

ក្រសួងមហាផ្ទៃថា ក្នុងរយៈពេលជាង៣ឆ្នាំ កម្ពុជាបណ្តេញជនបរទេស ជាង៧ម៉ឺននាក់ ហើយ ក្នុងនោះជនបរទេសភាគច្រើន ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ អ្នកឃ្លាំមើលយល់ថា ការបណ្ដេញជនបរទេសខុសច្បាប់ ចេញពីកម្ពុជា គឺជារឿងល្អ ប៉ុន្តែការមិនចាត់វិធានការផ្លូវច្បាប់មកលើមេខ្លោងធំៗ ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ជារឿងដែលគួរឱ្យព្រួយបារម្ភព្រោះថា កម្ពុជា គ្មានឆន្ទៈ លុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញនោះទេ។
ខណៈដែលរដ្ឋាភិបាលបក្សកាន់អំណាច កំពុងតែ ការរងរិះគន់ខ្លាំង ពីមជ្ឈដ្ឋានភាគច្រើន រឿងអនុវត្តវិធានការបោសសម្អាតជនបរទេស ខុសច្បាប់ ដោយគ្មានតម្លាភាពនោះ ក្រសួងមហាផ្ទៃបង្ហាញថា ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ កម្ពុជាបាន បណ្ដេញជនបរទេសជាង៧ម៉ឺននាក់ ដែលភាគច្រើន ជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
តាមរយៈការផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៧ ខែកញ្ញា បង្ហាញថា ជនបរទេសដែលត្រូវបានបណ្ដេញចេញរួមមានជនជាតិចិន ជាង៣ម៉ឺន (៣២.៣៩៥)នាក់ ជនជាតិ ឥណ្ឌូណេស៊ី មានជាង១ម៉ឺន(១០.៥៦៨)នាក់ ជនជាតិវៀតណាមជាង ៨ពាន់ (៨.៧៣៧)នាក់ និងជនបរទេសផ្សេងទៀត។ ដូចជា ប៉ាគីស្ថាន បង់ក្លាដេស មីយ៉ាន់ម៉ា ថៃ ឥណ្ឌា ហ្វីលីពីន អ៊ូហ្កង់ដា និង សាធារណរដ្ឋកូរ៉េ ជាដើម។ ជាមួយគ្នានោះក្រសួងមហាផ្ទៃការបញ្ជាក់ដែរថា គិតត្រឹមខែកញ្ញានេះ ជនបរទេសដែលកំពុងស្នាក់នៅមណ្ឌលត្រៀមបណ្ដេញចេញទាំង៥មណ្ឌល មានជាង១ពាន់ (១.៦០៥)នាក់ ហើយមាន៣០សញ្ជាតិ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា បើទោះបីជា រដ្ឋាភិបាល បណ្ដេញជនបរទេសចេញពីប្រទេស ច្រើនរាប់ម៉ឺននាក់ក៏ដោយ ការមិនចាត់វិធានការផ្លូវច្បាប់លើ មេខ្លោងធំៗ ម្ចាស់ទីតាំង និងអ្នកមានអំណាច ចាំកាងការពារបណ្ដាញឧក្រិដ្ឋជន គឺគ្រាន់តែជាការបង្ក្រាប ដែលគ្មានប្រសិទ្ធភាព និងតម្លាភាព។
លោក សេង វណ្ណលី៖ «និយាយឱ្យសាមញ្ញ ការបណ្ដេញមនុស្សចេញមិនមែនជាចម្លើយទាំងអស់ទេ។ អ្នកខ្លះអាចជាអ្នកប្រតិបត្តិការតូចៗ ហើយអ្នកខ្លះទៀតអាចជាជនរងគ្រោះដែលត្រូវគេបង្ខំឱ្យធ្វើការ។ បើចង់បំបាត់បញ្ហាឱ្យដល់ឫសគល់ ត្រូវរកឱ្យឃើញថា អ្នកណាជាម្ចាស់បណ្តាញ? លុយទៅណា? អ្នកណាផ្ដល់ទីតាំង? ហើយអ្នកណាការពារ? បើមេខ្លោងនៅតែរួចខ្លួន ពួកគេអាចរកមនុស្សថ្មីមកធ្វើការជំនួស ហើយអាជីវកម្មឆបោកអាចបន្តទៀត»។
កាលពីថ្ងៃទី១៦ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យហ្លួងម៉ែថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានបង្កផលប៉ះពាល់ខ្លាំងលើសេដ្ឋកិច្ចនិងមុខមាត់កម្ពុជា ដូច្នេះ កម្ពុជាមិនអាចឱ្យក្រុមឧក្រិដ្ឋកម្មឆបោកតាមអនឡាញត្រឡប់មកកម្ពុជាវិញដាច់ខាត។ ទន្ទឹមគ្នានោះ លោកក៏ព្រមានឱ្យអភិបាលខេត្ត មេប៉េអិម ប៉ូលិស និងអភិបាលស្រុកមួយចំនួន លាលាងពីតំណែង បើពួកគេមិនហ៊ានបង្ក្រាបល្បែងឆបោកតាមអនឡាញ។
លោក ហ៊ុន ម៉ាណែត៖ «បើថាធ្វើរដ្ឋាភិបាល ធ្វើរដ្ឋមន្ត្រី ធ្វើចៅហ្វាយខេត្ត ធ្វើចៅហ្វាយស្រុក ធ្វើមេឃុំ មេប៉ូលិស មេPM មេអី មិនហ៊ានអនុវត្តច្បាប់ ដោយសារខ្លាចប៉ះអារម្មណ៍គេ ឈប់ធ្វើទៅ អត់ខ្លាចអារម្មណ៍ប្រជាពលរដ្ឋ១៧លាននាក់ទេអី? យកសម្ងំសុខតែខ្លួនឯង។ ចាំបាច់កន្លែងខ្លះយើងត្រូវកែសម្រួលក្បាលម៉ាស៊ីនមួយខេត្ត ព្រោះគាត់អត់ធ្វើ មិនមែនគាត់ចូលដៃទេ។ អញ្ចឹងយើងដាក់សកម្ម កន្លែងហ្នឹងទុក យើងមិនមែនប៉ះដៃកាត់ដៃ ប៉ះជើងកាត់ជើងទេ។ខ្ញុំហៅមកណែនាំផ្ទាល់ច្រើនដងណាស់ទៅហើយ គ្មាននាយករដ្ឋមន្ត្រីណាហៅចៅហ្វាយខេត្ត ហៅមេPMអង្គុយណែនាំផ្ទាល់ទេ ខ្ញុំផ្ដល់ឱកាស បងប្អូនគាត់ខំ ប៉ុន្តែធ្វើវាលំបាក យើងត្រូវកែសម្រួល ដាក់អ្នកថ្មីទៅទទួលខុសត្រូវ បើធ្វើមិនបានចេញទៀត»។
ទោះជាយ៉ាងណាលោក សេង វណ្ណលី យល់ឃើញថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធ ការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមអនឡាញ ហើយ មន្ត្រីដែលមិនហ៊ានអនុវត្តច្បាប់គួរដកខ្លួនចេញពីតំណែង គឺជាសារដ៏ល្អមួយ ប៉ុន្តែឆន្ទៈពិតមិនអាចវាស់តាមពាក្យសម្ដីបានទេ គឺត្រូវវាស់តាមចំណាត់ការជាក់ស្ដែង។ ដូច្នេះ លោកយល់ថា អ្វីដែលគួរមើលបន្តគឺថា តើរដ្ឋាភិបាលហ៊ានស៊ើបអង្កេត មេខ្លោងធំៗ អ្នកមានលុយ អ្នកមានអំណាច ដែរឬទេ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ប្រធានគណៈកម្មាធិការពីរនៃសភាតំណាងរាស្ត្រអាមេរិក បានស្នើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាមេរិក ស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងបុគ្គលមានឥទ្ធិពលមួយចំនួននៅកម្ពុជា ដូចជា អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង អគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា ក្មួយលោកហ៊ុន សែន គឺ លោក ហ៊ុន តូ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក នេត សាវឿន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជាដើមដែលសង្ស័យជាប់ពាក់ព័ន្ធនឹង ឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា៕









