ប្រមុខ​ការទូត​ថៃ​បបួល​កម្ពុជា​ចរចា​ព្រំដែន​សមុទ្រ​ទ្វេភាគី​ក្នុង​ថ្ងៃ​ចាប់ផ្ដើម​នៃ​ជំនួប​ចរចា​របស់ UNCLOS

0
155
រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងក្នុងកិច្ចប្រជុំ​នៅអង្គការសហប្រជាជាតិ។ រូប៖ គេហទំព័រ UN
រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងក្នុងកិច្ចប្រជុំ​នៅអង្គការសហប្រជាជាតិ។ រូប៖ គេហទំព័រ UN

ប្រមុខ​ការទូត​ថៃ​បាន​ប្រកាស​នៅមុន​ពេល​ចូលរួម​កិច្ចចរចា​ដែនសមុទ្រ​តាម​យន្តការ​របស់ UNCLOS ដោយ​បបួល​កម្ពុជា​ឱ្យ​ចរចា​ទ្វេភាគី​ជាមួយ​ថៃ ដើម្បី​បញ្ចប់​ជម្លោះដែនសមុទ្រ​ដែល​ភាគី​ទាំង​ពីរ​បាន​អះអាង​ថា «​ត្រួតស៊ីគ្នា​»​។ ភាគី​ថៃ​អះអាង​ថា យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ដែល​កម្ពុជា​បាន​ស្នើ​ឡើង និង​កំពុងតែ​បើក​ការចរចា​នេះ​គឺ​គ្មាន​ឥទ្ធិពល​ផ្នែក​ច្បាប់​មក​លើ​ប្រទេស​ថៃ​នោះ​ឡើយ​។ ក្រៅពី​ដាក់​សម្ពាធ​កម្ពុជា​លើ​ការចរចា​ដែនសមុទ្រ​ហើយ​នោះ នៅ​ឯ​ព្រំដែន​គោក​វិញ យោធា​ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​ឈ្លានពាន​កម្ពុជា ជាច្រើន​ទីតាំង ដែល​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​មាន​ភាព​តានតឹង។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ី​ហា​សាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​ប្រកាស​ឱ្យ​កម្ពុជា​ត្រៀមខ្លួន ដើម្បី​ចូល​តុ​ចរចា​ទ្វេភាគី​ជាមួយ​ថៃ ដោយ​លោក​បាន​អះអាង​ថា គ្មាន​មេដឹកនាំ​របស់​ប្រទេស​ភាគី​ទី​បី​ណាមួយ ចង់​ចូលខ្លួន​ធ្វើជា​អាជ្ញាកណ្ដាល ដើម្បី​ជួយ​សម្របសម្រួល​ជម្លោះព្រំដែន​គោក និង​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ថៃ និង​កម្ពុជា​ទៀត​នោះ​ឡើយ។

ថ្លែង​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​ប្រទេស BRICS នៅ​ប្រទេស​ឥណ្ឌា (India) មុន​ពេល​ឡើង​យន្តហោះ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី (Singapore) ជាទី​ដែល​ភាគី​កម្ពុជា និង​ថៃ​ចូលរួម​ក្នុង​កិច្ចចរចា​ដោះស្រាយ​ជម្លោះដែនសមុទ្រ តាម​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ (Compulsory Conciliation) នៅថ្ងៃនេះ លោក ស៊ីហាសាក់ បាន​លើកឡើង​ថា ជម្លោះព្រំដែន​រវាង​កម្ពុ​ជា និង​ថៃ​គឺជា​បញ្ហា​ដែល​ប្រទេស​ទាំងពីរ​ត្រូវ​ដោះស្រាយ​តាមរយៈ​ការសន្ទនា​ទល់មុខ​គ្នា​។ លោក​បន្តថា ទោះបីជា​ភាគី​កម្ពុជា នាំ​យក​ជម្លោះ​នេះ​ឡើង​ទៅ​កាន់​ឆាក​អន្តរជាតិ​កម្រិត​ណា​ក៏ដោយ ក៏​គ្មាន​ប្រយោជន៍​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ភាគី​ថៃ​ទទួលយក​ការសម្រេច​ណាមួយ​នោះ​ឡើយ​។ ក្នុង​នោះ លោក ស៊ី​ហា​សាក់ បាន​ប្រកាស​ដាក់កុង​ត្រូល​មិន​ឱ្យ​កម្ពុជា​នាំ​យក​រឿង​កោះ​គជ់ មក​ជជែក​គ្នា​ទៀត​នោះ​ឡើយ។

ការ​ថ្លែង​របស់​ប្រមុខ​ការទូត​ថៃ​រូប​នេះ ធ្វើឡើង​ក្នុង​អំឡុង​ពេល​ដែល​ភាគី​កម្ពុជា និង​ថៃ​កំពុង​ចូលរួម​កិច្ចចរចា​ជម្លោះដែនសមុទ្រ តាម​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ជា​លើក​ទី​១ នៅ​ប្រទេស​សិង្ហ​បុរី ពី​ថ្ងៃ​ទី​១៤ ដល់​១៦ ខែកញ្ញា នេះ​។ ក្រោយពេល​មកដល់​សិង្ហ​បុរី ភាគី​ទាំង​ពីរ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​លើកដំបូង ក្រោម​ការ​សម្របសម្រួល​ដោយ​ប្រធាន​គណៈកម្មការ​ផ្សះផ្សា គឺ​អ្នកស្រី ខាទ្រីណា ឃូ​ប​ភើរ (Katrina Cooper)​។ ទោះជា​យ៉ាងណា ភាគី​កម្ពុជា និង​ថៃ​មិនបាន​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ចង្អៀត​នេះនោះ​ឡើយ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។​

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា និង​រដ្ឋលេខាធិការ​ក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​កិច្ចប្រជុំ​នៅ​ប្រទេស​សិង្ហ​បុរី នេះ​បានទេ នៅ​ថ្ងៃទី​១៤ ខែកញ្ញា។​

នៅក្នុង​កិច្ចប្រជុំ​ក្រោម​យន្តការ UNCLOS នេះ តំណាង​ភាគី​ទាំងពីរ​នឹង​ត្រូវ​ឡើង​ថ្លែងការណ៍ នៅ​ថ្ងៃទី​១៥ ខែកញ្ញា វេលា​ម៉ោង ៩​ព្រឹក ម៉ោង​នៅ​សិង្ហបុរី ដែល​ត្រូវ​នឹង​ម៉ោង​៨​ព្រឹក​នៅ​កម្ពុជា ហើយក៏​នឹង​មាន​ការផ្សាយ​ផ្ទាល់​ជា​បី​ភាសា​គឺ​ខ្មែរ អង់គ្លេស និង​ថៃ។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់ឃើញ​ថា ការចូលរួម​ក្នុង​កិច្ចចរចា Unclos របស់​ភាគី​ថៃ​គឺ​ធ្វើឡើង​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ខណៈ​ភាគី​ថៃ​ហាក់​បាន​កំណត់​ពី​លទ្ធផល​សម្រាប់​ខ្លួនឯង​រួចទៅ​ហើយ​។ លោក​បន្ត​ថា កម្ពុជា​មិន​ត្រូវ​កំដរ​ថៃ​លេង​អាប៉ោង​បើក​គម្រប​បែបនេះ​ឡើយ​។ លោក​ថា ប្រសិនបើ​គណៈកម្មការ​ផ្សះផ្សា​សម្រេច​ឱ្យ​កម្ពុជា​បាន​ឈ្នះ​ថៃ ប៉ុន្តែ​ថៃ​មិន​ទទួលយក​អនុសាសន៍​នេះនោះ​ទេ កម្ពុជា​ត្រូវ​លើកយក​ករណីនេះ ប្ដឹង​ថៃ​តាមរយៈ​យន្តការ​ច្បាប់​អន្តរជាតិ​។​

លោក អ៊ុំ សំអាន៖ «ថៃ​អាច​នឹង​លើកយក​កិច្ចព្រមព្រៀង​ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ ដែល​ជា​សន្ធិសញ្ញា​ព្រំដែន​ទឹក​ខុសច្បាប់​សម័យ​វៀតណាម​ត្រួតត្រា​កម្ពុជា​ដើម្បី​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​នៅក្នុង​យន្តការ​ផ្សព្វផ្សាយ​ដោយ​បង្ខំ ព្រោះថា​កិច្ចព្រមព្រៀង​ឆ្នាំ​៨២​ហ្នឹង​វា​ធ្វើឱ្យ​ថៃ​អាច​គ្រប់គ្រង​ដែនសមុទ្រ​ខ្មែរ​យើង ចង់​យក​ទាំង​តំបន់​សមុទ្រ​ទំហំ ២៦ ០០០ គីឡូម៉ែត្រ​ការ៉េ»។

ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ​នេះ​ដែរ ទាហាន​ខ្មែរ​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន​ខេត្ត​​ឧត្ដរមានជ័យ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា យោធា​ថៃ​បាន​បន្តសកម្មភាព​ឈូសឆាយ​សាងសង់​ផ្លូវ និង​លេណដ្ឋាន​ដោយ​រំលោភ​ចូលក្នុង​ទីតាំង​យោធា​របស់​កម្ពុជា​ជាច្រើន​ទីតាំង នៅ​តំបន់​ភ្នំ​បេង រហូតដល់​តំបន់​ច្រក​ជាំ ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ស្រុក​អន្លង់វែង​។ ទាហាន​ខ្មែរ​បញ្ជាក់​ថា ប្រឈម​នឹង​ស្ថានការណ៍​ដ៏​តានតឹង​នេះ ភាគី​កម្ពុជា​បាន​ជីក​ប្រឡាយ និង​រាយ​បន្លា​លួស​ដើម្បី​ទប់ស្កាត់​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ។

ក្រៅពី​ខេត្ត​ឧត្តរមានជ័យ យោធា​ថៃ​បាន​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​នៅ​ព្រំដែន​កម្ពុជា​ជាច្រើន​ទីតាំង​ទៀត ស្ថិតនៅ​ខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និង​ពោធិ៍សាត់​។ នេះ​បើ​តាម​វីដេអូ​ដែល​យោធា​ថៃ​បាន​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​។ តាម​ការ​បញ្ជាក់​របស់​យោធា​ថៃ ការ​សម្រុក​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​តាម​ព្រំដែន​កម្ពុជា​នេះ គឺ​ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ចល័ត​ទ័ពជើងគោក ដោយ​យោធា​ថៃ​អះអាង​ថា ក្នុង​អំឡុង​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​ជាមួយ​កម្ពុជា កងទ័ពជើងគោក​ថៃ មានការ​ពិបាក​ក្នុង​ការ​វាយប្រហារ ដោយសារ​ពិបាក​ចល័ត​កងកម្លាំង និង​សព្វាវុធ ហើយ​ត្រូវ​ពឹង​ផ្អែកលើ​កងទ័ពអាកាស​ដើម្បី​វាយ​បើកផ្លូវ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ