

គណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍គាំទ្រការទាមទារឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរ ពី ២១០ ដុល្លារ ទៅ ២៥០ ដុល្លារ ក្នុងមួយខែ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់។ ការទាមទារឲ្យដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រពីសំណាក់គណបក្សកម្លាំងជាតិនេះ គឺធ្វើឡើងក្នុងពេលដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានភាគីតំណាងរដ្ឋាភិបាល តំណាងនិយោជក និងតំណាងកម្មករនិយោជិត កំពុងចាប់ផ្តើមជួបចចារគ្នាជាបន្តបន្ទាប់រឿងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។
គណបក្សកម្លាំងជាតិគាំទ្រចំពោះរាល់ការខិតខំប្រឹងប្រែង និងការទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ ក្នុងវិស័យកាត់ដេរស្បែកជើង ផលិតផល ធ្វើដំណើរ និងកាបូប ពី២១០ដុល្លារទៅ២៥០ដុល្លារ នៅឆ្នាំ២០២៧។ ការដំឡើងប្រាក់ឈ្នួលនេះ គឺជាជំហានចាំបាច់មួយ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅសមរម្យរបស់ កម្មករ និយោជិតប្រចាំថ្ងៃ និងជាការទទួលស្គាល់ នូវភាគទានដ៏សំខាន់របស់បងប្អូនកម្មករក្នុងដំណើរការទ្រទ្រង់សេដ្ឋកិច្ចជាតិ។
អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ប្រាប់ទូរសទស្សន៍អាស៊ីសេរីថា ប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារបច្ចុប្បន្ន មិនអាចធ្វើឲ្យជីវភាពកម្មករនិយោជិតប្រសើរឡើងឡើយ ខណៈកម្រិតអតិផរណានៃទំនិញនៅលើទីផ្សារមានការឡើងថ្លៃ ការចំណាយថ្លៃធ្វើដំណើរ ថ្លៃឈ្នួលបន្ទប់ជួល អគ្គិសនី ទឹក បានកើនឡើងជាបន្តបន្ទាប់ ដែលស្រូបយកផ្នែកធំនៃប្រាក់ចំណូលប្រចាំខែ បំណុលធនាគារ និងការផ្គង់ផ្គង់គ្រួសារ ដែលជាសម្ពាធយ៉ាងធ្ងន់សម្រាប់ពួកគាត់។ លោកថា កម្មករ មិនត្រឹមតែចិញ្ចឹមខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្ញើប្រាក់ទៅជួយឧបត្ថម្ភឪពុកម្តាយជរា ផ្គត់ផ្គង់ការសិក្សារបស់កូនៗ និងការចំណាយក្នុងគ្រួសារនៅឯស្រុកកំណើត ដែលធ្វើឱ្យសម្ពាធហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។ លោកអះអាងថា ប្រសិនបើក្រសួងការងារ ដំឡើងប្រាប់ឈ្នួលអប្បបរមាឲ្យកម្មករ និយោជិតបន្តិចបន្តួចដូចរាល់ឆ្នាំនោះ មិនអាចដោះស្រាយបន្ទុក ហើយពួកគេនឹងនៅតែជួបការលំបាកក្នុងជីវភាពដដែល។
លោក សុខ គឹមសេង៖ «វាមិនលំបាកដែរសម្រាប់ការដោះស្រាយបញ្ហានឹង បើសិនជារដ្ឋាភិបាលគាត់មានការទទួលខុសត្រូវ ហើយមានស្មារតីនៅក្នុងការដោះស្រាយបញ្ហាហ្នឹង។ ទីមួយ អឺយើងអាចដោះស្រាយបានតាមរយៈការធ្វើម៉េចឱ្យថៅកែក្រុមហ៊ុនហ្នឹងកាត់បន្ថយការចំណាយ ហើយបង្កើនភាពចំណេញ។ ពេលហ្នឹង គឺគាត់នឹងចូលរួមចំណែកនៅក្នុងការដោះស្រាយសម្រាប់កម្មករហើយ ដូចជាការកាត់បន្ថយការចំណាយក្រៅផ្លូវការរបស់ថៅកែក្រុមហ៊ុន ថៅកែរោងចក្រ, ការលុបបំបាត់អំពើពុករលួយក្រោមតុលើតុ, អ្វីដែលសំខាន់គឺជួយការកាត់បន្ថយនូវសម្របសម្រួលនូវអឺថ្លៃដើមនៃការចំណាយរបស់រោងចក្រ ដូចជាអគ្គិសនី ឬក៏ការដឹកជញ្ជូនជាដើម»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីសួរនាំពីករណីនេះបានទេនៅថ្ងៃទៅ០៩ ខែកញ្ញា ដោយទូរស័ព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។ ប៉ុន្តែលោក ស៊ុន មេសា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី៩ កញ្ញានេះថា ការកំណត់ប្រាក់ឈ្នួលគោលរបស់កម្មករ គឺត្រូវផ្អែកលើការចចារត្រីភាគីដែលមានលក្ខណ:វិនិច្ឆ័យ និងតួលេខច្បាស់លាស់ ពោលមិនមែនធ្វើឡើងតាមការអំពាវនាវរបស់ភាគីណាមួយឡើយ។
កាលពីថ្ងៃទី១ កញ្ញា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានភាគីរដ្ឋាភិបាល តំណាងក្រុមហ៊ុននិយោជក និងក្រុមសហជីពដែលតំណាងឲ្យកម្មករ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។ នៅក្នុងកិច្ចប្រជុំនោះ ក្រសួងបានធ្វើបទបង្ហាញទូទៅពាក់ព័ន្ធនឹងកត្តាសង្គម ដោយមិនទាន់បានកំណត់ថ្លៃប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅឡើយ។
នៅឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូបបច្ចុប្បន្ន គឺ២១០ដុល្លារ ពោលគឺកើន២ដុល្លារបើធៀបនឹងឆ្នាំ២០២៥ គឺ ២០៨ដុល្លារ។
ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភណ្ឌ មានប្រសាសន៍ថា សហជីពបានធ្វើស្ថិតិមួយអំពីការចំណាយរបស់កម្មករនិយោជិក ហើយខាងសហជីព មិនទាន់បានកំណត់ដាក់តួលេខក្នុងការចរចាប្រាក់ឈ្នួលជូនកម្មករនៅឡើយទេ ដោយរង់ចាំការប្រជុំពិភាក្សាមួយ មុនថ្ងៃប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤លើកទី២ នៅថ្ងៃទី១៤ កញ្ញាខាងមុខនេះ។ អ្នកស្រីបន្តថា ការស្នើសុំឲ្យមានការដំឡើងប្រាក់ឈ្នួល២៥០ដុល្លាររបស់គណបក្សនយោបាយ គឺជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែអ្នកស្រីស្នើសុំឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលជូនកម្មករ ឲ្យឆ្លើយតបនឹងការរស់នៅរបស់ពួកគាត់។
អ្នកស្រី យ៉ាង សុភណ្ឌ៖ «ព្រោះធម្មតា ការរស់នៅរបស់កម្មករ វាពាក់ព័ន្ធនឹងតម្លៃអតិផរណាទីផ្សារ, វាពាក់ព័ន្ធនឹងការចំណាយរបស់ពួកគាត់, ការរស់នៅរបស់គាត់ឱ្យគាត់រស់នៅមានលក្ខណៈជាសមរម្យ ថ្លៃថ្នូរនៅក្នុងសង្គមជាមនុស្ស។ ខ្ញុំគិតថា យើងត្រូវគិតអំពីពួកគាត់ ព្រោះគាត់ជាកម្លាំងចលករមួយអ្នករកចំណូលឱ្យទៅសហគ្រាស។ សហគ្រាសបានផលចំណេញ ក៏តាមរយៈកម្មករ។ អញ្ចឹង បើសួរថាយើងអត់… អឺ ទុកឱ្យកម្មករគាត់រស់តាមយថាកម្មរបស់គាត់ អត់គិតពីកម្មករ តើថ្ងៃមុខទៅតើវិស័យមួយហ្នឹងវ៉ៃម៉េច? អញ្ចឹង ខ្ញុំគិតថា គឺត្រូវតែគិតអំពីបងប្អូនកម្មករនិយោជិត ស្របពេលដែលយើងមានផលិតភាពខ្ពស់ វាស្របពេលថាយើងមានផលចំណេញអីផ្សេងៗ គឺត្រូវគិតពីកម្លាំងពលកម្មហ្នឹងឯង អញ្ចឹងណា»។
កន្លងមក កម្មករនិយោជិត បានត្អូញត្អែរអំពីប្រាក់ឈ្នួល ២១០ដុល្លារដែលបានកំណត់ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាថា នៅមានកំរិតទាបមិនទាន់អាចឱ្យកម្មកររស់នៅបានសមរម្យ និងមានជីវភាពថ្លៃថ្នូរនៅឡើយ។ ពួកគេទាមទារឲ្យក្រសួងដំឡើងប្រាក់ខែឲ្យបានខ្ពស់ជាងមុន ឲ្យបានកាន់តែច្រើនកាន់តែល្អ ដើម្បីសម្រួលដល់ការរស់នៅរបស់ពួកគេ។
ចំណែក គណបក្សកម្លាំងជាតិថា ប្រសិនបើគណបក្សទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក្នុងការដឹកនាំប្រទេសនាពេលខាងមុខ គណបក្សកម្លាំងជាតិ នឹងដំឡើងប្រាក់ឈ្នួលអប្បបរមារបស់ កម្មករ និយោជិត ឱ្យបានចាប់ពី ៣០០ ដុល្លារឡើងទៅ ក្នុងមួយខែៗ៕









