គណបក្ស​កម្លាំងជាតិ​គាំទ្រ​ការ​ទាមទារ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​​កម្មករ​ពី​២១០​ដុល្លារ ទៅ​២៥០​ដុល្លារ

0
45
អនុប្រធាន និងជាអ្នកនាំពាក្យ​គណបក្ស​កម្លាំង​ជាតិ លោក សុខ គឹមសេង។ រូប៖ ហ្វេសប៊ុកលោក សុខ គឹមសេង
អនុប្រធាន និងជាអ្នកនាំពាក្យ​គណបក្ស​កម្លាំង​ជាតិ លោក សុខ គឹមសេង។ រូប៖ ហ្វេសប៊ុកលោក សុខ គឹមសេង

គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​ការ​ទាមទារ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ និយោជិត​ក្នុង​វិស័យ​កាត់ដេរ ពី ២១០ ដុល្លារ ទៅ ២៥០ ដុល្លារ ក្នុង​មួយ​ខែ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពួកគាត់​។ ការ​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​ពី​សំណាក់​គណបក្ស​កម្លាំង​ជាតិ​នេះ គឺធ្វើ​ឡើង​ក្នុងពេលដែល​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែលមាន​ភាគី​តំណាង​រដ្ឋាភិបាល តំណាង​និយោជក និង​តំណាង​កម្មករនិយោជិត កំពុង​ចាប់ផ្តើម​ជួប​ចចារ​គ្នា​ជា​បន្តបន្ទាប់​រឿង​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៧។

គណបក្ស​កម្លាំង​ជាតិ​គាំទ្រ​ចំពោះ​រាល់​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ទាមទារ​ឱ្យ​មាន​ការដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ ក្នុង​វិស័យ​កាត់ដេរ​ស្បែកជើង ផលិតផល ធ្វើដំណើរ និង​កាបូប ពី​២១០​ដុល្លារ​ទៅ​២៥០​ដុល្លារ នៅ​ឆ្នាំ​២០២៧​។ ការដំឡើង​ប្រាក់​ឈ្នួល​នេះ គឺជា​ជំហាន​ចាំបាច់​មួយ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​សមរម្យ​របស់ កម្មករ និយោជិត​ប្រចាំថ្ងៃ និង​ជា​ការ​ទទួលស្គាល់ នូវ​ភាគទាន​ដ៏​សំខាន់​របស់​បងប្អូន​កម្មករ​ក្នុង​ដំណើរការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​។​

អ្នកនាំពាក្យ​គណបក្ស​កម្លាំង​ជាតិ លោក សុខ គឹមសេង ប្រាប់​ទូ​រស​ទស្សន៍​អាស៊ីសេរី​ថា ប្រាក់​ឈ្នួល​អប្បបរមា ២១០​ដុល្លារ​បច្ចុប្បន្ន មិនអាច​ធ្វើ​ឲ្យ​ជីវភាព​កម្មករនិយោជិត​ប្រសើរ​ឡើង​ឡើយ ខណៈ​កម្រិត​អតិផរណា​នៃ​ទំនិញ​នៅ​លើ​ទីផ្សារ​មានការ​ឡើងថ្លៃ ការ​ចំណាយ​ថ្លៃ​ធ្វើដំណើរ ថ្លៃឈ្នួល​បន្ទប់​ជួល អគ្គិសនី ទឹក បាន​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ស្រូប​យក​ផ្នែក​ធំ​នៃ​ប្រាក់ចំណូល​ប្រចាំខែ បំណុល​ធនាគារ និង​ការ​ផ្គង់​ផ្គង់​គ្រួសារ ដែល​ជា​សម្ពាធ​យ៉ាង​ធ្ងន់​សម្រាប់​ពួកគាត់​។ លោក​ថា កម្មករ មិន​ត្រឹមតែ​ចិញ្ចឹម​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ផ្ញើ​ប្រាក់​ទៅ​ជួយឧបត្ថម្ភ​ឪពុក​ម្តាយ​ជរា ផ្គត់ផ្គង់​ការសិក្សា​របស់​កូនៗ និង​ការ​ចំណាយ​ក្នុង​គ្រួសារ​នៅ​ឯ​ស្រុកកំណើត ដែល​ធ្វើ​ឱ្យ​សម្ពាធ​ហិរញ្ញវត្ថុ​កាន់តែ​ធ្ងន់ធ្ងរ​។ លោក​អះអាង​ថា ប្រសិនបើ​ក្រសួង​ការងារ ដំឡើង​ប្រាប់​ឈ្នួល​អប្បបរមា​ឲ្យ​កម្មករ និយោជិត​បន្តិចបន្តួច​ដូច​រាល់​ឆ្នាំ​នោះ មិនអាច​ដោះស្រាយ​បន្ទុក ហើយ​ពួកគេ​នឹង​នៅតែ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ដដែល។

លោក សុខ គឹមសេង៖ «​វា​មិន​លំបាក​ដែរ​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​នឹង បើសិនជា​រដ្ឋាភិបាល​គាត់​មានការ​ទទួលខុសត្រូវ ហើយ​មាន​ស្មារតី​នៅក្នុង​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង​។ ទីមួយ អឺ​យើង​អាច​ដោះស្រាយ​បាន​តាមរយៈ​ការ​ធ្វើ​ម៉េច​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ហ្នឹង​កាត់បន្ថយ​ការ​ចំណាយ ហើយ​បង្កើន​ភាព​ចំណេញ​។ ពេល​ហ្នឹង គឺ​គាត់​នឹង​ចូលរួម​ចំណែក​នៅក្នុង​ការ​ដោះស្រាយ​សម្រាប់​កម្ម​ករ​ហើយ ដូចជា​ការកាត់បន្ថយ​ការ​ចំណាយ​ក្រៅផ្លូវការ​របស់​ថៅកែ​ក្រុមហ៊ុន ថៅកែ​រោងចក្រ​, ការ​លុបបំបាត់​អំពើពុករលួយ​ក្រោម​តុ​លើ​តុ​, អ្វី​ដែល​សំខាន់​គឺ​ជួយ​ការកាត់បន្ថយ​នូវ​សម្របសម្រួល​នូវ​អឺ​ថ្លៃដើម​នៃ​ការ​ចំណាយ​របស់​រោងចក្រ ដូចជា​អគ្គិសនី ឬក៏​ការ​ដឹកជញ្ជូន​ជាដើម»។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បី​សួរនាំ​ពី​ករណីនេះ​បានទេ​នៅ​ថ្ងៃ​ទៅ​០៩ ខែកញ្ញា ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នកទទួល។ ប៉ុន្តែ​លោក ស៊ុន មេសា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រសៀល​ថ្ងៃទី​៩ កញ្ញា​នេះ​ថា ការកំណត់​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ គឺ​ត្រូវ​ផ្អែកលើ​ការ​ចចារ​ត្រីភាគី​ដែល​មាន​លក្ខណ​:​វិនិច្ឆ័យ និង​តួលេខ​ច្បាស់លាស់ ពោល​មិនមែន​ធ្វើឡើង​តាម​ការ​អំពាវនាវ​របស់​ភាគី​ណាមួយ​ឡើយ​។​

កាលពី​ថ្ងៃទី​១ កញ្ញា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​មាន​ភាគី​រដ្ឋាភិបាល តំណាង​ក្រុមហ៊ុន​និយោជក និង​ក្រុម​សហជីព​ដែល​តំណាង​ឲ្យ​កម្មករ បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករ និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៧​។ នៅក្នុង​កិច្ចប្រជុំ​នោះ ក្រសួង​បាន​ធ្វើ​បទ​បង្ហាញ​ទូទៅ​ពាក់ព័ន្ធ​នឹង​កត្តា​សង្គម ដោយ​មិនទាន់​បាន​កំណត់​ថ្លៃ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​នៅឡើយ។

នៅ​ឆ្នាំ​២០២៦​នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​កាបូប​បច្ចុប្បន្ន គឺ​២១០​ដុល្លារ ពោល​គឺ​កើន​២​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ​២០២៥ គឺ ២០៨​ដុល្លារ។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា (CATU) អ្នកស្រី យ៉ាង សុភណ្ឌ មានប្រសាសន៍ថា សហជីព​បាន​ធ្វើ​ស្ថិតិ​មួយ​អំពី​ការ​ចំណាយ​របស់​កម្មករ​និយោជិក ហើយ​ខាង​សហជីព មិនទាន់​បាន​កំណត់​ដាក់​តួលេខ​ក្នុង​ការចរចា​ប្រាក់​ឈ្នួល​ជូន​កម្មករ​នៅឡើយ​ទេ ដោយ​រង់ចាំ​ការប្រជុំ​ពិភាក្សា​មួយ មុន​ថ្ងៃ​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​អាណត្តិ​ទី​៤​លើក​ទី​២ នៅ​ថ្ងៃទី​១៤ កញ្ញា​ខាងមុខនេះ​។ អ្នកស្រី​បន្ត​ថា ការ​ស្នើសុំ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​២៥០​ដុល្លារ​របស់​គណបក្ស​នយោបាយ គឺជា​សិទ្ធិ​របស់​ពួកគាត់ ប៉ុន្តែ​អ្នកស្រី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ ឲ្យ​ឆ្លើយតប​នឹង​ការរស់នៅ​របស់​ពួកគាត់។

អ្នកស្រី យ៉ាង សុភណ្ឌ៖ «​ព្រោះ​ធម្មតា ការរស់នៅ​របស់​កម្ម​ករ វា​ពាក់ព័ន្ធ​នឹង​តម្លៃ​អតិផរណា​ទីផ្សារ​, វា​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​របស់​ពួកគាត់​, ការរស់នៅ​របស់​គាត់​ឱ្យ​គាត់​រស់​នៅ​មាន​លក្ខណៈ​ជា​សមរម្យ ថ្លៃថ្នូរ​នៅក្នុង​សង្គម​ជា​មនុស្ស។ ខ្ញុំ​គិតថា យើង​ត្រូវ​គិត​អំពី​ពួកគាត់ ព្រោះ​គាត់​ជា​កម្លាំង​ចលករ​មួយ​អ្នករក​ចំណូល​ឱ្យទៅ​សហគ្រាស​។ សហគ្រាស​បាន​ផល​ចំណេញ ក៏​តាមរយៈ​កម្មករ​។ អញ្ចឹង បើ​សួរ​ថា​យើង​អត់​… អឺ ទុក​ឱ្យ​កម្មករ​គាត់​រស់​តាម​យថាកម្ម​របស់​គាត់ អត់​គិត​ពី​កម្មករ តើ​ថ្ងៃមុខ​ទៅ​តើ​វិស័យ​មួយ​ហ្នឹង​វ៉ៃ​ម៉េច​? អញ្ចឹង ខ្ញុំ​គិតថា គឺ​ត្រូវតែ​គិត​អំពី​បងប្អូន​កម្មករនិយោជិត ស្របពេល​ដែល​យើង​មាន​ផលិតភាព​ខ្ពស់ វា​ស្របពេល​ថា​យើង​មាន​ផល​ចំណេញ​អី​ផ្សេងៗ គឺ​ត្រូវ​គិត​ពី​កម្លាំង​ពលកម្ម​ហ្នឹងឯង អញ្ចឹង​ណា»។

កន្លងមក កម្មករនិយោជិត បាន​ត្អូញត្អែរ​អំពី​ប្រាក់​ឈ្នួល ២១០​ដុល្លារ​ដែល​បាន​កំណត់​ដោយ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ថា នៅ​មាន​កំរិត​ទាប​មិនទាន់​អាច​ឱ្យ​កម្មករ​រស់នៅ​បាន​សម​រម្យ និង​មាន​ជីវភាព​ថ្លៃថ្នូរ​នៅឡើយ​។ ពួកគេ​ទាមទារ​ឲ្យ​ក្រសួង​ដំឡើង​ប្រាក់ខែ​ឲ្យ​បាន​ខ្ពស់​ជាង​មុន ឲ្យ​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ពួកគេ។

ចំណែក គណបក្ស​កម្លាំង​ជាតិ​ថា ប្រសិនបើ​គណបក្ស​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ក្នុង​ការ​ដឹកនាំ​ប្រទេស​នា​ពេល​ខាងមុខ គណបក្ស​កម្លាំង​ជាតិ នឹង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់ កម្មករ និយោជិត ឱ្យ​បាន​ចាប់ពី ៣០០ ដុល្លារ​ឡើង​ទៅ ក្នុង​មួយ​ខែៗ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ