

មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលព្រួយបារម្ភថា ខេត្តកែបនឹងក្លាយជាទីក្រុងសម្រាប់ជនជាតិចិនមួយចំនួនបង្កអសន្តិសុខសង្គម និងប្រើប្រាស់កាំភ្លើងបាញ់បោះសេរីដូចនៅទីក្រុងព្រះសីហនុដែរ។ ក្ដីកង្វល់នេះកើតឡើងបន្ទាប់ពីកម្លាំងអាវុធហត្ថខេត្តកែបបានឃាត់ខ្លួនជនសង្ស័យខ្មែរ និងចិន ៥នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ និងបាញ់បោះសេរីនៅតាមទីសាធារណៈ។
លំហូរជនជាតិចិនមួយចំនួន ដែលចាកចេញពីខេត្តព្រះសីហនុ ទៅកាន់តំបន់ភូមិសាស្ត្រខេត្តកែប ហាក់កើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាជ្ញាធរចុះបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ លើសពីនេះ ករណីបាញ់ប្រហារ និងការកាន់កាប់អាវុធដោយជនជាតិចិនមួយចំនួនក៏ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ ដែលបង្កការភ័យខ្លាច និងក្តីបារម្ភដល់ប្រជាពលរដ្ឋក្នុងតំបន់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៤ ខែកញ្ញាថា អាជ្ញាធរបានបរាជ័យទប់ស្កាត់ជនបរទេស ពិសេសជនជាតិចិនមួយចំនួនដែលបន្តកាន់កាប់អាវុធបាញ់បោះតាមទីសាធារណៈតាមទំនើងចិត្ត។ លោកចង់ឃើញអាជ្ញាធរស៊ើបអង្កេតឱ្យដល់ឫសគល់ ឬមេខ្លោងដែលនាំចូល និងលក់អាវុធឱ្យជនបរទេស និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ដោយគ្មានការលើកលែងលើអ្នកដែលពាក់ព័ន្ធនឹងការកាន់កាប់អាវុធដោយខុសច្បាប់។
លោក អំ សំអាត៖ «បើសិនជាគ្មានប្រភពក្នុងការចរាចរទៅលើបញ្ហាអាវុធ ជនជាតិបរទេសមិនអាចប្រើប្រាស់បានទេ ព្រោះយើងឃើញថា ការរឹតបន្តឹងក្នុងការឆែកអាវុធអីជាដើមហ្នឹង គឺមានជាហូរហែ។ ដូច្នេះ ត្រូវតែមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ទៅលើជនជាតិបរទេសដែលមានអាវុធប្រើប្រាស់ ហើយជនដែលពាក់ព័ន្ធត្រូវធានាថា អនុវត្តតាមផ្លូវច្បាប់។ ទីពីរ ជនបរទេសមួយចំនួនក៏បំបែកខ្លួនទៅតាមទីតាំងតូចៗ ក្នុងការប្រព្រឹត្តបទល្មើសនៃការឆបោកតាមប្រព័ន្ធអនឡាញ ដូច្នេះ អាជ្ញាធរនៅមូលដ្ឋាន ត្រូវតែទប់ស្កាត់ និងបង្ក្រាបទៅលើបញ្ហាឆបោកតាមប្រព័ន្ធអនឡាញគ្រប់ទ្រង់ទ្រាយ អនុវត្តតាមវិធានការផ្លូវច្បាប់ឱ្យខានតែបាន»។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី កម្លាំងកងរាជអាវុធហត្ថខេត្តកែប និងខេត្តកំពតសហការគ្នាបង្ក្រាបជនសង្ស័យចិន និងខ្មែរចំនួន ៥នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់អាវុធបាញ់បោះគ្នាតាមទីសាធារណៈដោយទំនើងចិត្ត។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែបឱ្យដឹងតាមទំព័រហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី១៣ ខែកញ្ញាថា កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង ៥នាក់នេះ បន្ទាប់ពីពួកគេបានប្រើប្រាស់កាំភ្លើងបាញ់បោះសេរី និងរក្សាទុកអាវុធដោយខុសច្បាប់នៅតំបន់រង្វង់មូលសេះស ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ក្នុងចំណោមជនសង្ស័យទាំង ៥នាក់នោះមានជនជាតិចិន ៣នាក់ និងជនជាតិខ្មែរចំនួន ២នាក់។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង អាវុធវែង ខ្លី ៣ដើម កូនកាំបិតចំនួន ២ដើម រួមទាំងបង់កាំភ្លើង និងគ្រាប់មួយចំនួនធំ។
ក្នុងចំណោមជនសង្ស័យទាំង ៥នាក់ កម្លាំងជំនាញបានសួរចម្លើយដើម្បីស្វែងរកប្រភពអ្នកដែលនាំចូលអាវុធ។ បន្ទាប់មក ជនសង្ស័យ ៤នាក់ត្រូវបានសមត្ថកិច្ចអប់រំ និងធ្វើលិខិតកិច្ចសន្យា និងដោះលែងពួកគេឱ្យមានសេរីភាពវិញ។ ចំណែកជនសង្ស័យជនជាតិចិនម្នាក់ ឈ្មោះ វូ យ៉ានវ៉េ (WU YANWEI) ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា លើកឡើងថា ការណ៍ដែលជនជាតិចិនមួយចំនួននៅអាចកាន់កាប់ និងប្រើប្រាស់អាវុធបាញ់បោះដោយសេរីនៅកម្ពុជា អាចបណ្ដាលមកពីការឃុបឃិតរបស់មន្ត្រីពុករលួយជាមួយឈ្មួញនាំចូលអាវុធ។
លោកបន្តថា កម្ពុជាមានអាជ្ញាធរត្រួតពិនិត្យតាមច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដូច្នេះការហូរចូលអាវុធមកក្នុងប្រទេសជាបន្តបន្ទាប់មិនគួរកើតមានដោយគ្មានការដឹងឮ ឬការចូលរួមពីមន្ត្រីពាក់ព័ន្ធឡើយ។
លោក ប៉ោ មករា៖ «វាជាបញ្ហាដែលពាក់ព័ន្ធនឹងការអនុវត្តរបស់រដ្ឋាភិបាល ក៏ដូចជាមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនហ្នឹង វាហាក់បីដូចជា នៅមានការធ្វេសប្រហែស ពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់ តួនាទីរបស់ខ្លួនឯង ប្រហែសពាក់ព័ន្ធទៅនឹងបញ្ហាអំពើពុករលួយ ដែលមិនបានរឹតត្បិត មិនបានត្រួតពិនិត្យទៅលើមន្ត្រីដែលខិលខូច មន្ត្រីដែលឃុបឃិតគ្នាជាប្រព័ន្ធ តែអត់បានគិតបញ្ហាជាតិ ជាពិសេសគឺបញ្ហាកេរ្តិ៍ឈ្មោះកម្ពុជា បញ្ហាផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ធ្វើម៉េចរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ ទៅដល់ប្រជាពលរដ្ឋ ដែលកុំឱ្យមានការភ័យខ្លាចទៅលើ ពេលដែលមានបញ្ហាពាក់ព័ន្ធនឹងការបាញ់បោះពីជនជាតិចិន បង្កឱ្យមានការភ័យខ្លាចពីប្រជាពលរដ្ឋនៅមូលដ្ឋានហ្នឹង»។
នេះមិនមែនជាលើកទីមួយទេ ដែលខេត្តកែបបានក្លាយជាទីលានរបស់ជើងកាងជនជាតិចិនមួយចំនួនបង្កអសន្តិសុខសង្គម និងប្រើប្រាស់កាំភ្លើងបាញ់បោះសេរីតាមទីសាធារណៈ។ កាលពីចុងឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចខេត្តកែបក៏បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនឈ្មោះ ហ្វី យីឆាវ (FEI YICHAO) ពាក់ព័ន្ធករណីបាញ់រះច្រើនគ្រាប់នៅក្នុងភូមិកែវក្រសាំង ខេត្តកែប។ ប្រតិបត្តិការនោះសមត្ថកិច្ចបានរឹបអូសកាំភ្លើង វែងខ្លីថ្មីស្រឡាង ៤ដើម និងគ្រាប់កាំភ្លើងជាង ២រយគ្រាប់។
ស្នូរកាំភ្លើង និងករណីបាញ់បោះពាក់ព័ន្ធនឹងជនជាតិចិននៅខេត្តកែបក៏កំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងដល់អាជីវករលក់ដូរតាមតំបន់ឆ្នេរ ខណៈចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិកំពុងមានចំនួនតិចតួចស្រាប់ទៅហើយនោះ។ អាជីវករតែងលើកឡើងពីកង្វល់លើបញ្ហាអសន្តិសុខទាំងនេះថា អាចធ្វើឱ្យភ្ញៀវទេសចរខ្លាចរអាមិនហ៊ានមកលេងកម្សាន្តនៅតំបន់ឆ្នេរ និងបង្កផលប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃរបស់ពួកគាត់បន្ថែមពីលើបញ្ហាដែលរកចំណូលបច្ចុប្បន្នមិនបានស្រាប់នោះ៕









