អ្នកឃ្លាំមើល​បារម្ភ​រឿង​ពលរដ្ឋ​ខ្មែរ​ក្លាយជា​គោលដៅ​នៃ​ការ​បង្ក្រាប​ករណី​ឆបោក​តាម​អនឡាញ

0
101
ចាប់ខ្លួន​ខ្មែរ២នាក់​រងការសង្ស័យថា ប្រព្រឹត្តិឆបោកអនឡាញនៅផ្ទះរបស់​ខ្លួន។ រូប៖ មន្ត្រីប៉ូលិស
ចាប់ខ្លួន​ខ្មែរ២នាក់​រងការសង្ស័យថា ប្រព្រឹត្តិឆបោកអនឡាញនៅផ្ទះរបស់​ខ្លួន។ រូប៖ មន្ត្រីប៉ូលិស

អ្នកឃ្លាំមើល​បញ្ហា​ឧក្រិដ្ឋកម្ម​លើកឡើង​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ​កំពុង​ដាក់​គោលដៅ និង​បង្កើត​ចំណាត់ការ​ស៊ើបអង្កេត​បង្ក្រាប​លើ​ប្រជាពលរដ្ឋ​ខ្មែរ ជំនួស​ឱ្យ​មាន​ការស៊ើបអង្កេត​ស៊ីជម្រៅ និង​ឯករាជ្យ​លើ​មេខ្លោង​កំពូល​ដែល​បាន​បង្កើត​អាណាចក្រ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​។ ការ​លើកឡើង​នេះ​បន្ទាប់ពី​អាជ្ញាធរ​បន្ត​ចាប់ខ្លួន​ស្ត្រី​ខ្មែរ​ម្នា​ក់​ដោយ​ចោទ​ប្រកាន់​ថា ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​អនឡាញ​ក្នុង​គម្រោង​ស្នេហា​ក្លែងក្លាយ។

អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​រយៈពេល​ចុងក្រោយ​នេះ ហាក់​បង្កើន​យុទ្ធនាការ​បង្ក្រាប​ផ្ដោត​លើ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ​នៅ​តាម​ទីតាំង​តូចៗ​ជា​បន្តបន្ទាប់ ដើម្បី​បង្ហាញ​ជា​រូបភាព និង​តួលេខ​ប្រាប់​សហគមន៍​អន្តរជាតិ​ថា ខ្លួន​កំពុង​ប្រឆាំង​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ទាំងនេះ​។ ទោះជា​យ៉ាងណា មេខ្លោង​សំខាន់ៗ រួម​ទាំង​ម្ចាស់​អគារ​ធំៗ​រួម​ទាំង​កាស៊ីណូ​ផង មន្ត្រី​ដែល​កាង​ឧស្សាហកម្ម​មជ្ឈមណ្ឌល​ឆបោក និង​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​នៃ​ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន​ជាដើម មិន​ត្រូវ​បាន​អាជ្ញាធរ​បង្ហាញ​ចំណាត់ការ​ស៊ើបអង្កេត​ស៊ីជម្រៅ ដើម្បី​យក​ពួកគេ​មក​អនុវត្ត​ទោស​តាមច្បាប់​ឡើយ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ទាមទារ​ដល់​សមត្ថកិច្ច​ស៊ើបអង្កេត និង​បែងចែក​ឱ្យ​បាន​ច្បាស់លាស់​រវាង​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ដោយ​ចេតនា និង​អ្នក​ដែល​ត្រូវ​បាន​បោក​បញ្ឆោត ឬ​បង្ខំ​ឱ្យ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ ដើម្បី​ការពារ​ពួកគេ​ពី​ការ​ទទួលទោស​តាមច្បាប់។

លោក​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ដាក់​គោលដៅ​របស់​សមត្ថកិច្ច​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ពាក់ព័ន្ធ ប៉ុន្តែ​មិន​ចាត់ការ​លើ​មេខ្លោង នឹង​ធ្វើ​ឱ្យ​រងគ្រោះ​ពិតប្រាកដ​ដែល​ចាញ់បោក​បណ្ដាញ​ឧក្រិដ្ឋជន​ខ្លាចរអា​មិន​ហ៊ាន​សុំ​ជំនួយ​កិច្ច​អន្តរាគមន៍​។ លើស​ពី​នេះ បញ្ហា​នេះ​ក៏​ជះឥទ្ធិពល​ដល់​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​រាយការណ៍​ពី​បណ្ដាញ​ឆបោក ដោយសារតែ​ត្រូវ​ប្រឈម​នឹង​ការ​គំរាមកំហែង និង​ចាប់ខ្លួន ដោយសារតែ​ច្បាប់​នៅ​កម្ពុជា​មាន​ប្រសិទ្ធភាព​តែ​ចំពោះ​អ្នក​គ្មាន​អំណាច​ប៉ុណ្ណោះ។

លោក សេង វណ្ណលី៖ «​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​ការពារ​ជនរងគ្រោះ ពាក់ព័ន្ធ​ឧស្សាហកម្ម​ឆបោក​ទាំងនោះ និង​ជនរងគ្រោះ ហើយ​ស៊ើបអង្កេត​ដល់​មេខ្លោង អ្នកផ្ដល់​លុយ​ឱ្យ​មន្ត្រី​ដែល​ជួយ​ការពារ​បទល្មើស ជាពិសេស​បុគ្គល​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​អន្តរជាតិ ឬក៏​រដ្ឋ​បរទេស​ចោទប្រកាន់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ទៅ​នឹង​ឧស្សាហកម្ម​ឆបោក​។ ការ​បង្ហាញ​រូបភាព​ចាប់​បង្ក្រាប និង​ចំនួន​អ្នក​ចាប់​មិនទាន់​គ្រប់គ្រាន់​ទេ ប្រជាពលរដ្ឋ​ចង់​ឃើញ​អ្នក​នៅ​ពីក្រោយ​បទល្មើស ត្រូវ​ទទួលខុសត្រូវ​ពិតប្រាកដ បើ​ចាប់​តែ​អ្នក​តូចតាច ហើយ​ទុក​អ្នកធំ​ឱ្យ​រួចខ្លួន បញ្ហា​ឆបោក​ហ្នឹង​មិន​ចប់ ហើយ​ប្រជាពលរដ្ឋ​ក៏​បាត់​ជំនឿ​ទៅលើ​ច្បាប់​ដែរ»។

ការ​លើកឡើង​នេះ​បន្ទាប់ពី​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ស្ត្រី​ខ្មែរ​ម្នាក់​កាលពី​ថ្ងៃទី​៨ ខែកញ្ញា ដោយ​ចោទប្រកាន់​ថា ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ​ក្នុង​គម្រោង​រូបភាព​ស្នេហា​ក្លែងក្លាយ​។ អាជ្ញាធរ​អះអាង​ថា ជនសង្ស័យ​រូប​នេះ បាន​ទទួល​បាន​ប្រាក់កម្រៃ​ពី​ក្រុម​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​នឹង​ការ​លក់​លេខ​ទូរស័ព្ទ និង​គណនី​ធនាគារ​ឱ្យ​ក្រុម​ឆបោក​តាម​អនឡាញ។

កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ចាត់វិធានការ​លើ​ជនសង្ស័យ​រូប​នេះ ដើម្បី​បន្ត​នីតិវិធី​ទៅ​តុលាការ។

អ្នកឃ្លាំមើល​វាយតម្លៃ​ថា មូលហេតុ​ចម្បង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ឧក្រិដ្ឋជន​បណ្ដុះ​បណ្ដាល​ឱ្យ​ឆបោក​តាម​អន​ឡាញ គឺ​ដោយសារតែ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន គ្មាន​សមត្ថភាព​បង្កើត​ទីផ្សារ​ការងារ​ស្របច្បាប់​ជូន​ប្រជាជន ប៉ុន្តែ​បែរជា​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​រីក​ដូច​ផ្សិត​នៅ​ទូទាំង​ប្រទេស។

លើស​ពី​នេះ មេខ្លោង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​អគារ និង​ការ​កាង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា ត្រូវ​បាន​សហរដ្ឋអាមេរិក និង​ស្ថាប័ន​អន្តរជាតិ​លាតត្រដាង​ជា​បន្តបន្ទាប់​ថា មាន​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ និង​ជា​មនុស្ស​ជំនិតៗ​របស់​លោក ហ៊ុន សែន​។ ជាក់ស្ដែង សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា លោក លី យ៉ុងផាត់ និង​លោក កុក អាន ដែល​ត្រូវ​បាន​អាមេរិក​ដាក់ទណ្ឌកម្ម​ពាក់​ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា ក៏​មិនទាន់​ត្រូវ​បាន​អាជ្ញាធរ​បង្ហាញ​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ណាមួយ​នៅឡើយ។

មកដល់ពេលនេះ នៅតែ​មាន​ពលរដ្ឋ​ជាពិសេស​យុវជន​មួយចំនួន​នៅតែ​បន្ត​ធ្វើការ​លួចលាក់​ឱ្យ​បណ្ដាញ​ក្រុម​ឆបោក​តាម​អន​ឡាញ ដូច​ជនបរទេស​ផ្សេងទៀត​ដែរ​។ អ្នកខ្លះ​ក៏​បង្ខំចិត្ត​ធ្វើ​ទាំង​ភ័យខ្លាច ដោយសារតែ​ពិបាក​ស្វែងរក​ការងារ និង​ពុំ​សូវ​មានចំណេះ​ជំនាញ ឬ​បទពិសោធន៍​ការងារ​អ្វី ក្រៅពី​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ​ដែល​ខ្លួន​ធ្លាប់​ប្រឡូកប្រឡាក់​ជាច្រើន​ឆ្នាំ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស សុខា ថ្មីៗ​នេះ​ប្រកាស​ថា ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​រួម​ចំណែក​បម្រើ​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ដោយ អ្នកខ្លះ​មាន​តួនាទី​ជា​អ្នក​ហៅ​ទូរស័ព្ទ (Call Center) ឬ​ផ្ញើ​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ ជា​ថ្នូរ​ទទួល​ប្រាក់ខែ​ខ្ពស់។

ជុំវិញ​រឿង​នេះ ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KDM) អ្នកស្រី មូរ សុខហួរ លើកឡើង​ថា គោលការណ៍​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​លើ​សកលលោក គ្មាន​ប្រទេស​ណា​ដូចជា​មេដឹកនាំ​កម្ពុជា​ដែល ព្យាយាម​ការពារ​មេខ្លោង​ធំៗ និង​ចាប់​ជនរងគ្រោះ ឬ​ជនល្មើស​តូចតាច​ជំនួស​ឡើយ។

អ្នកស្រី មូរ សុខហួរ៖ «ពីព្រោះ​អ្នកដឹកនាំ​កំពូល​នៅ​ប្រទេស​កម្ពុជា យក​រឿង​ឆបោក​អន​ឡាញ​នេះ គឺជា​ធនធាន សម្រាប់​ការ​ការពារ​ផលប្រយោជន៍ ការពារ​អំណាច​របស់​ខ្លួន​បន្ត​ទៅ​ទៀត ចំណាយ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ថ្នាក់ដឹកនាំ​កំពូល​នោះ គ្រួសារ​ទាំងអស់ អ្នកឧកញ៉ា អ្នកដឹកនាំ​ទាំងមូល ភាគច្រើន​គឺ​ស្ទើរតែ​ទាំងអស់​ហើយ ចេញ​មកពី​លុយកខ្វក់»។

អ្នកស្រី មូរ សុខហួរ ជឿជាក់​ថា មេខ្លោង ឬ​ម្ចាស់​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​នីមួយៗ​មិនមែន​អាជ្ញាធរ​នៃ​ក្រសួងមហាផ្ទៃ​មិនដឹង​ឡើយ ប៉ុន្តែ​គ្រាន់តែ​គ្មាន​ឥទ្ធិពល​ក្នុង​ការ​ចុះ​បង្ក្រាប ដោយសារតែ​ពួកគេ​ទទួល​បាន​ការ​ការពារ​ពី​មេដឹកនាំ​កំពូល​នៅ​កម្ពុជា​។ អ្នកស្រី​វាយតម្លៃ​ថា ដោយសារតែ​មេខ្លោង​សំខាន់ៗ​បន្ត​នៅ​ក្រៅ​សំណាញ់​ច្បាប់​បែបនេះ ទើប​បណ្ដាញ​ឧក្រិដ្ឋជន​នៅតែ​អាច​បង្កើត​ជា​រូបភាព​ឆបោក​តាម​អនឡាញ​ក្នុង​ទម្រង់​ផ្សេងៗ និង​បន្ត​អូសទាញ​ឱ្យ​ជនរងគ្រោះ​ទាំង​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ ឱ្យ​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ