ថៃ​បន្ត​សាងសង់​របង​ព្រំដែន​នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង និង​ត្រៀម​កៀរគរពលរដ្ឋ​មក​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន

0
16
នាយករដ្ឋមន្ត្រីថៃលោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) (ឆ្វេង) ពិនិត្យព្រំដែនជាប់ព្រំដែនខ្មែរ។ រូប៖ បណ្ដាញ​សង្គម Thaiger
នាយករដ្ឋមន្ត្រីថៃលោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) (ឆ្វេង) ពិនិត្យព្រំដែនជាប់ព្រំដែនខ្មែរ។ រូប៖ បណ្ដាញ​សង្គម Thaiger

ប្រទេស​ថៃ​បាន​បន្ត​សាងសង់​របង​ព្រំដែន​អចិន្ត្រៃយ៍​ជា​ឯកតោ​ភាគី​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៥៤ ដល់​លេខ៥៩ ដែល​ស្ថិត​នៅ​ព្រំដែន​ខេត្ត​ចន្ទបុរី ជាប់​នឹង​ខេត្ត​បាត់ដំបង របស់​កម្ពុជា ជាមួយ​នឹង​ការ​ដាក់​ពង្រាយ​កម្លាំង​ប្រយុទ្ធ​នៅក្នុង​តំបន់​នេះ។ ទន្ទឹម​គ្នា​នេះ យោធា​ថៃ​បាន​ប្រកាស​ពី​គម្រោង​ចែក​ដី​ឱ្យ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន មក​រស់នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ចំនួន​៥ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​កាន់កាប់​ជា​អចិន្ត្រៃយ៍ ក្នុង​ទីតាំង​មួយ​ចំនួន​ដែល​យោធា​ថៃ​បាន​ឈ្លានពាន​ពី​កម្ពុជា និង​ទីតាំង​ដែល​កំពុង​មាន​ជម្លោះ។

បន្ទាប់ពី​ទទួល​បាន​ជំនួយ​ពី​មូលនិធិ​របស់​រាជវង្ស ពេលនេះ​យោធា​ថៃ​បាន​បង្កើន​ការ​សាងសង់​របង​ព្រំដែន​អចិន្ត្រៃយ៍​នៅ​តាម​ព្រំដែន​កម្ពុជា បាន​ជា​ច្រើន​គីឡូម៉ែត្រ។

តាមរយៈ​វីដេអូ ​ដែល​យោធា​ថៃ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញ​ពី​សកម្មភាព​របស់​ក្រុម​សាងសង់​របស់​ភាគី​ថៃ​កំពុង​តម្រៀប​គ្រឹះ និង​ប្រើប្រាស់​ដង​ស្ទូច​ដំឡើង​ផ្ទាំង​ជញ្ជាំង​ធំ​ៗ នៅ​តាម​បណ្ដោយ​បង្គោល​ព្រំដែន​លេខ ៥៤ ដល់​៥៩ ដែល​មាន​ប្រវែង​សរុប​ជាង​៧​គីឡូម៉ែត្រ ស្ថិត​នៅ​ស្រុក​ពោងណាំរ៉ន (Pongnamron) ខេត្ត​ចន្ទបុរី (Chanthaburi) ជាប់​នឹង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង របស់​កម្ពុជា។ ក្នុង​អំឡុង​នៃ​ការ​សាងសង់​របង​ព្រំដែន​នេះ យោធា​ថៃ​បាន​សាងសង់​ផ្លូវ​នៅ​តាម​បណ្ដោយ​ទីតាំង​បន្លា​លួស ដែល​យោធា​ថៃ​បាន​ដាក់​ពង្រាយ ដើម្បី​ដឹកជញ្ជូន​សម្ភារៈ​សម្រាប់​សាងសង់ ​និង​លេណដ្ឋាន​ធំ​ៗ​ជាច្រើន​ទីតាំង ត្រូវ​បាន​យោធា​ថៃ​សាងសង់​ទន្ទឹមគ្នា​នេះ​ដែរ។

តាម​ការ​អះអាង​របស់​យោធា​ថៃ បច្ចុប្បន្ន​របង​ព្រំដែន​អចិន្ត្រៃយ៍​ដែល​យោធា​ថៃ​កំពុង​សាងសង់​ក្នុង​ដំណាក់​ទី២ មាន​ប្រវែង​សរុប​ជាង ៧​គីឡូម៉ែត្រ​នេះ បាន​សម្រេច​ជិត​ពាក់កណ្ដាល​ហើយ។ ចំណែក​របង​ព្រំដែន ដែល​ស្ថិត​នៅ​ទីតាំង​ចន្លោះ​បង្គោល​លេខ​៥២ ដល់​៥៤ ប្រវែង​ជាង ១​គីឡូម៉ែត្រ ដែល​យោធា​ថៃ​ទើប​សាងសង់​រួច​នោះ យោធា​ថៃ​កំពុង​សិក្សា​គម្រោង​ដំឡើង​ប្រព័ន្ធ​ឃ្លាំមើល​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ត្រួតពិនិត្យ​សកម្មភាព​នៅក្នុង​ទឹកដី​កម្ពុជា។

ក្រៅ​ពី​សាងសង់​របង​ថ្ម​ជា​ឯកតោភាគី ដោយ​បំពាន​កិច្ចព្រមព្រៀង​នៃ​អនុស្សរណៈ​យោគ​យល់​គ្នា​ឆ្នាំ​២០០០ ឬ MOU៤៣ ជាមួយ​កម្ពុជា​ហើយ​នោះ ថ្មី​ៗ​នេះ​យោធា​ថៃ​បាន​ប្រកាស​កៀរគរ​ប្រជាពលរដ្ឋ និង​ទាហាន​របស់​ខ្លួន​ឱ្យ​ចូល​មក​រស់​នៅ​តាម​តំបន់​ព្រំដែន​ដែល​ស្ថិត​នៅ​ជាប់​ប្រទេស​កម្ពុជា ជា​អចិន្ត្រៃយ៍ ដោយ​យោធា​ថៃ​បាន​សន្យា​ផ្ដល់​ដីធ្លី និង​អភិវឌ្ឍ​ប្រព័ន្ធ​សាធារណសុខ​នៅក្នុង​តំបន់​ថែមទៀត។

ខេត្ត​តាម​ព្រំដែន​ទាំង​៥ ដែល​យោធា​ថៃ​គ្រោង​នឹង​នាំ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​នេះ រួម​មាន​ខេត្ត​សុរិន្ទ (Surin) ស៊ីសាកេត (Sisaket) បុរីរ៉ាំ (Buriram) ឧប៊ុនរ៉ាចាថានី (Ubon Ratchathani) និង​ខេត្ត​ស្រះកែវ (Sakaeo)។ ចំណែក​ទីតាំង​នៅ​តំបន់​ព្រំដែន​កម្ពុជា ដែល​យោធា​ថៃ​គ្រោង​នឹង​ចែក​ឱ្យ​ពលរដ្ឋ​ថៃ​មក​រស់នៅ​នោះ មាន​តំបន់​មួយចំនួន ត្រូវ​យោធា​ថៃ​បាន​ឈ្លានពាន​ពី​កម្ពុជា និង​បាន​ពី​ការ​ឈូស​ឆាយ​លំនៅឋាន​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​អំឡុង​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន ខណៈ​ទីតាំង​ខ្លះ​ទៀត នៅ​មិន​ទាន់​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ លោក អាឌុល ប៊ុនថាំចារើន (Adul Boonthamcharoen) បាន​បញ្ជាក់​ថា គម្រោង​កៀរគរ​ពលរដ្ឋ​ឱ្យ​មក​រស់នៅ​តំបន់​ព្រំដែន ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ «របង​មនុស្ស​រស់​នេះ» នឹង​ត្រូវ​អនុវត្ត​មាន​រយៈពេល ៥ឆ្នាំ ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំ​២០២៧ រហូតដល់​ឆ្នាំ​២០៣១ ក្រោយពេល​ដែល​គម្រោង​នេះ​ទទួល​បាន​ការ​ឯកភាព​ពី​គណៈ​រដ្ឋមន្ត្រី​របស់​ថៃ។

ទូរទស្សន៍​អាស៊ី​សេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ទទួល​បន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា និង​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា។ ចំណែក​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ក៏​មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​អំពី​បញ្ហា​នេះ​នោះ​ដែរ។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់​ឃើញ​ថា យោធា​ថៃ​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ «របង​ប្រជាសាស្ត្រ» ដើម្បី​កាន់កាប់​ទឹកដី​កម្ពុជា ជា​អចិន្ត្រៃយ៍ តាមរយៈ​ការ​បណ្ដេញ​ពលរដ្ឋ​ខ្មែរ ដើម្បី​យក​ដី​ឱ្យ​ពលរដ្ឋ​ថៃ​រស់នៅ។ លោក​បន្ត​ថា យោធា​ថៃ​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​នេះ គឺ​ដើម្បី​បំភាន់​ភ្នែក​អន្តរជាតិ តាមរយៈ​ការ​កែប្រែ​ភូមិសាស្ត្រ​នៅ​លើ​ដី​ជាក់ស្ដែង និង​តាំង​រដ្ឋបាល ដើម្បី​បង្កើត​ឱ្យ​មាន​រូបភាព​ការ​គ្រប់គ្រង​ជាក់ស្ដែង។

លោក អ៊ុំ សំអាន៖ «យុទ្ធសាស្ត្រ​រៀបចំ​ពេលនេះ​គឺ​ថៃ​បាន​ប្រើ​រហ័ស​ហើយ​នៅលើ​កោះ​កុដ។ ថៃ​គេ​ដាក់​ប្រជាពលរដ្ឋ​របស់​គេ​នៅ​លើ​កោះ​គជ់។ អញ្ចឹង​ធ្វើ​ឱ្យ​កម្ពុជា​ពិបាក​ទាមទារ​កោះ​គជ់​មកវិញ។ វៀតណាម​វិញ​គេ​ធ្វើ​អញ្ចឹង​ដែរ។ គេ​ដាក់​ជនជាតិ​របស់​គេ​រស់នៅ​លើ​កោះ​ត្រល់។ អញ្ចឹង​យើង​ពិបាក​ទាមទារ​កោះ​ត្រល់​មកវិញ។ ដូច្នេះ​នៅពេល​អនាគត​គេ​ថា​យោង​ទៅតាម​ការ​កាន់កាប់​ជាក់ស្ដែង។ តាម​ច្បាប់​អន្តរជាតិ​គឺ​មិន​អាច​ប្រមូល​ទឹកដី​ហ្នឹង​មក​ឱ្យ​ខ្មែរ​វិញ​បាន​នោះ​ទេ។ អា​ហ្នឹង​គេ​ប្រើ​យុទ្ធសាស្ត្រ​ហ្នឹង​ហើយ»។

ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ព្រំដែន​នេះ​ដែរ ទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​ឈរជើង​នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ី​សេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា នេះ យោធា​ថៃ​បាន​បញ្ជូន​គ្រឿង​ចក្រ​មក​លុប​បំពេញ​លេណដ្ឋាន​របស់​ទាហាន​ខ្មែរ នៅ​តំបន់​ភ្នំ​បេង រាប​ស្មើ​ដី​ទៅ​ហើយ បន្ទាប់ពី​ភាគី​ថៃ​បាន​តវ៉ា​និង​ចោទ​ថា ទាហាន​ខ្មែរ​បាន​កាយ​លេណដ្ឋាន​នេះ ចូល​ទៅ​ក្នុង​តំបន់​ភ្នំ​៤៥០ ដែល​យោធា​ថៃ​កំពុង​កាន់កាប់។

ទោះជា​បែបនេះ​ក្ដី ទាហាន​ខ្មែរ​រូប​នេះ​បាន​អះអាង​ថា​ខណៈ​ភាគី​ថៃ​បាន​ចូល​មក​លុប​បំពេញ​លេណដ្ឋាន​របស់​ទាហាន​ខ្មែរ​នោះ នៅ​ខាង​ភាគី​ថៃ​ឯ​ណោះ​វិញ យោធា​ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​ឈូស​ឆាយ​សាងសង់​ផ្លូវ និង​លេណដ្ឋាន ដោយ​រំលោភ​ចូលក្នុង​ទឹកដី​កម្ពុជា ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ទំនប់​តា​ទុំ ភ្នំ​បេង និង​ភ្នំ​៤២៩ ជាដើម។ លោក​បន្ត​ថា ហេតុការណ៍​នេះ បាន​ធ្វើ​ឱ្យ​ទាហាន​ខ្មែរ​មួយ​ចំនួន ដក​ថយ​ទាំង​ទឹកភ្នែក ដោយសារ​សោកស្ដាយ​ការ​បាត់បង់​ទីតាំង​ឈរជើង ដែល​ខ្លួន​បាន​ដើរ​ល្បាត​ដោយ​គ្មាន​ការ​ផ្ទុះ​អាវុធ​សូម្បី​មួយ​គ្រាប់​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ