មេឃុំ​នៅ​កោះកុង និង​បក្ខ​ពួក​ត្រូវ​ចាប់ខ្លួន​ពី​បទ​ស៊ី​សំណូក និង​ធ្វើ​កន្លែង​ឆបោក​តាម​អនឡាញ

0
16
មេឃុំ​ព្រែក​ខ្សាច់ ខេត្ត​កោះកុង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​លោក រៀម រុំ (ស្ដាំ) និងអតីតអភិបាលខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង។ រូបរដ្ឋបាលស្រុកគិរីសាគរ
មេឃុំ​ព្រែក​ខ្សាច់ ខេត្ត​កោះកុង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​លោក រៀម រុំ (ស្ដាំ) និងអតីតអភិបាលខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង។ រូបរដ្ឋបាលស្រុកគិរីសាគរ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បាន​ឃាត់​ខ្លួន​មេឃុំ​ព្រែក​ខ្សាច់ ខេត្ត​កោះកុង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ និង​បក្ខពួក​ចំនួន ៣នាក់​ពាក់ព័ន្ធ​នឹង​រឿង​ស៊ីសំណូក និង​រៀបចំ​ដឹកនាំ​ដំណើរ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ។ ក្នុង​ចំណោម​បក្ខពួក ៣នាក់ ក៏​មាន​ជនជាតិ​ចិន​ម្នាក់​កំពុង​រត់​គេច​ខ្លួន ហើយ​សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​នៅ​ឡើយ។

មេឃុំ​ព្រែក​ខ្សាច់ ខេត្ត​កោះកុង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​លោក រៀម រុំ និង​បក្ខពួក​ចំនួន ៣នាក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ចំនួន ៣បទល្មើស ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឆបោក​តាម​អនឡាញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៨ ខែកញ្ញា ឱ្យ​ដឹង​ថា មេឃុំ​ព្រែក​ខ្សាច់ ខេត្ត​កោះកុង​លោក រៀម រុំ ត្រូវ​បាន​ឃាត់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ ស៊ី​សំណូក សមគំនិត​ក្នុង​កា​រៀប​ចំ ឬ​ដឹកនាំ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បទ​សម្អាត​ប្រាក់។ ចំណែក បក្ខពួក ២នាក់​ទៀត​ឈ្មោះ ជា វាសនា និង​ឈ្មោះ ជា សុទ្ធ ហៅ​ម៉េង ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន ៣ បទល្មើស​ដូចគ្នា​ក្នុង​នាម​ជា​អ្នក​សមគំនិត។

ដោយឡែក បក្ខពួក​មេឃុំ​ព្រែក​ខ្សាច់​លោក រៀម រុំ ម្នាក់​ទៀត​ជា​ជនជាតិ​ចិន​ឈ្មោះ ចាង ចៀនឈាំង (Zhang Jian Qiang) ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ សូកប៉ាន់ ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា រៀប​ចំ ឬ​ដឹកនាំ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សម្អាត​ប្រាក់។ ជន​ត្រូវ​ចោទ​ជនជាតិ​ចិន​រូប​នេះ​រួម​ទាំង​បក្ខ​ពួក​ខ្លួន​ផ្សេង​ទៀត​កំពុង​រត់​គេច​ខ្លួន ហើយ​សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​នៅ​ឡើយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ទៀត​ថា ជន​ត្រូវ​ចោទ លោក រៀម រុំ និង​បក្ខពួក​ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​ផ្អែក​តាម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ ក្រម​ព្រហ្មទណ្ឌ ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម។

តុលាការ​រាជធានី​ភ្នំពេញ មិន​បាន​បង្ហាញ​ជា​សាធារណៈ​អំពី​ចំនួន​ទឹក​ប្រាក់​ដែល​មេឃុំ​ព្រែក​ខ្សាច់ លោក រៀម រុំ ទទួល​ជា​សំណូក​ពី​ក្រុម​ឆបោក​តាម​អនឡាញ​នោះ​ឡើយ។

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កោះកុង​មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ លោក ប៉ាល កែប សោកស្ដាយ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​នៅ​តែ​បន្ត ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ពិសេស​អំពើ​ឆបោក​តាម​អនឡាញ​ដែល​ពិភពលោក​កំពុង​ព្យាយាម​រួមគ្នា​ប្រឆាំង និង​លុប​បំបាត់។ លោក​ឱ្យ​ដឹង​ទៀត​ថា ទោះ​បី​អភិបាល​ខេត្ត​កោះកុង​បាន​បញ្ជា​ឱ្យ​ចាត់​វិធាន​ការ​តឹងរ៉ឹង​ក៏​ដោយ ក៏​ភូមិសាស្ត្រ​ខេត្ត​កោះកុង​នៅ​តែ​មាន​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ ហើយ​សមត្ថកិច្ច​នៅ​តែ​បន្ត​បង្ក្រាប​មិន​ចេះ​អស់។

លោក ប៉ាល កែប៖ «អ៊ីចឹង យើង​រួមគ្នា​ទប់​ស្កាត់​ឈាន​ទៅ​ការ​បំបាត់​ទាំង​ស្រុង​នៃ​ការ (Scam Online) ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ។ ការងារ​បន្ត​បន្ទាប់​ទៀត​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត ក្នុង​នាម​ខ្ញុំ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​មួយ​រូប ខ្ញុំ​នឹង​សួរ​លម្អិត​ទៅ​កាន់​អង្គភាព​ដែល​ពាក់ព័ន្ធ​ដូចជា​ស្នងការ​នគរបាល​ខេត្ត​ជាដើម ក៏​ដូចជា​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ជាដើម ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៃ​ការ​បង្ក្រាប (Scam Online) ក្នុង​មូលដ្ឋាន​ខេត្ត​កោះកុង​នេះ»

របាយការណ៍​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​មាន​ចំណងជើង​ថា «មុខ​របរ​បោក​ប្រាស់​ដែល​ជា​ស្ថាបត្យកម្ម​គាំទ្រ​ដោយ​រដ្ឋ​អំណាច» បាន​លាតត្រដាង​ថា ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា មិន​មែន​ជា​សកម្មភាព​របស់​ក្រុម​ឧក្រិដ្ឋជន​បរទេស​តែ​ម្នាក់​ឯង​នោះ​ទេ។ ប៉ុន្តែ​វា​ជា​ប្រព័ន្ធ​ដែល​មាន​ការ​ចូលរួម​ពី​ដើម​ទុន​បរទេស ម្ចាស់​ដី កាស៊ីណូ ប្រព័ន្ធ​ហិរញ្ញវត្ថុ មន្ត្រី​មាន​អំណាច និង​ឥស្សរជន​ជិត​ស្និទ្ធ​នឹង​គ្រួសារ​រដ្ឋ​អំណាច។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​កើន​ឡើង​នៃ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា កើត​ចេញ​ពី​ការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​មាន​អំណាច អ្នក​មាន​ទ្រព្យ​ធន និង​ឧកញ៉ា ជាមួយ​នឹង​ក្រុម​ឧក្រិដ្ឋជន។ លោក​បន្ថែម​ទៀត​ថា ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ក៏​មិន​ទាន់​មាន​ឯករាជ្យ​ភាព​ចាត់​វិធានការ​លើ​អ្នក​មាន​អំណាច​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ទាំង​នោះ​នៅ​ឡើយ ដោយសារ​តែ​តុលាការ​នៅ​តែ​ស្ថិត​ក្រោម​ឥទ្ធិពល និង​ការ​គ្រប់គ្រង​របស់​មេដឹកនាំ​នយោបាយ។

លោក ស៊ឹង សែនករុណា៖ «បើសិនជា​មាន​ការ​ចាត់​វិធានការ​ឱ្យ​តឹងរ៉ឹង​ច្បាស់​លាស់​ទៅ​លើ​អ្នក​មាន​អំណាច​ដែល​ពាក់ព័ន្ធ​ទាំង​អស់​នោះ ខ្ញុំ​គិត​ថា អ្នក​ខាង​ក្រោម​នឹង​មិន​ហ៊ាន​ទេ ហើយ​ឬ​ក៏​អាច​ថា អ្នក​ដែល​មាន​តួនាទី​នៅ​ថ្នាក់​ក្រោម​នេះ ដោយសារ​តែ​មាន​ការ​ធានា​ពី​អ្នក​មាន​អំណាច​ទាំង​អស់​ហ្នឹង​ឯង​ថា កុំ​បារម្ភ កុំ​ខ្លាច ដោយ​មាន​ខ្លួន​ការពារ​នៅ​ពី​ក្រោយ​អ៊ីចឹង ទើប​ពួកគាត់​ហ្នឹង​នៅ​តែ​បន្ត​ហ៊ាន​ការពារ ការ​ឆបោក​អនឡាញ​ជា​បន្តបន្ទាប់​អ៊ីចឹង​ទៅ»

ថ្វីត្បិត​រដ្ឋាភិបាល​នៃ​គ្រួសារ​ត្រកូល ហ៊ុន បាន​ចាត់​វិធាន​ការ​ចាប់​ខ្លួន​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ក៏​ដោយ ក៏​មេខ្លោង​សំខាន់ៗ​ដែល​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​បាន​ចោទ​ប្រកាន់​ថា ជា​មេខ្លោង​កាង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ដូចជា សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់ និង​លោក កុក អាន រួម​ទាំង​ក្មួយ​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ជាដើម នៅ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បង្ហាញ​ចំណាត់​ការ​ស៊ើបអង្កេត​ជា​សាធារណៈ​នៅ​ឡើយ។

សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់ កាល​ពី​ឆ្នាំ២០២៤ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ធ្វើ​ទារុណកម្ម និង​បណ្ដាញ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ។ បន្ទាប់​មក​នៅ​ខែមេសា ឆ្នាំ២០២៦ ក្រសួង​រតនាគារ​អាមេរិក​បាន​បន្ត​ដាក់​ទណ្ឌកម្ម​លើ​លោក កុក អាន និង​បណ្ដាញ រួម​ទាំង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ដោយ​ចោទ​ថា លោក​បាន​គ្រប់គ្រង​បរិវេណ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ជា​ច្រើន​កន្លែង​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ