

ធនាគារជាតិនៃកម្ពុជាបានដកសិទ្ធិអំណាចម្ចាស់ធនាគារ ឈីហ្វ (Chief Bank) បណ្ដោះអាសន្ន និងដាក់ឱ្យធនាគារនេះស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនរយៈពេល ៣ខែ ដោយសារតែអនុវត្តខុសបទប្បញ្ញត្តិ។ អ្នកឃ្លាំមើលលើកឡើងថា ធនាគារមួយចំនួននៅកម្ពុជាបង្កើតឡើងគ្រាន់តែជាឧបករណ៍លាងលុយកខ្វក់របស់បណ្ដាញក្រុមឆបោកតាមអនឡាញតែប៉ុណ្ណោះ ហើយនៅពេលអន្តរជាតិចាត់វិធានការធនាគារទាំងនេះក៏ប្រឈមបិទទ្វារ។ ពួកគាត់ថា ការប្រឈមដួលរលំធនាគារនៅកម្ពុជាជាបន្តបន្ទាប់គឺជាសញ្ញាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ។
ធនាគារជាតិនៃកម្ពុជាកំពុងស៊ើបអង្កេតលើធនាគារ ឈីហ្វ (Chief Bank) បន្ទាប់ពីដកអាជ្ញាប័ណ្ណធនាគារចំនួន ៤ក្នុងរយៈពេល ២ខែចុងក្រោយនេះពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ និងការលាងលុយកខ្វក់។
សេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឱ្យដឹងថា ធនាគារ ឈីហ្វ មិនបានអនុវត្តពេញលេញតាមបទប្បញ្ញត្តិដែលកំណត់ដោយធនាគារជាតិឡើយ។ ធនាគារជាតិនៃកម្ពុជាបានដកសិទ្ធិអំណាចគ្រប់គ្រងរបស់ម្ចាស់ធនាគារ ឈីហ្វ ជាបណ្ដោះអាសន្ន និងចាត់ចែងឱ្យក្រុមហ៊ុនឯកជនមួយទៀតឈ្មោះ បេកឃើរ ធីលលី (Baker Tilly) គ្រប់គ្រងបណ្ដោះអាសន្នរយៈពេល ៣ខែ ដើម្បីស៊ើបអង្កេត និងរាយការណ៍ឱ្យធនាគារជាតិនៃកម្ពុជាចាត់វិធានការបន្ត។
ធនាគារជាតិនៃកម្ពុជាបញ្ជាក់ទៀតថា អំឡុងពេលគ្រប់គ្រងបណ្ដោះអាសន្ន ក្រុមហ៊ុន បេកឃើរ ធីលលី (Baker Tilly) មានសិទ្ធិគ្រប់គ្រង និងធ្វើជាតំណាងឱ្យធនាគារ ឈីហ្វ សម្រាប់ប្រតិបត្តិការសាច់ប្រាក់ទាំងអស់រួមទាំង ការបង្កកប្រាក់បញ្ញើអតិថិជន ផ្អាកការទូទាត់ និងថ្លៃចំណាយផ្សេងៗ។ ចំណែកឯ អតិថិជនខ្ចីលុយពីធនាគារនេះត្រូវអនុវត្តកាតព្វកិច្ចបង់សងធនាគារនេះជាធម្មតា។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី២១ ខែកញ្ញា។
ធនាគារឈីហ្វ (Chief Bank) ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០១៣ ដើម្បីធ្វើប្រតិបត្តិការជាធនាគារឯកទេសនៅកម្ពុជា។ ក្រោយមកនៅឆ្នាំ២០១៨ ធនាគារនេះបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការជាធនាគារពាណិជ្ជ។ ធនាគារឈីហ្វមានប្រភពពីក្រុមហ៊ុន ឈីហ្វ ហូលឌីងស៍ គ្រុប (Chief Holdings Group) ដែលមានទីស្នាក់ការនៅទីក្រុង ហុងកុង។ លោក ចៅ ចុង កៃ ភីតទ័រ (Chau Chung Kai Peter) ដែលធ្លាប់មានកេរ្តិ៍ឈ្មោះអាស្រូវក្នុងវិវាទពាក់ព័ន្ធគម្រោងអចលនទ្រព្យនៅប្រទេសចិនគឺជា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារនេះ។ រហូតដល់ឆ្នាំ២០២៥ ធនាគារ ឈីហ្វ ត្រូវបានផ្ទេរកម្មសិទ្ធិគ្រប់គ្រងដោយក្រុមហ៊ុន (Asian Business Group)។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ឈីហ្វ ឱ្យដឹងថា ម្ចាស់ក្រុមហ៊ុន (Asian Business Group) គឺលោក ចិន យីម៉ីង (Chen Yueming) និងអ្នកស្រី យ៉ាង ប៉ូលី (Yang Boli) បានក្លាយជាម្ចាស់ភាគហ៊ុនទាំងស្រុងរបស់ធនាគារ ឈីហ្វ ដោយកាន់កាប់ភាគហ៊ុនចំនួនប្រមាណ ៧៥លានដុល្លារ ឬស្មើនឹង ១០០ភាគរយនៃមូលធនរបស់ធនាគារ ឈីហ្វ។
ទោះជាយ៉ាងណា គ្មានឯកសារ និងភស្តុតាងណាមួយដែលបង្ហាញថា ធនាគារ ឈីហ្វ ត្រូវអន្តរជាតិដាក់គោលការណ៍ស៊ើបអង្កេត និងបានរងទណ្ឌកម្មអាមេរិកពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែននៅឡើយ។
ទោះជាបែបនេះក្ដី បទប្បញ្ញត្តិទូទៅរបស់ធនាគារជាតិនៃកម្ពុជាឱ្យដឹងថា ការស៊ើបអង្កេត ឬផ្អាកសិទ្ធិអំណាចម្ចាស់ធនាគារមួយលុះត្រាតែ ធនាគារនោះគ្មានលុយបម្រុង ឬដើមទុនតម្កល់តាមការកំណត់ដោយច្បាប់ មិនបានចាត់វិធានការប្រឆាំងអំពើលាងលុយកខ្វក់ និងខ្វះខាតលុយដើមទុនបម្រុងទូទាត់ភ្លាមៗពេលអតិថិជនមកដកលុយ។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ភ្ញាក់ផ្អើលដែលធនាគារមួយដំណើរប្រតិបត្តិការសាច់ប្រាក់រាប់ឆ្នាំ ប៉ុន្តែធនាគារជាតិទើបតែរកឃើញថា អនុវត្តខុសពីបទប្បញ្ញត្តិ។ លោកថា បញ្ហានេះនឹង ធ្វើឱ្យអតិថិជនបន្តបាត់បង់ទំនុកចិត្ត និងរងគ្រោះបន្តទៀត និងថែមទាំងបង្កើតជាការបង្កចលាចលក្នុងសង្គម។
លោក គឹម សុខ៖ «កាលណាធនាគារមួយ ខុសបទប្បញ្ញត្តិ មិនដាក់បង្ហាញឱ្យប្រជាពលរដ្ឋបានដឹងអំពីមូលហេតុរឿងខុសបទប្បញ្ញត្តិនោះ ខ្ញុំគិតថា រឿងភាគច្រើនលើសលប់ពាក់ព័ន្ធទៅនឹងការលាងលុយកខ្វក់។ ការលាងលុយកខ្វក់ ដែលឃុបឃិតជាមួយនឹងពួកមន្ត្រីធំៗនៃរដ្ឋាភិបាល។ អ៊ីចឹងហើយ បានជាគេមិនបង្ហាញរបាយការណ៍ច្បាស់លាស់ទេ ដោយរុញឱ្យក្រុមហ៊ុនផ្សេង ធ្វើអភិបាលទៅលើធនាគារហ្នឹង នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលដដែល ដើម្បីបិទបាំងទិន្នន័យណាមួយ នៃការលាងលុយកខ្វក់របស់ធនាគារ។ ពីព្រោះនៅប្រទេសកម្ពុជាបច្ចុប្បន្ន ធនាគារភាគច្រើនលើសលប់សុទ្ធតែមានបណ្ដាញ ពួកសាច់ញាតិអ្នកដឹកនាំប្រទេស បង្កើតឡើង ដើម្បីលាងលុយកខ្វក់ពីការឆបោកអនឡាញ ឬក៏ជំនួញ ម៉ាហ្វីយ៉ា (Mafia) ផ្សេងៗ»។
ក្នុងរយៈពេល ២ខែចុងក្រោយនេះ ធនាគារជាតិនៃកម្ពុជាបានដកអាជ្ញាប័ណ្ណធនាគារចំនួន ៤ រួមមានធនាគារ ស៊ីស៊ីយូ (CCU Bank) ធនាគារ ហេង ហ្វឹង (Heng Feng Bank) ធនាគារ អេចអេច ឬ ហេង ហ៊ី (HH Bank) និងធនាគារ ធានស៊ី អ៊ិនធើណេសិនណល ថេកណូឡូជី (Tian Xu International Technology)។ ចំណាត់ការដកអាជ្ញាប័ណ្ណធនាគារទាំងនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញ និងការលាងលុយកខ្វក់។
ទោះជាធនាគារមួយចំនួនត្រូវបានដកអាជ្ញាប័ណ្ណជាបន្តបន្ទាប់ក្ដីក៏ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី បានប្រកាសថា សេដ្ឋកិច្ច និងប្រព័ន្ធធនាគារនៅកម្ពុជានៅតែរឹងមាំ។
ផ្ទុយទៅវិញ មន្ត្រីតំណាងរដ្ឋាភិបាលក្រៅប្រទេស លោក គឹម សុខ វាយតម្លៃថា ស្ថានការណ៍នេះគឺជាសញ្ញាបង្ហាញថា កម្ពុជាកំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចបន្តិចម្តងៗ។ លោកថា សញ្ញានៃវិបត្តិសេដ្ឋកិច្ចនេះ អាចបណ្ដាលមកពីមូលហេតុសំខាន់ៗ ដូចជា ប្រជាពលរដ្ឋមានជីវភាពក្រីក្រ គ្មានលទ្ធភាពសងបំណុលធនាគារ និងកត្តាធនាគារមួយចំនួនដែលពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មបិទទ្វារខ្លួនឯង ដោយសារតែរកស៊ីលាងលុយកខ្វក់លែងបានក្រោយអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកបន្តចាត់វិធានការតឹងរ៉ឹង៕








