ធនាគារ​ជាតិ​ដក​សិទ្ធិ​អំណាច​ម្ចាស់​ធនាគារ​ឈីហ្វ​បណ្ដោះអាសន្ន​ព្រោះ​ធ្វើ​ខុស​បទប្បញ្ញត្តិ

0
19
អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ គេហទំព័រ CPP
អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ គេហទំព័រ CPP

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដក​សិទ្ធិ​អំណាច​ម្ចាស់​ធនាគារ ឈីហ្វ (Chief Bank) បណ្ដោះ​អាសន្ន និង​ដាក់​ឱ្យ​ធនាគារ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​រយៈពេល ៣ខែ ដោយសារ​តែ​អនុវត្ត​ខុស​បទប្បញ្ញត្តិ។ អ្នកឃ្លាំមើល​លើកឡើង​ថា ធនាគារ​មួយ​ចំនួន​នៅ​កម្ពុជា​បង្កើត​ឡើង​គ្រាន់​តែ​ជា​ឧបករណ៍​លាង​លុយ​កខ្វក់​របស់​បណ្ដាញ​ក្រុម​ឆបោក​តាម​អនឡាញ​តែ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​អន្តរជាតិ​ចាត់​វិធានការ​ធនាគារ​ទាំង​នេះ​ក៏​ប្រឈម​បិទ​ទ្វារ។ ពួកគាត់​ថា ការ​ប្រឈម​ដួល​រលំ​ធនាគារ​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​គឺ​ជា​សញ្ញា​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ផង​ដែរ។

ធនាគារ​ជាតិ​នៃ​កម្ពុជា​កំពុង​ស៊ើបអង្កេត​លើ​ធនាគារ ឈីហ្វ (Chief Bank) បន្ទាប់​ពី​ដក​អាជ្ញាប័ណ្ណ​ធនាគារ​ចំនួន ៤ក្នុង​រយៈពេល ២ខែ​ចុង​ក្រោយ​នេះ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ និង​ការ​លាង​លុយ​កខ្វក់។

សេចក្ដី​ជូនដំណឹង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឱ្យ​ដឹង​ថា ធនាគារ ឈីហ្វ មិន​បាន​អនុវត្ត​ពេញលេញ​តាម​បទប្បញ្ញត្តិ​ដែល​កំណត់​ដោយ​ធនាគារ​ជាតិ​ឡើយ។ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដក​សិទ្ធិ​អំណាច​គ្រប់គ្រង​របស់​ម្ចាស់​ធនាគារ ឈីហ្វ ជា​បណ្ដោះ​អាសន្ន និង​ចាត់ចែង​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ទៀត​ឈ្មោះ បេកឃើរ ធីលលី (Baker Tilly) គ្រប់គ្រង​បណ្ដោះ​អាសន្ន​រយៈពេល ៣ខែ ដើម្បី​ស៊ើបអង្កេត និង​រាយការណ៍​ឱ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចាត់​វិធានការ​បន្ត។

ធនាគារ​ជាតិ​នៃ​កម្ពុជា​បញ្ជាក់​ទៀត​ថា អំឡុង​ពេល​គ្រប់គ្រង​បណ្ដោះ​អាសន្ន ក្រុមហ៊ុន បេកឃើរ ធីលលី (Baker Tilly) មាន​សិទ្ធិ​គ្រប់គ្រង និង​ធ្វើ​ជា​តំណាង​ឱ្យ​ធនាគារ ឈីហ្វ សម្រាប់​ប្រតិបត្តិការ​សាច់​ប្រាក់​ទាំង​អស់​រួម​ទាំង ការ​បង្កក​ប្រាក់​បញ្ញើ​អតិថិជន ផ្អាក​ការ​ទូទាត់ និង​ថ្លៃ​ចំណាយ​ផ្សេងៗ។ ចំណែក​ឯ អតិថិជន​ខ្ចី​លុយ​ពី​ធនាគារ​នេះ​ត្រូវ​អនុវត្ត​កាតព្វកិច្ច​បង់​សង​ធនាគារ​នេះ​ជា​ធម្មតា។

ទូរទស្សន៍អាស៊ីសេរី​មិន​អាច​ទាក់ទង​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២១ ខែកញ្ញា។

ធនាគារ​ឈីហ្វ (Chief Bank) ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាល​ពី​ខែធ្នូ ឆ្នាំ២០១៣ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារ​ឯកទេស​នៅ​កម្ពុជា។ ក្រោយ​មក​នៅ​ឆ្នាំ២០១៨ ធនាគារ​នេះ​បាន​ទទួល​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ជា​ធនាគារ​ពាណិជ្ជ។ ធនាគារ​ឈីហ្វ​មាន​ប្រភព​ពី​ក្រុមហ៊ុន ឈីហ្វ ហូលឌីងស៍ គ្រុប (Chief Holdings Group) ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង ហុងកុង។ លោក ចៅ ចុង កៃ ភីតទ័រ (Chau Chung Kai Peter) ដែល​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​អាស្រូវ​ក្នុង​វិវាទ​ពាក់ព័ន្ធ​គម្រោង​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​គឺ​ជា ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​នេះ។ រហូត​ដល់​ឆ្នាំ២០២៥ ធនាគារ ឈីហ្វ ត្រូវ​បាន​ផ្ទេរ​កម្មសិទ្ធិ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន (Asian Business Group)។ របាយការណ៍​ហិរញ្ញវត្ថុ​របស់​ធនាគារ ឈីហ្វ ឱ្យ​ដឹង​ថា ម្ចាស់​ក្រុមហ៊ុន (Asian Business Group) គឺ​លោក ចិន យីម៉ីង (Chen Yueming) និង​អ្នកស្រី យ៉ាង ប៉ូលី (Yang Boli) បាន​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​ទាំង​ស្រុង​របស់​ធនាគារ ឈីហ្វ ដោយ​កាន់​កាប់​ភាគហ៊ុន​ចំនួន​ប្រមាណ ៧៥លាន​ដុល្លារ ឬ​ស្មើ​នឹង ១០០ភាគរយ​នៃ​មូលធន​របស់​ធនាគារ ឈីហ្វ។

ទោះ​ជា​យ៉ាង​ណា គ្មាន​ឯកសារ និង​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ថា ធនាគារ ឈីហ្វ ត្រូវ​អន្តរជាតិ​ដាក់​គោលការណ៍​ស៊ើបអង្កេត និង​បាន​រង​ទណ្ឌកម្ម​អាមេរិក​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៅ​ឡើយ។

ទោះ​ជា​បែប​នេះ​ក្ដី បទប្បញ្ញត្តិ​ទូទៅ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ឱ្យ​ដឹង​ថា ការ​ស៊ើបអង្កេត ឬ​ផ្អាក​សិទ្ធិ​អំណាច​ម្ចាស់​ធនាគារ​មួយ​លុះត្រាតែ ធនាគារ​នោះ​គ្មាន​លុយ​បម្រុង ឬ​ដើម​ទុន​តម្កល់​តាម​ការ​កំណត់​ដោយ​ច្បាប់ មិន​បាន​ចាត់​វិធានការ​ប្រឆាំង​អំពើ​លាង​លុយ​កខ្វក់ និង​ខ្វះខាត​លុយ​ដើម​ទុន​បម្រុង​ទូទាត់​ភ្លាមៗ​ពេល​អតិថិជន​មក​ដក​លុយ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ភ្ញាក់ផ្អើល​ដែល​ធនាគារ​មួយ​ដំណើរ​ប្រតិបត្តិការ​សាច់​ប្រាក់​រាប់​ឆ្នាំ ប៉ុន្តែ​ធនាគារ​ជាតិ​ទើប​តែ​រក​ឃើញ​ថា អនុវត្ត​ខុស​ពី​បទប្បញ្ញត្តិ។ លោក​ថា បញ្ហា​នេះ​នឹង ធ្វើ​ឱ្យ​អតិថិជន​បន្ត​បាត់បង់​ទំនុក​ចិត្ត និង​រងគ្រោះ​បន្ត​ទៀត និង​ថែម​ទាំង​បង្កើត​ជា​ការ​បង្ក​ចលាចល​ក្នុង​សង្គម។

លោក គឹម សុខ៖ «កាលណា​ធនាគារ​មួយ ខុស​បទប្បញ្ញត្តិ មិន​ដាក់​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​អំពី​មូលហេតុ​រឿង​ខុស​បទប្បញ្ញត្តិ​នោះ ខ្ញុំ​គិត​ថា រឿង​ភាគច្រើន​លើសលប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លាង​លុយ​កខ្វក់។ ការ​លាង​លុយ​កខ្វក់ ដែល​ឃុបឃិត​ជាមួយ​នឹង​ពួក​មន្ត្រី​ធំៗ​នៃ​រដ្ឋាភិបាល។ អ៊ីចឹង​ហើយ បាន​ជា​គេ​មិន​បង្ហាញ​របាយការណ៍​ច្បាស់លាស់​ទេ ដោយ​រុញ​ឱ្យ​ក្រុមហ៊ុន​ផ្សេង ធ្វើ​អភិបាល​ទៅ​លើ​ធនាគារ​ហ្នឹង នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ដដែល ដើម្បី​បិទ​បាំង​ទិន្នន័យ​ណា​មួយ នៃ​ការ​លាង​លុយ​កខ្វក់​របស់​ធនាគារ។ ពីព្រោះ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ធនាគារ​ភាគ​ច្រើន​លើស​លប់​សុទ្ធតែ​មាន​បណ្ដាញ ពួក​សាច់​ញាតិ​អ្នកដឹកនាំ​ប្រទេស បង្កើត​ឡើង ដើម្បី​លាង​លុយ​កខ្វក់​ពី​ការ​ឆបោក​អនឡាញ ឬ​ក៏​ជំនួញ ម៉ាហ្វីយ៉ា (Mafia) ផ្សេងៗ»

ក្នុងរយៈពេល ២ខែ​ចុង​ក្រោយ​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដក​អាជ្ញាប័ណ្ណ​ធនាគារ​ចំនួន ៤ រួម​មាន​ធនាគារ ស៊ីស៊ីយូ (CCU Bank) ធនាគារ ហេង ហ្វឹង (Heng Feng Bank) ធនាគារ អេចអេច ឬ ហេង ហ៊ី (HH Bank) និង​ធនាគារ ធានស៊ី អ៊ិនធើណេសិនណល ថេកណូឡូជី (Tian Xu International Technology)។ ចំណាត់​ការ​ដក​អាជ្ញាប័ណ្ណ​ធនាគារ​ទាំង​នេះ​កើត​ឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​តាម​អនឡាញ និង​ការ​លាង​លុយ​កខ្វក់។

ទោះ​ជា​ធនាគារ​មួយ​ចំនួន​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ​ជា​បន្តបន្ទាប់​ក្ដី​ក៏​ទេសាភិបាល​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី បាន​ប្រកាស​ថា សេដ្ឋកិច្ច និង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​នៅ​តែ​រឹងមាំ។

ផ្ទុយទៅវិញ មន្ត្រី​តំណាង​រដ្ឋាភិបាល​ក្រៅ​ប្រទេស លោក គឹម សុខ វាយ​តម្លៃ​ថា ស្ថានការណ៍​នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​បន្តិច​ម្តងៗ។ លោក​ថា សញ្ញា​នៃ​វិបត្តិ​សេដ្ឋកិច្ច​នេះ អាច​បណ្ដាល​មក​ពី​មូលហេតុ​សំខាន់ៗ ដូច​ជា ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ គ្មាន​លទ្ធភាព​សង​បំណុល​ធនាគារ និង​កត្តា​ធនាគារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​បិទ​ទ្វារ​ខ្លួនឯង ដោយសារ​តែ​រកស៊ី​លាង​លុយ​កខ្វក់​លែង​បាន​ក្រោយ​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​បន្ត​ចាត់​វិធានការ​តឹងរ៉ឹង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ