កម្មករ​រោងចក្រ​ ឈី ហេងស៊ីន តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​ពួកគេ​ចូល​ធ្វើ​ការ​វិញ

0
41

កម្មករ​រោងចក្រ ឈី ហេង ស៊ីន (QI HENG XIN) ជិត​១០០​នាក់​តវ៉ា​នៅមុខ​រោងចក្រ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​ពួកគេ​ចូល​ធ្វើការ​វិញ​។ កម្មករ​អះអាង​ថា ក្រុមហ៊ុន​លើក​ហេតុផល​មិន​សមរម្យ​មក​បញ្ឈប់​ពួកគេ បន្ទាប់ពី​កម្មករ​ទាំងនោះ​ចូលរួម​បង្កើត​សហជីព​ឯករាជ្យ ដើម្បី​ទាមទារ​សិទ្ធិ​ជូន​កម្មករ​។ មន្ត្រី​សិទ្ធិ​កម្មករ​ទទូច​ឲ្យ​ក្រសួង​ការងារ​តាមដាន និង​ចុះ​ដោះស្រាយ​ករណីនេះ ជាបន្ទាន់ ដើម្បី​ធានា​ថា កម្មករ​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​បាន​ដោយ​គ្មាន​ការរើសអើង។

នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា កម្មករ​រោងចក្រ ឈី ហេង ស៊ីន ជិត​១០០​នាក់ ប្រមូលគ្នា​តវ៉ា​នៅមុខ​រោងចក្រ​ស្ថិតនៅ​សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ ទទួលយក​កម្មករ​ចូល​ធ្វើ​ការ​ឡើងវិញ និង​បើក​សិទ្ធិ​ឲ្យ​កម្មករ​បង្កើត​សហជីព​ដោយ​សេរី មិន​ត្រូវ​រើសអើង និង​បញ្ឈប់​កម្មករ​បែបនេះ​នោះ​ទេ ។ កម្មករ​អះអាង​ថា ក្រុមហ៊ុន​បញ្ឈប់​កម្មករ​មិន​មាន​ហេតុផល​សមរម្យ​នោះ​ឡើយ ពីព្រោះ​ការបញ្ឈប់​នេះ​គឺ​ក្រោយ​កម្មករ​បង្កើត​សហជីព​ឯករាជ្យ​នៅក្នុង​រោងចក្រ។

តំណាង​សហជីព លោកស្រី ឃុន សុផាត អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែកញ្ញា​ថា ក្រុមហ៊ុន​បញ្ឈប់​កម្មករ ក្រោម​ហេតុផល​មិន​មាន​ការងារ​ធ្វើ ប៉ុន្តែ​ហេតុផល​មួយ​នេះ​មិន​ត្រឹមត្រូវ​នោះ​ឡើយ ពីព្រោះ​ការបញ្ឈប់​នេះ គឺ​កើតឡើង​ក្រោយ​កម្មករ​ប្រមូលគ្នា​បង្កើត​សហជីព​ឯករាជ្យ​មួយ​នៅក្នុង​ក្រុមហ៊ុន ដើម្បី​ការពារ​សិទ្ធិ​កម្មករ កុំ​ឲ្យ​មានការ​ជិះជាន់​ពី​សំណាក​និយោជក។ លោកស្រី​ថា កម្មករ​ទាមទារ​ឲ្យ​រោងចក្រ​ទទួលយក​ពួកគាត់​ចូល​ធ្វើ​ការ​វិញ និង​មិន​ត្រូវ​រើសអើង​ពួកគាត់​បង្កើត​សហជីព​ឡើយ។

លោកស្រី ឃុន សុផាត៖ «ខ្ញុំ​គិតថា​ការបញ្ឈប់​កម្មករ​នេះ ជា​ការ​រើសអើង ហើយ​វា​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ណាស់ អយុត្តិធម៌​ខ្លាំង​ណាស់ ពីព្រោះ​រោងចក្រ​នេះ គាត់​ធ្វើការ​គាប់​សង្កត់​កម្មករ ហើយ​មិន​គោរព​លក្ខខណ្ឌ​ការងារ​នោះ​ទេ ខ្ញុំ​បង្កើត​ទៅ ចេះតែ​ប្រាប់​កម្មករ​ថា យើង​ធ្វើការ​នេះ យើង​ត្រូវ​ទទួល​បាន​អ្វីខ្លះ កម្មករ​ទទួល​បាន ដូចជា ការ​ទូទាត់​ប្រាក់​បំណាច់​ឆ្នាំ ឈប់សម្រាក​លុយ​បាយ​ថ្ងៃត្រង់ ថែម​ម៉ោង​ត្រូវ​ទទួល​បាន​ប៉ុន្មាន ពេល​គាត់​ដឹងឮ​អញ្ចឹង​ទៅ​គាត់​ក៏​បញ្ឈប់​ពួក​ខ្ញុំ អញ្ចឹង​វា​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ ហើយ​អយុត្តិធម៌​សម្រាប់​កម្មករ​កំពុង​ធ្វើ​ការ​ទៀត ពីព្រោះ​អស់អ្នក​ជួយ​គាត់​ហើយ»។

កម្មករ​រោងចក្រ ឈី ហេង ស៊ីន លោក ប៊ុន ណាវីត បាន​រៀបរាប់​ថា កម្មករ​ដែល​ក្រុមហ៊ុន​បញ្ឈប់​ពួកគាត់​សុទ្ធតែ​ធ្វើការ​ក្នុង​រោងចក្រ​នេះ​យូរ​ឆ្នាំ​មក​ហើយ​ខណៈ​បញ្ឈប់ ការងារ​ពួកគាត់​កម្មករ​ក្នុង​រោងចក្រ​ធ្វើការ​ថែម​ម៉ោង​រាល់ថ្ងៃ។

លោក ប៊ុន ណាវីត៖ «គ្នា​ខ្ញុំ​ដែល​ស្និត​ស្នាល​ជាមួយ​សហជីព យក​ពួកគាត់​ធ្វើការ​វិញ​ទាំងអស់ ពីព្រោះ​ពួកគាត់​ធ្វើការ​យូរ​ឆ្នាំ ហើយ​គាត់​ចាស់ៗ​អស់ហើយ គាត់​មិនដឹង​ទៅ​រក​ការងារ​ធ្វើ​ទៀត​នោះ​ទេ ពួក​ខ្ញុំ​ទាមទារ​អត្ថប្រយោជន៍​ឲ្យ​កម្មករ ទាម​ទារ​លុយ​ទឹកដោះគោ​កូន លុយ​បាយ​ដល់ពេល​បញ្ឈប់​ពួក​ខ្ញុំ​អញ្ចឹង​វា​យ៉ាងម៉េច​វិញ សូម​ពរ​ក្រុមហ៊ុន​យក​ពួក​ខ្ញុំ​ធ្វើការ​វិញ»។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ លោក ស៊ុន មេសា និង តំណាង​ក្រុមហ៊ុន ឈី ហេង ស៊ីន ហ្វេកធើរី ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១១ ខែ​កញ្ញា។

អ្នក​គ្រប់គ្រង កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក ឃុន ថារ៉ូ លើកឡើង​ថា ចាប់​តាំង​ពី​២០២៥​រហូត​មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​រើសអើង និង​ធ្វើទុក្ខបុកម្នេញ ទៅលើ​កម្មករ និង​សហជីព​ឯករាជ្យ​ជា​បន្តបន្ទាប់ ដែល​បញ្ហា​ទាំងអស់​នេះ បង្ហាញ​ពី​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​កម្មករ មិន​ឲ្យ​ពួកគាត់​បាន​ប្រើប្រាស់​សិទ្ធិ​ក្នុង​បង្កើត​សហជីព​ជួយ​ពួកគាត់​ស្របតាម​ច្បាប់។ លោក​ទទូច​ឲ្យ​ក្រសួង​ការងារ​តាមដាន និង​ចុះ​ដោះស្រាយ​ករណីនេះ​ជា​បន្ទាន់ ដើម្បី​ធានា​ថា កម្មករ​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​បាន​ដោយ​គ្មាន​ការរើសអើង។

លោក ឃុន ថារ៉ូ៖ «ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​សហជីព​សកម្មជន​នេះ វា​គឺជា​រឿង​មួយ​ដែរ ជា​ឧបសគ្គ​រារាំង​សម្រាប់​កម្មករ​ការប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់ អញ្ចឹង​យើង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ ដូចជា​ចក្រភព​អង់គ្លេស ដូចជា​សហរដ្ឋ​អាមេរិក ពិនិត្យ​តាម​នូវ​ករណីនេះ ហើយ​យើង​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ការងារ​ត្រូវតែ​តាមដាន ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាប់ ដើម្បី​ធានា​ថា កម្មករ​និយោជិក​គាត់​អាច​អនុវត្ត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពួកគាត់​បាន»។

កម្មករ​អះអាង​ថា ពួកគាត់​បាន​ប្រមូល​ផ្ដុំ​គ្នា​បង្កើត​សហជីព​កាល​ខែមីនា​ប៉ុន្តែ​នៅ​ពី​ថ្ងៃទី​៣១ ខែ​សីហា ខាង​ភាគី​រោងចក្រ​បាន​ជូនដំណឹង​អំពី​បញ្ឈប់​ពួកគាត់​នៅ​ថ្ងៃទី​១០ ខែកញ្ញា ចំណែក​ឈ្មោះ​ដែល​ក្រុមហ៊ុន​បញ្ឈប់​កម្មករ គឺ​សុទ្ធសឹងតែ​កម្មករ​ធ្វើការ​យូរ​ឆ្នាំ និង​មាន​អាយុ​ច្រើន​។ ពួកគាត់​ថា ប្រសិនបើ​រោងចក្រ មិន​យក​កម្មករ​ធ្វើការ​វិញ​ទេ​នោះ ពួកគាត់​នឹង​បន្ត​ការ​តវ៉ា​នេះ​រហូតដល់​ទទួល​បាន​ដំណោះស្រាយ​ដោយ​យុត្តិធម៌៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ