សហជីព​ដាក់​ញត្តិ​ដើម្បី​ស្នើសុំ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​កាត់ដេរ​២៥០​ដុល្លារ​​១​ខែ

0
97
​ទិដ្ឋភាពកម្មករ​រោងចក្រ ត្រាយ​អាំហ្វិន ដ្រេហ្គន (Triumphant Dragon Cambodia) ជាង​២​ពាន់​នាក់ ប្រមូលផ្ដុំ​គ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៣ កាលពីថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ បណ្ដាញសង្គម
​ទិដ្ឋភាពកម្មករ​រោងចក្រ ត្រាយ​អាំហ្វិន ដ្រេហ្គន (Triumphant Dragon Cambodia) ជាង​២​ពាន់​នាក់ ប្រមូលផ្ដុំ​គ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៣ កាលពីថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ បណ្ដាញសង្គម

ក្រុម​សហជីព​ឯករាជ្យ បាន​នាំគ្នា​ទៅ​ដាក់​ញត្តិ នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ស្នើសុំ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ឱ្យ បាន​២៥០​ដុល្លារ​ក្នុង​១​ខែ​សម្រាប់​ឆ្នាំ​២០២៧​។ ការ​ស្នើ​នេះ ក្រោយ​ពី​ពួកគាត់​ឃើញ​ថា កម្មករនិយោជិត កំពុង​ប្រឈម​បញ្ហា ជីវភាព​ខ្វះខាត ដោយសារតែ​ប្រាក់​ឈ្នួល​តិចពេក ខណៈ​តម្លៃ​ទំនិញ​ឡើងថ្លៃ​ខ្ពស់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រកប​ដោយ​ជីវភាព សមរម្យ​និង​ប្រកបដោយ​ភាព​ថ្លៃថ្នូរ។

នៅ​ថ្ងៃទី​១៤ ខែកញ្ញា ក្រុម​មេដឹកនាំ​សហព័ន្ធ​សហជីព និង​សហជីព​ចំនួន​១១ ស្ថាប័ន បាន​ប្រមូល​ម្ដុំ​គ្នា នៅមុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ដាក់​ញត្តិ​ស្នើសុំ​ដំឡើង​ប្រាក់ខែ​គោល​ចំនួន​៤០.៦៦​ដុល្លារ បន្ថែម​លើ​ប្រាក់ខែ គោល​បច្ចុប្បន្ន​ចំនួន​២១០​ដុល្លារ សម្រាប់​ឆ្នាំ​២០២៧​។ ការ​ស្នើសុំ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ក្រសួង​ការងារ តំណាង​ក្រុមហ៊ុន និង​ក្រុម​កម្មករ​សហជីព កំពុងតែ​ចរចា​គ្នា រឿង​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០២៧។

តាមរយៈ​ញត្តិ​ដែល​ក្រុម​សហព័ន្ធ​សហជីព និង​សហជីព​ឯករាជ្យ បាន​ដាក់​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ លោក ហេង សួរ បាន​រៀបរាប់​ថា សំណើ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន ៤០.៦៦ ដុល្លារ​បន្ថែម លើ​ប្រាក់ខែ​គោល​បច្ចុប្បន្ន​ចំនួន ២១០​ដុល្លារ សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សំលៀក បំពាក់ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ ក្នុង​គោលបំណង​ដើម្បី បំពេញតម្រូវការ​ជាក់ស្ដែង​ដែល​កម្មករ​កំពុង​ជួប​ការ​លំបាក​លើ​ការ​ចំណាយ​ថ្លៃ​អាហារ​បន្ទប់​ជួល និង​ការ​ផ្គត់ផ្គង់​គ្រួសារ ជាដើម។

កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ​ពួកគាត់​ថា បច្ចុប្បន្ន​កម្មករ ដើម្បី​បាន​លុយ​ខែ​គ្រប់គ្រាន់ សម្រាប់​ចំណាយ​លើ​អាហារ និង​សងបំណុល​គេ ជាដើម ពួកគាត់​ត្រូវ​ធ្វើការ​ថែម​ម៉ោង​លើស​កម្លាំង​ពលកម្ម រហូត​គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់ ទោះបីជា​អំឡុង​ពេល​ឈឺ​ក្ដី​។ ក្រុម​សហជីព​ទាំងនោះ​ក៏​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ម៉ាក​យីហោ និង​អ្នកបញ្ជា​ទិញ​អន្តរជាតិ ត្រូវ​ចូលរួម​គាំទ្រ​ការដំឡើង​ប្រាក់​ឈ្នួល​នេះ តាមរយៈ​ការកំណត់​តម្លៃ​បញ្ជា​ទិញ​ដែល​អាច​គ្របដណ្ដប់​លើ​ថ្លៃ​ពលកម្ម​ដែល​កើនឡើង ការ​ផ្ដល់​ការ​បញ្ជា​ទិញ​ដែល​មាន​ស្ថិរភាព និង​អាច​ទូទាត់​ទាន់​ពេលវេលា។

ទន្ទឹមគ្នា​នោះ ក្រុម​សហជីព​បញ្ជាក់​ថា ប្រាក់​ឈ្នួល​ដែល​មាន​ការធានា និង​មាន​កម្រិត​ខ្ពស់​ជាង​មុន នឹង​រួមចំណែក​លើក កម្ពស់​សុខភាព​របស់​កម្មករនិយោជិត សុខុមាលភាព គ្រួសារ និង​ស្ថិរភាព​នៃ​វិស័យ​កាត់ដេរ។

នៅ​ថ្ងៃទី​១៤ ខែកញ្ញា ដដែល​នេះ​ក្រសួង​ការងារ និង តំណាង​ភាគី ពាក់ព័ន្ធ បាន​បន្ត​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប ជា​លើក​ទី​៥ នៅ​ទីស្ដីការ​របស់​ក្រសួង​ការងារ​។ តាមរយៈ​ការ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​ការងារ​រៀបរាប់​ថា កិច្ចពិភាក្សា​នោះ​តំណាង​កម្មករ និង​តំណាង​ក្រុមហ៊ុន បាន​ពន្យល់​គ្នា​ទៅវិញទៅមក​នូវ​គោលជំហរ​របស់​ខ្លួន ខណៈ​ក្រសួង​ជា​អ្នកសម្របសម្រួល។

ជា​លទ្ធផល តំណាង​ភាគី​កម្មករនិយោជិត បាន​ស្នើ​នូវ​តួលេខ​កំណើន​របស់​ខ្លួន​ពីរ​ផ្សេងៗ​គ្នា ដែល​សហជីព​ភាគច្រើន​ស្នើសុំ​ដំឡើង​ប្រាក់ខែ​បន្ថែមចំនួន ១៥,៣​ដុល្លារ និង​មួយ​ចំនួន​ទៀត​ស្នើ​ចំនួន​៤០,៦​ដុល្លារ​អាម៉េរិក លើ​ប្រាក់ខែ​គោល​បច្ចុប្បន្ន​ចំនួន ២១០​ដុល្លារ​។ រីឯ តំណាង​ភាគី​និយោជក​វិញ បាន​ស្នើ​រក្សា​តួលេខ​បច្ចុប្បន្ន​ចំនួន ២១០​ដុល្លារ ដោយ​សំអាង​ថា តំណាង​ភាគី​និយោជក​បាន​បន្ថែម​ថវិកា​ចំនួន​២,៥​ដុល្លារ សម្រាប់​ចំណាយ​លើ​សោហ៊ុយ​សម្រាប់​ធ្វើដំណើរ​របស់​កម្មករ​រួចហើយ​។ យ៉ាងណា​កិច្ចប្រជុំ​នេះ ពុំ​ទាន់​សម្រេច​បែប​ណា​នោះ​ទេ នឹង​ត្រូវ​ចរចា​បន្ត​ទៀត​នៅ​ថ្ងៃទី​១៨ ខែកញ្ញា។

ទោះជា​យ៉ាងណា កិច្ចប្រជុំ​ចរចា​ប្រាក់​ឈ្នួល​ឆ្នាំនេះ មានការ​រឹតត្បិត​ខ្លាំង​ជាង​មុន ដោយ​មិន​អនុញ្ញាត​ឱ្យ​តំណាង​សហជីព​ឯករាជ្យ​ចូលរួម​ពិភាក្សា​ដេញដោល​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ​។ តំណាង​សហជីព​ឯករាជ្យ គឺ​មានតែ​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា លោកស្រី យ៉ាង សោភ័ណ្ឌ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​។ ក្រុម​សហជីព​យល់ឃើញ​ថា ប្រាក់ខែ​គោល​ឆ្នាំ​២០២៧​នេះ ពុំ​សង្ឃឹមថានឹង​ទទួល​បាន​ខ្ពស់​ជាង​ឆ្នាំមុនៗ​នោះ​ទេ ព្រោះ​អ្នកចរចា​ភាគច្រើន​រួម​ទាំង​ក្រសួង​ការងារ​ផង ហាក់​លំអៀង​ទៅកាន់​ភាគី​ក្រុមហ៊ុន ដោយ​ពុំបាន​ពិចារណា លើ​ទុក្ខ​លំបាក​របស់​កម្មករ​ជាក់ស្ដែង។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (Central) លោក ឃុន ថា​រ៉ូ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៤ ខែកញ្ញា​ថា ការកំណត់​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា ២៥០ ដុល្លារ ក្នុង​មួយ​ខែ​ដែល​ស្នើ​ឡើង​ដោយ​ក្រុម​សហជីព ទៅកាន់​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​នោះ ជា​ជំហាន​មួយ​ដែល​សំខាន់ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​នូវ​ប្រាក់​ឈ្នួល ដែល​អាច​ទ្រទ្រង់​ជីវភាព​រស់នៅ​សម្រាប់​កម្មករនិយោជិត និង​ក្រុម​គ្រួសារ​របស់​ពួកគាត់។

លោក​បន្ត​ថា​ប្រសិនបើ​ពិនិត្យ​អំពី​ស្ថានភាព​សេដ្ឋកិច្ច សង្គម ជាពិសេស​ផ្ដោត​ទៅ​លើ​តម្លៃ​ទំនិញ បញ្ហា​ការកំណត់​តម្លៃ​អាហារ ការថែទាំ​សុខភាព ការ​ចំណាយ​ទៅលើ​ការ​ដឹកជញ្ជូន និង​លើ​ការអប់រំ​របស់​កូនៗ​កម្មករ ជាដើម​គឺ​មាន​ការ​កើនឡើង​ខ្ពស់​។ លោក​អះអាង​ថា ប្រាក់​ឈ្នួល​នៅពេល​បច្ចុប្បន្ន​២១០​ដុល្លារ មិនអាច​បំពេញ​តម្រូវការ​ជា​មូលដ្ឋាន សម្រាប់​កម្មករនិយោជិត​ឱ្យ​បាន​គ្រប់គ្រាន់ និង​សមរម្យ​នោះ​ឡើយ។

លោក ឃុន ថារ៉ូ៖ «ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ២៥០ ដុល្លារ​នេះ ខ្ញុំ​គិតថា វា​អាច​ជួយ​បង្កើន​អំណាច​នៃ​ការទិញ​របស់​កម្មករ​និយោជិត ហើយ​វា​អាច​កាត់បន្ថយ​នូវ​ភាព​ងាយ​រងគ្រោះ​ផ្នែក​ហិរញ្ញវត្ថុ ជាពិសេស បញ្ហា​បំណុល​គ្រួសារ ព្រមទាំង​ការ​ពង្រឹង​ភាព​ធន់​នៅក្នុង​ការរស់នៅ​សម្រាប់​កម្មករនិយោជិត ខណៈ​ពេល​ដែល​ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម​របស់​យើង​ហ្នឹង វា​អត់​ទាន់​មាន​ភាពរឹងមាំ»។

ជាមួយគ្នា​នោះ លោក​យល់​ថា ការដំឡើង​ប្រាក់ខែ​ជូន​កម្មករ ឱ្យ​សមរម្យ ពិតជា​សំខាន់ ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ចជាតិ រីកចម្រើន តាមរយៈ​ការ​បង្កើន​នូវ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​។ លោក​សង្កត់ធ្ងន់​ថា ការចរចា​ប្រាក់​ឈ្នួល គួរតែ​ផ្ដល់​អាទិភាព​បន្ថែម ទៅដល់​តម្លៃ​នៃ​ជីវភាព​រស់នៅ​សម្រាប់​កម្មករនិយោជិត និង​លើកកម្ពស់​នូវ​សុខុមាលភាព​ស្របពេល​ប្រទេស​កម្ពុជា​កំពុង​ត្រៀមខ្លួន​ចាក​ចេញពី​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច (LDCs) ក្នុង​ឆ្នាំ​២០២៩។

ក្រុម​មេដឹកនាំ​សហជីព ក៏បាន​បញ្ជាក់​ថា កំណើន​ប្រាក់​ឈ្នួល​អប្បបរមា ឬក៏​តួលេខ ២៥០ ដុល្លារ មិន​ត្រឹមតែ​ជួយ លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​កម្មករនិយោជិត​នោះ​ទេ វា​ថែមទាំង​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ ជា​ការ​ទទួលខុសត្រូវ របស់​រដ្ឋាភិបាល ក្នុង​ការ​ប្ដេជ្ញាចិត្ត​លើកកម្ពស់​នូវ​កម្មវិធី​ការងារ​សមរម្យ ដើម្បី​កាត់បន្ថយ​នូវ​ភាព​ក្រីក្រ ដូចដែល​រដ្ឋាភិបាល​បាន​អះអាង​ថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ