អ្នកឃ្លាំមើល​បារម្ភ​ពី​អសន្តិសុខ​នៅ​ខេត្ត​កែប​ក្រោយ​មានការ​បាញ់បោះ​សេរី​ដោយ​ជនជាតិ​ចិន

0
119
អភិបាលខេត្ត​កែប​ លោក សោម ពិសិដ្ឋ។​ រូប៖ រដ្ឋបាលខេត្ត
អភិបាលខេត្ត​កែប​ លោក សោម ពិសិដ្ឋ។​ រូប៖ រដ្ឋបាលខេត្ត

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​ព្រួយបារម្ភ​ថា ខេត្ត​កែប​នឹង​ក្លាយជា​ទីក្រុង​សម្រាប់​ជនជាតិ​ចិន​មួយចំនួន​បង្ក​អសន្តិសុខ​សង្គម និង​ប្រើប្រាស់​កាំភ្លើង​បាញ់បោះ​សេរី​ដូច​នៅ​ទីក្រុង​ព្រះសីហនុ​ដែរ​។ ក្ដី​កង្វល់​នេះ​កើតឡើង​បន្ទាប់ពី​កម្លាំង​អាវុធហត្ថ​ខេត្ត​កែប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខ្មែរ និង​ចិន ៥​នាក់ ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ខុសច្បាប់ និង​បាញ់បោះ​សេរី​នៅ​តាម​ទីសាធារណៈ​។​

លំហូរ​ជនជាតិ​ចិន​មួយចំនួន ដែល​ចាក​ចេញពី​ខេត្ត​ព្រះសីហនុ ទៅកាន់​តំបន់​ភូមិសាស្ត្រ​ខេត្ត​កែប ហាក់​កើនឡើង​គួរឱ្យ​កត់​សម្គាល់ បន្ទាប់ពី​អាជ្ញាធរ​ចុះ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​។ លើស​ពី​នេះ ករណី​បាញ់ប្រហារ និង​ការ​កាន់កាប់​អាវុធ​ដោយ​ជន​ជាតិចិន​មួយចំនួន​ក៏​ត្រូវ​បាន​រាយការណ៍​ជា​បន្តបន្ទាប់ ដែល​បង្ក​ការភ័យខ្លាច និង​ក្តី​បារម្ភ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា​ថា អាជ្ញាធរ​បាន​បរាជ័យ​ទប់ស្កាត់​ជនបរទេស ពិសេស​ជនជាតិ​ចិន​មួយចំនួន​ដែល​បន្តកាន់កាប់​អាវុធ​បាញ់បោះ​តាម​ទី​សាធារណៈ​តាម​ទំនើងចិត្ត​។ លោក​ចង់​ឃើញ​អាជ្ញាធរ​ស៊ើបអង្កេត​ឱ្យ​ដល់​ឫសគល់ ឬ​មេខ្លោង​ដែល​នាំចូល និង​លក់​អាវុធ​ឱ្យ​ជនបរទេស និង​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ដោយ​គ្មាន​ការលើកលែង​លើ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់។

លោក អំ សំអាត៖ «​បើសិនជា​គ្មាន​ប្រភព​ក្នុង​ការ​ចរាចរ​ទៅលើ​បញ្ហា​អាវុធ ជនជាតិ​បរទេស​មិនអាច​ប្រើប្រាស់​បានទេ ព្រោះ​យើង​ឃើញថា ការ​រឹត​បន្តឹង​ក្នុង​ការ​ឆែក​អាវុធ​អី​ជាដើម​ហ្នឹង គឺ​មាន​ជា​ហូរហែ​។ ដូច្នេះ ត្រូវតែ​មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ទៅលើ​ជនជាតិ​បរទេស​ដែល​មាន​អាវុធ​ប្រើប្រាស់ ហើយ​ជន​ដែល​ពាក់ព័ន្ធ​ត្រូវ​ធានា​ថា អនុវត្ត​តាម​ផ្លូវច្បាប់​។ ទី​ពីរ ជនបរទេស​មួយចំនួន​ក៏​បំបែក​ខ្លួន​ទៅតាម​ទីតាំង​តូចៗ ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ដូច្នេះ អាជ្ញាធរ​នៅ​មូលដ្ឋាន ត្រូវតែ​ទប់ស្កាត់ និង​បង្ក្រាប​ទៅលើ​បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​គ្រប់​ទ្រង់ទ្រាយ អនុវត្ត​តាម​វិធានការ​ផ្លូវច្បាប់​ឱ្យ​ខាន​តែ​បាន»។

ការ​លើកឡើង​នេះ​ធ្វើឡើង​បន្ទាប់ពី កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កែប និង​ខេត្តកំពត​សហការ​គ្នា​បង្ក្រាប​ជនសង្ស័យ​ចិន និង​ខ្មែរ​ចំនួន ៥​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​អាវុធ​បាញ់បោះ​គ្នា​តាម​ទី​សាធារណៈ​ដោយ​ទំនើងចិត្ត។

បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កែប​ឱ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា​ថា កម្លាំង​ជំនាញ​បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​ជនសង្ស័យ​ទាំង ៥​នាក់​នេះ បន្ទាប់ពី​ពួកគេ​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់បោះ​សេរី និង​រក្សាទុក​អាវុធ​ដោយ​ខុសច្បាប់​នៅ​តំបន់​រង្វង់​មូល​សេះស ស្ថិតនៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ៥​នាក់​នោះ​មាន​ជនជាតិ​ចិន ៣​នាក់ និង​ជនជាតិ​ខ្មែរ​ចំនួន ២​នាក់​។ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ក៏​រឹបអូស​បាន​វត្ថុ​តាង អាវុធ​វែង ខ្លី ៣​ដើម កូនកាំបិត​ចំនួន ២​ដើម រួម​ទាំង​បង់​កាំភ្លើង និង​គ្រាប់​មួយ​ចំនួន​ធំ។

ក្នុងចំណោម​ជនសង្ស័យ​ទាំង ៥​នាក់ កម្លាំង​ជំនាញ​បាន​សួរចម្លើយ​ដើម្បី​ស្វែងរក​ប្រភព​អ្នក​ដែល​នាំចូល​អាវុធ​។ បន្ទាប់មក ជនសង្ស័យ ៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​អប់រំ និង​ធ្វើ​លិខិត​កិច្ចសន្យា និង​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​។ ចំណែក​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ វូ យ៉ានវ៉េ (WU YANWEI) ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​បន្ត​ទៅ​តុលាការ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក ប៉ោ មករា លើកឡើង​ថា ការណ៍​ដែល​ជន​ជាតិចិន​មួយចំនួន​នៅ​អាច​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​បាញ់បោះ​ដោយ​សេរី​នៅ​កម្ពុជា អាច​បណ្ដាលមកពី​ការ​ឃុបឃិត​របស់​មន្ត្រី​ពុករលួយ​ជាមួយ​ឈ្មួញ​នាំចូល​អាវុធ។

លោក​បន្ត​ថា កម្ពុជា​មាន​អាជ្ញាធរ​ត្រួតពិនិត្យ​តាម​ច្រក​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ដូច្នេះ​ការ​ហូរចូល​អាវុធ​មក​ក្នុង​ប្រទេស​ជា​បន្តបន្ទាប់​មិន​គួរ​កើតមាន​ដោយ​គ្មាន​ការ​ដឹង​ឮ ឬ​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ឡើយ។

លោក ប៉ោ មករា៖ «វា​ជា​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​របស់​រដ្ឋាភិបាល ក៏ដូចជា​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ហ្នឹង វា​ហាក់បីដូចជា នៅ​មាន​ការ​ធ្វេស​ប្រហែស ពាក់ព័ន្ធ​ទៅ​នឹង​ការអនុវត្ត​ច្បាប់ តួនាទី​របស់​ខ្លួនឯង ប្រហែស​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​អំពើពុករលួយ ដែល​មិនបាន​រឹតត្បិត មិនបាន​ត្រួតពិនិត្យ​ទៅលើ​មន្ត្រី​ដែល​ខិលខូច មន្ត្រី​ដែល​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ តែ​អត់​បា​នគិត​បញ្ហា​ជាតិ ជាពិសេស​គឺ​បញ្ហា​កេរ្តិ៍ឈ្មោះ​កម្ពុជា បញ្ហា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ធ្វើ​ម៉េច​រក្សា​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ ទៅដល់​ប្រជាពលរដ្ឋ ដែល​កុំឱ្យ​មានការ​ភ័យខ្លាច​ទៅលើ ពេល​ដែល​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​បាញ់បោះ​ពី​ជន​ជាតិចិន បង្ក​ឱ្យ​មាន​ការភ័យខ្លាច​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ហ្នឹង​»​។​

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​ខេត្ត​កែប​បាន​ក្លាយ​ជាទី​លាន​របស់​ជើងកាង​ជនជាតិ​ចិន​មួយចំនួន​បង្ក​អសន្តិសុខ​សង្គម និង​ប្រើប្រាស់​កាំភ្លើង​បាញ់បោះ​សេរី​តាម​ទី​សាធារណៈ​។ កាលពី​ចុងឆ្នាំ​២០២៥ កម្លាំង​សមត្ថកិច្ច​ខេត្ត​កែប​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ឈ្មោះ ហ្វី យីឆាវ (FEI YICHAO) ពាក់ព័ន្ធ​ករណី​បាញ់រះ​ច្រើន​គ្រាប់​នៅក្នុង​ភូមិ​កែវ​ក្រសាំង ខេត្ត​កែប។ ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​រឹបអូស​កាំភ្លើង វែង​ខ្លី​ថ្មីស្រឡាង ៤​ដើម និង​គ្រាប់កាំភ្លើង​ជាង ២​រយ​គ្រាប់​។​

ស្នូរ​កាំភ្លើង និង​ករណី​បាញ់បោះ​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន​នៅ​ខេត្ត​កែប​ក៏​កំពុង​បង្ក​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ដល់​អាជីវករ​លក់ដូរ​តាម​តំបន់ឆ្នេរ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កំពុង​មាន​ចំនួន​តិចតួច​ស្រាប់​ទៅ​ហើយ​នោះ​។ អាជីវក​រតែង​លើកឡើង​ពី​កង្វល់​លើ​បញ្ហា​អសន្តិសុខ​ទាំងនេះ​ថា អាច​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ខ្លាចរអា​មិន​ហ៊ាន​មកលេង​កម្សាន្ត​នៅ​តំបន់ឆ្នេរ និង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រកស៊ី​ប្រចាំថ្ងៃ​របស់​ពួកគាត់​បន្ថែម​ពីលើ​បញ្ហា​ដែល​រក​ចំណូល​បច្ចុប្បន្ន​មិនបាន​ស្រាប់​នោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ