លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងពាក់ព័ន្ធ ពិនិត្យឡើងវិញ លើបញ្ហាបូមខ្សាច់ តាមដងទន្លេមេគង្គ ដែលបណ្ដាលបាក់ច្រាំង។ ប៉ុន្តែ អ្នកការពារបរិស្ថាន ជំរុញឱ្យរដ្ឋាភិបាល ត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹង ចំពោះក្រុមហ៊ុនបូមខ្សាច់ទាំងនោះ និងត្រូវបង្ហាញអាជ្ញាប័ណ្ណ និងឯកសារពាក់ព័ន្ធ ជាសាធារណៈ ដើម្បីបញ្ជាក់ថា អាជីវកម្មបូមខ្សាច់ទាំងនោះ ពិតជា ឡើងស្របតាមច្បាប់ និងមានទំនួលខុសត្រូវលើបរិស្ថាន និងសង្គម។
ក្រោយពីប្រជាពលរដ្ឋ បានផ្សព្វផ្សាយសកម្មភាពបូមខ្សាច់យ៉ាងអនាធិបតេយ្យ ដែលបង្កឱ្យបាក់ច្រាំងទន្លេ ជាញឹកញាប់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះសិក្សាស្រាវជ្រាវ និងផ្អាកក្រុមហ៊ុនបូមខ្សាច់ជាបណ្ដោះអាសន្ននៅតំបន់ដែលមានការបាក់ច្រាំងទន្លេច្រើន។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៩ ខែកញ្ញាថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅ លោក បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរពាក់ព័ន្ធត្រូវតែពិនិត្យឡើងវិញនៅតាមតំបន់ដែលរងផលប៉ះពាល់ ដោយសារតែការបាក់ច្រាំងទន្លេ និងត្រូវបកស្រាយជូនពលរដ្ឋឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានោះ លោកក៏ស្នើឱ្យអាជ្ញាធរត្រូវបានផ្អាកក្រុមហ៊ុនបូមខ្សាច់ជាបណ្ដោះអាសន្ន នៅតំបន់ណាដែលបាក់ច្រាំងទន្លេច្រើន ដើម្បីឱ្យមន្ត្រីចុះវាយតម្លៃ និងរកឱ្យឃើញពី ហេតុផលពិតប្រាកដ។ បន្ថែមពីលើនោះ លោកក៏ស្នើឱ្យអាជ្ញាធរត្រូវទប់ស្កាត់មិនឱ្យពលរដ្ឋផ្សព្វផ្សាយព័ត៌មានមិនពិត អំពីផលប៉ះពាល់ ដោយសារតែការបូមខ្សាច់នោះដែរ។
លោក ហ៊ុន ម៉ាណែត៖ «ក្រសួងស្ថាប័ន ពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ត្រូវចុះសិក្សា និងស្រាវជ្រាវលម្អិតអំពីករណីបាក់ច្រាំង ដែលកើតមានឡើង ត្រូវវាយតម្លៃពិតប្រាកដទាំងនោះ។ ចំពោះទីតាំងណា ដែលកំពុងតែបាក់ ហើយមានសកម្មភាពបូមខ្សាច់ សុំផ្អាកសិនទៅ បាទ! កុំឱ្យស្មុគស្មាញរវល់តែយើងត្រូវការពីអាទិត្យ ដើម្បីវាយតម្លៃបាក់ថែមទៀត បូមនៅហ្នឹងទៀត ប្រទាក់ក្រឡា ហើយវាអត់ចំណេញ អត់ខាតអីទេ។ សួយសារផ្អាកបន្តិចទៅ បើសិនជាមិនទាន់ច្បាស់ គឺសុំធ្វើម៉េចផ្អាកសិនចុះ ត្រង់ហ្នឹង។ បាទ! ឧទាហរណ៍៖ បាក់នៅត្រង់ហ្នឹង មាននៅត្រង់ហ្នឹង ផ្អាកសិន ហើយចុះសិក្សាវាយតម្លៃឱ្យបានច្បាស់លាស់ តើយ៉ាងម៉េច?»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលយល់ថា ការថ្លែងរបស់ លោក ហ៊ុន ម៉ាណែត នេះគ្រាន់តែដើម្បី ស្អំចិត្តពលរដ្ឋ ដែលកំពុងតែរិះគន់ខ្លាំង មកលើអាជ្ញាធរ និងរដ្ឋាភិបាល ជុំវិញការបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនបូមខ្សាច់បន្តបូមយ៉ាងអនាធិបតេយ្យតាមដងទន្លេ ដោយពុំខ្វល់ពីផលប៉ះពាល់បរិស្ថាន និងលំនៅឋានពលរដ្ឋ។
បញ្ហាបាក់ច្រាំងទន្លេនេះពុំមែនទើបតែកើតមាននោះទេ ហើយ ពលរដ្ឋតែងតែសង្កេតឃើញថា ទីតាំងដែលបាក់ច្រាំងទន្លេ ភាគច្រើន ជាតំបន់ដែលមានសាឡង់បូមខ្សាច់ច្រើន ជាពិសេសតាមបណ្ដោយដងទន្លេមេគង្គ ទាំងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និង ខេត្តកំពង់ចាមជាដើម ។ ពលរដ្ឋបានរិះគន់យ៉ាងខ្លាំងថា ការបូមខ្សាច់ជាហេតុធ្វើឱ្យបាក់ច្រាំងទន្លេ បើទោះបីជាមន្ត្រីរដ្ឋាភិបាលថា ការបូមខ្សាច់ ជួយការពារកុំឱ្យបាក់ច្រាំងទន្លេក្ដី ក៏ពលរដ្ឋនៅតែចោទថានេះ គ្រាន់តែជាលេស របស់មន្ត្រីរដ្ឋាភិបាល ដើម្បីគេចវេះពីការទទួលខុសត្រូវ ហើយបើកដៃឱ្យក្រុមហ៊ុនទុច្ចរិតមួយចំនួន បន្តបូមខ្សាច់យកលក់ទៅក្រៅប្រទេស ដើម្បីផលប្រយោជន៍ខ្លួនឯង។
នាយកប្រតិបត្តិនៃអង្គការPED សាន់ ម៉ាឡា យល់ថា ការចេញគោលការណ៍ណែនាំឱ្យមន្ត្រីចុះពិនិត្យបញ្ហាប្រាក់ច្រាំងទន្លេ ដែលបង្កឡើងដោយសារតែការបូមខ្សាច់នេះ ជារឿងល្អ ប៉ុន្តែ លោកថា រដ្ឋាភិបាល ត្រូវបង្ហាញពីតម្លាភាព តាមរយៈបង្ហាញពី អាជ្ញាប័ណ្ណ និងព័ត៌មានពាក់ព័ន្ធ របស់ក្រុមហ៊ុនបូមខ្សាច់ទាំងនោះ ជាសាធារណៈ។ លោកអះអាងថា បច្ចុប្បន្ននេះ ក្រសួងនៅតែបិទបាំង ព័ត៌មាន ពាក់ព័ន្ធនឹង ក្រុមហ៊ុនបូមខ្សាច់ទាំងនោះ ដែលធ្វើឱ្យពលរដ្ឋរិះគន់ថាក្រុមហ៊ុន ទាំងនោះ ទំនងជាធ្វើអាជីវកម្មដោយ គ្មានច្បាប់ទម្លាប់ និងពុំមានអាជ្ញាប័ណ្ណ ទើបលាក់បាំងព័ត៌មាន។
លោក សាន់ ម៉ាឡា៖ «រដ្ឋាភិបាលនៅតែខ្វះតម្លាភាព ព័ត៌មានផ្ដល់ឱ្យប្រជាពលរដ្ឋ។ បាទ! ទិន្នន័យផ្សេងៗ ទាក់ទងទៅនឹងអាជីវកម្មនេះ មិនត្រូវបានបើកទូលាយឱ្យសាធារណជនអាចមើលឃើញ អាចដឹងបាននោះទេ។ ដូច្នេះហើយ ដើម្បីអាចធានាប្រសិទ្ធភាព សុចរិតភាព ព្រមទាំងកសាងនូវទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ រដ្ឋាភិបាលគួរតែពិចារណា បាទ! ដាក់នូវទិន្នន័យដែលពាក់ព័ន្ធទាំងអស់នៅលើអនឡាញ ដែលអ្នកសិក្សាស្រាវជ្រាវ អង្គការសង្គមស៊ីវិល ឬក៏ប្រជាពលរដ្ឋអាចចូលទៅមើលបាន បាទ! នៅក្នុងគេហទំព័រ (Website) របស់ក្រសួង…»។
បច្ចុប្បន្នក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មបូមខ្សាច់តាមដងទន្លេមេគង្គ រួមមានក្រុមហ៊ុន ចតុមុខ ខេមពូឌា (Chaktomuk Campuchia)។ ក្រុមហ៊ុននេះនាំចេញខ្សាច់ ទៅកាន់ប្រទេសវៀតណាមចន្លោះពី ៤ម៉ឺន (៤០,០០០ ទៅ ៦ម៉ឺ ន(៦០,០០០) ម៉ែត្រគួបក្នុងមួយថ្ងៃ ។ ចំណែកក្រុមហ៊ុនឈ្មោះ សុខ ធារ៉ា (Sok Theara) ក៏មានសិទ្ធិបូម និងនាំចេញខ្សាច់ទៅកាន់ទីផ្សារវៀតណាមផងដែរ ក្នុងមួយថ្ងៃរាប់សិបម៉ែត្រគួប។ រីឯក្រុមហ៊ុន ក្រុមហ៊ុន គ្លូប៊ល គ្រីន អ៊ែណឺជី (Global Green Energy Development) របស់កូនឧកញ៉ាទ្រី ភាព គឺ ឧកញ៉ា ទ្រី ដាលុច ក៏រដ្ឋាភិបាលអនុញ្ញាតឱ្យបូមខ្សាច់សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំទៅវៀតណាម ក្នុងមួយថ្ងៃប្រមាណ១០ម៉ឺន ម៉ែត្រគូបផងដែរ។
ជាមួយគ្នានេះ មានសេចក្ដីរាយការណ៍ជាច្រើនថា ក្រុមហ៊ុនបូមខ្សាច់នៅតាមដងទន្លេមេគង្គពុំមែន តែប៉ុណ្ណឹងនោះទេ គឺមានក្រុមហ៊ុនជាច្រើនទៀត ដែលពុំទាន់ទទួលបានសិទ្ធិធ្វើអាជីវកម្មរ៉ែខ្សាច់នៅឡើយ ដោយមានត្រឹមតែអាជ្ញាប័ណ្ណរុករក ប៉ុន្តែក្រុមហ៊ុនទាំងនោះ បានបំពានច្បាប់ដោយប្រើប្រាស់ អាជ្ញាធរប័ណ្ណរុករក ទៅធ្វើអាជីវកម្មបូមខ្សាច់ដើម្បីផលប្រយោជន៍ខ្លួនឯង។ ហើយក្រុមហ៊ុនទាំងនេះ មានឱកាសប្រព្រឹត្តអំពើពុករលួយយ៉ាងទូលំទូលាយ ហើយមិនត្រូវឱ្យបង់ពន្ធចូលរដ្ឋនោះទេ ដោយគ្រាន់តែបង់ថវិកា ឱ្យអាជ្ញាធរពាក់ព័ន្ធ និងអ្នកគ្រប់គ្រង់តាមតំបន់៕
លោក ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងពិនិត្យឡើងវិញលើបញ្ហាបូមខ្សាច់ដែលពលរដ្ឋរិះគន់ថា បណ្ដាលឲ្យបាក់ច្រាំងទន្លេ