
សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិលចំនួន ៥៨ស្ថាប័ន អំពាវនាវ ដល់ធនាគារពិភពលោក ឱ្យទទួលយករបាយការណ៍ស៊ើបអង្កេត របស់ស្ថាប័ន ទទួលពាក្យបណ្តឹងឯករាជ្យ (ស៊ីអេអូ)និង ដោះស្រាយវិបត្តិមីក្រូហិរញ្ញវត្ថុ នៅ ប្រទេស កម្ពុជា។ ពួកគាត់ ទទូចឱ្យធនាគារពិភពលោក បង្ហាញភាពច្បាស់លាស់ ក្នុងការទទួលខុសត្រូវ ចំពោះការវិនិយោគ របស់ខ្លួន និង អនុវត្តវិធានការដោះស្រាយ ឱ្យបានត្រឹមត្រូវ តាមគោលនយោបាយគណនេយ្យភាពរបស់ខ្លួន។
សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល ចំនួន ៥៨ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមដោយ អំពាវនាវឱ្យធនាគារ ពិភពលោក (The World Bank) កែប្រែសេចក្តីសម្រេចរបស់ខ្លួន ដែលបានជំរុញឱ្យមាន និទ្ទណ្ឌភាពចំពោះផលប៉ះពាល់អវិជ្ជមាន ដែលបានបង្កឡើងដោយការផ្តល់កម្ចីបែបកេងប្រវ័ញ្ចជាច្រើន នៅក្នុងប្រទេសកម្ពុជា។ ពួកគាត់ស្នើឱ្យធនាគារពិភពលោក ប្តូរលក្ខខណ្ឌវិញ ដោយត្រូវ ផ្តល់ដំណោះស្រាយ និង បញ្ឈប់ការរីករាលដាលផលប៉ះពាល់អវិជ្ជមាន នៃវិបត្តិមីក្រូហិរញ្ញវត្ថុ ទៅលើសហគមន៍ជនជាតិដើមភាគតិច។ ប្រជាពលរដ្ឋ សហគមន៍ជនជាតិដើមភាគតិច និង ក្រុម សង្គមស៊ីវិល ដែលធ្វើសេចក្ដីស្នើនេះ ធ្វើការងារចូលរួមសាមគ្គីគ្នាជាមួយសហគមន៍ជនជាតិដើម ភាគតិច និង ប្រជាពលរដ្ឋ ផ្សេងទៀតនៅកម្ពុជា។
សេចក្តីថ្លែងការណ៍រួមរបស់ សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល ដែលផ្សាយកាលពី ថ្ងៃទី០៩ ខែសីហា លើទំព័រហ្វេសប៊ុករបស់អង្គការលីកាដូ ឱ្យដឹងថា ទាំងវប្បធម៌ និងទាំងជីវភាព របស់ជនជាតិដើមភាគតិច ប៉ះពាល់យ៉ាងដំណំដោយសារកម្ចីមីក្រូហិរញ្ញវត្ថុ។ ប្រជាពលរដ្ឋក្នុង សហគមន៍ច្រើនកន្លែងនៅទូទាំងប្រទេស កំពុងរស់នៅរងទុក្ខលំបាកយ៉ាងខ្លាំង ពីផលអវិជ្ជមាន នៃបំណុលមីក្រូហិរញ្ញវត្ថុ។ កុមារជាច្រើននាក់ មិនអាចបន្តការសិក្សា បាន។ ក្រុមគ្រួសារជាច្រើន រស់នៅឆ្ងាយពីគ្នា ព្រោះសមាជិកគ្រួសារត្រូវបង្ខំចិត្តចំណាកស្រុក ទៅរកការងារធ្វើ។ ម្ហូបអាហាររបស់ពួកគេ កាន់តែតិច និង មិនសូវមានជីវជាតិ ដោយសារតែត្រូវសន្សំប្រាក់ទុកសងបំណុល ក្រោមការដាក់សម្ពាធនិងធ្វើទុក្ខបុកម្នេញ ពីសំណាក់មន្ត្រីឥណទាន។ សហគមន៍ជនជាតិដើម ភាគតិច មានឱកាសជួបជុំគ្នាកាន់តែតិចទៅៗ ហើយពិធីបែបប្រពៃណី និងទំនៀមទម្លាប់ខ្លះ ក៏ កាន់តែពិបាកប្រារព្ធឡើង។
សេចក្តីថ្លែងការណ៍នេះ ប្រាប់ធនាគារពិភពលោកថា ដីធ្លីសហគមន៍ជនជាតិដើមភាគតិច នៅតែស្ថិតក្នុងហានិភ័យ ដោយសារកម្ចីមីក្រូហិរញ្ញវត្ថុទាំងអស់នោះ។ សេចក្តីថ្លែងការណ៍ ពន្យល់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារជាច្រើន ផ្តល់ប្រាក់កម្ចី ដោយទទួលទ្រព្យធានា ដែលជាដីធ្លី ត្រួតលើដីសមូហភាព របស់ជនជាតិដើមភាគតិច រីឯ គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួន មិនបានចុះ ទៅផ្ទៀងផ្ទាត់ ឬ ខ្វល់ថា តើដីធ្លីដែលត្រូវដាក់ជាទ្រព្យធានាទាំងនោះ ជាដីកម្មសិទិ្ធឯកជនរបស់ កូនបំណុល ឬជាចំណែកនៃដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនោះទេ។
សេចក្តីថ្លែងការណ៍ របស់សហគមន៍ជនជាតិដើមភាគតិច និង សង្គមស៊ីវិល រាយការណ៍ប្រាប់ ធនាគារពិភពលោកដែរថា សម្រាប់ករណីបំណុលខ្លះ គ្រឹះស្ថានហិរញ្ញវត្ថុបានដាក់សម្ពាធឱ្យកូន បំណុលលក់ដី ដើម្បីបង់សងបំណុល និងជាញឹកញាប់ ដីធ្លីរបស់ពលរដ្ឋជនជាតិដើមភាគតិច ត្រូវបានលក់ទៅឱ្យពលរដ្ឋខាងក្រៅ ដែលមិនមែនជាសមាជិកសហគមន៍ជនជាតិដើមភាគតិច។ ករណីនេះ បានបង្កឱ្យកើតមាននូវបញ្ហាជាច្រើន លើដីធ្លីសមូហភាព និងរឹតតែបង្កផលលំបាក ដល់សហគមន៍ជនជាតិដើមភាគតិច ក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព។
ជនជាតិភាគតិចចក់ នៅខេត្តរតនគីរី លោក រចំ សាំង ប្រាប់ទូរទស្សន៍អាស៊ីសេរីថា គ្រួសារលោក ខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ប្រមាណ ២ម៉ឺនដុល្លារ ដើម្បីប្រកបរបរធ្វើចម្ការដាំចន្ទី និង ដំឡូង។ ប៉ុន្តែ ទីបំផុត លោកត្រូវបង្ខំចិត្តលក់ដីចម្ការ ទំហំ ៤ហិកតាររបស់គ្រួសារ ដើម្បីបង់ផ្ដាច់សងបំណុល បន្ទាប់ពីខូចខាតផលដំណាំ ហើយគ្មានលទ្ធភាពបន្តទូទាត់សងការប្រាក់ រយៈពេល ៧ខែ។
លោក រចំ សាំង រៀបរាប់ថា គ្រួសារលោក ត្រូវបង់ប្រាក់ដើម ១៣ លានរៀល ក្នុងមួយឆ្នាំ និង បង់ការប្រាក់ ប្រមាណ ៨០ម៉ឺនរៀលក្នុងមួយខែ លុះដល់អស់លទ្ធភាព លោកត្រូវខ្លីអ្នកស្រុក បណ្ដាក់គ្នាពីមួយកន្លែង ទៅមួយកន្លែង ដើម្បីយកទៅបង់ឱ្យប្រាសាក់។ លោកថា ក្នុងស្ថានភាព ទ័លច្រក ដែលអស់លទ្ធភាពសងបំណុលមែនទែន លោកបានទៅសុំធនាគារជាតិ ឱ្យជួយធ្វើអន្តរាគមន៍ទៅគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីបន្ធូរលក្ខខណ្ឌទូទាត់បំណុលខ្លះប៉ុន្តែធនាគារពុំមានដំណោះស្រាយអ្វីឡើយ គឺបានត្រឹមតែប្រាប់ឱ្យលោកខ្លីបំណុលថែមទៀត យកទៅទូទាត់ បំណុលចាស់ប៉ុណ្ណោះ។
លោក រចំ សាំង៖ «គេតឿនយើងរហូតឱ្យខ្ចីនេះ ខ្ចីនោះ ខ្ចីអ្នកជិតខាង ខ្ចីគេឡើងពីរទៅបីដង យើងបង់លុយរាប់កាន់តែកើនឡើៗ។ អ៊ីចឹងស្មុគស្មាញដោយសារតែគេតឿនឱ្យយើងខ្ចីរហូត។ ខ្ញុំបឹ្ដងទៅធនាគារជាតិ គេហៅជួបនៅនោះ គេថាឱ្យខ្ញុំខ្ចីថែមទៀត ឱ្យខ្ញុំខ្ចីថែម។ ខ្ចីថែមនិយាយនៅក្នុងធនាគារហ្នឹង គេថា សេវាហ្នឹង អស់ ៤ ទៅ ៥ ម៉ឺនរៀលទេ សេវាខ្ចី ដល់មករៀបឯកសារនៅផ្ទះលេង ជាង ១ លាន ៣០ម៉ឺនរៀល»។
សហគមន៍ជនជាតិដើមភាគតិច និង សង្គមស៊ីវិល ចំនួន ៥៨ស្ថាប័ន បានឱ្យដឹងថា ស្ថានភាពបែបនេះ កំពុងកើតមានឡើង នៅស្ទើរតែទូទាំងប្រទេស។ ការិយាល័យ ភាពអនុលោមទីប្រឹក្សាដោះស្រាយវិវាទ (ស៊ីអេអូ) នៃសាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ (អាយអេហ្វស៊ី) របស់ធនាគារពិភព លោក ក៏បានស៊ើបអង្កេតរកឃើញ ពីបញ្ហានេះដែរ។
សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល អះអាងថា សេចក្តីសម្រេច របស់ធនាគារ ពិភពលោក ដែលបដិសេធរបាយការណ៍នេះ ជារឿងដ៏គួរឱ្យអាម៉ាស់ ពីព្រោះគោលនយោបាយ របស់ក្រុមធនាគារពិភពលោក ត្រូវតែអនុវត្ត ដើម្បីជៀសវាងការប៉ះពាល់ ដល់សហគមន៍ជនជាតិ ដើមភាគតិច។ ការបដិសេធនូវរបាយការណ៍ ពីការិយាល័យភាពអនុលោមទីប្រឹក្សាដោះស្រាយ វិវាទ(ស៊ីអេអូ) មានន័យថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(អាយ អេហ្វស៊ី) នៅតែធានាឱ្យមាន ផលប៉ះពាល់អវិជ្ជមានជាច្រើន បន្តកើតមានឡើង និងកាន់តែធ្ងន់ធ្ងរលើសហគមន៍ជនជាតិដើមភាគតិច។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ទំហំកម្ចី ដែលពលរដ្ឋខ្ចីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ច្រើនជាងគេនៅលើពិភពលោក ហើយកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ចីមីក្រូហិរញ្ញវត្ថុ មានជាង ១៩ពាន់លានដុល្លារ ដែលមានប្រហែល ៣លានកម្ចី រីឯឆ្នាំ២០២៣ មានទំហំកម្ចី ១៦ពាន់ លានដុល្លារ ដែលមានអ្នកខ្ចី ជិត ៣លានកម្ចី (២.៨៩លានកម្ចី)។ កាលពីឆ្នាំ២០២៣ អង្គការលីកាដូ រកឃើញថា កូនបំណុល ឬ អ្នកខ្ចីប្រាក់ ពីធនាគារ និង មីក្រូហិរញ្ញវត្ថុ ជិត ១៧ម៉ឺននាក់ (១៦,៧ម៉ឺននាក់) បានលក់ដីដើម្បីសងទូទាត់សងបំណុល។
លោក អំ សំអាត៖ «បងប្អូនប្រជាពលរដ្ឋគាត់មានបញ្ហា គាត់រត់មករកសេវាអង្គការ លីកាដូឱ្យជួយគាត់ ក្នុងបញ្ហាផ្សេងៗទាក់ទងបញ្ហាផ្លូវច្បាប់ និងបញ្ហាផ្សេងៗ ដែលគាត់មិនបានយល់ដឹង។ អាហ្នឹង គឺយើងបានធ្វើការហ្នឹង ហើយអង្គការលីកាដូ ក៏បាន ធ្វើកិច្ចសហការ ជាមួយធនាគារជាតិទៅលើពាក្យបណ្ដឹង ឬបញ្ហាបំណុលមួយចំនួន ដើម្បីឱ្យធនាគារជាតិលោកជួយធ្វើអន្តរាគមន៍»។
ធនាគារពិភពលោក បញ្ជាក់ថា ខ្លួនគោរពសិទិ្ធរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាបាន លុះត្រាតែធនាគារពិភពលោក ទទួលស្គាល់ការរកឃើញការពិត ហើយអនុវត្តតាមអនុសាសន៍ របស់ការិយាល័យភាពអនុលោមទីប្រឹក្សាដោះស្រាយវិវាទ(ស៊ីអេអូ)របស់ខ្លួន។ ការិយាល័យភាពអនុលោមទីប្រឹក្សាដោះស្រាយវិវាទ របស់ធនាគារពិភពលោក បានរកឃើញថា “មិនមានភស្តុតាងណាមួយ ដែលបានបង្ហាញថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានផ្តល់យោបល់ និងការណែនាំ អំពីវិធីសាស្ត្រ និងដំណើរការក្នុងការកំណត់អត្តសញ្ញាណដីសមូហភាព របស់ សហគមន៍ជនជាតិដើមភាគតិច” ទៅដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលទទួលបានការវិនិយោគរបស់ខ្លួននោះទេ។
សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល ទទូចឱ្យធនាគារពិភពលោក បង្ហាញភាព ច្បាស់លាស់ ក្នុងការទទួលខុសត្រូវចំពោះការវិនិយោគរបស់ខ្លួន និងអនុវត្តវិធាន ការដោះស្រាយ ឱ្យបានត្រឹមត្រូវ តាមគោលនយោបាយរបស់ខ្លួន ដោយផ្អែកលើយន្តការ គណនេយ្យភាពឯករាជ្យ នៃធនាគារពិភពលោក៕









