

អ្នកឃ្លាំមើលបញ្ហាឧក្រិដ្ឋកម្មលើកឡើងថា រដ្ឋាភិបាលក្រុងភ្នំពេញកំពុងដាក់គោលដៅ និងបង្កើតចំណាត់ការស៊ើបអង្កេតបង្ក្រាបលើប្រជាពលរដ្ឋខ្មែរ ជំនួសឱ្យមានការស៊ើបអង្កេតស៊ីជម្រៅ និងឯករាជ្យលើមេខ្លោងកំពូលដែលបានបង្កើតអាណាចក្រមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា។ ការលើកឡើងនេះបន្ទាប់ពីអាជ្ញាធរបន្តចាប់ខ្លួនស្ត្រីខ្មែរម្នាក់ដោយចោទប្រកាន់ថា ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញក្នុងគម្រោងស្នេហាក្លែងក្លាយ។
អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅរយៈពេលចុងក្រោយនេះ ហាក់បង្កើនយុទ្ធនាការបង្ក្រាបផ្ដោតលើប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញនៅតាមទីតាំងតូចៗជាបន្តបន្ទាប់ ដើម្បីបង្ហាញជារូបភាព និងតួលេខប្រាប់សហគមន៍អន្តរជាតិថា ខ្លួនកំពុងប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មទាំងនេះ។ ទោះជាយ៉ាងណា មេខ្លោងសំខាន់ៗ រួមទាំងម្ចាស់អគារធំៗរួមទាំងកាស៊ីណូផង មន្ត្រីដែលកាងឧស្សាហកម្មមជ្ឈមណ្ឌលឆបោក និងប្រតិបត្តិករហិរញ្ញវត្ថុនៃក្រុមបណ្ដាញឧក្រិដ្ឋជនជាដើម មិនត្រូវបានអាជ្ញាធរបង្ហាញចំណាត់ការស៊ើបអង្កេតស៊ីជម្រៅ ដើម្បីយកពួកគេមកអនុវត្តទោសតាមច្បាប់ឡើយ។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ទាមទារដល់សមត្ថកិច្ចស៊ើបអង្កេត និងបែងចែកឱ្យបានច្បាស់លាស់រវាងអ្នកដែលប្រព្រឹត្តបទល្មើសដោយចេតនា និងអ្នកដែលត្រូវបានបោកបញ្ឆោត ឬបង្ខំឱ្យចូលរួមក្នុងប្រតិបត្តិការឆបោកតាមអនឡាញ ដើម្បីការពារពួកគេពីការទទួលទោសតាមច្បាប់។
លោកប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការដាក់គោលដៅរបស់សមត្ថកិច្ចបង្ក្រាបលើពលរដ្ឋខ្មែរដែលពាក់ព័ន្ធ ប៉ុន្តែមិនចាត់ការលើមេខ្លោង នឹងធ្វើឱ្យរងគ្រោះពិតប្រាកដដែលចាញ់បោកបណ្ដាញឧក្រិដ្ឋជនខ្លាចរអាមិនហ៊ានសុំជំនួយកិច្ចអន្តរាគមន៍។ លើសពីនេះ បញ្ហានេះក៏ជះឥទ្ធិពលដល់ប្រជាពលរដ្ឋដែលហ៊ានរាយការណ៍ពីបណ្ដាញឆបោក ដោយសារតែត្រូវប្រឈមនឹងការគំរាមកំហែង និងចាប់ខ្លួន ដោយសារតែច្បាប់នៅកម្ពុជាមានប្រសិទ្ធភាពតែចំពោះអ្នកគ្មានអំណាចប៉ុណ្ណោះ។
លោក សេង វណ្ណលី៖ «រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវការពារជនរងគ្រោះ ពាក់ព័ន្ធឧស្សាហកម្មឆបោកទាំងនោះ និងជនរងគ្រោះ ហើយស៊ើបអង្កេតដល់មេខ្លោង អ្នកផ្ដល់លុយឱ្យមន្ត្រីដែលជួយការពារបទល្មើស ជាពិសេសបុគ្គលដែលត្រូវបានមជ្ឈដ្ឋានអន្តរជាតិ ឬក៏រដ្ឋបរទេសចោទប្រកាន់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលទៅនឹងឧស្សាហកម្មឆបោក។ ការបង្ហាញរូបភាពចាប់បង្ក្រាប និងចំនួនអ្នកចាប់មិនទាន់គ្រប់គ្រាន់ទេ ប្រជាពលរដ្ឋចង់ឃើញអ្នកនៅពីក្រោយបទល្មើស ត្រូវទទួលខុសត្រូវពិតប្រាកដ បើចាប់តែអ្នកតូចតាច ហើយទុកអ្នកធំឱ្យរួចខ្លួន បញ្ហាឆបោកហ្នឹងមិនចប់ ហើយប្រជាពលរដ្ឋក៏បាត់ជំនឿទៅលើច្បាប់ដែរ»។
ការលើកឡើងនេះបន្ទាប់ពីកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យស្ត្រីខ្មែរម្នាក់កាលពីថ្ងៃទី៨ ខែកញ្ញា ដោយចោទប្រកាន់ថា ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញក្នុងគម្រោងរូបភាពស្នេហាក្លែងក្លាយ។ អាជ្ញាធរអះអាងថា ជនសង្ស័យរូបនេះ បានទទួលបានប្រាក់កម្រៃពីក្រុមឧក្រិដ្ឋជនពាក់ព័ន្ធនឹងការលក់លេខទូរស័ព្ទ និងគណនីធនាគារឱ្យក្រុមឆបោកតាមអនឡាញ។
កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានចាត់វិធានការលើជនសង្ស័យរូបនេះ ដើម្បីបន្តនីតិវិធីទៅតុលាការ។
អ្នកឃ្លាំមើលវាយតម្លៃថា មូលហេតុចម្បងដែលប្រជាពលរដ្ឋខ្មែរត្រូវឧក្រិដ្ឋជនបណ្ដុះបណ្ដាលឱ្យឆបោកតាមអនឡាញ គឺដោយសារតែរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន គ្មានសមត្ថភាពបង្កើតទីផ្សារការងារស្របច្បាប់ជូនប្រជាជន ប៉ុន្តែបែរជាអនុញ្ញាតឱ្យមានវត្តមានមជ្ឈមណ្ឌលឆបោកតាមអនឡាញរីកដូចផ្សិតនៅទូទាំងប្រទេស។
លើសពីនេះ មេខ្លោងសំខាន់ៗដែលពាក់ព័ន្ធនឹងការអភិវឌ្ឍអគារ និងការកាងឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា ត្រូវបានសហរដ្ឋអាមេរិក និងស្ថាប័នអន្តរជាតិលាតត្រដាងជាបន្តបន្ទាប់ថា មានទំនាក់ទំនងជាមួយសាច់ញាតិ និងជាមនុស្សជំនិតៗរបស់លោក ហ៊ុន សែន។ ជាក់ស្ដែង សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ និងលោក កុក អាន ដែលត្រូវបានអាមេរិកដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញនៅកម្ពុជា ក៏មិនទាន់ត្រូវបានអាជ្ញាធរបង្ហាញចំណាត់ការតាមផ្លូវច្បាប់ណាមួយនៅឡើយ។
មកដល់ពេលនេះ នៅតែមានពលរដ្ឋជាពិសេសយុវជនមួយចំនួននៅតែបន្តធ្វើការលួចលាក់ឱ្យបណ្ដាញក្រុមឆបោកតាមអនឡាញ ដូចជនបរទេសផ្សេងទៀតដែរ។ អ្នកខ្លះក៏បង្ខំចិត្តធ្វើទាំងភ័យខ្លាច ដោយសារតែពិបាកស្វែងរកការងារ និងពុំសូវមានចំណេះជំនាញ ឬបទពិសោធន៍ការងារអ្វី ក្រៅពីការងារជាអ្នកឆបោកតាមអនឡាញដែលខ្លួនធ្លាប់ប្រឡូកប្រឡាក់ជាច្រើនឆ្នាំ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ថ្មីៗនេះប្រកាសថា ប្រជាពលរដ្ឋខ្មែរមួយចំនួនបានរួមចំណែកបម្រើបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញដោយ អ្នកខ្លះមានតួនាទីជាអ្នកហៅទូរស័ព្ទ (Call Center) ឬផ្ញើទំនាក់ទំនងជាមួយជនរងគ្រោះ ជាថ្នូរទទួលប្រាក់ខែខ្ពស់។
ជុំវិញរឿងនេះ ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ (KDM) អ្នកស្រី មូរ សុខហួរ លើកឡើងថា គោលការណ៍ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនលើសកលលោក គ្មានប្រទេសណាដូចជាមេដឹកនាំកម្ពុជាដែល ព្យាយាមការពារមេខ្លោងធំៗ និងចាប់ជនរងគ្រោះ ឬជនល្មើសតូចតាចជំនួសឡើយ។
អ្នកស្រី មូរ សុខហួរ៖ «ពីព្រោះអ្នកដឹកនាំកំពូលនៅប្រទេសកម្ពុជា យករឿងឆបោកអនឡាញនេះ គឺជាធនធាន សម្រាប់ការការពារផលប្រយោជន៍ ការពារអំណាចរបស់ខ្លួនបន្តទៅទៀត ចំណាយលើគណបក្សប្រជាជនកម្ពុជា ជាពិសេសថ្នាក់ដឹកនាំកំពូលនោះ គ្រួសារទាំងអស់ អ្នកឧកញ៉ា អ្នកដឹកនាំទាំងមូល ភាគច្រើនគឺស្ទើរតែទាំងអស់ហើយ ចេញមកពីលុយកខ្វក់»។
អ្នកស្រី មូរ សុខហួរ ជឿជាក់ថា មេខ្លោង ឬម្ចាស់មជ្ឈមណ្ឌលឆបោកតាមអនឡាញនីមួយៗមិនមែនអាជ្ញាធរនៃក្រសួងមហាផ្ទៃមិនដឹងឡើយ ប៉ុន្តែគ្រាន់តែគ្មានឥទ្ធិពលក្នុងការចុះបង្ក្រាប ដោយសារតែពួកគេទទួលបានការការពារពីមេដឹកនាំកំពូលនៅកម្ពុជា។ អ្នកស្រីវាយតម្លៃថា ដោយសារតែមេខ្លោងសំខាន់ៗបន្តនៅក្រៅសំណាញ់ច្បាប់បែបនេះ ទើបបណ្ដាញឧក្រិដ្ឋជននៅតែអាចបង្កើតជារូបភាពឆបោកតាមអនឡាញក្នុងទម្រង់ផ្សេងៗ និងបន្តអូសទាញឱ្យជនរងគ្រោះទាំងពលរដ្ឋខ្មែរ និងជនបរទេសចម្រុះជាតិសាសន៍ ឱ្យពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា៕









