យោធា​ថៃ​បន្ត​ធ្វើ​សកម្មភាព​ឈ្លានពាន និង​ធ្វើ​សមយុទ្ធ​តាម​ព្រំដែន​នៅ​កៀក​ពេល​ចរចា​វិវាទ​ដែន​សមុទ្រ​ជាមួយ​កម្ពុជា

0
117
ទាហាន​ខ្មែរ​កងការពារ​ព្រំដែន​លេខ​៥០៣ និង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រចាំការ​នៅ​តំបន់​ព្រំដែន​លេខ​១២ បាន​ចុះ​ត្រួតពិនិត្យ និង​ចរចា​គ្នា​នៅ​តំបន់​ព្រំដែន​ភូមិ​សិលា​ខ្មែរ ដែល​ជាប់​នឹង​ស្រុក​គោកស៊ូង ខេត្ត​ស្រះកែវ របស់​ថៃ ក្រោយ​ពេល​ដែល​យោធា​ថៃ​បាន​ហាម​ពលរដ្ឋ​ខ្មែរ​ភ្ជួរ​ដី​ កាលពី​ថ្ងៃទី​២០ ខែឧសភា ២០២៦។ រូប៖ ហ្វេសប៊ុក​ទាហានថៃ
ទាហាន​ខ្មែរ​កងការពារ​ព្រំដែន​លេខ​៥០៣ និង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រចាំការ​នៅ​តំបន់​ព្រំដែន​លេខ​១២ បាន​ចុះ​ត្រួតពិនិត្យ និង​ចរចា​គ្នា​នៅ​តំបន់​ព្រំដែន​ភូមិ​សិលា​ខ្មែរ ដែល​ជាប់​នឹង​ស្រុក​គោកស៊ូង ខេត្ត​ស្រះកែវ របស់​ថៃ ក្រោយ​ពេល​ដែល​យោធា​ថៃ​បាន​ហាម​ពលរដ្ឋ​ខ្មែរ​ភ្ជួរ​ដី​ កាលពី​ថ្ងៃទី​២០ ខែឧសភា ២០២៦។ រូប៖ ហ្វេសប៊ុក​ទាហានថៃ

ក្នុង​អំឡុង​ពេល​កម្ពុជា និង​ថៃ កំពុង​ត្រៀមខ្លួន​បើក​កិច្ចចរចា​ព្រំដែន​សមុទ្រ​នៅ​ដើម​សប្ដាហ៍​ខាងមុខនេះ យោធា​ថៃ បាន​បង្កើន​សកម្មភាព​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា នៅ​តាម​ព្រំដែន​ជាច្រើន​ទីតាំង និង​បង្ក​វិវាទ​ពាក្យសម្ដី​ជាមួយ​ទាហាន​ខ្មែរ រហូត​ស្ទើរតែ​បង្ក​ទៅជា​ជម្លោះ​ហិង្សា​។ ទន្ទឹម​គ្នា​នេះ យោធា​ថៃ​បាន​ធ្វើ​សមយុទ្ធ​យោធា ដោយ​បាន​បាញ់កាំភ្លើង​ធំ​នៅ​តាម​ព្រំដែន ដែល​បង្ក​ឱ្យ​ស្ថានការណ៍​កាន់តែ​មាន​ភាព​តានតឹង។

ខណៈ​យោធា​ថៃ តែងតែ​លើកឡើង​មិន​ដាច់​ពី​មាត់ អំពី​ការគោរព​បទ​ឈប់​បាញ់ និង​បើក​ចិត្ត​ចរចា ដើម្បី​បញ្ចប់​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា​នោះ ក៏ប៉ុន្តែ​បើ​ក្រឡេក​មើល​ពី​សកម្មភាព​វិញ យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​ឈ្លានពាន​លើ​បូរណភាព​កម្ពុជា​ស្ទើរតែ​គ្រប់​ទីតាំង នៅ​តាម​បណ្ដោយ​ព្រំដែន។

តាមរយៈ​វីដេអូ ដែល​ទាហាន​ខ្មែរ និង​ទាហាន​ថៃ បាន​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញ​ពី​សកម្មភាព​របស់​យោធា​ថៃ បាន​ចូល​រាយ​បន្លា​លួស និង​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា ជាច្រើន​ទីតាំង។

ក្នុង​នោះ នៅ​តំបន់​ព្រំដែន​ខេត្តព្រះវិហារ យោធា​ថៃ​បាន​ធ្វើ​ផ្លូវ​បេតុង ពង្រីក​លេណដ្ឋាន និង​ដាក់​កម្លាំង​ល្បាត​នៅ​ទីតាំង​ទ្វារ​ដែក និង​ទីតាំង​ចំហៀង​នៅ​សងខាង​ផ្លូវ​ឡើង​មក​កាន់​ប្រាសាទ​។ ចំណែក​នៅក្នុង​ភូមិសាស្ត្រ​តំបន់​អានសេះ បុស្ស​ស្បូវ តាថាវ និង​ជាំ​តែ ជាដើម យោធា​ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​រាយ​បន្លា​លួស ដោយ​ព័ទ្ធ​ចូលក្នុង​ទីតាំង​ផ្លូវ​ល្បាត​របស់​កងទ័ព​ខ្មែរ​ជាច្រើន​កន្លែង ក៏ប៉ុន្តែ​ត្រូវ​ទាហាន​ខ្មែរ​រើចេញ​ទៅវិញ​មួយចំនួន ខណៈ​នៅ​តំបន់​មុំ​បី ទាហាន​ថៃ​បាន​ព្យាយាម​ចូល​រាយ​បន្លា​លួស ក្នុង​តំបន់​ភ្នំ ៧៤៧ ដែល​ជា​ទីតាំង​ឈរជើង​របស់​ទាហាន​ខ្មែរ ក៏ប៉ុន្តែ​ត្រូវ​ទាហាន​ខ្មែរ​រារាំង ដែល​បណ្ដាល​ឱ្យ​មានការ​ឈ្លោះប្រកែក និង​មានការ​ភ្ជង់​អាវុធ​ដាក់គ្នា​ទៀត​ផង។

ចំពោះ​នៅ​តំបន់​ភ្នំ​ទ្រព្យ វិញ បន្ទាប់ពី​បាន​ឈ្លានពាន​ដណ្ដើមយក​ពី​កម្ពុជា មកកាន់​កាប់​អស់​រយៈពេល​ជិត​មួយឆ្នាំ​មកនេះ យោធា​ថៃ​បាន​បន្ត​សាងសង់​សំណង់​រឹង រូបសំណាក ជណ្ដើរ​ដែក និង​ផ្លូវ​យុទ្ធសាស្ត្រ​ឡើង​ទៅ​កាន់​តំបន់​ភ្នំ ដែល​ជា​អតីត​មូលដ្ឋាន​យោធា​របស់​កម្ពុជា​។ ក្នុង​នោះ​យោធា​ថៃ បាន​បង្កើត​តំបន់​ភ្នំ​ទ្រព្យ ឱ្យ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ និង​ជាទី​តាំង​យុទ្ធសាស្ត្រ​យោធា​តែមួយ។

ងាក​មក​តំបន់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ វិញ យោធា​ថៃ​បាន​ពង្រីក​ការសាងសង់​ផ្លូវ​យុទ្ធសាស្ត្រ ប៉ុស្តិ៍​យាម និង​លេណដ្ឋាន​ធំៗ ចាប់ពី​តំបន់​ប្រាសាទ​តាមាន់ធំ ភ្នំ​៨០០ រហូតដល់​តំបន់​ជាំស្រងាំ និង​ច្រក​ជាំ ដោយ​រំលោភ​ចូលក្នុង​ទីតាំង​យោធា​របស់​កម្ពុជា និង​តំបន់​ដែល​មិនទាន់​ឯកភាព​គ្នា ជាច្រើន​កន្លែង​។ រីឯ​នៅ​តំបន់​ប្រាសាទ​តា​ក្របី ថ្ម​ដូន ជប់​គគីរ និង​ចូក​គ្រួស វិញ យោធា​ថៃ​នៅតែ​បន្ត​រាយ​បន្លា​លួស​វាទី​ចូលក្នុង​ទឹកដី​កម្ពុជា ជាច្រើន​ទីតាំង ប៉ុន្តែ​ត្រូវ​ទាហាន​ខ្មែរ​ចេញ​មក​រារាំង និង​រើចេញ​ទៅវិញ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១១ ខែកញ្ញា។

ពាក់ព័ន្ធ​រឿង​នេះ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ចេញ​សេចក្ដីថ្លែងការណ៍​នៅថ្ងៃ​នេះ ដោយ​តវ៉ា​ចំពោះ​សកម្មភាព​របស់​យោធា​ថៃ ដែល​បាន​បន្ត​ដាក់​ពង្រាយ​ទូ​កុងតឺន័រ រាយ​បន្លា​លួស ជីក​ប្រឡាយ ធ្វើ​លេណដ្ឋាន និង​ធ្វើ​ផ្លូវ​បេតុង​ចូលកាន់​តែ​ជិត​តំបន់​ប្រាសាទព្រះវិហារ ដែល​ស្ថាប័ន​មួយ​នេះ ចាត់ទុកជា​ការរំលោភ​បំពាន​ច្បាប់​អន្តរជាតិ និង​រំលោភ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំងពីរ។

ទោះជា​យ៉ាងណា ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា កម្ពុជា​មិន​គួរ​ត្រឹមតែ​ធ្វើការ​តវ៉ា​ទៅកាន់​យោធា​ថៃ​ដដែលៗ បែបនេះ​នោះ​ឡើយ ដោយ​កម្ពុជា​គួរតែ​ប្រមូល​ភស្តុតាង និង​ឯកសារ​ប្ដឹង​ថៃ​តាម​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​ជា​ផ្លូវការ​។ លោក​បន្ត​ថា ការ​តវ៉ា​ដែល​មាន​ភាព​ទន់ជ្រាយ និង​គ្មាន​ទម្ងន់​ផ្នែក​ច្បាប់ គឺជា​ការធ្វើឱ្យ​យោធា​ថៃ​ចំណេញ​ពេល ដើម្បី​ពង្រីក​សកម្មភាព​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា។

លោក ម៉ែន ណាត៖ «តំណាង​រដ្ឋាភិបាល​កម្ពុ​ជា គឺជា​ជនរងគ្រោះ​ពិតប្រាកដ បែរជា​បិទបាំង​ព័ត៌មាន​មិន​ឱ្យ​ផ្សព្វផ្សាយ វា​ជា​រឿង​សង្វេគ​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង ពេល​ដែល​សៀម​ឈ្លានពាន​ហើយ បែរជា​បិទ​ខ្ទប់​មិន​ឱ្យ​បងប្អូន​ទាហាន​ជួរមុខ​ហ្នឹង​ផ្សព្វផ្សាយ មិន​ឱ្យ​និយាយ​រឿង​ពិត មិន​ឱ្យ​និយាយ​ពី​សភាពការណ៍​ពិត​ពី​ព្រំដែន​មួយចំនួន​ទេ ក្រសួងការពារជាតិ គ្មាន​បញ្ជា​ឱ្យ​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​ថៃ​ពង្រីក​ការឈ្លានពាន​តាម​ព្រំដែន​នោះ​ទេ»។

ខណៈ​ស្ថានភាព​ជម្លោះព្រំដែន​គោក​រវាង​កម្ពុជា និង​ថៃ កាន់តែ​មាន​ភាព​តានតឹង និង​ត្រៀម​ចូល​តុ​ចរចា​ជម្លោះដែនសមុទ្រ នៅ​សប្ដាហ៍​ក្រោយនេះ យោធា​ថៃ​បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ នៅ​ក្បែរ​ព្រំដែន​កម្ពុជា ក្នុង​ខេត្ត​ស្រះកែវ ដោយមាន​ការ​បាញ់​កាំភ្លើង​ធំ​ទំហំ ១០៥ និង​១៥៥ មី​លី​ម៉ែត្រ​ជាច្រើន​គ្រាប់​។ សកម្មភាព​របស់​យោធា​ថៃ​នេះ បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត និង​តំបន់​មួយ​ចំនួន​ទៀត មានការ​ភ្ញាក់ផ្អើល និង​ភិតភ័យ​ពី​សំឡេង​ផ្ទុះអាវុធ​នេះ​។ ចំណែក​នៅ​អង្គភាព​ផ្សេងទៀត យោធា​ថៃ បាន​ធ្វើ​សមយុទ្ធ​លោត​ឆត្រយោង បង្ហោះ​ដ្រូន​ស៊ើបការណ៍ និង​ដ្រូន​អត្តឃាត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​យោធា​ថៃ​អះអាង​ថា សមយុទ្ធ​នេះ​ធ្វើឡើង​ដើម្បី​ត្រៀមប្រយុទ្ធ​ក្នុង​សង្គ្រាម​ពិត។

ចំណែក​នៅ​ខាង​ភាគី​កម្ពុជា​វិញ កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​កងទ័ពជើងគោក បាន​ប្រកាស​ថា កងទ័ព​កម្ពុជា នឹង​បាញ់​គ្រាប់​ពិត ដើម្បី​ត្រួតពិនិត្យ​គុណភាព​អាវុធ នៅ​តំបន់​ទីលាន​បាញ់​គ្រាប់​ពិត ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភ្នំ​ខ្យង ភូមិ​រុងរឿង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃទី​១៥ ខែកញ្ញា​។ កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​កងទ័ពជើងគោក បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ផ្សព្វផ្សាយ​ដំណឹង​ដល់ ពលរដ្ឋ ដើម្បី​កុំ​ឱ្យ​ចូល​ទៅកាន់​ទីតាំង​បាញ់​គ្រាប់​ពិត​ខាងលើ ជា​បណ្ដោះអាសន្ន ដើម្បី​ចៀសវាង​បញ្ហា​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ