

ក្នុងអំឡុងពេលកម្ពុជា និងថៃ កំពុងត្រៀមខ្លួនបើកកិច្ចចរចាព្រំដែនសមុទ្រនៅដើមសប្ដាហ៍ខាងមុខនេះ យោធាថៃ បានបង្កើនសកម្មភាពឈ្លានពានក្នុងទឹកដីកម្ពុជា នៅតាមព្រំដែនជាច្រើនទីតាំង និងបង្កវិវាទពាក្យសម្ដីជាមួយទាហានខ្មែរ រហូតស្ទើរតែបង្កទៅជាជម្លោះហិង្សា។ ទន្ទឹមគ្នានេះ យោធាថៃបានធ្វើសមយុទ្ធយោធា ដោយបានបាញ់កាំភ្លើងធំនៅតាមព្រំដែន ដែលបង្កឱ្យស្ថានការណ៍កាន់តែមានភាពតានតឹង។
ខណៈយោធាថៃ តែងតែលើកឡើងមិនដាច់ពីមាត់ អំពីការគោរពបទឈប់បាញ់ និងបើកចិត្តចរចា ដើម្បីបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជានោះ ក៏ប៉ុន្តែបើក្រឡេកមើលពីសកម្មភាពវិញ យោធាថៃបានធ្វើសកម្មភាពឈ្លានពានលើបូរណភាពកម្ពុជាស្ទើរតែគ្រប់ទីតាំង នៅតាមបណ្ដោយព្រំដែន។
តាមរយៈវីដេអូ ដែលទាហានខ្មែរ និងទាហានថៃ បានចែករំលែកនៅលើបណ្ដាញសង្គម បានបង្ហាញពីសកម្មភាពរបស់យោធាថៃ បានចូលរាយបន្លាលួស និងសាងសង់ផ្លូវយុទ្ធសាស្ត្រតាមបណ្ដោយព្រំដែនកម្ពុជា ជាច្រើនទីតាំង។
ក្នុងនោះ នៅតំបន់ព្រំដែនខេត្តព្រះវិហារ យោធាថៃបានធ្វើផ្លូវបេតុង ពង្រីកលេណដ្ឋាន និងដាក់កម្លាំងល្បាតនៅទីតាំងទ្វារដែក និងទីតាំងចំហៀងនៅសងខាងផ្លូវឡើងមកកាន់ប្រាសាទ។ ចំណែកនៅក្នុងភូមិសាស្ត្រតំបន់អានសេះ បុស្សស្បូវ តាថាវ និងជាំតែ ជាដើម យោធាថៃបានបន្តធ្វើសកម្មភាពរាយបន្លាលួស ដោយព័ទ្ធចូលក្នុងទីតាំងផ្លូវល្បាតរបស់កងទ័ពខ្មែរជាច្រើនកន្លែង ក៏ប៉ុន្តែត្រូវទាហានខ្មែររើចេញទៅវិញមួយចំនួន ខណៈនៅតំបន់មុំបី ទាហានថៃបានព្យាយាមចូលរាយបន្លាលួស ក្នុងតំបន់ភ្នំ ៧៤៧ ដែលជាទីតាំងឈរជើងរបស់ទាហានខ្មែរ ក៏ប៉ុន្តែត្រូវទាហានខ្មែររារាំង ដែលបណ្ដាលឱ្យមានការឈ្លោះប្រកែក និងមានការភ្ជង់អាវុធដាក់គ្នាទៀតផង។
ចំពោះនៅតំបន់ភ្នំទ្រព្យ វិញ បន្ទាប់ពីបានឈ្លានពានដណ្ដើមយកពីកម្ពុជា មកកាន់កាប់អស់រយៈពេលជិតមួយឆ្នាំមកនេះ យោធាថៃបានបន្តសាងសង់សំណង់រឹង រូបសំណាក ជណ្ដើរដែក និងផ្លូវយុទ្ធសាស្ត្រឡើងទៅកាន់តំបន់ភ្នំ ដែលជាអតីតមូលដ្ឋានយោធារបស់កម្ពុជា។ ក្នុងនោះយោធាថៃ បានបង្កើតតំបន់ភ្នំទ្រព្យ ឱ្យទៅជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងជាទីតាំងយុទ្ធសាស្ត្រយោធាតែមួយ។
ងាកមកតំបន់ព្រំដែនខេត្តឧត្តរមានជ័យ វិញ យោធាថៃបានពង្រីកការសាងសង់ផ្លូវយុទ្ធសាស្ត្រ ប៉ុស្តិ៍យាម និងលេណដ្ឋានធំៗ ចាប់ពីតំបន់ប្រាសាទតាមាន់ធំ ភ្នំ៨០០ រហូតដល់តំបន់ជាំស្រងាំ និងច្រកជាំ ដោយរំលោភចូលក្នុងទីតាំងយោធារបស់កម្ពុជា និងតំបន់ដែលមិនទាន់ឯកភាពគ្នា ជាច្រើនកន្លែង។ រីឯនៅតំបន់ប្រាសាទតាក្របី ថ្មដូន ជប់គគីរ និងចូកគ្រួស វិញ យោធាថៃនៅតែបន្តរាយបន្លាលួសវាទីចូលក្នុងទឹកដីកម្ពុជា ជាច្រើនទីតាំង ប៉ុន្តែត្រូវទាហានខ្មែរចេញមករារាំង និងរើចេញទៅវិញ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ ខែកញ្ញា។
ពាក់ព័ន្ធរឿងនេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ ដោយតវ៉ាចំពោះសកម្មភាពរបស់យោធាថៃ ដែលបានបន្តដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវបេតុងចូលកាន់តែជិតតំបន់ប្រាសាទព្រះវិហារ ដែលស្ថាប័នមួយនេះ ចាត់ទុកជាការរំលោភបំពានច្បាប់អន្តរជាតិ និងរំលោភកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ទោះជាយ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា កម្ពុជាមិនគួរត្រឹមតែធ្វើការតវ៉ាទៅកាន់យោធាថៃដដែលៗ បែបនេះនោះឡើយ ដោយកម្ពុជាគួរតែប្រមូលភស្តុតាង និងឯកសារប្ដឹងថៃតាមយន្តការច្បាប់អន្តរជាតិ ដើម្បីប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃជាផ្លូវការ។ លោកបន្តថា ការតវ៉ាដែលមានភាពទន់ជ្រាយ និងគ្មានទម្ងន់ផ្នែកច្បាប់ គឺជាការធ្វើឱ្យយោធាថៃចំណេញពេល ដើម្បីពង្រីកសកម្មភាពឈ្លានពានក្នុងទឹកដីកម្ពុជា។
លោក ម៉ែន ណាត៖ «តំណាងរដ្ឋាភិបាលកម្ពុជា គឺជាជនរងគ្រោះពិតប្រាកដ បែរជាបិទបាំងព័ត៌មានមិនឱ្យផ្សព្វផ្សាយ វាជារឿងសង្វេគចំពោះសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាហ្នឹង ពេលដែលសៀមឈ្លានពានហើយ បែរជាបិទខ្ទប់មិនឱ្យបងប្អូនទាហានជួរមុខហ្នឹងផ្សព្វផ្សាយ មិនឱ្យនិយាយរឿងពិត មិនឱ្យនិយាយពីសភាពការណ៍ពិតពីព្រំដែនមួយចំនួនទេ ក្រសួងការពារជាតិ គ្មានបញ្ជាឱ្យមានវិធានការទប់ស្កាត់សកម្មភាពថៃពង្រីកការឈ្លានពានតាមព្រំដែននោះទេ»។
ខណៈស្ថានភាពជម្លោះព្រំដែនគោករវាងកម្ពុជា និងថៃ កាន់តែមានភាពតានតឹង និងត្រៀមចូលតុចរចាជម្លោះដែនសមុទ្រ នៅសប្ដាហ៍ក្រោយនេះ យោធាថៃបានធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅក្បែរព្រំដែនកម្ពុជា ក្នុងខេត្តស្រះកែវ ដោយមានការបាញ់កាំភ្លើងធំទំហំ ១០៥ និង១៥៥ មីលីម៉ែត្រជាច្រើនគ្រាប់។ សកម្មភាពរបស់យោធាថៃនេះ បង្កឱ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងក្រុងប៉ោយប៉ែត និងតំបន់មួយចំនួនទៀត មានការភ្ញាក់ផ្អើល និងភិតភ័យពីសំឡេងផ្ទុះអាវុធនេះ។ ចំណែកនៅអង្គភាពផ្សេងទៀត យោធាថៃ បានធ្វើសមយុទ្ធលោតឆត្រយោង បង្ហោះដ្រូនស៊ើបការណ៍ និងដ្រូនអត្តឃាតជាលក្ខណៈទ្រង់ទ្រាយធំ ដោយយោធាថៃអះអាងថា សមយុទ្ធនេះធ្វើឡើងដើម្បីត្រៀមប្រយុទ្ធក្នុងសង្គ្រាមពិត។
ចំណែកនៅខាងភាគីកម្ពុជាវិញ កងពលធំអន្តរាគមន៍លេខ២ នៃកងទ័ពជើងគោក បានប្រកាសថា កងទ័ពកម្ពុជា នឹងបាញ់គ្រាប់ពិត ដើម្បីត្រួតពិនិត្យគុណភាពអាវុធ នៅតំបន់ទីលានបាញ់គ្រាប់ពិត ស្ថិតក្នុងភូមិសាស្ត្រភ្នំខ្យង ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែកញ្ញា។ កងពលធំអន្តរាគមន៍លេខ២ នៃកងទ័ពជើងគោក បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយដំណឹងដល់ ពលរដ្ឋ ដើម្បីកុំឱ្យចូលទៅកាន់ទីតាំងបាញ់គ្រាប់ពិតខាងលើ ជាបណ្ដោះអាសន្ន ដើម្បីចៀសវាងបញ្ហាគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕









