប់គ្រង​មួយ​ហ្នឹង»។

ជុំវិញ​រឿង​នេះ​ដែរ នាយក​ទទួលបន្ទុក​ក្រុម​ជំនាញ​ប្រឆាំង​អំពើពុករលួយ​នៃ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក ទេព មនោ​រម្យ លើកទឹកចិត្ត​ដល់​ជនរងគ្រោះ​ទាំងអស់​បន្ត​ប្រមូល​ផ្ដុំ​គ្នា​សម្ដែង​មតិ​របស់​ខ្លួន​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្លួនឯង និង​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​បញ្ចប់​នូវ​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​លើ​អ្នក​ប្រព្រឹត្ត​ខុសច្បាប់​។ លោក​ចោទ​ថា រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន គឺជា​អ្នក​កាង​ការពារ​ពីក្រោយ​ក្រុមហ៊ុន លោក ហ៊ុន តូ ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ហ៊ាន​ចាត់វិធានការ​ដោះស្រាយ និង​ទុក​ឱ្យ​ជនរងគ្រោះ​រស់នៅ​ក្នុង​ស្ថានភាព​វេទនា និង​ធ្វើ​ឱ្យ​មុខមាត់​ជាតិ​កាន់តែ​រង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ។

លោក ទេព មនោ​រម្យ៖ «ប្រជាពលរដ្ឋ​ខ្មែរ កុំ​អស់សង្ឃឹម ហើយ​កុំ​បោះបង់​លុយកាក់​របស់​យើង ដែល​យើង​រកបាន​ហ្នឹង​ដោយ​វេទនាណាស់​។ អ៊ីចឹង យើង​មិនអាច​ទុក​ឱ្យ​គេ​ហ្នឹង លួច​ប្លន់​ទ្រព្យសម្បត្តិ​យើង​ងាយៗ​បានទេ​! អ៊ីចឹង ត្រូវតែ​ធ្វើការ​តស៊ូ ត្រូវតែ​ធ្វើការ​ទាមទារ ជាពិសេស​ឱ្យ​យោងទៅតាម​នីតិវិធី​ដែល​ច្បាប់ ចក្រភព​អង់គ្លេស អាមេរិក និង​អឺរ៉ុប​ហ្នឹង​បាន​ស្នើ​សុំ​ឱ្យ​ជនរងគ្រោះ​ខ្លួនឯង​ហ្នឹង​ធ្វើជា​ឯកសារ​។ បើសិនជា​យើង​ខ្លាច យើង​ទៅ​ធ្វើ​បាតុកម្ម​តែ​គ្នា​យើង​ហ្នឹង ខ្លាច​គេ​វាយ​គេ​ដំ នៅ​ពេល​ដែល​ចិន​ធ្វើ​ហ្នឹង យើង​ទៅ​ចូលរួម​ជាមួយ​ចិន​ទៅ ចូលរួម​ជាមួយគ្នា​កាន់តែ​ច្រើន ដើម្បី​ជា​កម្លាំង ជា​កម្លាំង​ហ្នឹងហើយ ដែល​យើង​អាច​ធ្វើ​ឱ្យ​មាន​ដំណោះស្រាយ»។

ក្រុមហ៊ុន ហួយ​វ័ន ផេ គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយ​វ័ន គ្រុប (Huione Group) មានកម្ម​វិធី​ទូទាត់​លុយ​តាម​អនឡាញ​ក្នុង​មួយដង​អាច​ក្នុង​ចំនួន​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ប្រព័ន្ធ​ធនាគារ​។ ក្មួយប្រុស​បង្កើត​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ត្រូវជា​បងជីដូនមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត គឺ​លោក ហ៊ុន តូ ជា​សហប្រធាន​មួយ​រូប​នៃ​ក្រុមហ៊ុន​នេះ​។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយ​វ័នគ្រុប (Huione Group) ដោយ​ស្ងាត់ៗ​កាលពី​ឆ្នាំ​២០២៤ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅតែ​បន្តដំណើរ​អាជីវកម្ម​របស់​ខ្លួន​រហូតដល់​ចុងឆ្នាំ​២០២៥ និង​បាន​បង្កក​លុយ​អតិថិជន បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ដាក់ទណ្ឌកម្ម​ពាក់​ព័ន្ធ​នឹង​អើពើ​ឆបោក​តាម​អនឡាញ និង​ការ​លាង​លុយកខ្វក់។

ជិត​មួយឆ្នាំ​មក​នេះ ក្រុម​អតិថិជន​បាន​ព្យាយាម​ដាក់​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ជាច្រើន​ដង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​ក្រសួងយុត្តិធម៌ ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថានទូត​ចិន​ជាដើម ប៉ុន្តែ​អតិថិជន​ថា ស្ថាប័ន​ទាំងអស់​នេះ​មិន​បាន​ខ្វាយខ្វល់​ជួយ​រក​ដំណោះស្រាយ​ឡើយ​។ ផ្ទុយទៅវិញ អាជ្ញាធរ​បែរជា​វាយដំ​បង្ក្រាប​ដោយ​ហិង្សា និង​ចាប់ខ្លួន​ជនរងគ្រោះ​ខ្មែរ ២​នាក់​ដាក់គុក ព្រមទាំង​បណ្ដេញ​ជនជាតិ​ចិន​ម្នាក់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដោយសារតែ​ពួកគាត់​សកម្ម​ក្នុង​ការចូលរួម​តវ៉ា​ទាមទារ​លុយ​របស់​ខ្លួន​ដែល​បាត់បង់​នៅ​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ