ទាហាន​ខ្មែរ​អះអាង​ថា មាន​ករណី​ទាហាន​ខ្មែរ​នៅ​តំបន់​មុំ​បី កើត​វិបល្លាស​ផ្លូវ​ចិត្ត​បាន​បំផ្ទុះ​គ្រាប់​បែក​ដៃ បណ្ដាល​ឱ្យ​ស្លាប់​៣​នាក់

0
80
ទិដ្ឋភាពទាហានខ្មែរ​ដែលរងរបួសដោយសារថៃគប់គ្រាប់បែក លើដីខ្មែរ ពេលទាហានខ្មែរកំពុងដើរល្បាត កាលពីថ្ងៃទី៥ កក្កដា ២០២៦។ រូប៖ ផ្ដល់ឱ្យ
ទិដ្ឋភាពទាហានខ្មែរ​ដែលរងរបួសដោយសារថៃគប់គ្រាប់បែក លើដីខ្មែរ ពេលទាហានខ្មែរកំពុងដើរល្បាត កាលពីថ្ងៃទី៥ កក្កដា ២០២៦។ រូប៖ ផ្ដល់ឱ្យ

ទាហាន​ខ្មែរ​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន​ថៃ បាន​អះអាង​ថា មាន​ករណី​ទាហាន​ខ្មែរ​នៅ​តំបន់​មុំ​បី បាន​បោក​គ្រាប់បែកដៃ​បណ្ដាល​ឱ្យ​មាន​ទាហាន​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់ កាលពី​ចុងខែ​សីហា​។ ប្រភព​បញ្ជាក់​ថា ករណី​កើតឡើង​ដោយសារ​ទាហាន​ខ្មែរ​មាន​វិបល្លាស ឬ​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ដែល​បណ្ដាលមកពី​អាកាសធាតុ កង្វះ​អាហារ បញ្ហា​សុខភាព ភាព​ឯកោ និង​ខ្វះ​ការ​យកចិត្តទុកដាក់​ពី​មេបញ្ជាការ​ជាដើម។ ទោះជា​យ៉ាងណា ទាហាន​បាន​អះអាង​ថា ករណីនេះ​ត្រូវ​បាន​ថ្នាក់​លើ​លាក់បាំង ឬ​បំភ្លៃ​អង្គហេតុ ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ។

ទោះបីជា​សំឡេង​ផ្ទុះអាវុធ​ក្នុង​សមរភូមិ​សង្គ្រាម​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ បាន​ស្ងប់ស្ងាត់​ជិត​មួយឆ្នាំ​ហើយ​ក្ដី ក៏​ព័ត៌មាន​នៃ​ការ​ពលី​របស់​ទាហាន​ខ្មែរ​ដែល​កំពុង​ឈរជើង​នៅ​តាម​ព្រំដែន បាន​បែកធ្លាយ​ជា​ញឹកញាប់​។ ក្នុង​នោះ​មានការ​ផ្សព្វផ្សាយ​អំពី​ករណី​ផ្ទុះ​គ្រាប់បែកដៃ​ដ៏​រន្ធត់​មួយ ដែល​បាន​កើតឡើង​នៅ​តំបន់​មុំ​បី ខេត្តព្រះវិហារ ដែល​បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​មួយ​ក្រុម​បាន​ស្លាប់ និង​រង​របួស​។ ក៏ប៉ុន្តែ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ករណី​នេះ​មិន​ត្រូវ​បាន​ស្ថាប័ន​ពាក់ព័ន្ធ​ចេញ​មក​បកស្រាយ​ពី​មូលហេតុ​ពិត​នោះ​ឡើយ។

ទាហាន​ខ្មែរ​ម្នាក់​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ហេតុការណ៍​ផ្ទុះ​គ្រាប់បែកដៃ​នេះ បាន​កើត​ឡើង​នៅ​តំបន់​ទំនប់​កង្កែប ក្នុងភូមិ​សាស្ត្រ​មុំ​បី កាលពី​ថ្ងៃទី​២៩ ខែសីហា​។ លោក​បន្ត​ថា ករណីនេះ​បង្កឡើង​ដោយ​ទាហាន​ម្នាក់ ដែល​លោក​អះអាង​ថា មាន​វិបត្តិ​ផ្លូវចិត្ត និង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង បាន​បង្កជម្លោះ​ជាមួយ​ទាហាន​ផ្សេងទៀត និង​បាន​បោក​គ្រាប់បែកដៃ​មួយ​គ្រាប់ បណ្ដាល​ឱ្យ​ទាហាន​ចំនួន ៣​នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​រង របួស។

ទាហាន​ខ្មែរ​៖ «​ខ្ញុំ​និយាយ​បញ្ជាក់ រឿង​ហ្នឹង​គឺ​មាន​ជម្លោះផ្ទៃក្នុង​អញ្ចឹង​ណា​។ ពេល​ផឹកស៊ី​ទៅ ទាស់​ពាក្យសម្ដី​គ្នា​ទៅ ក៏​វាយតប់​គ្នា​ទៅ​។ អញ្ចឹង​ណា រឿង​វា​អញ្ចឹង​»។

ទូរទស្សន៍​អាស៊ីសេរី​បាន​កំណត់​អត្តសញ្ញាណ​ទាហាន​ដែល​បាន​ស្លាប់​ក្នុងករណី​ផ្ទុះ​គ្រាប់បែកដៃ​នេះ​រួមមាន លោក​អនុសេនីយ៍ឯក អ៊ឹម វាសនា ជា​យោធា​ប្រចាំ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ក្នុង​យោធភូមិភាគ​ទី​១ និង​លោក​នាយទោ តុន រកា ជា​ជនជាតិ​ដើម គ្រឹង ដែល​មាន​តួនាទី​ជា​បុគ្គលិក​បញ្ជូន​សារ ប្រចាំ​កងអនុសេនាតូច នៃ​កងពល​លេខ​១២៨​។ ចំណែក​ទាហាន​ដែល​បាន​ស្លាប់​ម្នាក់ទៀត រួម​ទាំង​អ្នក​រងរបួស​ចំនួន​២​នាក់​នោះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ​។ យ៉ាងណាក៏ដោយ ទាហាន​ទាំង​បី​រូប​ដែល​បាន​ស្លាប់​នេះ គឺជា​កងកម្លាំង​ដែល​បាន​ឆ្លងកាត់​សមរភូមិ​សង្គ្រាម​តាម​ព្រំដែន​ចំនួន​២​លើក។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ លោក មៀច សាមុត និង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អ្នកស្រី ម៉ាលី សុជាតា ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​ការ​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​៤ ខែ​កញ្ញា។

ជុំវិញ​ករណី​ផ្ទុះ​គ្រាប់បែកដៃ​នៅ​តំបន់​មុំ​បី នេះ ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន និង​មេបញ្ជាការ​យោធា​ប្រចាំ​អង្គភាព ប្រកាស​នៅក្នុង​ពិធី​បុណ្យសព​ទាហាន​ដែល​បាន​ស្លាប់​នោះ​ថា គឺ​បង្កឡើង​ដោយ​គ្រោះថ្នាក់​ក្នុង​ពេល​បំពេញ​បេសកកម្ម។

ទោះជា​យ៉ាងណា ទាហាន​ផ្នែក​កោសលវិច័យ​ម្នាក់ បាន​បង្ហើប​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ជា​សំណេរ​តាម​បណ្ដាញ តេឡេក្រាម ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា សព​ទាហាន​ទាំង​បី​រូប បាន​ត្រូវរបួស​ដោយសារ​អំបែង​គ្រាប់​ស្ទើរ​សុសសាច់ និង​មិន​មាន​ស្នាម​វាយប្រហារ​ដោយសារ​គ្រាប់កាំភ្លើង​នោះ​ឡើយ។

សេនាធិការ​យោធា​ម្នាក់ ដែល​ប្រចាំការ​នៅ​ទិស​តំបន់​មុំ​បី បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្ត​សញ្ញា​ថា ដោយ​ទទួលស្គាល់​ថា ទាហាន​ខ្មែរ​មួយចំនួន​ដែល​ឈរជើង​នៅ​ខ្សែត្រៀម​ជួរមុខ បាន​កើត​វិបល្លាស​ផ្លូវចិត្ត រហូត​ពួកគាត់​បាន​ផឹកស្រា និង​ជក់បារី​កាន់តែ​ច្រើនឡើង ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​។ លោក​បន្ត​ថា កត្តា​ដែល​នាំ​ឱ្យ​ទាហាន​ខ្មែរ​កើត​វិបត្តិ​ផ្លូវចិត្ត​នេះ គឺ​បណ្ដាលមកពី​ការ​ដាក់​បញ្ជា​ពី​ថ្នាក់លើ​ឱ្យ​ឈរជើង​រយៈពេល​យូរ បណ្ដាល​ឱ្យ​ពួកគេ​នឹករលឹក​ដល់​គ្រួសារ កត្តា​អាកាសធាតុ​ត្រជាក់ បញ្ហា​ភាព​ឯកោ ជំងឺ​ប្រចាំ​កាយ វិបត្តិ​គ្រួសារ បញ្ហា​បំណុល និង​សម្ពាធ​ការងារ​ជាដើម​។ លោក​អះអាង​ទៀត​ថា បញ្ហា​នេះ​បាន​បណ្ដាល​ឱ្យ​ទាហាន​មួយចំនួន ធ្លាក់ខ្លួន​ឈឺ ខណៈ​ខ្លះទៀត​មាន​អារម្មណ៍​តប់ប្រមល់​ជាដើម។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី មាន​ប្រសាសន៍ថា យោធិន​ដែល​មាន​បញ្ហា​សតិអារម្មណ៍ និង​វិបត្តិ​ផ្លូវចិត្ត គួរតែ​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ជាមុន​សិន មុននឹង​បញ្ជូន​ឱ្យទៅ​បំពេញបេសកកម្ម​។ លោក​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​យកចិត្តទុកដាក់ និង​បំពាក់បំប៉ន​ស្មារតី និង​សុខភាព​របស់​កងទ័ព​នៅ​ជួរមុខ និង​ដាក់ចេញ​នូវ​វិធានការ​ដើម្បី​ឱ្យ​ពួកគេ​កាត់បន្ថយ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង និង​បារី ដែល​ជា​កត្តា​នាំ​ឱ្យ​ប៉ះពាល់​សុខភាព។

លោក អ៊ូច វុឌ្ឍី៖ «​អញ្ចឹង​ទេ យើង​អាច​ធ្វើ​សន្សឹមៗ ហើយ​ត្រូវ​មាន​ខាង​អ្នកជំនាញ ដែល​មាន​វិជ្ជាជីវៈ​ត្រូវ​ពន្យល់​ប្រាប់​គាត់​ក្នុង​ការដែល​គាត់​សេព​គ្រឿង​ស្រវឹង ផឹក​គ្រឿង​ស្រវឹង និង​ជក់បារី​។ អាហ្នឹង​យើង​មិនអាច​កាត់ផ្ដាច់​គាត់​ដាច់​ផឹង​បានទេ យើង​អាច​ឱ្យ​គាត់​កំដរ​អារម្មណ៍ កំដរ​ការកម្សាន្ត​ជួប​មិត្ត​ភ័ក្ដិ​គាត់ ដើម្បី​ការ​សាមគ្គីភាព​នៅក្នុង​អង្គភាព​របស់​គាត់​នៅ​សមរភូមិ​ហ្នឹង»។

ចំណែក ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ជំរុញ​ឱ្យ​ក្រសួងការពារជាតិ ស៊ើបអង្កេត​ករណី​បំផ្ទុះ​គ្រាប់បែកដៃ​នៅ​តំបន់​មុំ​បី និង​ករណី​ស្លាប់​របស់​ទាហាន​ខ្មែរ ដែល​ឈរជើង​នៅ​តាម​ព្រំដែន​ផ្សេងទៀត​ឱ្យ​មាន​តម្លាភាព ព្រោះ​បញ្ហា​នេះ​ពាក់ព័ន្ធ​ដល់​ការកែទម្រង់​វិស័យ​យោធា​របស់​កម្ពុជា។

លោក ម៉ែន ណាត៖ «​វា​មិន​គួរ​ណា​ដែល​រដ្ឋាភិបាល មន្ត្រី​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ​ហ្នឹង​នាំគ្នា​ប្រព្រឹត្ត​តែ​អំពើពុករលួយ​កេងប្រវ័ញ្ច​ទៅលើ​ខ្នង​ទាហាន​ជួរមុខ​ដែល​ខំព្យាយាម​ពលី​ជីវិត​ដោយសារ​រឿង​អស់លោក​ហ្នឹង​ទេ ហើយ​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ និង​ទឹកដី វា​ត្រូវតែ​រដ្ឋាភិបាល​កម្ពុ​ជាយ​ក​ចិត្ត​ទុកដាក់​ទៅលើ​វិស័យ​យោធា​ហ្នឹង ជាពិសេស​ទាហាន​ដែល​កំពុង​មាន​វត្តមាន​នៅ​ទីតាំង​ជាមួយនឹង​សៀម​ឈ្លានពាន»។

នេះ​មិនមែន​ជា​ករណី​ទី​១​នោះ​ទេ ដែល​ទាហាន​ខ្មែរ​បាន​ស្លាប់ ចាប់តាំងពី​មាន​បទ​ឈប់​បាញ់ និង​ផ្អាក​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​ថៃ​ជិត​មួយឆ្នាំ​មកនេះ​។ ករណី​ស្លាប់​ទាំងនោះ មាន​មួយចំនួន​ត្រូវ​បាន​គេ​អះអាង​ថា បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរ ជំងឺ​ប្រចាំ​កាយ ការ​ធ្វើ​អត្តឃាត និង​ឧបទ្ទវហេតុ​រាលកៃ​កាំភ្លើង​ជាដើម។

សព្វថ្ងៃ​នេះ ទាហាន​ខ្មែរ​ភាគច្រើន​ដែល​ឈរជើង​នៅ​តាម​តំបន់​ព្រំដែន ជា​ញឹកញាប់​បាន​នាំគ្នា​ត្អូញត្អែរ​នៅ​តាម​បណ្ដាញ​សង្គម​ថា «​ទាហាន​ព្រៃភ្នំ ពិតជា​លំបាក​ណាស់​ដេក​មិន​គ្រប់ ហូប​មិន​គ្រាន់​» និង​ខ្លះទៀត​បាន​បង្ហាញ​ពី​វិបត្តិ​គ្រួសារ និង​បញ្ហា​ជីវភាព​ជាដើម ខណៈ​ក្រុម​បញ្ជាការ និង​មន្ត្រី​យោធា​គ្រាក់ៗ កំពុង​រស់នៅ​ក្នុង​ជីវភាព​ហ៊ឺហា សម្ញែង​ទ្រព្យសម្បត្តិ ឡាន​ទំនើប វីឡា​ស្កឹមស្កៃ និង​អាជីវកម្ម​ខ្ទង់លាន​ដុល្លារ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ