

អាជ្ញាធរថៃបន្តចាប់ខ្លួនពលករខ្មែរដែលធ្វើការ និងលួចឆ្លងដែនចូលប្រទេសថៃជាច្រើននាក់ដោយខុសច្បាប់។ មន្ត្រីសិទ្ធិពលករទទូចឲ្យរដ្ឋាភិបាលគួរយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាលើពលករចំណាកស្រុក ដើម្បីកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋ។
ពលករខ្មែររស់នៅ និងលួចឆ្លងដែនខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ត្រូវអាជ្ញាធរចាប់ខ្លួន និងផ្ដន្ទាទោសជាច្រើននាក់ នៅដើមខែកក្កដានេះ។
ជាក់ស្តែង នៅថ្ងៃទី១០ កក្កដា នេះ អាជ្ញាធរថៃ បានចាប់ខ្លួន ពលករខ្មែរម្នាក់ ជាស្ត្រី មានឈ្មោះថា នួន អាយុ២៨ឆ្នាំ ខណៈដែលស្ត្រីរូបនោះកំពុងឈរលក់អាហារច្រកថង់ឲ្យថៅកែជាជនជាតិថៃ នៅតូបអាហារមួយកន្លែង ក្នុងផ្សារបាងយ៉ៃ ខេត្តនុនថាក់បូរី។
អាជ្ញាធរថៃបានចោទស្ត្រីរូបនេះ ២ករណី គឺ ចូលនិងរស់នៅក្នុងប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត និងមួយករណីទៀត គឺធ្វើការដោយមិនមានច្បាប់អនុញ្ញាតនៅក្នុងប្រទេសថៃ។ អាជ្ញាធរថៃបានបន្តនីតិវិធីតាមផ្លូវច្បាប់ ដោយបញ្ជូនសំណុំរឿងស្ត្រីរូបនោះទៅតុលាការ និងបន្តនីតិវិធី ដើម្បីបញ្ជូនត្រឡប់ទៅកម្ពុជាវិញ។
ក្រៅពីពលករឆ្លងដែន អាជ្ញាធរថៃក៏បានរឹតបន្តឹងទៅលើពលករផ្សេងទៀត ដែលចូលមកធ្វើការនៅក្នុងប្រទេសថៃ។ អាជ្ញាធរទាំងនោះ បានចុះទៅត្រួតពិនិត្យនៅតាមទីតាំងជាច្រើន ដូចជា នៅតាមផ្សារ ទីសាធារណៈ កន្លែងស្នាក់នៅ និងកន្លែងលក់ដូរផ្សេងទៀត ដើម្បីស្វែងរកពលករដែលធ្វើការខុសច្បាប់ក្នុងប្រទេសថៃ។
ពលករម្នាក់ និងជាជនរងគ្រោះដីធ្លីក្នុងចំណោមជនរងគ្រោះរាប់រយគ្រួសារពីក្រុមហ៊ុនសូឡាដាមិច ហើយបច្ចុប្បន្នកំពុងភៀសខ្លួននៅប្រទេសថៃ លោកស្រី លួត សាលៀ ថ្លែងទាំងឈឺចាប់ថា អាជ្ញាធរថៃបានចាប់ខ្លួនលោកស្រីជាច្រើនលើកច្រើនសា និងរងការគំរាមកំហែង រើសអើងពីពលរដ្ឋថៃ ហើយលោកស្រីភ័យខ្លាចអាជ្ញាធរចាប់បញ្ជូនលោកស្រីត្រឡប់ទៅខ្មែរវិញ។ លោកស្រីបន្តថា អ្វីដែលលោកស្រីខ្លាចជាងនេះ គឺភាពអត់ឃ្លាន ការដាច់ពោះស្លាប់ គ្មានប្រាក់ចំណូលសម្រាប់ចិញ្ចឹមកូន និងផ្គត់ផ្គង់គ្រួសារ ទើបលោកស្រីបង្ខំចិត្តលួចធ្វើការខុសច្បាប់ក្នុងប្រទេសថៃ។ លោកស្រីអះអាងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពក្នុងការរៀបចំឲ្យកម្មករ ពលករដែលត្រឡប់ទៅខ្មែរវិញមានប្រាក់ខែសមរម្យ ដោះបំណុលជូនពលរដ្ឋ និងមិនអាចលុបបំបាត់អំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋ និងកន្លែងការងារបានឡើយ។
លោកស្រី លួត សាលៀ៖ «អត់ថា យើងត្រូវរត់ផុត ឬក៏រត់មិនផុត ហើយយើងត្រូវទៅអឺ ខ្មែរវិញពេលគេចាប់បាន ហើយបងប្អូនអាចជួយដោះស្រាយយើងបានឬអត់? គឺនិយាយរួមទៅគឺអារម្មណ៍មួយហ្នឹងគឺភ័យខ្លាច ហើយនឹងតក់ស្លុតខ្លាំងមែនទែន។ សម្រាប់បំណុលពលរដ្ឋខ្មែរគឺច្រើនឡើង ច្រើនឡើងកើនទ្វេ រហូតដល់មានការសម្លាប់ខ្លួន រហូតដល់មានធ្វើអត្តឃាតខ្លួនឯងគឺមិនមែនធម្មតាទេណាបង។ គឺលក្ខណៈថា ដោះស្រាយអីអត់ចេញ។ ខ្ញុំធ្លាប់រកសម្លាប់ខ្លួនច្រើនដងដែរ ប៉ុន្តែអ្វីដែលសំខាន់គឺយើងមានកូន។ យើងត្រូវតែតស៊ូទៅមុខ ហើយសូមផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងតែមានវិបត្តិដូចខ្ញុំមានទុក្ខដូចខ្ញុំ កុំអស់សង្ឃឹម យើងត្រូវតែក្រោកឈរតស៊ូទៅមុខទៀតចា៎!»។
ចំណែក កាលពីថ្ងៃទី៨ កក្កដា នេះ កងទ័ពជើងទឹកថៃបានពង្រាយកម្លាំងស្ទាក់ចាប់ខ្លួនមនុស្ស១៩នាក់ ក្នុងនោះ ១៤នាក់ ជាជនជាតិខ្មែរ ៤នាក់ជាជនជាតិចិន និងម្នាក់ទៀតជាជនជាតិឥណ្ឌូណេស៊ី លួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់តាមច្រកធម្មតា នៅតំបន់ណងតាខុង ស្រុកពង់ណាំរ៉ុន ខេត្តចាន់ថាក់បូរី។ ក្នុងនោះមានស្ត្រី ៧នាក់ បុរស ៣នាក់ និងក្មេង ៤នាក់។
មនុស្សទាំងនោះបានសារភាពប្រាប់អាជ្ញាធរថៃ ថា ខ្លួនលួចឆ្លងដែនចូលប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើនៅក្នុងខេត្តចាន់ថាក់បុរី ខេត្តរ៉ាក់យ៉ង ខេត្តឆៃណាត និងខេត្តសាមុតប្រាកាន។ ពួកគាត់ត្រូវចំណាយប្រាក់ក្នុងម្នាក់ ៧ ៥០០បាតទៅ ៨ ០០០បាត ឬស្មើនឹងប្រមាណជាង ២៥០ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួលមេខ្យល់ឲ្យនាំឆ្លងកាត់ច្រកធម្មតា គេចពីការត្រួតពិនិត្យរបស់អាជ្ញាធរ។
រីឯកាលពីថ្ងៃទី០១ដល់ថ្ងៃទី០៧ អាជ្ញាធរថៃ បានចាប់ខ្លួនពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ បាន៩នាក់ បន្ថែមទៀតក្នុងអំឡុងពេលចុះល្បាត នៅតំបន់ទេពនិមិត្ត ស្រុកពង់ណាំរ៉ុន ខេត្តចន្ទបុរី។ ពលករមួយចំនួបសាភាពប្រាប់អាជ្ញាធរថៃថា ខ្លួនជាអ្នករស់នៅក្នុងខេត្តកំពង់ធំ និងខេត្តបាត់ដំបង ហើយឆ្លងដែនមកប្រទេសថៃនេះ ដើម្បីស្វែងរកការងារធ្វើនៅទីក្រុងបាងកក និងខេត្តបុរីរ៊ាំ។ ហើយពលករមួយចំនួនទៀត មកពីខេត្តរ៉ាក់យ៉ង មានបំណងចង់ឆ្លងដែនទៅប្រទេសកម្ពុជាវិញ។ ពលករទាំង៩នាក់នោះ ត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅប៉ុស្តិ៍នគរបាល និងបន្តនីតិវិធីតាមផ្លូវច្បាប់។
មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង សុផុន លើកឡើងថា ពលករខ្មែរដែលរស់នៅ និងធ្វើការខុសច្បាប់នៅប្រទេសថៃត្រូវបានបញ្ជូនមកកម្ពុជាវិញចំនួន ២លើកមកហើយ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ កក្កដានេះ។ លោកបន្តថា ពលករភាគច្រើន គឺជាពលករដែលបានវិលត្រឡប់មកកម្ពុជាវិញ ក្នុងអំឡុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ ប៉ុន្តែពួកគាត់មិនអាចរកការងារដែលមានប្រាក់ចំណូលសមរម្យធ្វើបាន ទើបសម្រេចចិត្តលួចឆ្លងដែនទៅថៃម្តងទៀត។
លោក លឹង សុផុន៖ «ពលករ ពលរដ្ឋហ្នឹងឯងដែលជាកម្លាំងសម្រាប់កសាងប្រទេសជាតិ។ បើសិនជារដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធមិនយកចិត្តទុកដាក់ទៅលើពលករ កម្មករទេ នោះនឹងកម្លាំងដែលត្រវអភិវឌ្ឍន៍ប្រទេសជាតិហ្នឹង នឹងវិលមករកប្រទេសដទៃផ្សេងទៀតក្រៅពីប្រទេសខ្មែរយើងបាទ»។
នៅព្រឹកថ្ងៃទី១០ កក្កដានេះ អាជ្ញាធរថៃក៏បានបញ្ជូន ពលករខ្មែរដែលរស់នៅ និងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃចំនួន ៨១នាក់ ក្នុងនោះមានស្រី១៩នាក់ និងក្មេងចំនួន១១នាក់ ឲ្យមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារក្លងលឹក ជាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីការពារសិទ្ធិពលករនៃអង្គការសង់ត្រាល់ក៏បានឲ្យដឹងដែរថា ពលករជាង១០០០នាក់ហើយដែលអាជ្ញាធរថៃបានចាប់បញ្ជូនប្រគល់ឲ្យកម្ពុជាវិញគិតចាប់ដើមខែមករា ដល់ខែកក្កដានេះ។ ពលករខ្មែរ ដែលមករកការងារធ្វើនៅប្រទេសថៃ ភាគច្រើនមានបញ្ហាជំពាក់បំណុល និងគ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ក្រោយពីពួកគាត់រកការងារធ្វើនៅក្នុងស្រុកមិនបាន ទើបបង្ខំចិត្ត មកធ្វើការនៅប្រទេសថៃ ដោយប្រថុយប្រថាន៕









